មន្ត្រីគណបក្សសង្គ្រោះជាតិ ស្រុករុក្ខគិរី ខេត្តបាត់ដំបង កំពុងព្រួយបារម្ភពីក្រុមប្រឹក្សាឃុំម្នាក់របស់គណបក្សខ្លួននៅក្នុងស្រុកនេះ ខ្លាចក្រែងបាត់បង់បេក្ខភាពក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានៅពេលខាងមុខ។ ក្ដីបារម្ភនេះ បន្ទាប់ពីមន្ត្រីបក្សប្រឆាំងរូបនេះដាក់ពាក្យស្នើសុំទៅមេឃុំ ដើម្បីសុំប្ដូរសមាជិកក្រុមប្រឹក្សាឃុំម្នាក់ជំនួសអ្នកចាស់ ដែលបានលាលែងពីគណបក្សសង្គ្រោះជាតិ ទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំមុខរាហ៍ កាលពីខែមីនា ឆ្នាំ២០១៧ តែមេឃុំមិនព្រម។
មន្ត្រីគណបក្សប្រឆាំងស្រុករុក្ខគិរី ហៅការមិនចុះហត្ថលេខាប្ដូរក្រុមប្រឹក្សាឃុំតាមការស្នើសុំរបស់មេឃុំគណបក្សកាន់អំណាចនេះ ថាជាការអនុវត្តខុសច្បាប់។
ប្រធានគណបក្សសង្គ្រោះជាតិ ស្រុករុក្ខគិរី លោក សែម រស់ ឲ្យដឹងនៅថ្ងៃទី២១ សីហា ថា ក្រុមប្រឹក្សាឃុំមុខរាហ៍ ម្នាក់ឈ្មោះ សាន់ ទូច បានលាលែងពីគណបក្សសង្គ្រោះជាតិ ទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា តាំងពីមុនថ្ងៃបោះឆ្នោតឃុំ-សង្កាត់កាលពីខែមិថុនា កន្លងទៅ ប៉ុន្តែកាលណោះរៀបចំមិនទាន់ ក៏បានដាក់ឈ្មោះក្រុមប្រឹក្សាឃុំរូបនេះបណ្ដោះអាសន្នរហូតមក។ លោកអះអាងថា កាលពីថ្ងៃទី៣ សីហា លោកបានដាក់លិខិតស្នើសុំទៅមេឃុំមុខរាហ៍ ប្ដូរដាក់ក្រុមប្រឹក្សាឃុំថ្មីជំនួស ក៏ប៉ុន្តែរហូតមកទល់ពេលនេះ មេឃុំមិនចុះហត្ថលេខាឲ្យនោះទេ៖ « នេះជាចេតនាមួយរបស់មេឃុំគណបក្សកាន់អំណាច ដើម្បីប្រយោជន៍ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានៅដើមឆ្នាំ២០១៨ ខាងមុខ។ ខ្ញុំជឿថា ប្រសិនបើមានការប្ដូរក្រុមប្រឹក្សាឃុំនៅទូទាំងប្រទេស នឹងជួបការលំបាកដូច្នេះដែរ »។
អាស៊ីសេរី មិនអាចទាក់ទងមេឃុំមុខរាហ៍ លោក អ៊ំ ខឿន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២១ សីហា ដោយទូរស័ព្ទពុំមានអ្នកទទួល។
ប៉ុន្តែលោក សែម រស់ អះអាងថា កន្លងទៅ មេឃុំរូបនេះបានប្រាប់លោកថា មូលហេតុដែលមិនចុះហត្ថលេខាឲ្យ ដោយសារមានបញ្ជាពីមន្ត្រីថ្នាក់លើ។
អភិបាលស្រុករុក្ខគិរី លោក ពេជ្រ ម៉ាឡៃ មានប្រសាសន៍យ៉ាងខ្លីថា ករណីនេះលោកបានប្រាប់ទៅមេឃុំឲ្យចុះហត្ថលេខាទទួលស្គាល់សមាជិកក្រុមប្រឹក្សាឃុំថ្មី ដើម្បីជំនួសអ្នកចាស់នោះរួចហើយ៖ « ខ្ញុំមានតែឲ្យឃុំចុះហត្ថលេខាលើឯកសារឲ្យគេ ដោយខ្ញុំមិនបានបញ្ជាមេឃុំមិនចុះហត្ថលេខានោះទេ »។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង លើកឡើងថា ករណីនេះមេឃុំត្រូវតែប្ដូរក្រុមប្រឹក្សាឃុំថ្មីជំនួសឲ្យអ្នកចាស់ ដែលបានលាលែងពីគណបក្សសង្គ្រោះជាតិ ដើម្បីឲ្យគ្រប់ចំនួនក្រុមប្រឹក្សាឃុំដែលពលរដ្ឋបានបោះឆ្នោតជ្រើសរើស៖ « ខ្ញុំមើលឃើញថា ព្រោះអីជិតដល់ពេលបោះឆ្នោតជ្រើសរើសព្រឹទ្ធសភាហើយ ដូច្នេះគ្រប់គណបក្សនយោបាយត្រូវការសំឡេងឆ្នោតដើម្បីគាំទ្រគណបក្សខ្លួន។ ដូច្នេះបើសិនជាបាត់បង់សមាជិកក្រុមប្រឹក្សាឃុំ - សង្កាត់ គឺជាចេតនាមួយមិនល្អទេ »។
ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់មាត្រា១៦ ចែងថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ត្រូវបាត់បង់សមាជិករបស់ខ្លួនមានដូចជា៖
សាមីខ្លួនមរណភាព
សាមីខ្លួនបាត់បង់សម្បទាវិជ្ជាជីវៈដោយមានលិខិតបញ្ជាក់ពីក្រសួងស្ថាប័នមានសមត្ថកិច្ច
សាមីខ្លួនសុំលាលែងជាលាយលក្ខណ៍អក្សរពីក្រុមប្រឹក្សាឃុំ-សង្កាត់
សាមីខ្លួនត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬមជ្ឈិមណាមួយ
សមាជិកត្រូវបានបណ្ដេញចេញដោយប្រព្រឹត្តផ្ទុយពីបទបញ្ជាផ្ទៃក្នុងនៃក្រុមប្រឹក្សាឃុំ-សង្កាត់
ក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងមូលត្រូវរំសាយ
សាមីខ្លួនបាត់បង់សមាជិកភាពពីគណបក្សនយោបាយរបស់ខ្លួន
កាលបើសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ណាមួយត្រូវបាត់បង់សមាជិកភាព ត្រូវជ្រើសរើសបេក្ខជនដែលមានឈ្មោះបន្ទាប់តាមលេខរៀងក្នុងបញ្ជីបេក្ខជន ជំនួសដោយមិនបាច់បោះឆ្នោតឡើងវិញឡើយ។
នៅឃុំមុខរាហ៍ ស្រុករុក្ខគិរី មានសមាជិកក្រុមប្រឹក្សាឃុំចំនួន ៩នាក់ ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជា ៥នាក់ និងគណបក្សសង្គ្រោះជាតិ ៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។