នៅក្នុងកិច្ចប្រជុំសភាតំបន់អាស៊ី អេ.ភី.អេ (APA) លើកទី៨ ដែលកំពុងធ្វើនៅទីក្រុងភ្នំពេញ តំណាងរដ្ឋជាសមាជិក នៅថ្ងៃទី១០ ធ្នូ ជួបពិភាក្សាគ្នារកដំណោះស្រាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងអំពើហិង្សាជ្រុលនិយម។ កិច្ចពិភាក្សានេះ បានសម្រេចរួមគ្នានូវផែនការមួយចំនួន ដើម្បីធានានូវសុខសន្តិភាពសម្រាប់តំបន់អាស៊ី និងពិភពលោកទាំងមូល។
កិច្ចពិភាក្សាដែលចំណាយពេលប្រមាណ ២ម៉ោងកន្លះនេះ បានរកឃើញនូវគំនិតរួមគ្នាថា សភាតំបន់អាស៊ី នឹងប្ដេជ្ញាចិត្តការពារសន្តិភាព និងសន្តិសុខឲ្យតំបន់អាស៊ី និងភពផែនដីទាំងមូល រស់នៅប្រកបដោយសេចក្ដីសុខតាមមូលដ្ឋាននៃភាពយុត្តិធម៌ និងនីតិរដ្ឋ។
លោក ញ៉ែម ថាវី អនុប្រធាននៃកិច្ចប្រជុំនេះ ថ្លែងថា សមាជិកសភា និងរដ្ឋាភិបាលជាសមាជិករបស់សភាតំបន់អាស៊ី អេ.ភី.អេ ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលនៅទូទាំងតំបន់អាស៊ី គួរផ្សព្វផ្សាយឲ្យបានច្រើនដល់ប្រជាជននៃប្រទេសរបស់គេរៀងៗខ្លួន ពីការគំរាមកំហែងនៃអំពើភេរវកម្ម និងអំពើហិង្សាជ្រុលនិយម។
នៅក្នុងអំឡុងពេលកិច្ចប្រជុំនេះ តំណាងប្រតិភូនៃប្រទេសឡាវ លើកដៃបញ្ចេញយោបល់ជាច្រើនដងទៅលើសេចក្តីព្រាងស្ដីពីដំណោះស្រាយ ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងហិង្សាជ្រុលនិយម ដែលសភាតំបន់អាស៊ី អេ.ភី.អេ គ្រោងធ្វើសេចក្ដីសម្រេច។
ប្រធានប្រតិភូឡាវ លោក គួកែវ អខាមុទ្រី (Koukeo Akhamountry) លើកឡើងថា អំពើភេរវកម្ម និងអំពើហិង្សាជ្រុលនិយម នៅតែបន្តគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ជាច្រើននៅអាស៊ី ដែលវាគំរាមកំហែងដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់សហគមន៍អន្តរជាតិ។
បណ្ដារដ្ឋជាសមាជិក អេ.ភី.អេ ក៏ព្រមានដល់សកម្មភាពយោធារបស់ប្រទេសអ៊ីស្រាអែល នៅតាមផ្ទះសម្បែង សាលារៀន វិហារសាសនា និងមន្ទីរពេទ្យនៅលើទឹកដីប៉ាឡេស្ទីន ថាបានគំរាមកំហែងដល់សន្តិភាព និងសន្តិសុខ ព្រមទាំងរំលោភបំពានសិទ្ធិមនុស្ស។
ប្រមុខប្រតិភូនៃប៉ាឡេស្ទីន លោក ហ្សូហ៊ែរ សានដុហ្គា (Zuhair Sanduqa) ត្រូវបានអញ្ជើញឲ្យបញ្ចេញយោបល់លើបញ្ហានេះ។ លោកឆ្លើយតបថា ការឈ្លានពានរបស់បរទេស ជាការរំលោភលើឯករាជភាពរបស់ម្ចាស់ទឹកដី ដែលគំរាមដល់សន្តិភាព និងសន្តិសុខ។
ភាគីកូរ៉េខាងជើង ក៏បានស្នើឲ្យមានភាពស្ងប់ស្ងាត់នៅតាមបណ្ដោយព្រំដែននៃប្រទេសកូរ៉េទាំងពីរ ដើម្បីភាពសុខសាន្តនៃប្រជាជនកូរ៉េ។
ទាក់ទងនឹងការភ្ជាប់សាសនាអ៊ីស្លាម ទៅនឹងអំពើភេរវកម្មវិញ ក្រុមប្រទេស អេ.ភី.អេ បានលើកឡើងថា សាសនាអ៊ីស្លាមគ្មានគោលការណ៍ណាមួយ ដែលបង្រៀនមនុស្សឲ្យធ្វើភេរវកម្មសម្លាប់មនុស្សទេ។ ក្រុមប្រទេស អេ.ភី.អេ បន្ថែមថា គួរលុបបំបាត់នូវការយល់ឃើញគ្មានមូលដ្ឋានច្បាស់លាស់ ដែលថាសាសនា ឬជាតិសាសន៍ ឬក្រុមជនជាតិណាមួយជាក្រុមគាំទ្រអំពើភេរវកម្មនោះទេ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃទី៩ ខែធ្នូ បានថ្លែងនៅក្នុងពេលបើកកិច្ចប្រជុំសភាតំបន់អាស៊ី (APA) ថា កម្ពុជា គួរប្រុងប្រយ័ត្ននឹងក្រុមអាយស៊ីស (ISIS) ទោះបីមិនទាន់មានព័ត៌មានណាមួយនៃវត្តមានរបស់ក្រុមភេរវករនៅក្នុងប្រទេសកម្ពុជា ក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។