សភា​តំបន់​អាស៊ី​ប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម

ដោយ សាន សែល
2015-12-10
Share
ប្រជុំ​សភា​តំបន់​អាស៊ី​អេ.ភី.អេ ៦២០ តំណាង​រដ្ឋ​ជា​សមាជិក​សភា​តំបន់​អាស៊ី អេ.ភី.អេ (APA) ជួប​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម និង​អំពើ​ហិង្សា​ជ្រុល​និយម ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/San Sel

នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​តំបន់​អាស៊ី អេ.ភី.អេ (APA) លើក​ទី​៨ ដែល​កំពុង​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ តំណាង​រដ្ឋ​ជា​សមាជិក នៅ​ថ្ងៃ​ទី​១០ ធ្នូ ជួប​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម និង​អំពើ​ហិង្សា​ជ្រុល​និយម។ កិច្ច​ពិភាក្សា​នេះ បាន​សម្រេច​រួម​គ្នា​នូវ​ផែនការ​មួយ​ចំនួន ដើម្បី​ធានា​នូវ​សុខ​សន្តិភាព​សម្រាប់​តំបន់​អាស៊ី និង​ពិភពលោក​ទាំង​មូល។

កិច្ច​ពិភាក្សា​ដែល​ចំណាយ​ពេល​ប្រមាណ ២​ម៉ោង​កន្លះ​នេះ បាន​រក​ឃើញ​នូវ​គំនិត​រួម​គ្នា​ថា សភា​តំបន់​អាស៊ី នឹង​ប្ដេជ្ញា​ចិត្ត​ការពារ​សន្តិភាព និង​សន្តិសុខ​ឲ្យ​តំបន់​អាស៊ី និង​ភព​ផែនដី​ទាំង​មូល រស់នៅ​ប្រកប​ដោយ​សេចក្ដី​សុខ​តាម​មូលដ្ឋាន​នៃ​ភាព​យុត្តិធម៌ និង​នីតិរដ្ឋ។

លោក ញ៉ែម ថាវី អនុប្រធាន​នៃ​កិច្ច​ប្រជុំ​នេះ ថ្លែង​ថា សមាជិក​សភា និង​រដ្ឋាភិបាល​ជា​សមាជិក​របស់​សភា​តំបន់​អាស៊ី អេ.ភី.អេ ព្រម​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ទូទាំង​តំបន់​អាស៊ី គួរ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​ដល់​ប្រជាជន​នៃ​ប្រទេស​របស់​គេ​រៀងៗ​ខ្លួន ពី​ការ​គំរាម​កំហែង​នៃ​អំពើ​ភេរវកម្ម និង​អំពើ​ហិង្សា​ជ្រុល​និយម។

នៅ​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​នេះ តំណាង​ប្រតិភូ​នៃ​ប្រទេស​ឡាវ លើក​ដៃ​បញ្ចេញ​យោបល់​ជាច្រើន​ដង​ទៅ​លើ​សេចក្តី​ព្រាង​ស្ដីពី​ដំណោះស្រាយ ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម និង​ហិង្សា​ជ្រុល​និយម ដែល​សភា​តំបន់​អាស៊ី អេ.ភី.អេ គ្រោង​ធ្វើ​សេចក្ដី​សម្រេច។

ប្រធាន​ប្រតិភូ​ឡាវ លោក គួកែវ អខាមុទ្រី (Koukeo Akhamountry) លើក​ឡើង​ថា អំពើ​ភេរវកម្ម និង​អំពើ​ហិង្សា​ជ្រុល​និយម នៅ​តែ​បន្ត​គំរាម​កំហែង​ដល់​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​ជាច្រើន​នៅ​អាស៊ី ដែល​វា​គំរាម​កំហែង​ដល់​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​របស់​សហគមន៍​អន្តរជាតិ។

បណ្ដា​រដ្ឋ​ជា​សមាជិក អេ.ភី.អេ ក៏​ព្រមាន​ដល់​សកម្មភាព​យោធា​របស់​ប្រទេស​អ៊ីស្រាអែល នៅ​តាម​ផ្ទះ​សម្បែង សាលា​រៀន វិហារ​សាសនា និង​មន្ទីរពេទ្យ​នៅ​លើ​ទឹក​ដី​ប៉ាឡេស្ទីន ថា​បាន​គំរាម​កំហែង​ដល់​សន្តិភាព និង​សន្តិសុខ ព្រម​ទាំង​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។

ប្រមុខ​ប្រតិភូ​នៃ​ប៉ាឡេស្ទីន លោក ហ្សូហ៊ែរ សានដុហ្គា (Zuhair Sanduqa) ត្រូវ​បាន​អញ្ជើញ​ឲ្យ​បញ្ចេញ​យោបល់​លើ​បញ្ហា​នេះ។ លោក​ឆ្លើយ​តប​ថា ការ​ឈ្លាន​ពាន​របស់​បរទេស ជា​ការ​រំលោភ​លើ​ឯករាជ​ភាព​របស់​ម្ចាស់​ទឹក​ដី ដែល​គំរាម​ដល់​សន្តិភាព និង​សន្តិសុខ។

ភាគី​កូរ៉េ​ខាង​ជើង ក៏​បាន​ស្នើ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​នៅ​តាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​កូរ៉េ​ទាំង​ពីរ ដើម្បី​ភាព​សុខសាន្ត​នៃ​ប្រជាជន​កូរ៉េ។

ទាក់ទង​នឹង​ការ​ភ្ជាប់​សាសនា​អ៊ីស្លាម ទៅ​នឹង​អំពើ​ភេរវកម្ម​វិញ ក្រុម​ប្រទេស អេ.ភី.អេ បាន​លើក​ឡើង​ថា សាសនា​អ៊ីស្លាម​គ្មាន​គោលការណ៍​ណា​មួយ ដែល​បង្រៀន​មនុស្ស​ឲ្យ​ធ្វើ​ភេរវកម្ម​សម្លាប់​មនុស្ស​ទេ។ ក្រុម​ប្រទេស អេ.ភី.អេ បន្ថែម​ថា គួរ​លុប​បំបាត់​នូវ​ការ​យល់​ឃើញ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដែល​ថា​សាសនា ឬ​ជាតិ​សាសន៍ ឬ​ក្រុម​ជនជាតិ​ណា​មួយ​ជា​ក្រុម​គាំទ្រ​អំពើ​ភេរវកម្ម​នោះ​ទេ។

នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ បាន​ថ្លែង​នៅ​ក្នុង​ពេល​បើក​កិច្ច​ប្រជុំ​សភា​តំបន់​អាស៊ី (APA) ថា កម្ពុជា គួរ​ប្រុង​ប្រយ័ត្ន​នឹង​ក្រុម​អាយស៊ីស (ISIS) ទោះ​បី​មិន​ទាន់​មាន​ព័ត៌មាន​ណា​មួយ​នៃ​វត្តមាន​របស់​ក្រុម​ភេរវករ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល