អាជ្ញាធរ​បញ្ជូន​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ​៤នាក់​​​​ ទៅ​ឃុំ​នៅ​ពន្ធនាគារ​ពី​បទ«​ញុះញង់»

ដោយ៖ អាស៊ីសេរី
2020.12.29
អាជ្ញាធរ​បញ្ជូន​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ​៤នាក់​​​​ ទៅ​ឃុំ​នៅ​ពន្ធនាគារ​ពី​បទ«​ញុះញង់» សកម្មជន​បក្ស​សង្គ្រោះជាតិ លោកស្រី សាន ស្រីនាត (ឆ្វេង) លោក លាប សុខផេង (កណ្តាល) និង​ លោក អ៊ុំ យ៉េត (ស្តាំ)។ ​
រូបភាព៖ បណ្តាញសង្គម ហ្វេសប៊ុក (Facebook)

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​បញ្ជូន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ៤នាក់ យក​ទៅ​ឃុំ ក្រោយសមត្ថកិច្ច​ចាប់ខ្លួន​ពួកគេ​កាលពី​ថ្ងៃទី២៨ ធ្នូ។ មន្ត្រី​សង្គមស៊ីវិល ចាត់ទុក​​ការ​ចាប់​ខ្លួន​នេះ​ ថា​ ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ដែល​ចាប់​ខ្លួន​នោះ រួម​មាន​ប្រធាន​ប្រតិបត្តិ​គណបក្ស​ប្រឆាំង​​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ លោក អ៊ុំ យ៉េត មេឃុំ​មេមត់​ជាប់ឆ្នោត​របស់​គណបក្ស​​នេះ​ស្រុកមេមត់ លោក លាប សុខផេង លោកស្រី ហុង អាន និង លោកស្រី សាន ស្រីនាត ជា​សកម្ម​នារី​គណបក្ស​ប្រឆាំង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃទី២៨ ធ្នូ។

​​​កូនស្រី​របស់​មន្ត្រី​បក្ស​ប្រឆាំង​​ក្រុងសួង លោកស្រី យ៉ែម វណ្ណណែត​ ប្រាប់ អាស៊ីសេរី នៅ​រសៀល​ថ្ងៃទី២៩ ធ្នូ ថា ការចាប់​ខ្លួន​​នេះ​ជា​រឿង​អយុត្តិធម៌​ធ្វើ​បាប​ប្រជាពលរដ្ឋ​ស្លូតត្រង់​ ពីព្រោះ​​លោកស្រី​ថា​ឪពុក​របស់​លោកស្រី​មិន​បាន​ប្រព្រឹត្តិ​ខុស​ច្បាប់​អ្វី​ឡើយ។ បន្ថែម​ពី​នេះ​​ លោក​ស្រី​ថា​ ប៉ូលិស​ចាប់​ឪពុក​របស់​​លោក​ស្រី​​ទាំង​កម្រោល​​ដោយ​មិន​មាន​ដីកា​ពី​តុលាការ​​ឡើយ៖ «ឪពុក​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ​សីល គឺ​គាត់​ទៅ​សមាទាន​សីល អីចឹង​យាយៗ​នៅ​ក្នុង​ភូមិ​គេ​ដឹង​ទាំង​អស់​ហ្នឹង ថា​ប៉ា​ខ្ញុំ​បាន​ចូល​សមាទាន​សីល។ ហើយ​ចេញ​ពី​សាលា​សុំ​សីល​ គឺ​គាត់​ទៅ​ចម្ការ គាត់​អត់​ដែល​រញ៉េរញ៉ៃ​អី​ទេ​ ល្បែង​ស៊ីសង​អី​គាត់​អត់​ចេះ​លេង​ទេ។ ការចាប់​ខ្លួន​ហ្នឹង​ភ្លាម​ៗ​បញ្ជូន​​គាត់​ទៅ​តុលាការ​ សួរនាំ​គាត់​ប្រហែល​មួយ​ម៉ោង​បញ្ជូន​គាត់​ដាក់​ពន្ធនាគារ​អីចឹង​ច្បាប់​​ដាក់​ទោស​ហ្នឹង​ទោស​អី​គេ​ដល់​ថ្នាក់​ត្រូវ​បញ្ជូន​គាត់​ទៅ​ភ្លាម គ្រួសារ​ទៅ​ជួប​មុខ​មិន​ទាន់​ផង​ហ្នឹង»

លោកស្រី​ឱ្យ​ដឹង​ថា ប៉ូលិស​បាន​បញ្ជូន​ឪពុក​របស់​លោកស្រី​ទៅ​ឃុំ​ខ្លួន​នៅ​​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ​ កាល​ពី​យប់​ថ្ងៃទី២៨ ធ្នូ។ លោកស្រី យ៉ែម វណ្ណណែត ប្រាប់ថា ​​​​​​អាជ្ញាធរ​ហាម​ឃាត់​មិនទាន់​​ឱ្យ​សាច់ញាតិ​ចូល​សួរ​សុខ​​​​ជន​ជាប់​ឃុំ​​ចំនួន​១៤ថ្ងៃ ក្រោយ​ពេល​ចាប់ខ្លួន។

ទាក់ទង​នឹង​បញ្ហា​នេះ​ អ្នកនាំពាក្យ​​អគ្គស្នងការ​នគរបាល​ជាតិ​ លោក ឆាយ គឹមខឿន ប្រាប់ អាស៊ីសេរី ថា ​ការ​ចាប់​ខ្លួន​​សកម្មជន​បក្ស​ប្រឆាំង​ទាំង​៤នាក់​នេះ ធ្វើឡើង​​តាម​ដីកា​របស់​តុលាការ។លោក​បញ្ជាក់​ថា ​តុលាការ​បាន​ចោទ​ប្រកាន់​អ្នក​ទាំង​៤​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា​ពួកគេ​ប្រព្រឹត្ត​​កំហុស​​ពាក់ព័ន្ធ​រឿង​អ្វី​នោះទេ៖ «កំពុង​ស្ថិត​ក្នុង​នីតិវិធី​ បើ​អត់​មាន​ដីកា​ចាប់​យ៉ាង​ម៉េច​បាន​ អស់​លោក​ម៉េច​សុខ​ចិត្ត​។ គ្រប់​ករណី​ពាក់ព័ន្ធ​ការ​ចាប់​ខាង​ក្រុម​ហ្នឹង​គឺ​គាត់​ដើរ​ចោទ​ប្រកាន់​គេ​ថា​ចាប់​អត់​មាន​ដីកា​តែ​រហូត​ហ្នឹង។ បើ​អត់​ដីកា​ធ្វើ​ម៉េច​ចាប់​បាន​ យ៉ាង​ហោច​ណាស់​ក៏​មាន​ព្រះរាជអាជ្ញា​អម​ទៅ​ដែរ​គេ​មិន​ដែល​​ធ្វើ​ការ​អត់​មាន​នីតិវិធី​អីចឹង»

លោក​បន្ថែម​ថា ​​ក្នុង​ចំណោម​៤នាក់​នោះ​​មាន​២នាក់ គឺ​លោក អ៊ុំ យ៉េត និង លោក លាប សុខផេង បាន​បញ្ជូន​​​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ​ ​និង​២នាក់​ទៀត​ គឺ​លោកស្រី ហុង អាន និង​ លោកស្រី សាន ស្រីនាត បញ្ជូន​​ទៅ​សាកសួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​​នៅ​រសៀល​ថ្ងៃទី២៩ ធ្នូ។

អាស៊ីសេរី មិន​អាច​ទាក់​ទង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក អ៊ី រិន្ទ​ ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃទី២៩ ធ្នូ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

កូនប្រុស​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​រាជធានី​ភ្នំពេញ លោកស្រី សាន ស្រីនាត គឺ​ លោក តាង ហេង ​ថ្លែង​ថា ម្ដាយ​របស់​លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ។លោក​ទាមទារ​​ឱ្យ​តុលាការ​ប៉ូលិស​ដោះលែង​ម្ដាយ​របស់​គាត់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

ការចាប់ខ្លួន​​នេះ ធ្វើ​ឡើង​​​ប្រមាណ​១សប្ដាហ៍​នៅ​មុន​​ថ្ងៃ​កំណត់​​​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​ដាក់​គម្រោង​​​វិល​ចូល​ស្រុក​ជា​លើកទី២​នៅ​ថ្ងៃទី៤ មករា​ខាង​មុខ ដើម្បី​​ចូល​ខ្លួន​ដំណើរការ​​ក្ដី​​​តាម​ការ​កោះ​ហៅ​របស់​តុលាការ​​របប​ក្រុង​ភ្នំពេញ។

​​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា យល់ថា ការចាប់​ខ្លួន​នេះ​​​ជា​ការ​​បំភិតបំភ័យ​​​ផ្នែក​នយោបាយ​ធ្វើ​ឱ្យ​​សកម្មជន​គណបក្ស​ប្រឆាំង​ភ័យខ្លាច ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់៖ «ហើយ​ក៏​មិន​មែន​ជា​ដំណោះ​ស្រាយ​នយោបាយ​ដែល​ល្អ​ដែរ ខ្ញុំ​គិត​ថា វា​គ្រាន់​តែ​ជា​ការ​ធ្វើ​នយោបាយ​កាន់​តែ​បន្ត​តានតឹង​ឡើង​ ហើយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់​តែ​រស់​នៅ​ក្នុង​ស្ថានភាព​​មួយ​ភ័យ​ខ្លាច​ទៅ​ នៅ​ក្នុង​សង្គម​របស់​យើង​តែ ប៉ុណ្ណឹង។​អត់​មាន​អី​ក្នុង​ការ​អនុវត្ត​សង្គម​មួយ​ដែល​ប្រកាន់​គោលការណ៍​ប្រជាធិបតេយ្យ​ គោរព​សិទ្ធិមនុស្ស និង​ប្រកាន់​នីតិរដ្ឋ​ហ្នឹង​ទេ»

​​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២០​មក​​ដល់​​ថ្ងៃទី២៩ ធ្នូ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​សកម្មជន​​នយោបាយ​ សកម្មជន​បរិស្ថាន​ ព្រះសង្ឃ​ខ្មែរថាវរៈ និង​ក្រុម​យុវជន​​ប្រមាណ​​៥០នាក់​ហើយ ដាក់​ពន្ធនាគារ។ តុលាការ​បាន​ចោទប្រកាន់​​ពួកគេ​ពី​បទ​ជេរប្រមាថ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ​បទ​រួមគំនិតក្បត់ និង​ញុះញង់​​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ជា​ដើម។​ ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរ​ជាតិ​ជា​ច្រើន​ស្ថាប័ន​ រួម​ទាំង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ផង​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ជា​បន្តបន្ទាប់​ ​ដោយ​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះលែង​អ្នកជាប់ឃុំ​ទាំងនោះ​ឱ្យ​មាន​សេរីភាព​វិញ។ ស្ថាប័ន​ទាំង​នោះ​ យល់​ថា​​​​​ ក្ដីក្ដាំ​ប្រឆាំង​នឹង​ពួកគេ​នេះ​​ ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ​នោះឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។