បេក្ខជនតំណាងរាស្ត្រ និងជាប្រធានក្រុមការងារប្រចាំការ ដើម្បីដោះស្រាយវិវាទរបស់គណបក្សសង្គ្រោះជាតិ លោក ឡុង រី បានឲ្យដឹងនៅថ្ងៃទី១៩ ខែធ្នូ ថា មហាបាតុកម្ម ៥ថ្ងៃមកនេះមិនមានការប្រឈមមុខដាក់គ្នារវាងកម្លាំងសមត្ថកិច្ច និងក្រុមបាតុករទេ។ លោកបន្តថា ទាំងការប្រមូលផ្តុំសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ និងសកម្មភាពដើរហែក្បួនតាមផ្លូវសាធារណៈ គឺមានសុវត្ថិភាពល្អ។ ជាងនេះ លោក ឡុង រី បញ្ជាក់ថា កម្លាំងសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាល ក៏មិនបានដាក់ពង្រាយកម្លាំងប្រដាប់អាវុធច្រើនសន្ធឹកសន្ធាប់តាមទីសាធារណៈ ដូចការធ្វើមហាបាតុកម្មពេលកន្លងទៅទេ។
«សំឡេង»
លោក ឡុង រី ឲ្យដឹងថា នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ក៏មានដើរហែក្បួនចេញពីទីលានប្រជាធិបតេយ្យដឹកនាំដោយ លោក សម រង្ស៊ី និងលោក កឹម សុខា កាត់តាមផ្លូវមួយចំនួននៅភូមិសាស្ត្រភាគខាងជើងរាជធានីភ្នំពេញ ដោយកាត់តាមផ្លូវជាតិលេខ៥ ឆ្ពោះទៅម្តុំក្រុងរណបកាំកូស៊ីធី ជាដើម មុនវិលមកទីលានប្រជាធិបតេយ្យវិញ។
ចំណែកក្រុមអង្គការសង្គមស៊ីវិលជាច្រើន ដែលតាមឃ្លាំមើលការប្រមូលផ្តុំធ្វើមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ ទាំងនៅទីលានប្រជាធិបតេយ្យ និងសកម្មភាពដើរហែក្បួន បានទទួលស្គាល់ថា មហាបាតុកម្ម ៥ថ្ងៃមកនេះគ្មានអំពើហិង្សាទេ។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (Licadho) មានប្រសាសន៍ថា ការប្រមូលផ្តុំគ្នាធ្វើមហាបាតុកម្មរបស់បក្សសង្គ្រោះជាតិ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ មានសន្តិសុខល្អ និងគ្មានសកម្មភាពប្រឈមមុខដាក់គ្នារវាងកម្លាំងសមត្ថកិច្ច និងហ្វូងបាតុករទេ។ ផ្ទុយទៅវិញ លោកសង្កេតឃើញថា កម្លាំងសមត្ថកិច្ចចម្រុះមានកងរាជអាវុធហត្ថ ឬប៉ូលិសចរាចរណ៍ជាដើម បានសហការ និងជួយសម្រួលការកកស្ទះជូនបាតុករដើរហែក្បួនថែមទៀត។
មន្ត្រីសង្គមស៊ីវិលរូបនេះបានស្នើឲ្យសមត្ថកិច្ចចម្រុះ ឲ្យបន្តប្រកាន់ជំហរអព្យាក្រឹត្យក្នុងការងាររបស់ខ្លួនឲ្យដូចបណ្ដាប្រទេសមួយចំនួននៅជិតខាងកម្ពុជា មានថៃ ជាដើម។
គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គោលបំណងនៃការដឹកនាំធ្វើបាតុកម្មអហិង្សាពេលនេះ គឺដើម្បីទាមទារឲ្យ លោក ហ៊ុន សែន ចុះពីតំណែង និងទាមទារឲ្យមានការបោះឆ្នោតសភានីតិកាលទី៥ ឡើងវិញ ហើយអះអាងថា មហាបាតុកម្មនេះនឹងបន្តធ្វើរហូតមានដំណោះស្រាយពីផ្នែកពាក់ព័ន្ធ។
មហាបាតុកម្មនេះ បានចាប់ផ្ដើមពីថ្ងៃទី១៥ ខែធ្នូ តទៅ ដើម្បីដាក់សម្ពាធទៅលើរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ឆាប់ដោះស្រាយការជាប់គាំងនយោបាយក្រោយការបោះឆ្នោត។ បញ្ហានេះ មេដឹកនាំគណបក្សសង្គ្រោះជាតិ ក៏បានព្រមានថា នៅខែមករា ឆ្នាំ២០១៤ ខាងមុខ ក្រុមបាតុករក៏មានគម្រោងបិទផ្លូវជាតិសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ ផង។
ទាក់ទិនបញ្ហានេះ លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ បានចាត់ទុកសកម្មភាពដឹកនាំធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ថាជាទង្វើរំលោភច្បាប់ និងទាមទារឲ្យមេដឹកនាំគណបក្សនេះទទួលខុសត្រូវចំពោះមុខច្បាប់។
ចំណែកមន្ត្រីសាលារាជធានីភ្នំពេញ ក៏បានចោទការដឹកនាំធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ថាបានរំលោភទៅលើស្មារតីនៃកិច្ចព្រមព្រៀងរវាងគណបក្សប្រឆាំង និងអាជ្ញាធរមូលដ្ឋាន។ សកម្មភាពល្មើសនេះ សាលារាជធានីធ្លាប់បានផ្ញើលិខិតចំនួន ២ច្បាប់ផ្សេងគ្នា ជូនមេដឹកនាំគណបក្សសង្គ្រោះជាតិ អំពីសកម្មភាពរំលោភទាំងនោះ។
ទោះជាបែបណា ក្រុមប្រជាពលរដ្ឋទាំងក្មេងចាស់ បានបន្តបង្ហាញវត្តមានច្រើនកុះករនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ទោះបីអាកាសធាតុចុះត្រជាក់បែបណាក្តី។ ចំនួននេះ បានកើនជាបន្តបន្ទាប់ជាងថ្ងៃកន្លងទៅ។
លោកស្រី ទិត្យ សុធារី ជាតំណាងអាជីវករផ្សារថ្មី ដែលបាននាំយកបាយសម្លយកទៅប្រគេនព្រះសង្ឃ និងក្រុមបាតុករនៅទីលានប្រជាធិបតេយ្យ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ក៏ចង់ឲ្យមានការផ្លាស់ប្ដូរមេដឹកនាំរដ្ឋាភិបាលសព្វថ្ងៃនេះដែរ។ អាជីវកររូបនេះ បានទទូចស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែងដោយសន្តិវិធី និងស្នើឲ្យរៀបចំបោះឆ្នោតសភានីតិកាលទី៥ ឡើងវិញ។ លោកស្រីឲ្យដឹងទាំងសំឡេងអួលដើមក ដោយចោទការដឹកនាំរដ្ឋាភិបាលសព្វថ្ងៃនាំឲ្យវិនាសហិនហោចធនធានធម្មជាតិ និងមានទំនាស់ដីធ្លី រំលោភសិទ្ធិមនុស្ស អំពើពុករលួយ និងបក្ខពួកនិយមធ្ងន់ធ្ងរ ចាប់ពីថ្នាក់កំពូលដល់មូលដ្ឋាន។
បុរសឈ្មោះ ជា សេងស្រឺ ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលបានចំណាយថវិកាផ្ទាល់ខ្លួនទិញនំបុ័ង យកមកផ្តល់ជូនក្រុមបាតុករដល់ទីលានប្រជាធិបតេយ្យ ក៏បានរិះគន់ថា ការដឹកនាំរាល់ថ្ងៃនេះ មានការគំរាមកំហែង និងមានអំពើពុករលួយចាក់គ្រឹះដល់មូលដ្ឋាន។
ដោយឡែកបុរសវ័យចំណាស់ ជាជនពិការជើងម្នាក់ មកពីខេត្តបន្ទាយមានជ័យ ក៏បានទាមទារឲ្យ លោក ហ៊ុន សែន ចុះចេញពីតំណែង និងទាមទារឲ្យបោះឆ្នោតសភានីតិកាលទី៥ ឡើងវិញដែរ។ លោកបន្ថែមថា សម្រែកទាមទាររកយុត្តិធម៌របស់ពលរដ្ឋក្រីក្រ បានកើតមានស្ទើរទូទាំងប្រទេស ដោយសារការរំលោភយកដីធ្លី និងការរំលោភសិទ្ធិមនុស្សជាដើម។
យ៉ាងណាក៏ដោយ សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែធ្នូ បានចេញលិខិតមួយច្បាប់បន្ថែមទៀត ផ្ញើជូនថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ មានខ្លឹមសារថា គម្រោងសកម្មភាពនៃការសម្ដែងមតិរបស់គណបក្សសង្គ្រោះជាតិ មិនគោរពតាមនីតិវិធីដែលមានចែងក្នុងច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធីទេ។ ចំណុចទាំងនោះ មានការហែតវ៉ានៅតាមដងផ្លូវដោយគ្មានជូនដំណឹងមកសាលារាជធានីជាមុន មិនបានរក្សាសណ្ដាប់ធ្នាប់ បរិស្ថានអនាម័យ មិនបានជូនដំណឹងមកសាលារាជធានីមុនរយៈពេល៥ថ្ងៃតាមច្បាប់កំណត់ មិនបញ្ឈប់ការធ្វើបាតុកម្មតាមច្បាប់កំណត់ និងបន្តស្នាក់នៅលើទីលានប្រជាធិបតេយ្យ ដោយគ្មានការអនុញ្ញាត រៀបចំពិធីសាសនាធ្វើរូបទីងមោង រៀបរថយន្តហែក្បួន និងប្រើពាក្យសម្ដីប៉ះពាល់ដល់សិទ្ធិបុគ្គលយ៉ាងធ្ងន់ធ្ងរជាដើម។
ទោះបីមានលិខិតព្រមានម្តងជាពីរដងរបស់អាជ្ញាធររាជធានីភ្នំពេញក៏ដោយ ក៏គណបក្សសង្គ្រោះជាតិ នៅតែបន្តដឹកនាំបាតុកម្មជាបន្ត ដោយមានបាតុករចូលរួមកើនឡើងជាបន្តបន្ទាប់ គិតមកដល់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។