គិតមកដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ពិធីបុណ្យសពលោក ប៉ែន សុវណ្ណ បានឈានដល់ថ្ងៃទី៧ ហើយ។ សម្រាប់ថ្ងៃបុណ្យខួបគម្រប់ ៧ថ្ងៃនេះ ក៏មានឥស្សរជន និងសាធារណជនអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធជាហូរហែដែរ។ តាមការបញ្ជាក់ពីអនុប្រធានគណៈកម្មការរៀបចំបុណ្យសពលោក ប៉ែន សុវណ្ណ ថា ភាគច្រើននៃអ្នកដែលមកចូលរួមបុណ្យសពគឺជាសកម្មជនបក្សសង្គ្រោះជាតិ។
អនុប្រធានគណៈកម្មការរៀបចំបុណ្យសព លោក ប៉ែន សុវណ្ណ និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ឡុង រី បានអោយអាស៊ីសេរី ដឹងតាមទូរស័ព្ទថា រយៈពេល ៣ថ្ងៃ តាំងពីសពលោក ប៉ែន សុវណ្ណ ដង្ហែពីស្រុកកំណើតក្នុងទីរួមខេត្តតាកែវ មកតម្កល់ដើម្បីធ្វើបុណ្យនៅវត្តនួនមណីរាម ហៅវត្តថាន់ រាជធានីភ្នំពេញ គឺមានអ្នកមុខអ្នកការមកគោរពវិញ្ញាណក្ខន្ធជាហូរហែ ប៉ុន្តែនៅថ្ងៃទី៤ វិច្ឆិកា នេះ គឺមានតែឥស្សរជន សកម្មជនបក្សប្រឆាំង និងសង្គមស៊ីវិលប៉ុណ្ណោះ ដែលមកចូលរួមគោរពវិញ្ញាណក្ខន្ធ គឺមិនមានភាគី ឬអ្នកគាំទ្រខាងគណបក្សកាន់អំណាចនោះទេ៖ «ការអញ្ជើញចូលរួមនេះ ដូចខ្ញុំបានជម្រាបអ៊ីចឹងថា ស្ថាប័នភាគច្រើនជារចនាសម្ព័ន្ធស្ថាប័នដទៃទៀត ខ្ញុំមិនឃើញជាដុំកំភួនទេ»។
តំណាងមកពីមូលនិធិ កែម ឡី លោក ហង្ស វិទូ ដែលមកគោរពវិញ្ញាណក្ខន្ធសពលោក ប៉ែន សុវណ្ណ នៅថ្ងៃទី៤ វិច្ឆិកា បានអោយដឹងថា នេះជាលើកទី៣ហើយ ដែលលោកបានគោរពវិញ្ញាណក្ខន្ធសពលោក ប៉ែន សុវណ្ណ។ សម្រាប់លោកផ្ទាល់ ការមកគោរពវិញ្ញាណក្ខន្ធនេះ គឺមកដើម្បីបង្ហាញការគោរពដឹងគុណដល់ឥស្សរជនរូបនេះដែលបានប្រើពេលវេលាស្ទើរតែមួយជីវិតគាត់ក្នុងនយោបាយកម្ពុជា។ មិនតែប៉ុណ្ណោះ លោក ហង្ស វិទូ ក៏បានសម្ដែងការងឿងឆ្ងល់នឹងអវត្តមានរបស់ភាគីអ្នកនយោបាយ ឬអ្នកគាំទ្រគណបក្សកាន់អំណាច ដែលមិនបានមកចូលរួមពិធីបុណ្យ និងមានអ្នកមកហើយ ប៉ុន្តែមិនហ៊ានបង្ហាញវត្តមានជាផ្លូវការ៖ «បាទ! ក្រុមរបស់ខ្ញុំ ខ្ញុំមានទស្សនៈមួយថា គាត់ជាមនុស្សរបស់ជាតិ ហើយធ្លាប់ជាអតីតនាយករដ្ឋមន្ត្រីនៅក្នុងសម័យរដ្ឋកម្ពុជាទៀត អ៊ីចឹងហេតុអីបានជាយើងមិនទៅគោរពគាត់ បែរជាមកនាំគ្នារើសអើងទៅវិញ? នេះជារឿងដែលចម្លែកមែនទែន»។
អ្នកនាំពាក្យនៃគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអោយដឹងថា ការចូលរួមបុណ្យសព គឺជាសមានចិត្តរបស់បុគ្គលម្នាក់ៗ។ អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ដែរថា អនុប្រធានទី២ រដ្ឋសភា លោក ងួន ញ៉ិល និងតំណាងរាស្ត្រមួយចំនួនដែលមកពីគណបក្សប្រជាជនកម្ពុជា បានចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ប៉ែន សុវណ្ណ កាលពីថ្ងៃទី៣ ខែវិច្ឆិកា រួចមកហើយ។ ដូច្នេះនេះក៏អាចបញ្ជាក់ថា ខាងគណបក្សកាន់អំណាចបានចូលរួមដែរ។
គណៈកម្មការបុណ្យសពលោក ប៉ែន សុវណ្ណ បានចេញសេចក្ដីប្រកាសព័ត៌មាននៅរសៀលថ្ងៃទី៤ វិច្ឆិកា ថា នៅម៉ោង ៩ព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា នឹងមានពិធីបង្សុកូល រាប់បាត្រប្រគេនព្រះសង្ឃចំនួន ៨០អង្គ នៅវត្តថាន់។
គណៈកម្មការបុណ្យគ្រោងនឹងដង្ហែសពលោក ប៉ែន សុវណ្ណ ទៅបូជានៅវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ក្រោយពីមានចម្រូងចម្រាសពីទីតាំងបូជាសពលោក ប៉ែន សុវណ្ណ រវាងគណៈកម្មការរៀបចំបុណ្យសព និងអាជ្ញាធរសាលារាជធានីភ្នំពេញ។
លោក ប៉ែន សុវណ្ណ បានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែតុលា ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ នាគេហដ្ឋានរបស់លោកនៅភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ លោកជាអតីតនាយករដ្ឋមន្ត្រីក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨១។ មុនទទួលមរណភាពនេះ លោកគឺជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ស្ពឺ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។