សមាជិក​ក្រុមប្រឹក្សា​ពី​បក្ស​ប្រឆាំង​ម្នាក់​នៅ​ភ្នំពេញ​ត្រូវ​ជន​មិន​ស្គាល់​មុខ​គប់​ដប​ស្រា​បណ្ដាល​ឱ្យ​របួស

ដោយ យន់ សាមៀន
2019-03-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​គណបក្សប្រឆាំង​លោកស្រី ស ចាន់ឌី។
អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​គណបក្សប្រឆាំង​លោកស្រី ស ចាន់ឌី។
រូបថត​ពី ហ្វេសប៊ុក​លោកស្រី ស ចាន់ឌី

សមាជិក​ក្រុមប្រឹក្សា​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ដែល​ត្រូវ​របប​ក្រុងភ្នំពេញ​រំលាយ​ចោល អះអាង​ថា លោកស្រី​ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់ ជិះ​ម៉ូតូ​យក​ដប​ស្រា​បៀរ គប់​ទៅលើ​លោកស្រី​បណ្ដាល​រង​របួស​។ លោកស្រី​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សមត្ថកិច្ច​ដើម្បី​ឱ្យ​ជួយ​ការពារ​សន្តិសុខ​សុវត្ថិភាព។

អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​គណបក្សប្រឆាំង​លោកស្រី ស ចាន់ឌី ប្រាប់​ថា លោកស្រី កំពុង​មាន​ការ​បារម្ភ​ពី​សុវត្ថិ​ផ្ទាល់ខ្លួន និង​សំងំ​លាក់ខ្លួន​ក្នុង​ផ្ទះ។ ក្រោយ​រង​ការ​វាយ​ប្រហារ​បែបនេះ លោកស្រី​សង្កេត​ឃើញ​ថា នៅតែ​ឃើញ​ជន​ប្លែក​មុខ​ជិះ​ម៉ូតូ​ឆ្វែល ជុំវិញ​ផ្ទះ​លោកស្រី​ដដែលៗ​។ លោកស្រី​ឱ្យ​ដឹង​ទៀត​ថា មុន​កើត​ហេតុនេះ​លោកស្រី មិនបាន​បង្ហាញ​សកម្មភាព​ទាក់ទង​នយោបាយ​អ្វី​ទេ ប៉ុន្តែ​លោកស្រី​ធ្លាប់​ជួបជុំ​ដើរ​កម្សាន្ត​ជាមួយ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​គណបក្ស​នេះ៖ «ខ្ញុំ​មានការ​ព្រួយបារម្ភ​ខ្លាំង ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ឱ្យ​ជួយ​ការពារ​ក្រុម​គ្រួសារ​ខ្ញុំ​ផង​។ ចាប់ពី​ថ្ងៃ​នោះ​មក​ឃើញ​មាន​មនុស្ស​ប្លែកៗ​ជិះ​ប្រ​ត្រុយ​ចុះឡើង»

លោកស្រី ស ចាន់ ឌី បាន​ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​២៣ មីនា ថា ជាង​កន្លះ​ខែ​មកនេះ​តែង​មាន​ជន​ប្លែក​មុខជា​បុរស​ជិះ​ម៉ូតូ​ឆ្វែល​ទៅមក​មុខ​ផ្ទះ​លោកស្រី​ដែល​ស្ថិត​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ក្បែរ​សាលាសង្កាត់​ទឹកថ្លា។ លោកស្រី​ឱ្យ​ដឹង​ទៀត​ថា កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែ​មីនា ក្នុង​ពេល​លោកស្រី​កំពុង​ឈរ​នៅមុខ​ផ្ទះ​មាន​យុវជន​ពី​នាក់​ជិះ​ម៉ូតូ​គ្មាន​ស្លាក​លេខ ម៉ាក​ហុងដា​គ្លីក (Honda Click) ព៌ណ​ស យក​ដប​ស្រា​ចំនួន​បី​ដប គប់​ចំ​ដៃ និង​ឆ្អឹង​ជំនីរ​បណ្ដាល​ឱ្យ​លោកស្រី​រង​បួស​ជាំ ហើយ​បាន​ជិះ​ម៉ូតូ​គេច​បាត់​ទៅ៖ «មុនដំបូង​វា​កាន់​ស​ហ្នឹង​វា​មិនមែន​ប្រុង​គប់​ទេ គឺ​ប្រុង​វ៉ៃ​ខ្ញុំ​តែម្ដង​តែ​ទទួល​ខ្ញុំ​នៅ​ក្នុង​ផ្ទះ​ឃើញ​ស្រែក​ពេល​វ៉ាកអឺ ស្រែក​អ៊ីចឹង​ទៅ​វា​ក៏​ចោល​(​គប់​)​តែម្តង​ទៅ»

ទាក់ទង​បញ្ហា​សន្តិសុខ​សុវត្ថិភាព​នេះ អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹមខឿន ជាច្រើន​ដង ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​គ្មាន​អ្នកទទួល​។ ចំណែក​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន លើកទឹកចិត្ត​ដល់ អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជួប​បញ្ហា​នេះ​ឱ្យ​ប្រមូល​ភស្តុតាង​ទុក និង​ដាក់​ពាក្យ​ប្តឹង​ទៅ​សមត្ថកិច្ច ឬ​ប្តឹង​ទៅ​តុលាការ​។ អ្នកនាំពាក្យ​រូប​នេះ ក៏​ស្នើ​ទៅ​សមត្ថកិច្ច​នៅ​ក្នុង​មូលដ្ឋាន​នេះ​ឱ្យ​យកចិត្តទុកដាក់ អនុវត្ត​ការងារ​របស់​ខ្លួន​ដើម្បី​ការពារ​សុវត្ថិភាព​ពលរដ្ឋ៖ «អ្នក​ដែល​ប្រព្រឹត្ត​អ៊ីចឹង​គឺ​ខុស​ហើយ​បំពាន​ច្បាប់​លើ​រាងកាយ បញ្ហា​ទី​២ ទាំងអស់​គ្នា​ត្រូវ​ប្រយ័ត្ន​ទាំងអស់​គ្នា​សូម្បី​ខ្ញុំ​ជា​មន្ត្រី​រដ្ឋាភិបាល​ក៏​ខ្ញុំ​ប្រយ័ត្ន​ដែរ»

ព្រឹត្តិការណ៍​វាយប្រហារ​ហិង្សា​នេះ ធ្វើឡើង​ស្រប​ពេល​សមត្ថកិច្ច​របប​លោក ហ៊ុន សែន កំពុង​អនុវត្ត​បញ្ជា​របស់​លោក ហ៊ុន សែន ដែល​បាន​បញ្ជា​ឱ្យ​វាយកម្ទេច​បក្ស​ប្រឆាំង​ណា ដែល​ធ្វើ​សកម្មភាព​ទាំង​មិនទាន់​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។ កាលពី​ថ្ងៃ​ទី​២៣ មីនា អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ក៏បាន​ឃាត់ខ្លួន មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ ដោយសារតែ​លោក​ប្រើប្រាស់​បណ្ដាញ​សង្គម​រិះគន់​លោក ហ៊ុន សែន។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា មិនសូវ​មាន​ជំនឿថា សមត្ថកិច្ច​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​របប​ក្រុងភ្នំពេញ​អាច​ការពារ ឬ​វែកមុខ​ជន​ប្រព្រឹត្ត​ឃើញ​លើ​ករណី​នេះ​ឡើយ។ លោក​យល់ថា ទង្វើ​នេះ​គឺជា​ក្រុម​ឈ្លប​របស់​របប​ក្រុងភ្នំពេញ​ជា​អ្នកធ្វើ​ដើម្បី​គំរាមកំហែង បំភិត​ភ័យ និង​បំបាក់​ស្មារតី​លើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច៖ «ក្នុង​ករណី​នេះ​អ្នក​ដែល​ទទួលខុស​គឺ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ហើយ​អ្នក​នៅ​ពីក្រោយ​រឿង​នេះ គឺ អ្នក​ពាក់ព័ន្ធ​ជាមួយ​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ​ដែរ​បាទ»

អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ស្នើ​ទៅ​សមត្ថកិច្ច​ឱ្យ​អនុវត្ត​ការងារ ដោយ​កុំ​ប្រកាន់​និន្នាការ​នយោបាយ។ លោក​បន្ត ថា ចំពោះ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ដែល​ជួប​បញ្ហា​នេះ ក្រៅពី​ដាក់ពាក្យ​ប្តឹង​ទៅ​សមត្ថកិច្ច គួរ​ដាក់ពាក្យ​ប្តឹង​ទៅ​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​ផ្នែក​គាំទ្រ​សិទ្ធិមនុស្ស និង​ដាក់ពាក្យ​ប្ដឹង​ទៅ​ការិយាល័យ​ឧត្ដមស្នងការ នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ដើម្បី​អាច​ទទួល​បាន​អន្តរាគមន៍​ឬ​ការ​ឃ្លាំមើល​ករណី​នេះ៖ «មានការ​គំរាមកំហែង​លើ​ពលរដ្ឋ គាត់(អាជ្ញាធរ​មាន​សមត្ថកិច្ច) អ៊ីចឹង​អ្នក​អនុវត្ត​ច្បាប់​ត្រូវតែ​ធ្វើ​យ៉ាងណា​ចាត់​វិធានការ​ករណី​ហ្នឹង​ដោយ​កុំ​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ»

ស្រប​ពេល​ដែល​របប​ក្រុងភ្នំពេញ​ប្រឈម​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ក៏​ធ្លាប់​ព្រមាន​តាម​កម្ទេច​គណបក្ស​ប្រឆាំង​បន្ថែម​ទៀត​ដោយ​មិន​ទុក​ឱ្យ​មានជីវិត ប្រសិនបើ​អន្តរជាតិ​ដាក់​គំនាប​សេដ្ឋកិច្ច​លើ​កម្ពុជា​មែន​នោះ​។ យ៉ាងហោចណាស់​ក៏​មាន​មន្ត្រី​គណបក្សប្រឆាំង​ប្រមាណ​ជិត ១០០​នាក់​បាន​រត់គេច​ខ្លួន ទៅ​ប្រទេស​ទីបី ដើម្បី​សុវត្ថិភាព​ដើម្បី​គេ​ចេញពី​យុទ្ធនាការ​កម្ទេច​គណបក្ស​ប្រឆាំង​របស់​របប​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល