សាច់ញាតិសកម្មជនបក្សសង្គ្រោះជាតិតវ៉ាជាលើកទី៧ នៅមុខសាលាដំបូងក្រុងភ្នំពេញឱ្យតុលាការដោះលែងប្ដី
2020.07.31
ប្រពន្ធនិងកូនព្រមទាំងអ្នកគាំទ្រសកម្មជនគណបក្សសង្គ្រោះជាតិប្រមាណ ៤០នាក់ នាំគ្នាតវ៉ាជាលើកទី៧ នៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ កក្កដា ទាមទារឱ្យតុលាការដោះលែងប្ដី និងឪពុកពីពន្ធនាគារព្រៃស។ ដូចលើកមុនៗ ដែរ អាជ្ញាធរ និងសន្តិសុខសាលារាជធានីភ្នំពេញ បានចេញមករារាំងក្រុមពលរដ្ឋទាំងនោះ មិនឱ្យឈរតវ៉ានៅមុខតុលាការឡើយ។
អាជ្ញាធរខណ្ឌ ៧មករា បានចាប់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់គឺលោកស្រី សាត ផា រុញបញ្ចូលឡានបញ្ជូនចេញពីកន្លែងតវ៉ាយ៉ាងតក់ក្រហល់ បណ្ដាលឱ្យលោកស្រីរបួសរលាត់ក្បាលជង្គង់ដើរមិនរួច ប៉ុន្តែក្រោយមកអាជ្ញាធរបានដោះលែងលោកស្រីវិញនៅថ្ងៃដដែលគឺព្រឹកថ្ងៃទី៣១ កក្កដា។
លោកស្រី សាត ផា ថ្លែងក្រោយពេលអាជ្ញាធរដោះលែងថា កងសន្តិសុខបានចាប់ច្របាច់កលោកស្រីរុញចូលឡានទាំងបង្ខំ ដើម្បីបំបែកពួកលោកស្រីមិនឱ្យតវ៉ានៅមុខតុលាការក្រុងភ្នំពេញ។ លោកស្រីបញ្ជាក់ថា នៅពេលទៅដល់សាលាខណ្ឌ ៧ មករា អាជ្ញាធរបង្ខំឱ្យលោកស្រីផ្ដិតមេដៃនិងសន្យាឱ្យលោកស្រីឈប់តវ៉ានៅថ្ងៃក្រោយទៀត៖ «ពេលរុញខ្ញុំចូលឡានគ្នាច្រើនណាស់ ដល់ពេលដល់ក្នុងឡានមាន ២នាក់ ចាប់ខ្ញុំរុញសង្កត់ករាងយូរដែរ បានគេប្រលែងវិញ ហើយគាត់សួរថា ម៉េចរាងហើយនៅ។ខ្ញុំថាខ្ញុំខុសអី? ខ្ញុំប្រាប់គាត់ថាខ្ញុំអត់មានខុសអីទេ។ អីចឹងការខ្ញុំឈឺចាប់ខ្ញុំសូមអំពាវនាវដល់វិទ្យុអាស៊ីសេរីហ្នឹងហ្នឹងជួយផ្ដល់ព័ត៌មានថា ពួកខ្ញុំនឹងប្រឈមតទៅទៀត ខ្ញុំប្ដេជ្ញាចិត្តថា ខ្ញុំអត់រាថយទេ ទោះបីជាខ្ញុំផ្ដិតមេដៃហើយក៏ដោយក៏ខ្ញុំស៊ូប្រឈមទៅមុខទៀតទាល់តែបានជោគជ័យ»។
ចំណែកប្រពន្ធសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក ស៊ុន ធន់ គឺលោកស្រីសេង ចាន់ថន និយាយថា ប្ដីរបស់លោកស្រីគឺជាមនុស្សស្លូតត្រង់ និងមិនបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ ។លោកស្រីចាត់ទុកការចាប់ខ្លួនប្ដីរបស់គាត់ព្រមទាំងសកម្មជនគណបក្សប្រឆាំងដទៃទៀត ថាជារឿងអយុត្តិធម៌មិនអាចទទួលយកបាន៖ «គេអត់មានដោះស្រាយឱ្យយើងទេ គេមានតែបង្ក្រាបយើងចេញពីកន្លែងតវ៉ា ហើយឱ្យទៅឈរនៅកៀនកោះ ឱ្យទៅតវ៉ានៅក្នុងស្តាតកីឡា ខ្ញុំថា ឱ្យខ្ញុំទៅតវ៉ានៅស្តាតកីឡាឱ្យតវ៉ាជាមួយអ្នកណា មានអ្នកណាដឹងឮ ហើយឱ្យខ្ញុំទៅតវ៉ាទីហ្នឹងដដែលខ្ញុំចាំបាច់មកតវ៉ាធ្វើអី?។ខ្ញុំឈឺចាប់មែន ប៉ុន្តែការឈឺចាប់ខ្ញុំនេះមិនមែនឈឺចាប់ដោយផ្ដេកផ្ដួលលំបាកទេ តែឈឺចាប់ក្នុងន័យមានមោទនភាព»។
ការតវ៉ាលើកទី៧ នេះក្រុមអ្នកតវ៉ាដែលភាគច្រើនជាស្ត្រីពាក់អាវយឺតសដៃខ្លីមានរូបសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំ និងកាន់បដាតូចៗ បង្ហាញជាសាធារណៈនៅម្ខាងផ្លូវទល់មុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមបាតុករស្រែកថា តុលាការចាប់ខ្លួនប្ដីរបស់ពួកគាត់ដោយអយុត្តិធម៌ និងទាមទារឱ្យតុលាការឱ្យលែងអ្នកទោសនយោបាយទាំងនោះដោយគ្មានល័ក្ខខ័ណ្ឌ។
អាស៊ីសេរីមិនអាចទាក់ទង អភិបាលខណ្ឌ ៧មករា លោក លឹម សុភា ដើម្បីសុំអត្ថាធិប្បាយជុំវិញការឃាត់ខ្លួន និងរារាំងការតវ៉ារបស់សាច់ញាតិសកម្មជនបក្សសង្គ្រោះជាតិនេះបានទេនៅថ្ងៃទី៣១ កក្កដា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន មានប្រសាសន៍ថា អាជ្ញាធរមិនបានហាមឃាត់ពលរដ្ឋមិនឱ្យតវ៉ានោះទេ ប្រសិនពួកគាត់អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។ លោកបញ្ជាក់ថា ការអ្នកតវ៉ាទាំងឡាយណា ដែលមិនគោរពនិងបំពានលើវិធានការសុវត្ថិភាពរបស់សមត្ថកិច្ចដែលការពារសណ្ដាប់ធ្នាប់ គឺជាទង្វើខុសច្បាប់៖ «ការតវ៉ាវាជាសិទ្ធិរបស់ពួកគាត់ទេ ប៉ុន្តែវាមិនមានឥទ្ធិពលអី ឬក៏ការជ្រៀតជ្រែកការសម្រេចរបស់តុលាការដែលជាស្ថាប័នឯករាជទេ។ តែធ្វើយ៉ាងណាកុំឱ្យតែប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈបំពានសិទ្ធិសេរីភាពរបស់អ្នកដទៃ អាហ្នឹងសមត្ថកិច្ចនឹងមានវិធានការទប់ស្កាត់ហើយ»។
ផ្ទុយពីការលើកឡើងរបស់មន្ត្រីក្រសួងយុត្តិធម៌នេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា អះអាងថា ការតវ៉ាសម្ដែងមតិជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដោយស្របច្បាប់។ លោកចាត់ទុកការបង្ក្រាបរបស់អាជ្ញាធរនេះថា ជាការរំលោភបំពានលើសិទ្ធិរបស់ពលរដ្ឋដោយខុសច្បាប់។ លោក ស៊ឹង សែនករុណា បញ្ជាក់ថា ប្រសិនបើមានអ្នកតវ៉ាណាម្នាក់រងរបួស ឬស្លាប់ ដោយសារតែការបង្ក្រាបរបស់កងសន្តិសុខខណ្ឌ ៧ មករានេះ អាជ្ញាធរជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ ដោយមិនមានការលើកលែងឡើយ៖ «វាជារូបភាពហិង្សាហើយ ព្រោះធម្មតាការចាប់មនុស្ស ដើម្បីយកទៅសាកសួរអីមួយត្រូវមានវិធីសាស្ត្រ មានបច្ចេកទេសឱ្យបានត្រឹមត្រូវ បើសិនជាគាត់ជាស្ត្រីទៀត ត្រូវតែប្រើកងកម្លាំងសន្តិសុខ ឬសមត្ថកិច្ចហ្នឹងជាស្ត្រីដើម្បីចាប់ខ្លួនគាត់ឬក៏ហៅគាត់ទៅដោយសន្តិវិធីជាមុនសិន។ ប៉ុន្តែនេះអត់ទេ គឺចាប់ផ្ដើមមកការប្រើកម្លាំងហ្នឹងមិនមានតុល្យភាពជាមួយហ្នឹងទាមទារតវ៉ាហើយ ប្រើកម្លាំងសន្តិសុខដែលជាបុរស ដោយមិនមានជំនាញបច្ចេកទេសអីត្រឹមត្រូវនោះទេ»។
ក្រោយត្រូវអាជ្ញាធររារាំងមិនឱ្យតវ៉ានៅមុខតុលាការ ក្រុមអ្នកតវ៉ាបាននាំគ្នាដើរដង្ហែក្បួនទៅដាក់ញត្តិនៅស្ថានទូតបារាំងប្រចាំនៅរាជធានីភ្នំពេញបន្តទៀត។ មន្ត្រីស្ថានទូតបារាំងបានអនុញ្ញាតឱ្យតំណាងអ្នកតវ៉ា ៦នាក់ ចូលដាក់ញត្តិនៅក្នុងស្ថានទូត ហើយសន្យាថានឹងតាមដានរឿងនេះឱ្យបានដិតដល់។ ក្រុមស្ត្រីដែលជាអ្នកតវ៉ាគ្រោងប្រមូលគ្នាតវ៉ាជាថ្មីទៀតនៅចុងសប្ដាហ៍ក្រោយ ហើយព្រមានថាពួកគាត់នឹងតវ៉ារហូតមានដំណោះស្រាយ។គិតចាប់តាំងពីខែមករាមក អាជ្ញាធរបានចាប់សកម្មជនគណបក្សសង្គ្រោះជាតិចំនួន ១៧នាក់ដាក់ពន្ធនាគារព្រៃស ជាបន្តបន្ទាប់ក្រុមគ្រួសារសកម្មជនទាំងនោះបានចាត់ទុកការចាប់ខ្លួននេះ ថាជាការធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ និងទន់ខ្សោយ ដើម្បីបំពេញបំណងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។