ខួប ៨ឆ្នាំ ព្រះ​បាទ នរោត្តម សីហនុ សោយ​ទិវង្គត៖ ជម្លោះ​នយោបាយ​បន្ត​រ៉ាំរ៉ៃ ដោយ​គ្មាន​អ្នក​មាន​លទ្ធភាព​សម្រួល​បាន

0:00 / 0:00

រយៈ​ពេល ៨ឆ្នាំ​ក្រោយ​នៃ​ការ​ចូល​ទិវង្គត​របស់​សម្ដេច​ព្រះ​បាទ នរោត្តម សីហនុ នៅ​កម្ពុជា ​​បន្ត​ជួប​វិបត្តិ​នយោបាយ​​​​ធ្ងន់ធ្ងរ​ ជាង​ពេលមុន ហើយ​ជម្លោះ​នយោបាយ​នេះ បាន​អូស​បន្លាយ​រ៉ាំរ៉ៃ​ ដោយ​​​គ្មាន​អ្នក​ណា មាន​លទ្ធភាព​អាច​សម្រប​​​​​សម្រួល​បាន។ អ្នក​វិភាគ​ថា ​ហេតុ​បណ្ដាល​ឲ្យ​វិបត្តិ​នយោបាយ បន្ត​ចាក់ស្រេះ ​​កាន់​តែ​ខ្លាំង​ឡើង មក​ពី​អ្នក​នយោបាយ​ មិន​​ព្រម​​សាមគ្គី​គ្នា តាម​ព្រះរាជ​បណ្ដាំ​ ព្រះ​បាទ សីហនុ និង​ដោយសារ​​​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចេតនា​​​បន្សាប​ឥទ្ធិពល​​ស្ថាប័ន​រាជបល្ល័ង្ក។

ក្នុង​ខួប ​៨​ឆ្នាំ​ នៃ​ការ​ចូល​ទិវង្គត​របស់​ព្រះ​បាទ នរោត្តម សីហនុ ក្រុម​មន្ត្រី​រដ្ឋាភិបាល​ តាម​ក្រសួង​នានា ​បាន​នាំ​គ្នា​​​ទៅ​គោរព​រូប​សំណាក​ព្រះ​បាទ នរោត្តម សីហនុ នៅ​សួន​ច្បារ ក្បែរ​វិមាន​ឯករាជ្យ​ដែរ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សរសេរ​​លើ​ហ្វេសប៊ុក (facebook) ថា​ ប្រជារាស្ត្រ​ទូទាំង​ប្រទេស និង​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ​​គ្រប់​ជាន់​ថ្នាក់ សូម​សម្ដែង​​ការ​គោរព​ដឹង​គុណ​បំផុត​ ថ្វាយ​ ព្រះ​បរម​រតនៈ​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់ និង​បូជា​ព្រះ​កាយពល​ដ៏​ធំធេង​បំផុត ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា។

ព្រះ​បាទ​នរោត្តម សីហនុ ចូល​ទិវង្គត​ កាល​ពី​ ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០១២ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ព្រះ​ជន្មាយុ​ ៨៩​ព្រះ​វស្សា។ អ្នក​វិភាគ​ថា ​ព្រះ​អង្គ ​ជា​ព្រះ​មហាក្សត្រ​ឆ្នើម និង​មាន​ឥទ្ធិពល​ ក្នុង​ការ​​​ដោះស្រាយ និង​សម្រប​សម្រួល​ជម្លោះ​នយោបាយ​នៅ​កម្ពុជា។

ប៉ុន្តែ រយៈ​ ៨ឆ្នាំ ចាប់​តាំង​ពី​ព្រះ​អង្គ ចូល​ទិវង្គត​​ទៅ ជម្លោះ​នយោបាយ​រវាង គណ​បក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​បាន ឈាន​ដល់​ដំណាក់​កាល​ លែង​អាច​ចូល​ចរចា​គ្នា​បាន ក្រោយ​ពេល​រដ្ឋាភិបាល​បាន ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ចោល កាល​ពី​ឆ្នាំ២០១៧។

តំណាង​គណបក្ស​ខ្លះ​ ដែល​កំពុង​ធ្វើ​សកម្មភាព​ ក្នុង​ប្រទេស​កម្ពុជា មើល​ឃើញ​ថា វិបត្តិ​នយោបាយ​ នៅ​តែ​អូស​បន្លាយ​រ៉ាំរ៉ៃ ហើយ​រដ្ឋាភិបាល បាន​បន្ត​ធ្វើ​ទុក​បុក​ម្នេញ លើ​សំឡេង​រិះគន់ ជា​បន្ត​បន្ទាប់។​

អ្នក​នាំ​ពាក្យ​គណបក្ស​ខ្មែរ​ឈ្នះ លោក យិន ឈឿន យល់​ថា ​មាន​តែ​គណបក្ស​មួយ​ចំនួន ដែល​រណប​រដ្ឋាភិបាល​ ​ ទើប​រួច​ផុត​ពី​ការ​​​ចាប់​ចង ចោទ​ប្រកាន់​ផ្សេងៗ តែ​សម្រាប់​គណបក្ស​ ដែល​ហ៊ាន​ចេញ​មុខ​​ការពារ​បូរណភាព​ទឹក​ដី នឹង​ប្រឈម​ការ​ចាប់​ខ្លួន ដូច​ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ជាដើម។

លោក យិន​ ឈឿន​​ បន្ត​ថា ​​ចាប់​តាំង​ពី​ ព្រះ​បាទ​ នរោត្តម សីហនុ ចូល​ទិវង្គត​​ទៅ ស្ថានភាព​នយោបាយ សីលធម៌​សង្គម​​ ការ​ធានា​​ពី​សិទ្ធិ​​របស់​ពលរដ្ឋ​ និង​ មុខ​មាត់​កម្ពុជា​ នៅ​លើ​ឆាក​អន្តរជាតិ បាន​​ធ្លាក់​ចុះ ជា​លំដាប់​ ដោយសារ​តែ​វិបត្តិ​នយោបាយ​។ ចំណែក​គោល​នយោបាយ​ការ​បរទេស​វិញ​​ ​កម្ពុជា ហាក់​​ដើរ​ផ្ទុយ​ពី​គោលការណ៍​​អព្យាក្រឹត្យ​ និង​បាន​ធ្វើ​​សកម្មភាព​បែរ​ទៅ​រក​​ប្រទេស​កុំមុយនិស ដែល​អាច​​នាំ​កម្ពុជា វិល​ចូល​របប​ផ្ដាច់​ការ​វិញ។

លោក យិន​ ឈឿន យល់​ថា អស់​ពី​ ព្រះ​បាទ នរោត្តម​ សីហនុ​ ទៅ មាន​ តែ​ ព្រះ​មហាក្សត្រ​បច្ចុប្បន្ន និង​​​ ​ឥស្សរៈ​ជន​​​នយោបាយ​កម្ពុជា​​ សំខាន់ៗ ដែល​កំពុង​​មាន​ឥទ្ធិពល​ ដូច​ជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​ស្ដីទី​គណបក្ស​​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ទើប​អាច​ មូល​មាត់​គ្នា​ ដោះស្រាយ​វិបត្តិ​​នយោបាយ​បាន៖ « ក្រោយ​ពេល យាង​ចូល​ទិវង្គត​របស់​ព្រះ​បរម​រតនៈ​កោដ្ឋ យើង​ឃើញ​ថា ស្ថានភាព​សង្គម​មាន​ការ​ធ្លាក់​ចុះ ជា​បន្ត​បន្ទាប់​ ទី​១ ធ្លាក់​ចុះ​ អំពី​ការ​គោរព​សិទ្ធិ​មនុស្ស​ អំពី​ប្រជាធិបតេយ្យ ទំនាក់​ទំនង នៅ​លើ​ឆាក​អន្តរជាតិ។ យើង​ឃើញ​ថា ប្រទេស​កម្ពុជា​ ​បាន​បែរ​ចេញ​ពី​ទំនាក់​ទំនង​ជា​សាកល​ ដែល​អនុលោម​តាម​រដ្ឋធម្មនុញ្ញ ដែល​ថា គោលនយោបាយ​ការ​បរទេស​អព្យាក្រឹត្យ គឺ​មាន​ការ​ផ្ទុយ​ស្រឡះ ដោយសារ​កម្ពុជា​ ងាក​បែរ​​ទៅ​រក​ប្រទេស​កុំមុយនិស ដែល​នាំ​កម្ពុជា ទៅ​​រក​របប​ផ្ដាច់​ការ»

ឆ្លើយតបនឹងការលើកឡើងនេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា កម្ពុជា គ្មាន​វិបត្តិ​នយោបាយ ដែល​តម្រូវ​​ឲ្យ​មាន​ការ​ដោះស្រាយ ឬ​សម្រប​សម្រួល​អ្វី​ទេ។ លោកថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជា​អ្នក​បន្ត​វេន​ស្នាដៃ​របស់ព្រះ​បាទ​ នរោត្តម សីហនុ។

លោក សុខ ឥសាន ​ បន្ត​​ថា វិបត្តិ​នយោបាយ កើត​ឡើង​ តែ​សម្រាប់​​​​ក្រុម​អ្នក​នយោបាយ​​គណ​បក្ស​ប្រឆាំង​ កំពុង​ធ្វើ​សកម្មភាព​​ខុស​ច្បាប់​ នៅ​​ក្រៅ​ប្រទេស​ ​។ លោក​​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ គ្មាន​វិបត្តិ​នយោបាយ​ទេ ហើយ​គ្រប់​គណបក្ស​នយោបាយ​ កំពុង​ធ្វើ​សកម្មភាព​ ដោយ​សេរី​ ស្រប​តាម​ច្បាប់៖ « ដូច្នេះ​ សរុប​មក​វិញ នៅ​កម្ពុជា អត់​មាន គេ​ហៅ ថា ​វិបត្តិ​នយោបាយ​ទេ។ តែ​ជាក់​ស្ដែង វា​មាន​តែ​អ្នក​នយោបាយ​ឧទ្ទាម​ក្រៅ​ច្បាប់ វា​មាន​វិបត្តិ​រត់​​ភៀស​ខ្លួន ទៅ​នៅ​ឯនាយ​សមុទ្ទ​ហ្នុង​ហើយ ចេះ​តែ​មាន​វិបត្តិ​ខ្លួន​ឯង នៅ​ក្រៅ​ ហើយ​អត់​មាន​ឥទ្ធិពល​អ្វី​ ក្នុង​ស្រុក​ទេ»

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​នយោបាយ លោក គឹម សុខ សង្កេត​ឃើញ​ថា ចាប់​តាំង​ពី​ព្រះ​បាទ​នរោត្តម សីហនុ​ ចូល​ទិវង្គត​ទៅ គណបក្ស​កាន់​អំណាច​ធ្វើ​​ស្រេច​តែ​ចិត្ត ​ទាញ​យក​ប្រយោជន៍​ឲ្យ​បក្ខ​ពួក​ និង​រណប​វៀតណាម ​ដើម្បី​រក្សា​អំណាច។

លោក​ គឹម សុខ​ យល់​​ថា អត់​ពី​ ព្រះ​បាទ សីហនុ​ ទៅ​ គណបក្ស​ប្រជាជន​កម្ពុជា មាន​អំណាច​ជាង​គេ​​ទាំង​​អស់​ គឺ​មាន​អំណាច​ជាង​ស្ថាប័ន​ព្រះ​មហាក្សត្រ​ទៅ​ទៀត​ ហេតុ​នេះ​​គណបក្ស​កាន់​អំណាច​ មិន​​ទទួល​យក​ការ​សម្រប​សម្រួល និង ​មិន​ព្រម​ស្ដាប់​អ្នក​ណា​​ទាំង​អស់​ សូម្បី​ព្រះ​មហាក្សត្រ​​បច្ចុប្បន្ន។

លោក​ បន្ត​ថា ស្ថាប័ន​អន្តរជាតិ និង​សហគមន៍​អន្តរជាតិ ខាង​លោក​សេរី ក៏​គ្មាន​ឥទ្ធិពល​ខ្លាំង អាច​សម្រប​សម្រួល​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន​ដែរ ព្រោះ​ គណ​បក្ស​កាន់​អំណាច និង លោក ហ៊ុន សែន​ ស្ដាប់​តែ​តាម​ប្រទេស ​កុំមុយនិស​ ពីរ គឺ​ ចិន និង​វៀតណាម ប៉ុណ្ណោះ៖ « ទោះ​បី​ជា​ព្រះ​មហាក្សត្រ ឬ​ព្រះ​រាជ​វង្សានុវង្ស អង្គ​ណា ក៏​ដោយ​​ មិន​អាច​និយាយ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ស្ដាប់​បាន​​ទេ ពី​ព្រោះ​អ្វីៗ ដែល​ជា​គោល​ដៅ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​កម្ទេច​នូវ​ឥទ្ធិពល​របស់​​ព្រះ​រាជ​បល្ល័ង្ក​នេះ គឺ​គេ​ធ្វើ​បាន​ទៅ​ហើយ។ ធ្វើ​បាន​ នៅ​ពេល​ដែល​ព្រះ​បាទ​នរោត្តម សីហនុ លាលែង​ពី​ព្រះ​រាជ​បល្ល័ង្ក»

ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ និង​អ្នក​នយោបាយ​ខ្លះ​ នៅ​តែ​ចង់​ឲ្យ​សហគមន៍​អន្តរជាតិ ​ជួយ​ជំរុញ​ ឲ្យ​​​​អ្នក​​នយោបាយ​​កម្ពុជា​ វិល​ចូល​តុ​ចរចា​វិញ​ ហើយ​​បញ្ចប់​ជម្លោះ​​រ៉ាំរ៉ៃ​​​ឲ្យ​ឆាប់​ ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។