ប្រតិភូនៃគណៈកម្មការទី៨ របស់រដ្ឋសភា កំពុងចុះបំពេញបេសកកម្មរយៈពេល ៤ថ្ងៃ នៅខេត្តបន្ទាយមានជ័យ ជាតំបន់ជាប់ព្រំដែនខ្មែរ-ថៃ និងខេត្តសៀមរាប ដើម្បីពិនិត្យមើលបញ្ហាកម្មករចំណាកស្រុក បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការជួញដូរស្ត្រីនិងកុមារ ព្រមទាំងការផ្ដល់សេវាព្យាបាលសាធារណៈពីមន្ទីរពេទ្យរបស់រដ្ឋ។ គណៈកម្មការដដែលនេះរកឃើញថា ការផ្ដល់សេវាថែទាំសុខភាពសាធារណៈរបស់រដ្ឋក្នុងស្រុកសូទ្រនិគម នៅមានការខ្វះខាតច្រើននៅឡើយ។
គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា មានគម្រោងជំរុញឱ្យរដ្ឋាភិបាលកែទម្រង់ទៅលើការព្យាបាល និងថែទាំសុខភាពសាធារណៈ នៅតាមមន្ទីរពេទ្យរបស់រដ្ឋថែមទៀត ដើម្បីកែលំអចំណុចដែលខ្វះខាត និងបំបាត់ចោលការព្យាបាលដែលខ្សត់ខ្សោយឱ្យកាន់តែប្រសើរជាងពេលបច្ចុប្បន្ន។
គម្រោងសំណើនេះ បន្ទាប់ពីប្រតិភូគណៈកម្មការទី៨ បានចុះពិនិត្យមន្ទីរពេទ្យរដ្ឋនៅស្រុកសូទ្រនិគម ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ភាគខាងកើតពីទីក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ។
ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា គឺអ្នកស្រី កែ សុវណ្ណរតន៍។ អ្នកស្រីមានប្រសាសន៍ថា ប្រតិភូនៃគណៈកម្មការទី៨ បានចូលទៅពិនិត្យនៅក្នុងមន្ទីរពេទ្យស្រុកសូទ្រនិគម។
អ្នកស្រីបញ្ជាក់ថា មន្ទីរពេទ្យស្រុកសូទ្រនិគម គឺជាមន្ទីរពេទ្យស្រុកប្រតិបត្តិសម្រាប់ទទួលព្យាបាល ប្រជាពលរដ្ឋជាង ៣០ម៉ឺននាក់ នៅស្រុកចំនួន៣ជាប់គ្នា គឺស្រុកជីក្រែង និងស្រុកស្វាយលើ។ ក៏ប៉ុន្តែមន្ទីរពេទ្យនេះមានគ្រែចំនួន ១០០សម្រាប់ទទួលព្យាបាលអ្នកជំងឺ ហើយក្រុមគ្រូពេទ្យដែលធ្វើការក៏មិនគ្រប់គ្រាន់នៅឡើយ៖ «ព្រោះមានតែ ១០០គ្រែហ្នឹងហើយទទួលព្យាបាលជំងឺ ៣ស្រុក បើយើងគិតតាមបច្ចេកទេស វាអត់ទាន់គ្រប់ទេ។ មួយទៀត ឃើញកន្លែងព្យាបាលកុមារក៏អាចជួយសម្រួលដែរ ក៏ប៉ុន្តែខ្ញុំមើលទៅគ្រែអីដូចជាខ្វះខាតណាស់មានតែកន្ទេល។ បើយើងប្រៀបធៀប និងវិស័យសុខាភិបាលត្រូវមានការកែទម្រង់ឡើងវិញទៀត»។
រយៈពេលពីរម៉ោងក្រោយពីពិនិត្យមើលមន្ទីរពេទ្យស្រុកសូទ្រនិគម គណៈកម្មការទី៨នៃរដ្ឋសភាបានមកជួបប្រជុំជាមួយមន្ទីរសុខាភិបាលខេត្តសៀមរាប ដើម្បីស្នើសុំឱ្យស្ថាប័ននេះត្រួតពិនិត្យឡើងវិញទៅលើការលក់ឱសថក្លែងក្លាយ ការផ្ដល់សេវាព្យាបាលមិនរើសអើងទៅលើពលរដ្ឋក្រីក្រ និងកុំប្រកាន់និន្នាការនយោបាយ ព្រមទាំងឱ្យគ្រូពេទ្យប្រកាន់ខ្ជាប់នូវសីលធម៌ មិនប្រើសម្ដីអាក្រក់ជាដើម។
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ បានឆ្លើយតបថា នៅក្នុងខេត្តនេះទាំងមូល នៅគ្រប់មន្ទីរពេទ្យរបស់រដ្ឋ គឺមានបិទផ្សាយតារាងថ្លៃព្យាបាល និងពិគ្រោះជំងឺជាសាធារណៈត្រឹមត្រូវ ដោយមិនអនុញ្ញាតឱ្យគ្រូពេទ្យណាអាចយកថ្លៃសេវាព្យាបាលលើសពីថ្លៃកំណត់ក្នុងតារាង ឬក៏ទទួលសំណូកទេ។ បន្ថែមលើនេះ មន្ទីរពេទ្យរដ្ឋ ក៏មិនយកលុយថ្លៃព្យាបាលពីប្រជាពលរដ្ឋក្រីក្រ ដែលមានការវាយតម្លៃពីកម្មវិធីសមធម៌ដែរ៖ «កន្លងមកអ្នកខ្លះ យល់ខុសថា ពេទ្យយកតម្លៃអ៊ីចេះៗអត់ទេ គឺគណៈកម្មការពេទ្យអត់មានសិទ្ធិកំណត់តម្លៃដោយខ្លួនឯងទេ។ មួយទៀតខ្ញុំចង់ជម្រាបជូនអំពីការផ្ដល់សេវាសុខាភិបាលសាធារណៈ ជាពិសេសនៅខេត្តសៀមរាប សំខាន់បំផុតធ្វើយ៉ាងម៉េចជួយប្រជាជនឱ្យមានភាពប្រសើរឡើង»។
ក្រៅពីបង្ហាញកង្វល់អំពីការផ្ដល់សេវាព្យាបាលសាធារណៈមិនទាន់ប្រសើរ គឺគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ឱ្យដឹងថា គេក៏ព្រួយបារម្ភចំពោះស្ថានភាពកម្មករខ្មែរប្រមាណ ១លាននាក់ដែលកំពុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ព្រមទាំងព្រួយបារម្ភជុំវិញបញ្ហាជួញដូរស្ត្រីនិងកុមារផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។