គណបក្សនយោបាយខ្លះ ចាប់ផ្ដើមហែក្បួនរកសំឡេងឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣ ខណៈពលរដ្ឋមិនចាប់អារម្មណ៍
2019.05.20

គណបក្សនយោបាយខ្លះ ក្នុងចំណោមបក្សទាំង៧ ដែលចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានីខេត្ត ក្រុងស្រុកខណ្ឌ អាណត្តិទី៣ បានចាប់ផ្ដើមហែក្បួនឃោសនារកសំឡេងឆ្នោត និងជួបប្រជុំគ្នា ដើម្បីឃោសនាពីគោលនយោបាយបក្ស តាមស្នាក់ការបក្សរៀងៗ ខ្លួន។ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា ពលរដ្ឋ និងអង្គបោះឆ្នោតបន្តចាប់អារម្មណ៍ និងកំពុងឃ្លាំមើលយុទ្ធនាការឃោសនា ដោយយកចិត្តទុកដាក់។ តែមន្ត្រីបក្សប្រឆាំងថា ការឃោសនា ៣ថ្ងៃមកនេះ ពលរដ្ឋគ្មានការចាប់អារម្មណ៍ និងគ្មានការចូលរួម ជាមួយក្បួនដង្ហែរបស់គណបក្សនយោបាយឡើយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប អះអាងថា បរិយាកាស៣ថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ អាណត្តិទី៣ មានសភាពល្អប្រសើរ ដំណើរការឃោសនាប្រព្រឹត្តិទៅដោយរលូន គ្មានអំពើហិង្សានៅទូទាំងប្រទេស។
សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បង្ហាញថា ថ្ងៃទី៣ នៃយុទ្ធនាការឃោសនាបោះឆ្នោត គណបក្ស ប្រជាជនកម្ពុជា បានជួបប្រជុំសមាជិក និងចាក់មេក្រូផ្សព្វផ្សាយគោលនយោបាយនៅតាមស្នាក់ការបក្ស ចំនួន១៤ រាជធានីខេត្ត។ មានអ្នកចូលរួមសរុប ៤.៥៦៦នាក់។ គណបក្សឆន្ទៈខ្មែរ ហែក្បួនរថយន្ត ១០គ្រឿង ម៉ូតូ ២០គ្រឿង និងរ៉ឺម៉កកង់បី ៦គ្រឿង នៅរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រហែល ១០០នាក់។ គណបក្ស សញ្ជាតិកម្ពុជា ហែក្បួន ៥ខេត្ត និងជួបជុំសមាជិកបក្ស ២៩២នាក់។ គណបក្ស យុវជនកម្ពុជា ជួបប្រជុំសមាជិកបក្ស ៦នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គណបក្ស ខ្មែររួបរួមជាតិ ជួបប្រជុំសមាជិកបក្ស ៣៦នាក់ នៅស្រុកព្រៃនប់ និងនៅខេត្តកំពង់ស្ពឺ និងគណបក្ស ហ្វ៊ុនស៊ិនប៉ិច ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដោយឡែកគណបក្ស ខ្មែរសាធារណៈរដ្ឋ មិនទាន់ធ្វើសកម្មភាពហែក្បួន ឬប្រជុំសមាជិកបក្សខ្លួននៅឡើយទេ។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់ថា យុទ្ធនាការឃោសនានេះ មានទាំងសមាជិកគណបក្សនយោបាយ និងសកម្មជន អ្នកគាំទ្រ បានចូលរួមក្នុងសកម្មភាពឃោសនា។ ប៉ុន្តែ លោកថា យុទ្ធនាការឃោសនានេះ មិនអាចមានភាពអធិកអធម ដូចជា ការឃោសនាបោះឆ្នោតសកលទេ។ ចំណែកពលរដ្ឋទូទៅ លោក ហង្ស ពុទ្ធា អះអាងថា បានចូលរួម និងឃ្លាំមើលតំណាងរបស់ពួកគេ ស្របពេលអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែងសកម្មក្នុងការចូលរួមស្ដាប់គោលនយោបាយគ្រប់គណបក្សនយោបាយ មុននឹងពួកគេសម្រេចចិត្តបោះឆ្នោតជូន៖ «អ៊ីចឹង សម្រាប់ប្រជាពលរដ្ឋ គាត់នឹងទទួលបានតំណាងបន្ថែមទៀត ក្នុងការឃ្លាំមើលការអនុវត្តច្បាប់ និងសម្រាប់ចូលរួមសម្រេចចិត្តសំខាន់ៗ។ ឯចំណែកអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងមុខតំណែងហ្នឹងឯង គាត់កំពុងតែតាមមើលការឃោសនារបស់គណបក្ស ដែលគាត់នឹងត្រូវធ្វើការសម្រេចចិត្តថា បោះឆ្នោតជូនគណបក្សនយោបាយណា ព្រោះគាត់នឹងស្ថិតក្នុងបន្ទប់សំងាត់ ហើយគាត់ទទួលបានសន្លឹកឆ្នោត ដើម្បីសម្រេចចិត្តធ្វើការបោះឆ្នោត ២ដង។ ទី១ បោះឆ្នោតដើម្បីជ្រើសរើស ក្រុមប្រឹក្សាខណ្ឌក្រុងស្រុក និងមួយទៀត បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត»។
ចំណែកមន្ត្រីគណបក្សប្រឆាំង សង្កេតឃើញថា ពលរដ្ឋគ្មានការចាប់អារម្មណ៍ និងគ្មានសកម្មភាពចូលរួមជាមួយក្បួនដង្ហែ របស់គណបក្សនយោបាយទាំងនោះទេ។
សមាជិកប្រតិបត្តិគណបក្ស សង្គ្រោះជាតិ ប្រចាំស្រុកតំបែរ ខេត្តត្បូងឃ្មុំ លោក ម៉ៅ ជាម៉េន ឲ្យដឹងថា ពលរដ្ឋខ្លះ មិនដឹង មិនចាប់អារម្មណ៍ ឯពលរដ្ឋខ្លះ មិនចង់ចូលរួម ដោយសារយល់ថា ការបោះឆ្នោតក្រុមប្រឹក្សានេះ ក៏មិនខុសពីការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៧ ដែរ គឺការបង្កើតព្រឹត្តិការណ៍បោះឆ្នោតក្លែងក្លាយ ជាការជំរុញឲ្យសហគមន៍អន្តរជាតិ កាន់តែមានហេតុផល ផ្ដាច់ការអនុគ្រោះពន្ធពីកម្ពុជា៖ «បាទ! ឃើញថាគាត់ (ពលរដ្ឋ) មិនសូវចាប់អារម្មណ៍។គាត់មិនសូវឃើញចូលរួមផុលផុស ដូចការបោះឆ្នោតលើកមុនៗ ដែរ។ កាលលើកមុនៗ ឃើញថាពលរដ្ឋ មានការចូលរួម។ ការបោះឆ្នោតហ្នឹងហាក់បី ដូចជា មិនបានផ្ដល់ផលប្រយោជន៍អ្វីជូនពួកគាត់»។
ចំណែកអ្នកសម្របសម្រួលអង្គការ ខុមហ្វ្រ៊ែល (Comfrel) លោក កន សាវាង្ស ថា ការបោះឆ្នោតនេះ គ្មានការចូលរួមពីពលរដ្ឋ ដូច្នេះ ពលរដ្ឋមិនចាប់អារម្មណ៍ និងមិនយកចិត្តទុកដាក់ទេ។ ឯលទ្ធផលគ្រប់គ្នា សុទ្ធតែអាចដឹងមុនថា គណបក្សកាន់អំណាចនឹងគ្រប់គ្រងអាសនៈក្រុមប្រឹក្សាទាំងអស់៖ «នែយើងកុំថាឡើយគាត់ចាប់អារម្មណ៍ ព្រោះប្រជាពលរដ្ឋខ្លះ គាត់មិនដឹងទេ។ មិនដឹងថា បោះឆ្នោតអ្វី រឿងអ្វីទៀត? ដោយសារហេតុអ្វី បានជាអ៊ីចឹង ដោយសារការបោះឆ្នោតនេះ មិនមែនចូលរួមផ្ទាល់ពីប្រជាពលរដ្ឋ»។
យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ មានរយៈពេល ៨ថ្ងៃ គឺពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ឧសភា។ ការបោះឆ្នោតនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៦ ឧសភា។ មន្ត្រីបក្សប្រឆាំង លោក ម៉ៅ ជាម៉េន អះអាងថា ប្រសិនបើរបបក្រុងភ្នំពេញ មិនហាមសិទ្ធិគណបក្ស សង្គ្រោះជាតិ ទេ ពលរដ្ឋនឹងចូលរួមជាមួយក្បួនឃោសនាសកម្មជាងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។