លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាអតីតមេកម្មាភិបាលខ្មែរក្រហម និងបន្តកាន់អំណាចនៅកម្ពុជាជាង ៣៥ ឆ្នាំមកហើយនេះ បានលើកបន្តុបកូនៗ របស់លោក ឲ្យកាន់មុខតំណែងធំៗ ទាំងក្នុងជួរបក្ស និងរដ្ឋាភិបាល ដើម្បីងាយស្រួលឲ្យពួកគេស្នងតំណែងពីលោក។
តើការត្រួសត្រាយផ្លូវ ដើម្បីឲ្យកូនៗ របស់លោក ស្នងតំណែងតាមបែបទាយាទបែបនេះ ផ្ដល់ជាគំរូអាក្រក់អ្វីខ្លះ ដល់កម្ពុជា?
នៅលើកលោកនេះ នៅមានប្រទេសមិនច្រើនទេ ដែលនៅបន្តអនុវត្តវិធីស្នងតំណែងតាមបែបទាយាទនេះ។ ប្រទេសកូរ៉េខាងជើងជាឧទាហរណ៍។ ប្រទេសនេះល្បីខ្លាំង ខាងគ្រប់គ្រងប្រទេស តាមបែបកុម្មុយនិស្តផ្ដាច់ការនិយម និងយកការគ្រប់គ្រងប្រទេស តាមបែបគ្រួសារ។ ការស្នងតំណែងមេដឹកនាំ គឺធ្វើតាមលក្ខណៈលើកបន្តុបកូនៗ ខ្លួនឯង ឲ្យបន្តវេនតជំនាន់។ មេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន (Kim Jong-un) សព្វថ្ងៃ ស្នងតំណែងពីឪពុករបស់លោក គឺលោក គឹម ជុងអ៊ីល (Kim Jong-il) ដែលស្នងតំណែងតពីឪពុកលោក គឺលោក គឹម អ៊ីលស៊ុង (Kim Il-sung)។ ការស្នងតំណែងនេះ គឺប្រព្រឹត្តឡើងតៗ គ្នាបីជំនាន់មកហើយ។
ការបោះឆ្នោតជ្រើសរើសមេដឹកនាំកំពូល នៅប្រទេសកូរ៉េខាងជើង ប្រព្រឹត្តទៅជាប្រក្រតី រៀងរាល់ ៤-៥ ឆ្នាំម្ដង។ ប៉ុន្តែ បេក្ខជនមេដឹកនាំប្រទេស គឺមានតែម្នាក់ប៉ុណ្ណោះ នៅលើសន្លឹកឆ្នោត។
ក្រោមការដឹកនាំបែបគ្រួសារ និងបក្សពួកនិយមនេះ ប្រជាជនកូរ៉េខាងជើងរស់នៅក្នុងស្ថានភាពក្រីក្រ វេទនារាប់ជំនាន់មកហើយដែរ។
បើតាមការសិក្សាស្រាវជ្រាវរបស់សកលវិទ្យាល័យវីយែន ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម កាលពីខែ មីនា ឆ្នាំ២០២០ រកឃើញថា ប្រជាពលរដ្ឋកូរ៉េខាងជើងជាង ៦០% រស់ក្រោមបន្ទាត់នៃភាពក្រីក្រ ដែលជាតួលេខខ្ពស់ខ្លាំងមួយ ជាងអ្វីដែលធ្លាប់គិត។
ឥឡូវការដឹកនាំប្រទេសតាមបែបគ្រួសារ និងទាយាទនិយមនេះ កំពុងលេចរូបរាងកាន់តែច្បាស់ នៅប្រទេសកម្ពុជាដែរ។ ប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ ៣៥ឆ្នាំ គិតត្រឹមឆ្នាំ២០២០ នេះ ពោលគឺអ្នកដែលកើតក្នុងឆ្នាំ១៩៨៥ គឺមួយជីវិតរបស់គាត់ មិនដែលឃើញមុខនាយករដ្ឋមន្ត្រីថ្មីទេ គឺឃើញតែលោក ហ៊ុន សែនម្នាក់តែប៉ុណ្ណោះ។
ប្រជាពលរដ្ឋខ្មែរកាលពីឆ្នាំ២០១៣ នាំគ្នាចេញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ដើម្បីផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីដដែលនេះ។
ការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ ២០១៧ ក៏ជាសក្ខីកម្មបង្ហាញថា ពលរដ្ឋពាក់កណ្ដាលប្រទេស ដែលមានសិទ្ធិបោះឆ្នោត បានប្រឹងនាំគ្នាបោះទម្លាក់មេដឹកនាំបច្ចុប្បន្ន ដើម្បីប្តូរឈាមថ្មី ក្នុងការដឹកនាំប្រទេស។ ប៉ុន្តែ ក្រោយការបោះឆ្នោតនោះ បានតែប្រាំខែ លោក ហ៊ុន សែន បានរម្លាយគណបក្សប្រឆាំងចោលទាំងស្រុងតែម្តង ដោយសារប្រជាប្រិយគណបក្សប្រឆាំង កើនខ្លាំងរហូតអាចឈ្នះឆ្នោតដឹកនាំប្រទេស ស្របពេលដែលប្រជាប្រិយគណបក្សកាន់អំណាចធ្លាក់ចុះជាលំដាប់។
ក្រោយរម្លាយគណបក្សប្រឆាំងភ្លាម លោក ហ៊ុន សែន ចាប់ផ្ដើមលើកបន្តុបកូនប្រុសទាំងបីរបស់លោក ឲ្យឡើងកាន់តំណែងធំៗ ទាំងក្នុងជួរបក្ស និងក្នុងជួររដ្ឋាភិបាលភ្លាម។
មុខតំណែងដ៏លេចធ្លោជាងគេ គឺបានទៅលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោក។ ក្នុងរយៈពេល តែប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ហ៊ុន ម៉ាណែត បានទទួលតំណែងពីឪពុកលោក ដែលលើកបន្តុបឲ្យមានច្រើនសន្ធឹក។
តំណែងកំពូលចុងក្រោយ ដែលជាឈ្នាន់ឈានទៅស្នងតំណែងជានាយករដ្ឋមន្ត្រី គឺតំណែងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និង ជាមេបញ្ជាការរងកងអង្គរក្សលោក ហ៊ុន សែន ហើយក៏ជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។ លោក ហ៊ុន សែន ក៏បានបញ្ចូលឈ្មោះលោក ហ៊ុន ម៉ាណែត ទៅក្នុងគណៈមជ្ឈិមបក្សរបស់គណបក្សប្រជាជនកម្ពុជា និងថ្មីៗ នេះទៀតសោត លើកបន្តុបលោក ពីអនុប្រធានយុវជនទៅជាប្រធានយុវជនថ្នាក់មជ្ឈិម នៃគណបក្សប្រជាជនកម្ពុជាទៀត។
ការលើកបន្តុបតំណែងធំៗ ស្អេកស្កះ និងយ៉ាងប្រញាប់ប្រញាល់នេះ គឺធ្វើឡើងដោយគ្មានការប្រឡងប្រជែងវាស់កម្រិតសមត្ថភាព ឬបទពិសោធន៍ក្នុងសមរភូមិប្រយុទ្ធនោះទេ តែធ្វើដោយការពេញចិត្តរបស់ឪពុក ក្នុងការលើកបន្តុបកូនឲ្យឡើងធំ ងាយស្រួលស្នងតំណែងខ្លួនតែប៉ុណ្ណោះ។
ការលើកបន្តុបកូនឲ្យកាន់ការងាររដ្ឋ ដែលបើកប្រាក់ខែ បានពីកម្លាំងញើសឈាមរបស់ប្រជាពលរដ្ឋបែបនេះ បើនៅប្រទេសប្រជាធិបតេយ្យវិញ ច្បាស់ជារងការរិះគន់ជុំទិស និងមិនជោគជ័យនោះទេ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) កាលពីដើមឆ្នាំ២០១៧ គ្រាន់តែតែងតាំងកូនស្រីបង្កើតរបស់លោក គឺលោកស្រី អ៊ីវ៉ងកា ត្រាំ (Ivanka Trump) ឲ្យធ្វើត្រឹមជាទីប្រឹក្សារបស់លោកផង ក៏រងការរិះគន់ជុំទិស។ លោកស្រី អ៊ីវ៉ងកា ត្រាំ (Ivanka Trump) ដែលរៀនចប់ផ្នែកពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Pennsylvania ធ្វើការនេះដោយស្ម័គ្រចិត្ត គឺមិនយកប្រាក់ខែផង។
ប៉ុន្តែ ងាកមកមុខតំណែងរបស់លោក ហ៊ុន ម៉ាណែត ដែលសព្វថ្ងៃពាក់ផ្កាយបីឯណោះវិញ គឺលោកបានមកដោយឪពុកលើកបន្តុប និងទទួលប្រាក់ខែពេញពីញើសឈាមរាស្ត្រ។
មិនមានសេចក្ដីរាយការណ៍ណាមួយ ដែលថា លោក ហ៊ុន ម៉ាណែត ដែលបានរៀនសូត្រនៅប្រទេសសេរី និងប្រជាធិបតេយ្យ និងកូនប្រុសឯទៀតរបស់លោក ហ៊ុន សែន ចេះប្រកែកទៅនឹងការលើកបន្តុបតំណែង ដែលមិនឆ្លងកាត់ការការប្រឡងប្រជែងនេះទេ។ តំណែងដែលឡើងតាមជើងខោបែបនេះ គឺមិនទទួលបានការសាទរទេ នៅក្នុងសង្គមប្រជាធិបតេយ្យ។
ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន ធ្លាប់បានលើកឡើងអំពីការខកចិត្ត និងគំរូអាក្រក់ ដែលមេដឹកនាំខ្មែរ លើកបន្តុបសាច់សារលោហិតខ្លួនឯង ឲ្យកាន់តំណែងខ្ពស់ៗ ក្នុងជួររដ្ឋាភិបាល ដែលជាការមិនលើកទឹកចិត្ត ឲ្យយុវជនឯទៀត មានសង្ឃឹមក្នុងការដឹកនាំប្រទេស ជំនួសក្រុមគ្រួសារត្រកូលហ៊ុន។
ទោះបីលោក ហ៊ុន សែន ប្រកាសថា តំណែងនាយករដ្ឋមន្ត្រី គឺត្រូវតែធ្វើឡើងតាមរយៈការបោះឆ្នោតជាទៀងទាត់ក៏ដោយ ក៏កន្លងមកការបោះឆ្នោតនៅកម្ពុជា រងការរិះគន់ថា ធ្វើដោយគ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។
ដូច្នេះ ការបោះឆ្នោតណាមួយនៅកម្ពុជា គឺគ្រាន់តែធ្វើបង្គ្រប់កិច្ច ដើម្បីផ្តល់ភាពស្របច្បាប់ ឲ្យទាយាទរបស់លោក ហ៊ុន សែន បានបន្តក្រាញអំណាចយូរឆ្នាំតទៅមុខទៀតប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។