មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​៥​ថ្ងៃ​គ្មាន​អំពើ​ហិង្សា

មន្ត្រី​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា មហា​បាតុកម្ម​អហិង្សា​រយៈពេល ៥​ថ្ងៃ​មក​នេះ មាន​សុវត្ថិភាព និង​គ្មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ។ ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ និង​សាលា​រាជធានី​ភ្នំពេញ បាន​ចាត់​ទុក​សកម្មភាព​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​ទង្វើ​ខុស​ច្បាប់ និង​ទាមទារ​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​ទទួល​ខុស​ត្រូវ​ចំពោះ​​​មុខ​ច្បាប់។
ដោយ ដែន អយុធ្យា
2013.12.20
Share on WhatsApp
Share on WhatsApp
បាតុករ សង្គ្រោះ​ជាតិ ៦១០ ក្រុម​បាតុករ​រៀប​ចំ​ម្ហូប​អាហារ​ចែក​ជូន​អ្នក​ចូល​រួម​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នា​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៣។
RFA/Den Ayuthyea

បេក្ខជន​តំណាង​រាស្ត្រ និង​ជា​ប្រធាន​ក្រុម​ការងារ​ប្រចាំ​ការ ដើម្បី​ដោះស្រាយ​វិវាទ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ឡុង រី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ថា មហា​បាតុកម្ម ៥​ថ្ងៃ​មក​នេះ​មិន​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កម្លាំង​សមត្ថកិច្ច និង​ក្រុម​បាតុករ​ទេ។ លោក​បន្ត​ថា ទាំង​ការ​ប្រមូល​ផ្តុំ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​សកម្មភាព​ដើរ​ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ គឺ​​មាន​សុវត្ថិភាព​ល្អ។ ជាង​នេះ លោក ឡុង រី បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល ក៏​មិន​បាន​ដាក់​ពង្រាយ​កម្លាំង​ប្រដាប់​​អាវុធ​ច្រើន​សន្ធឹក​សន្ធាប់​តាម​ទី​សាធារណៈ ដូច​ការ​ធ្វើ​មហា​បាតុកម្ម​ពេល​កន្លង​ទៅ​ទេ។

«សំឡេង»

​លោក ឡុង រី ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​ធ្នូ ក៏​មាន​ដើរ​ហែ​ក្បួន​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​ដឹក​​​នាំ​ដោយ លោក សម រង្ស៊ី និង​លោក កឹម សុខា កាត់​តាម​ផ្លូវ​មួយ​ចំនួន​នៅ​ភូមិសាស្ត្រ​ភាគ​ខាង​ជើង​រាជធានី​ភ្នំពេញ ដោយ​កាត់​តាម​​ផ្លូវ​ជាតិ​លេខ​៥ ឆ្ពោះ​ទៅ​ម្តុំ​ក្រុង​រណប​កាំកូស៊ីធី ជាដើម មុន​វិល​មក​ទីលាន​ប្រជាធិបតេយ្យ​វិញ។

ចំណែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន ដែល​តាម​ឃ្លាំ​មើល​ការ​ប្រមូល​ផ្តុំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​​សង្គ្រោះ​ជាតិ ទាំង​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​សកម្មភាព​ដើរ​ហែ​ក្បួន បាន​ទទួល​ស្គាល់​ថា មហា​បាតុកម្ម ៥​ថ្ងៃ​មក​នេះ​គ្មាន​អំពើ​ហិង្សា​ទេ។

លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) មាន​ប្រសាសន៍​ថា ការ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​មហា​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​ធ្នូ មាន​សន្តិសុខ​​​ល្អ និង​គ្មាន​សកម្មភាព​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កម្លាំង​សមត្ថកិច្ច និង​ហ្វូង​បាតុករ​ទេ។ ផ្ទុយ​ទៅ​​វិញ លោក​សង្កេត​ឃើញ​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​មាន​កង​រាជ​អាវុធហត្ថ ឬ​ប៉ូលិស​ចរាចរណ៍​ជាដើម បាន​សហការ និង​ជួយ​សម្រួល​ការ​កក​ស្ទះ​ជូន​បាតុករ​ដើរ​ហែ​ក្បួន​ថែម​ទៀត។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ចម្រុះ ឲ្យ​បន្ត​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​ក្នុង​​ការងារ​របស់​ខ្លួន​ឲ្យ​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​ជិត​ខាង​កម្ពុជា មាន​ថៃ ជាដើម។

​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​ដឹក​នាំ​ធ្វើ​បាតុកម្ម​អហិង្សា​ពេល​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ លោក ហ៊ុន សែន ចុះ​ពី​តំណែង និង​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​៥ ឡើង​វិញ ហើយ​អះអាង​ថា មហា​បាតុកម្ម​នេះ​នឹង​បន្ត​ធ្វើ​រហូត​មាន​ដំណោះស្រាយ​ពី​ផ្នែក​ពាក់ព័ន្ធ។

មហា​បាតុកម្ម​នេះ បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ត​ទៅ ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​​ប្រជាជន​កម្ពុជា ឆាប់​ដោះស្រាយ​ការ​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត។ បញ្ហា​នេះ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ព្រមាន​ថា នៅ​ខែ​មករា ឆ្នាំ​២០១៤ ខាង​មុខ ក្រុម​បាតុករ​ក៏​មាន​គម្រោង​បិទ​ផ្លូវ​ជាតិ​សំខាន់ៗ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ផង។

ទាក់ទិន​បញ្ហា​នេះ លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​ចាត់​ទុក​សកម្មភាព​ដឹក​នាំ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​ទង្វើ​រំលោភ​ច្បាប់ និង​ទាមទារ​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​នេះ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​​ច្បាប់។

​ចំណែក​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ក៏​បាន​ចោទ​ការ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថា​បាន​​រំលោភ​ទៅ​លើ​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​ប្រឆាំង និង​អាជ្ញាធរ​មូលដ្ឋាន។ សកម្មភាព​ល្មើស​នេះ សាលា​រាជធានី​ធ្លាប់​បាន​ផ្ញើ​លិខិត​ចំនួន ២​ច្បាប់​ផ្សេង​គ្នា ជូន​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​​​​ជាតិ អំពី​សកម្មភាព​រំលោភ​ទាំង​នោះ។

​ទោះ​ជា​បែប​ណា ក្រុម​ប្រជាពលរដ្ឋ​ទាំង​ក្មេង​ចាស់ បាន​បន្ត​បង្ហាញ​វត្តមាន​ច្រើន​កុះករ​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​ធ្នូ ទោះ​បី​អាកាសធាតុ​ចុះ​ត្រជាក់​បែប​ណា​ក្តី។ ចំនួន​នេះ បាន​កើន​ជា​បន្តបន្ទាប់​ជាង​ថ្ងៃ​កន្លង​ទៅ។

លោកស្រី ទិត្យ សុធារី ជា​តំណាង​អាជីវករ​ផ្សារ​ថ្មី ដែល​បាន​នាំ​យក​បាយ​សម្ល​យក​ទៅ​ប្រគេន​ព្រះសង្ឃ និង​ក្រុម​បាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​ធ្នូ ក៏​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​មេ​ដឹក​នាំ​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ​ដែរ។ អាជីវករ​រូប​នេះ បាន​ទទូច​ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​ដោយ​សន្តិវិធី និង​ស្នើ​ឲ្យ​រៀប​ចំ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​៥ ឡើង​វិញ។ លោកស្រី​ឲ្យ​ដឹង​ទាំង​សំឡេង​អួល​ដើម​ក ដោយ​ចោទ​ការ​ដឹក​នាំ​រដ្ឋាភិបាល​សព្វថ្ងៃ​នាំ​ឲ្យ​វិនាស​ហិនហោច​ធនធាន​ធម្មជាតិ និង​មាន​ទំនាស់​ដីធ្លី រំលោភ​សិទ្ធិ​មនុស្ស អំពើ​ពុក​រលួយ និង​បក្ខពួក​និយម​ធ្ងន់ធ្ងរ ចាប់​ពី​ថ្នាក់​កំពូល​ដល់​មូលដ្ឋាន។

បុរស​ឈ្មោះ ជា សេងស្រឺ ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ទិញ​នំបុ័ង យក​មក​ផ្តល់​ជូន​ក្រុម​បាតុករ​ដល់​ទីលាន​ប្រជាធិបតេយ្យ ក៏​បាន​រិះគន់​ថា ការ​ដឹក​នាំ​រាល់​ថ្ងៃ​នេះ មាន​ការ​គំរាម​កំហែង និង​មាន​អំពើ​ពុក​រលួយ​ចាក់​គ្រឹះ​ដល់​មូលដ្ឋាន។

ដោយ​ឡែក​បុរស​វ័យ​ចំណាស់ ជា​ជន​ពិការ​ជើង​ម្នាក់ មក​ពី​ខេត្ត​បន្ទាយមានជ័យ ក៏​បាន​ទាមទារ​ឲ្យ លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង និង​ទាមទារ​ឲ្យ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​៥ ឡើង​វិញ​ដែរ។ លោក​បន្ថែម​ថា សម្រែក​ទាមទារ​រក​យុត្តិធម៌​របស់​ពលរដ្ឋ​ក្រីក្រ បាន​កើត​មាន​ស្ទើរ​ទូទាំង​ប្រទេស ដោយសារ​ការ​រំលោភ​យក​ដីធ្លី និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាដើម។

​យ៉ាង​ណា​ក៏ដោយ សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ បាន​ចេញ​លិខិត​មួយ​ច្បាប់​បន្ថែម​ទៀត ផ្ញើ​ជូន​ថ្នាក់​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ មាន​ខ្លឹមសារ​ថា គម្រោង​សកម្មភាព​នៃ​ការ​សម្ដែង​មតិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​គោរព​​តាម​នីតិវិធី​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ទេ។ ចំណុច​ទាំង​នោះ មាន​ការ​ហែ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ដោយ​គ្មាន​ជូន​ដំណឹង​មក​សាលា​រាជធានី​ជា​មុន មិន​បាន​រក្សា​សណ្ដាប់​ធ្នាប់ បរិស្ថាន​អនាម័យ មិន​បាន​ជូន​ដំណឹង​មក​សាលា​រាជធានី​មុន​រយៈពេល​៥​ថ្ងៃ​តាម​ច្បាប់​កំណត់ មិន​បញ្ឈប់​ការ​ធ្វើ​បាតុកម្ម​តាម​ច្បាប់​កំណត់ និង​បន្ត​ស្នាក់​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ ដោយ​គ្មាន​ការ​អនុញ្ញាត រៀប​ចំ​ពិធី​សាសនា​ធ្វើ​រូប​ទីងមោង រៀប​រថយន្ត​ហែ​ក្បួន និង​ប្រើ​ពាក្យ​សម្ដី​ប៉ះពាល់​ដល់​សិទ្ធិ​​បុគ្គល​យ៉ាង​​ធ្ងន់ធ្ងរ​ជាដើម។

ទោះ​បី​មាន​លិខិត​ព្រមាន​ម្តង​ជា​ពីរ​ដង​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​ដឹក​នាំ​បាតុកម្ម​ជា​បន្ត ដោយ​មាន​បាតុករ​ចូល​រួម​កើន​ឡើង​ជា​បន្តបន្ទាប់ គិត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​ធ្នូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ពលរដ្ឋ​ខ្មែរ​អាមេរិក​កាំង​ម្នាក់​​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
ពលរដ្ឋ​ខ្មែរ​អាមេរិក​កាំង​ម្នាក់​​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល