អ្នក​វិភាគ​យល់​ថា​ការ​ដក​តំណែង​មន្ត្រី​៥​រូប​របស់​លោក ញឹក ប៊ុនឆៃ មិន​ទាក់ទង​បញ្ហា​នយោបាយ

ដោយ ខែ សុណង
2017.06.20
Share on WhatsApp
Share on WhatsApp
ចាន់ វិបុល ៨៥៥ ២០១៧ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ចាន់ វិបុល ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៧។
Photo: RFA

រដ្ឋាភិបាល​បាន​ដក​តំណែង​សមាជិក ៥​នាក់​នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់​លោក ញឹក ប៊ុនឆៃ ចេញ​ពី​ជួរ​រដ្ឋាភិបាល។ បញ្ហា​នេះ​ជា​ក្ដី​ព្រួយ​បារម្ភ​ថា ទំនង​ជា​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដាក់​សម្ពាធ​ពួកគេ។ ប៉ុន្តែ​អ្នក​វិភាគ​ចាត់​ទុក​ថា បញ្ហា​នេះ​គឺ​ជា​ការ​ដក ឬ​ការ​តែងតាំង​នៅ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋបាល​សាធារណៈ។

អ្នក​វិភាគ​យល់​ថា ការ​ដក​តំណែង​មន្ត្រី ៥​រូប​របស់​លោក ញឹក ប៊ុនឆៃ ជា​កិច្ចការ​បែបបទ​រដ្ឋបាល មិន​ទាក់ទង​បញ្ហា​នយោបាយ​ឡើយ។

អ្នក​ជំនាញ​ខាង​អភិបាលកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ចាន់ វិបុល មាន​ប្រសាសន៍​ថា ការ​ដក ឬ​ការ​តែងតាំង​ក្ដី​នៅ​ក្នុង​រដ្ឋបាល​សាធារណៈ​បែប​នេះ គឺ​ទាមទារ​ឲ្យ​មាន​ការ​ស្នើ​សុំ​ពី​នាយករដ្ឋមន្ត្រី​ទៅ​ព្រះមហាក្សត្រ មិន​ខុស​ពី​បែបបទ​រដ្ឋបាល​នោះ​ទេ។ មួយ​វិញ​ទៀត ជុំវិញ​ការ​ដក​នេះ លោក​យល់​ថា គឺ​ជា​ការ​យល់​ឃើញ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បំពេញ​កាតព្វកិច្ច និង​តួនាទី​របស់​មន្ត្រី​ទាំង​ឡាយ​ណា​ដែល​អាច​ជួយ​រដ្ឋាភិបាល​បាន។ ដូច្នេះ​លោក​ពិបាក​នឹង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា បញ្ហា​នេះ​ជា​រឿង​នយោបាយ​ណាស់ ដោយសារ​សំឡេង​របស់​គណបក្ស​នេះ​ហាក់​ដូចជា​មិន​មាន​ឥទ្ធិពល និង​ភាព​ចាំបាច់​ទៀត​ទេ​ ដែល​រដ្ឋាភិបាល​ត្រូវ​ដក​តំណែង​ប្រសិន​បើ​ទាក់ទង​ជម្លោះ​លទ្ធផល​បោះឆ្នោត​ក្ដី ឬ​ក៏​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា លោក ញឹក ប៊ុនឆៃ ចង់​ប្ដូរ​ជំហរ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្ដី៖ «ខ្ញុំ​មិន​ដឹង​ច្បាស់​ថា ការ​លើក​ឡើង​របស់​លោក ញឹក ប៊ុនឆៃ ការ​ពិត​ដែរ ឬ​ទេ? តើ​មាន​ការ​ជជែក​ពី​លក្ខខណ្ឌ​ទេ​ថា រដ្ឋាភិបាល និង​គណបក្ស​លោក ញឹក ប៊ុនឆៃ ថា​បើ​សិន​ជា​ករណី​លោក ញឹក ប៊ុនឆៃ មាន​ទំនាក់ទំនង​ការងារ​ជាមួយ​គណបក្ស​ប្រឆាំង​ថា គាត់​នឹង​ទទួល​រង​សម្ពាធ​ដក​ចេញ​ពី​ជួរ​រដ្ឋាភិបាល សហការី​គាត់​ត្រូវ​បាន​ដក​ចេញ បើ​សិន​មាន​កិច្ចសន្យា​បែប​នេះ។ យើង​ថា អាច​ធ្វើការ​វិភាគ​បាន​ច្រើន។ ប៉ុន្តែ​យើង​មិន​ច្បាស់​ទេ​កន្លែង​ហ្នឹង ថា​មាន​កិច្ចសន្យា​របស់​លោក ញឹក ប៊ុនឆៃ និង​រដ្ឋាភិបាល​ដែរ ឬ​អត់? កន្លែង​នេះ​ហើយ​ជា​ការ​ពិបាក​ក្នុង​ការ​សន្និដ្ឋាន​ថា វា​ទាក់ទង​នឹង​បញ្ហា​នយោបាយ»

កាល​ពី​សប្ដាហ៍​កន្លង​ទៅ ព្រះ​មហាក្សត្រ​បាន​ឡាយ​ព្រះហស្ត​លេខា​លើ​ព្រះរាជក្រឹត្យ​ដែល​មាន​សមាជិក ៥​នាក់ នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នេះ ត្រូវ​បាន​ដក​ចេញ​ក្នុង​ជួរ​រដ្ឋាភិបាល។ អ្នក​ទាំង​៥ មាន លោក រស់ ឆេ និង​លោក ចាន់ ទិត្រាម៉ូ ពី​ក្រសួង​ពាណិជ្ជកម្ម​ដែល​កាន់​តំណែង​ជា​ទីប្រឹក្សា និង​អនុរដ្ឋលេខាធិការ។ លោក ប៉ុន សារឿន មន្ត្រី​នៃ​ក្រសួង​បរិស្ថាន។ លោក អ៊ីន វិថូរក្ស អនុ​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច និង​លោក នួន សំភា ជា​ទីប្រឹក្សា​ក្រសួង​រ៉ែ និង​ថាមពល។

អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ញឹក ប៊ុនឆៃ និង​មន្ត្រី​នៃ​គណបក្ស​នេះ​បាន​ទេ ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ នៅ​ថ្ងៃ​ទី​២០ មិថុនា។

ការ​បញ្ចប់​តួនាទី​ដែល​ស្នើ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កើត​ឡើង​តែ​មួយ​សប្ដាហ៍​បន្ទាប់​ពី​ដក​តំណែង​របស់​ប្រធាន​គណបក្ស លោក ញឹក ប៊ុនឆៃ ពី​ទីប្រឹក្សា​រដ្ឋាភិបាល។ កាល​ពី​ថ្ងៃ​ទី​៧ មិថុនា លោក ញឹក ប៊ុនឆៃ បាន​បកស្រាយ​ថា មាន​អ្នក​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​លាប​ពណ៌​ថា លោក​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​លោក​ថា លោក​បាន​ជូន​ដំណឹង​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួច​រាល់​ហើយ។ ការ​លើក​ឡើង​របស់​លោក​ដូច្នេះ បន្ទាប់​ពី​លេច​ឮ​ព័ត៌មាន​ថា មាន​សមត្ថកិច្ច​ចម្រុះ​ទៅ​ព័ទ្ធ​ផ្ទះ​របស់​លោក​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៦ និង​ទី​៧ ខែ​មិថុនា។

កាល​ពី​ថ្ងៃ​ទី​១៣ មិថុនា លោក ញឹក ប៊ុនឆៃ បាន​ផ្ដល់​សម្ភាសន៍​ថា លោក​នៅ​តែ​ស្មោះ​នឹង​លោក ហ៊ុន សែន ដដែល ហើយ​លោក​មិន​អន់​ចិត្ត​នឹង​ការ​ដក​តួនាទី​អង្គរក្ស និង​អាវុធ​ទាំង​អស់​របស់​លោក​នោះ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ញឹក ប៊ុនឆៃ អះអាង​ថា លោក​បាន​ជួប​ផ្ទាល់​ជាមួយ​លោក ហ៊ុន សែន ពន្យល់​ពី​ការ​យល់​ច្រឡំ​នេះ​រួច​ហើយ។ លោក​បន្ត​ថា លោក​បាន​និយាយ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ជាមួយ​មិត្តភ័ក្ដិ​របស់​លោក​នៅ​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ គឺ​លោក អ៊ី គឹមអៀង ប៉ុន្តែ​ខ្សែ​ទូរស័ព្ទ​ច្រឡំ​ចូល​លេខ​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ទៅ​វិញ ដោយ​ខ្លឹមសារ​សន្ទនា​នោះ លោក​ប្រាប់​ឲ្យ​អ្នក​គាំទ្រ​របស់​លោក​នៅ​ស្រុក​បារាយណ៍ បោះឆ្នោត​ឲ្យ​ក្រុម​លោក អ៊ី គឹមអៀង ដែល​ជា​ក្រុម​ការងារ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នៅ​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ គេ​មើល​ឃើញ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់​ដូចជា​ដក​សេចក្ដី​ទុក​ចិត្ត​ពី​លោក ញឹក ប៊ុនឆៃ ក្រោយ​ពី​លេច​ធ្លាយ​ព័ត៌មាន​នេះ និង​បាន​ដក​តួនាទី​លោក និង​មន្ត្រី​របស់​លោក​ជា​បន្តបន្ទាប់។ លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ទោះ​បី​ជា​លោក​នៅ​គណបក្ស​ផ្សេង​គ្នា​ក្ដី ហើយ​លោក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា លោក​បាន​បំពេញ​បំណង​លោក​នាយករដ្ឋមន្ត្រី នៅ​គ្រា​ដែល​លោក​បាន​ធ្វើ​ជា​អនុ​ប្រធាន​ព្រឹទ្ធ​សភា និង​ក្លាយ​ជា​ប្រមុខ​រដ្ឋ​ស្ដីទី លោក​បាន​ចុះ​ហត្ថលេខា​លើ​ធម្មនុញ្ញ​បន្ថែម​ឆ្នាំ​២០០៤ សំដៅ​ធានា​នូវ​ដំណើរការ​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
បទសម្ភាសន៍​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ដែល​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក​
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
បទសម្ភាសន៍​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ដែល​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក​
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល