សមាជិកក្រុមប្រឹក្សាសង្កាត់គណបក្សសង្គ្រោះជាតិនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលត្រូវរបបក្រុងភ្នំពេញរំលាយចោល អះអាងថា លោកស្រីត្រូវជនមិនស្គាល់មុខពីរនាក់ ជិះម៉ូតូយកដបស្រាបៀរ គប់ទៅលើលោកស្រីបណ្ដាលរងរបួស។ លោកស្រីបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចដើម្បីឱ្យជួយការពារសន្តិសុខសុវត្ថិភាព។
អតីតសមាជិកក្រុមប្រឹក្សាសង្កាត់គណបក្សប្រឆាំងលោកស្រី ស ចាន់ឌី ប្រាប់ថា លោកស្រី កំពុងមានការបារម្ភពីសុវត្ថិផ្ទាល់ខ្លួន និងសំងំលាក់ខ្លួនក្នុងផ្ទះ។ ក្រោយរងការវាយប្រហារបែបនេះ លោកស្រីសង្កេតឃើញថា នៅតែឃើញជនប្លែកមុខជិះម៉ូតូឆ្វែល ជុំវិញផ្ទះលោកស្រីដដែលៗ។ លោកស្រីឱ្យដឹងទៀតថា មុនកើតហេតុនេះលោកស្រី មិនបានបង្ហាញសកម្មភាពទាក់ទងនយោបាយអ្វីទេ ប៉ុន្តែលោកស្រីធ្លាប់ជួបជុំដើរកម្សាន្តជាមួយអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ និងសកម្មជនគណបក្សនេះ៖ «ខ្ញុំមានការព្រួយបារម្ភខ្លាំង ខ្ញុំក៏សូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ឱ្យជួយការពារក្រុមគ្រួសារខ្ញុំផង។ ចាប់ពីថ្ងៃនោះមកឃើញមានមនុស្សប្លែកៗជិះប្រត្រុយចុះឡើង»។
លោកស្រី ស ចាន់ ឌី បានឱ្យអាស៊ីសេរីដឹងថ្ងៃទី២៣ មីនា ថា ជាងកន្លះខែមកនេះតែងមានជនប្លែកមុខជាបុរសជិះម៉ូតូឆ្វែលទៅមកមុខផ្ទះលោកស្រីដែលស្ថិតសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្បែរសាលាសង្កាត់ទឹកថ្លា។ លោកស្រីឱ្យដឹងទៀតថា កាលពីរសៀលថ្ងៃទី២១ ខែមីនា ក្នុងពេលលោកស្រីកំពុងឈរនៅមុខផ្ទះមានយុវជនពីនាក់ជិះម៉ូតូគ្មានស្លាកលេខ ម៉ាកហុងដាគ្លីក (Honda Click) ព៌ណស យកដបស្រាចំនួនបីដប គប់ចំដៃ និងឆ្អឹងជំនីរបណ្ដាលឱ្យលោកស្រីរងបួសជាំ ហើយបានជិះម៉ូតូគេចបាត់ទៅ៖ «មុនដំបូងវាកាន់សហ្នឹងវាមិនមែនប្រុងគប់ទេ គឺប្រុងវ៉ៃខ្ញុំតែម្ដងតែទទួលខ្ញុំនៅក្នុងផ្ទះឃើញស្រែកពេលវ៉ាកអឺ ស្រែកអ៊ីចឹងទៅវាក៏ចោល ( គប់ ) តែម្តងទៅ»។
ទាក់ទងបញ្ហាសន្តិសុខសុវត្ថិភាពនេះ អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺពីអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ជាច្រើនដង ប៉ុន្តែទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកទទួល។ ចំណែកអ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន លើកទឹកចិត្តដល់ អតីតមន្ត្រីគណបក្សសង្គ្រោះជាតិដែលជួបបញ្ហានេះឱ្យប្រមូលភស្តុតាងទុក និងដាក់ពាក្យប្តឹងទៅសមត្ថកិច្ច ឬប្តឹងទៅតុលាការ។ អ្នកនាំពាក្យរូបនេះ ក៏ស្នើទៅសមត្ថកិច្ចនៅក្នុងមូលដ្ឋាននេះឱ្យយកចិត្តទុកដាក់ អនុវត្តការងាររបស់ខ្លួនដើម្បីការពារសុវត្ថិភាពពលរដ្ឋ៖ «អ្នកដែលប្រព្រឹត្តអ៊ីចឹងគឺខុសហើយបំពានច្បាប់លើរាងកាយ បញ្ហាទី២ ទាំងអស់គ្នាត្រូវប្រយ័ត្នទាំងអស់គ្នាសូម្បីខ្ញុំជាមន្ត្រីរដ្ឋាភិបាលក៏ខ្ញុំប្រយ័ត្នដែរ»។
ព្រឹត្តិការណ៍វាយប្រហារហិង្សានេះ ធ្វើឡើងស្របពេលសមត្ថកិច្ចរបបលោក ហ៊ុន សែន កំពុងអនុវត្តបញ្ជារបស់លោក ហ៊ុន សែន ដែលបានបញ្ជាឱ្យវាយកម្ទេចបក្សប្រឆាំងណា ដែលធ្វើសកម្មភាពទាំងមិនទាន់សុំសិទ្ធិធ្វើនយោបាយឡើងវិញ។ កាលពីថ្ងៃទី២៣ មីនា អាជ្ញាធរខេត្តពោធិ៍សាត់ក៏បានឃាត់ខ្លួន មន្ត្រីគណបក្សសង្គ្រោះជាតិម្នាក់ ដោយសារតែលោកប្រើប្រាស់បណ្ដាញសង្គមរិះគន់លោក ហ៊ុន សែន។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ លោក ម៉ន ផល្លា មិនសូវមានជំនឿថា សមត្ថកិច្ចដែលស្ថិតក្រោមការគ្រប់គ្រងរបស់របបក្រុងភ្នំពេញអាចការពារ ឬវែកមុខជនប្រព្រឹត្តឃើញលើករណីនេះឡើយ។ លោកយល់ថា ទង្វើនេះគឺជាក្រុមឈ្លបរបស់របបក្រុងភ្នំពេញជាអ្នកធ្វើដើម្បីគំរាមកំហែង បំភិតភ័យ និងបំបាក់ស្មារតីលើមន្ត្រីគណបក្សសង្គ្រោះជាតិដែលមិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច៖ «ក្នុងករណីនេះអ្នកដែលទទួលខុសគឺអាជ្ញាធររបបក្រុងភ្នំពេញហើយអ្នកនៅពីក្រោយរឿងនេះ គឺ អ្នកពាក់ព័ន្ធជាមួយអាជ្ញាធរនៃរបបក្រុងភ្នំពេញដែរបាទ»។
អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ស្នើទៅសមត្ថកិច្ចឱ្យអនុវត្តការងារ ដោយកុំប្រកាន់និន្នាការនយោបាយ។ លោកបន្ត ថា ចំពោះអតីតមន្ត្រីគណបក្សសង្គ្រោះជាតិដែលជួបបញ្ហានេះ ក្រៅពីដាក់ពាក្យប្តឹងទៅសមត្ថកិច្ច គួរដាក់ពាក្យប្តឹងទៅអង្គការសង្គមស៊ីវិល ដែលធ្វើការងារផ្នែកគាំទ្រសិទ្ធិមនុស្ស និងដាក់ពាក្យប្ដឹងទៅការិយាល័យឧត្ដមស្នងការ នៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដើម្បីអាចទទួលបានអន្តរាគមន៍ឬការឃ្លាំមើលករណីនេះ៖ «មានការគំរាមកំហែងលើពលរដ្ឋ គាត់ ( អាជ្ញាធរមានសមត្ថកិច្ច ) អ៊ីចឹងអ្នកអនុវត្តច្បាប់ត្រូវតែធ្វើយ៉ាងណាចាត់វិធានការករណីហ្នឹងដោយកុំប្រកាន់និន្នាការនយោបាយឡើយ»។
ស្របពេលដែលរបបក្រុងភ្នំពេញប្រឈមនឹងការដកប្រព័ន្ធអនុគ្រោះពន្ធEBA មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ក៏ធ្លាប់ព្រមានតាមកម្ទេចគណបក្សប្រឆាំងបន្ថែមទៀតដោយមិនទុកឱ្យមានជីវិត ប្រសិនបើអន្តរជាតិដាក់គំនាបសេដ្ឋកិច្ចលើកម្ពុជាមែននោះ។ យ៉ាងហោចណាស់ក៏មានមន្ត្រីគណបក្សប្រឆាំងប្រមាណជិត ១០០នាក់បានរត់គេចខ្លួន ទៅប្រទេសទីបី ដើម្បីសុវត្ថិភាពដើម្បីគេចេញពីយុទ្ធនាការកម្ទេចគណបក្សប្រឆាំងរបស់របបលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។