គណៈកម្មការទី៧នៃរដ្ឋសភា នៅថ្ងៃទី១១ កុម្ភៈ ចុះទៅខេត្តកំពត ដើម្បីស៊ើបអង្កេតអំពើពុករលួយដែលមន្ត្រីរដ្ឋាភិបាលបានលក់ពហុកីឡាដ្ឋាន និងរោងភាពយន្តនៅក្នុងខេត្តនេះ រួមទាំងស៊ើបអង្កេតរឿងដែលបានចោទប្រកាន់កន្លងមកថា មានជនអន្តោប្រវេសន៍វៀតណាម បានតាំងទីកន្លែងប្រារព្ធពិធីសាសនានៅលើភ្នំបូកគោខុសច្បាប់។
គណៈកម្មការទី៧នៃរដ្ឋសភា ដែលទទួលបន្ទុកអប់រំយុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ បានជួបជាមួយអភិបាលខេត្តកំពត លោក ខូយ ឃុនហ៊ួរ និងប្រធានមន្ទីរចំនួន ៤រូបទៀត គឺប្រធានមន្ទីរអប់រំយុវជននិងកីឡា មន្ទីរធម្មការនិងសាសនា មន្ទីរវប្បធម៌ និងទេសចរណ៍ ជាកិច្ចចាប់ផ្ដើមស៊ើបអង្កេតក្នុងការលក់ទ្រព្យសម្បត្តិរដ្ឋក្នុងខេត្តជាប់សមុទ្រមួយនេះ។
ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ ដែលបានដឹកនាំសមាជិកគណៈកម្មការចុះស៊ើបអង្កេតនោះ ឲ្យដឹងថា ការលក់ពហុកីឡាដ្ឋាន និងរោងភាពយន្តនៅក្នុងខេត្តនេះ គឺធ្វើឡើងដោយអតីតរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និងអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាំងពីរដ្ឋាភិបាលអាណត្តិមុនមក។
លោកថា លោក ខូយ ឃុនហ៊ួរ បានបញ្ជាក់ប្រាប់មន្ត្រីគណៈកម្មការនៃរដ្ឋសភាថា ការលក់ដូរដីរដ្ឋទាំងនោះ មិនពាក់ព័ន្ធមន្ត្រីអាជ្ញាធរខេត្តកំពត ទេ គឺរាល់កិច្ចការទាំងអស់ត្រូវបានធ្វើឡើងក្នុងកម្រិតថ្នាក់ជាតិ ដែលហួសពីសមត្ថកិច្ចរបស់ខេត្ត៖ «លោកអភិបាលខេត្តគាត់មានប្រសាសន៍ថា រដ្ឋមន្ត្រីមុនជាអ្នកលក់ មិនមែនរដ្ឋមន្ត្រីបច្ចុប្បន្នទេ ហើយការលក់ដោះដូរហ្នឹង គាត់អត់មានទេ គឺពាក់ព័ន្ធក្រសួងតែម្ដង»។
លោក យ៉ែម បុញ្ញឫទ្ធិ មិនបានបញ្ជាក់ថា តើទ្រព្យសម្បត្តិរដ្ឋទាំងនោះត្រូវបានគេលក់ទៅឲ្យអ្នកណា ឬថ្លៃប៉ុន្មាន និងនៅពេលណាទេ ហើយគណៈកម្មការទី៧នៃរដ្ឋសភានឹងស៊ើបអង្កេតបន្តទៀត៖ «ខ្ញុំមិនសួរបញ្ជាក់ច្បាស់ដែរ ឮថាខាងពហុកីឡាដ្ឋាន (លក់) តាំងពី ឯ.ឧ កុល ផេង ហើយខាងក្រសួងវប្បធម៌ ឯ.ឧ (រដ្ឋមន្ត្រី) មុនលោកជំទាវ ភឿង សកុណា»។
បើតាមមន្ត្រីបក្សសង្គ្រោះជាតិ ប្រចាំខេត្តកំពត អ្នកស្រី សម ចរិយា មិនមានមានតែពហុកីឡាដ្ឋាន និងរោងកុនទេ ដែលត្រូវបានមន្ត្រីលក់ស្ងាត់ៗនោះ មានអគារនិងដីរដ្ឋច្រើនកន្លែងទៀតក៏ត្រូវបានគេលក់អស់ហើយដែរ៖ «ពន្ធនាគារក៏មានការដោះដូរដែរ ឥឡូវឮសូរថា មានពុះវាស់វែងចែកជាឡូត៍លក់។ ការលក់ទិញមានច្រើនណាស់ ដូចជាដំបូងទីសារមន្ទីរ បន្ទាប់ពីសារមន្ទីរមក រោងតម្បាញ រោងតម្បាញរបស់រដ្ឋហើយនិងបន្ទាប់មកទៀតមានបារទឹកឈូរនេះក៏លក់ដែរ ហើយឥឡូវហ្នឹងខាងធនាគារកាណាឌីយ៉ា (Canadia) ក៏លក់ដែរ បានបន្តបន្ទាប់មកទៀតមានតារាងបាល់ រោងកុន៧មករា ហើយនៅមានកន្លែងតូចតាចច្រើនទៀតគាត់ធ្វើការដោះដូរ យើងស្មានមិនដល់ ហើយព័ត៌មានហ្នឹងគឺថា លាក់លៀម ហើយចំណែកតម្លៃថ្លៃថ្នូរគេលាក់ជិតណាស់ គ្រាន់តែថាប្រហែលៗ។ ប៉ុន្តែការលក់ដូរហ្នឹងច្បាស់១០០ភាគរយ គឺគាត់លក់ បើថាតារាងបាល់ហ្នឹងឮថា ១លានដុល្លារកន្លះ ដូចរោងកុន៧មករា ឮថា ២០ម៉ឺនដុល្លារ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តកំពត លោក ខូយ ឃុនហ៊ួរ បានទេ នៅថ្ងៃទី១១ កុម្ភៈ ដើម្បីសុំការឆ្លើយតបបន្ថែម ទៅនឹងការអះអាងនេះ។
ក្រៅពីស៊ើបអង្កេតរឿងលក់ដូរដីរដ្ឋនេះ គណៈកម្មការទី៧នៃរដ្ឋសភា គ្រោងឡើងលើភ្នំបូកគោនៅថ្ងៃបន្ទាប់ ដើម្បីបន្តស៊ើបអង្កេតរឿងដែលមានការចោទប្រកាន់មួយទៀតថា មានជនអន្តោប្រវេសន៍វៀតណាម បានមកតាំងទីកន្លែងប្រារព្ធពិធីសាសនានៅលើភ្នំបូកគោខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។