គណៈកម្មការ​ទី​៨​រដ្ឋ​សភា​បារម្ភ​អំពី​បញ្ហា​ពលករ​ចំណាក​ស្រុក​និង​សេវា​ព្យាបាល​ជំងឺ

ដោយ ហង្ស សាវយុត
2015-02-11
Share
កែ សុវណ្ណរតន៍ ៦២០ គណៈប្រតិភូ​នៃ​គណៈកម្មការ​ទី​៨ ដឹក​នាំ​ដោយ​អ្នកស្រី កែ សុវណ្ណរតន៍ (រូប​ពាក់​អាវ​ខៀវ) ជួប​ប្រជុំ​ជាមួយ​មន្ត្រី​មន្ទីរសុខាភិបាល​ខេត្ត​សៀមរាប នៅ​អគារ​ពេទ្យ​ព្យាបាល​ភ្នែក កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ ឆ្នាំ​២០១៥។
RFA/Hang Sayouth

ប្រតិភូ​នៃ​គណៈកម្មការ​ទី​៨ របស់​រដ្ឋ​សភា កំពុង​ចុះ​បំពេញ​បេសកកម្ម​រយៈពេល ៤​ថ្ងៃ នៅ​ខេត្ត​បន្ទាយមានជ័យ ជា​តំបន់​ជាប់​ព្រំដែន​ខ្មែរ-​ថៃ និង​ខេត្ត​សៀមរាប ដើម្បី​ពិនិត្យ​មើល​បញ្ហា​កម្មករ​ចំណាក​ស្រុក បញ្ហា​អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​ជួញដូរ​ស្ត្រី​និង​កុមារ ព្រមទាំង​ការ​ផ្ដល់​សេវា​ព្យាបាល​សាធារណៈ​ពី​មន្ទីរពេទ្យ​របស់​រដ្ឋ។ គណៈកម្មការ​ដដែល​នេះ​រក​ឃើញ​ថា ការ​ផ្ដល់​សេវា​ថែទាំ​សុខភាព​សាធារណៈ​របស់​រដ្ឋ​ក្នុង​ស្រុក​សូទ្រនិគម នៅ​មាន​ការ​ខ្វះខាត​ច្រើន​នៅ​ឡើយ។

គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធជន យុវនីតិសម្បទា ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី​នៃ​រដ្ឋសភា មាន​គម្រោង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កែ​ទម្រង់​ទៅ​លើ​ការ​ព្យាបាល និង​ថែទាំ​សុខភាព​សាធារណៈ នៅ​តាម​មន្ទីរពេទ្យ​របស់​រដ្ឋ​ថែម​ទៀត ដើម្បី​កែលំអ​ចំណុច​ដែល​ខ្វះខាត និង​បំបាត់​ចោល​ការ​ព្យាបាល​ដែល​ខ្សត់ខ្សោយ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន។

គម្រោង​សំណើ​នេះ បន្ទាប់​ពី​ប្រតិភូ​គណៈកម្មការ​ទី​៨ បាន​ចុះ​ពិនិត្យ​មន្ទីរពេទ្យ​រដ្ឋ​នៅ​ស្រុក​សូទ្រនិគម ចម្ងាយ​ប្រមាណ ៣០​គីឡូម៉ែត្រ ភាគ​ខាង​កើត​ពី​ទីក្រុង​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ។

ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធជន យុវនីតិសម្បទា ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី​នៃ​រដ្ឋសភា គឺ​អ្នកស្រី កែ សុវណ្ណរតន៍។ អ្នកស្រី​មាន​ប្រសាសន៍​ថា ប្រតិភូ​នៃ​គណៈកម្មការ​ទី​៨ បាន​ចូល​ទៅ​ពិនិត្យ​នៅ​ក្នុង​មន្ទីរពេទ្យ​ស្រុក​សូទ្រនិគម។

អ្នកស្រី​បញ្ជាក់​ថា មន្ទីរពេទ្យ​ស្រុក​សូទ្រនិគម គឺ​ជា​មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ​សម្រាប់​ទទួល​ព្យាបាល ប្រជាពលរដ្ឋ​ជាង ៣០​ម៉ឺន​នាក់ នៅ​ស្រុក​ចំនួន​៣​ជាប់​គ្នា គឺ​ស្រុក​ជីក្រែង និង​ស្រុក​ស្វាយលើ។ ក៏​ប៉ុន្តែ​មន្ទីរពេទ្យ​នេះ​មាន​គ្រែ​ចំនួន ១០០​សម្រាប់​ទទួល​ព្យាបាល​អ្នក​ជំងឺ ហើយ​ក្រុម​គ្រូពេទ្យ​ដែល​ធ្វើការ​ក៏​មិន​គ្រប់គ្រាន់​នៅ​ឡើយ៖ «ព្រោះ​មាន​តែ ១០០​គ្រែ​ហ្នឹង​ហើយ​ទទួល​ព្យាបាល​ជំងឺ ៣​ស្រុក បើ​យើង​គិត​តាម​បច្ចេកទេស វា​អត់​ទាន់​គ្រប់​ទេ។ មួយ​ទៀត ឃើញ​កន្លែង​ព្យាបាល​កុមារ​ក៏​អាច​ជួយ​សម្រួល​ដែរ ក៏ប៉ុន្តែ​ខ្ញុំ​មើល​ទៅ​គ្រែ​អី​ដូចជា​ខ្វះខាត​ណាស់​មានតែ​កន្ទេល។ បើ​យើង​ប្រៀបធៀប និង​វិស័យ​សុខាភិបាល​ត្រូវ​មាន​ការ​កែទម្រង់​ឡើង​វិញ​ទៀត»

​រយៈពេល​ពីរ​ម៉ោង​ក្រោយពី​ពិនិត្យ​មើល​មន្ទីរពេទ្យ​ស្រុក​សូទ្រនិគម គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា​បាន​មក​ជួប​ប្រជុំ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប ដើម្បី​ស្នើ​សុំ​ឱ្យ​ស្ថាប័ន​នេះ​ត្រួត​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ការ​លក់​ឱសថ​ក្លែងក្លាយ ការ​ផ្ដល់​សេវា​ព្យាបាល​មិន​រើសអើង​ទៅ​លើ​ពលរដ្ឋ​ក្រីក្រ និង​កុំ​ប្រកាន់​និន្នាការ​នយោបាយ ព្រមទាំង​ឱ្យ​គ្រូពេទ្យ​ប្រកាន់​ខ្ជាប់​នូវ​សីលធម៌ មិន​ប្រើ​សម្ដី​អាក្រក់​ជាដើម។

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប លោក​វេជ្ជបណ្ឌិត ក្រូស សារ៉ាត់ បាន​ឆ្លើយ​តប​ថា នៅ​ក្នុង​ខេត្ត​នេះ​ទាំង​មូល នៅ​គ្រប់​មន្ទីរពេទ្យ​របស់​រដ្ឋ គឺ​មាន​បិទ​ផ្សាយ​តារាង​ថ្លៃ​ព្យាបាល និង​ពិគ្រោះ​ជំងឺ​ជា​សាធារណៈ​ត្រឹមត្រូវ ដោយ​មិន​អនុញ្ញាត​ឱ្យ​គ្រូពេទ្យ​ណា​អាច​យក​ថ្លៃ​សេវា​ព្យាបាល​លើស​ពី​ថ្លៃ​កំណត់​ក្នុង​តារាង ឬ​ក៏​ទទួល​សំណូក​ទេ។ បន្ថែម​លើ​នេះ មន្ទីរពេទ្យ​រដ្ឋ ក៏​មិន​យក​លុយ​ថ្លៃ​ព្យាបាល​ពី​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​មាន​ការ​វាយ​តម្លៃ​ពី​កម្មវិធី​សមធម៌​ដែរ៖ «កន្លង​មក​អ្នក​ខ្លះ យល់​ខុស​ថា ពេទ្យ​យក​តម្លៃ​អ៊ីចេះៗ​អត់​ទេ គឺ​គណៈកម្មការ​ពេទ្យ​អត់​មាន​សិទ្ធិ​កំណត់​តម្លៃ​ដោយ​ខ្លួន​ឯង​ទេ។ មួយ​ទៀត​ខ្ញុំ​ចង់​ជម្រាប​ជូន​អំពី​ការ​ផ្ដល់​សេវា​សុខាភិបាល​សាធារណៈ ជាពិសេស​នៅ​ខេត្ត​សៀមរាប សំខាន់​បំផុត​ធ្វើ​យ៉ាងម៉េច​ជួយ​ប្រជាជន​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង»

​ក្រៅពី​បង្ហាញ​កង្វល់​អំពី​ការ​ផ្ដល់​សេវា​ព្យាបាល​សាធារណៈ​មិន​ទាន់​ប្រសើរ គឺ​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធជន យុវនីតិសម្បទា ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី​នៃ​រដ្ឋសភា ឱ្យ​ដឹង​ថា គេ​ក៏​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​កម្មករ​ខ្មែរ​ប្រមាណ ១​លាន​នាក់​ដែល​កំពុង​ឆ្លងដែន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ព្រម​ទាំង​ព្រួយបារម្ភ​ជុំវិញ​បញ្ហា​ជួញដូរ​ស្ត្រី​និង​កុមារ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល