មន្ត្រីនាំពាក្យបក្សកាន់អំណាចអះអាងថាសហភាពអឺរ៉ុបនឹងបង្កើតកំហុសជាថ្មីទៀតប្រសិនបើដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ សហជីពលើកឡើងថា មន្ត្រីរបបក្រុងភ្នំពេញ គួរតែនាំគ្នាគិតគូរស្តារប្រជាធិបតេយ្យឡើងវិញ ជាជាងបន្តវាយប្រហារលើសហភាពអឺរ៉ុបរឿងដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីព្រោះរបបក្រុងភ្នំពេញខ្លួនឯងជាអ្នកបង្កើតបញ្ហានេះឡើង។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងនៅក្នុងបណ្តាញសង្គមតេឡេក្រាម (Telegram) នៅថ្ងៃសុក្រទី១៩ តុលាថា សហភាពអឺរ៉ុបត្រូវបានកំណត់ថា ជាប្រទេសប្រជាធិបតេយ្យ ចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី ២ ហើយសមាជិកមួយចំនួនរបស់សហភាពអឺរ៉ុបក៏បានក្លាយជាភាគីហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ឆ្នាំ ១៩៩១ ផងដែរ ដោយពួកគេសន្យាថា នឹងជួយស្តារ និងកសាងកម្ពុជាឡើងវិញ។ ដូច្នេះលោកថា សហភាពអឺរ៉ុបមិនត្រូវប្រព្រឹត្តកំហុសជាថ្មីទៀត តាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ដោយសារតែមនោគមវិជ្ជា និងការលម្អៀងខាងនយោបាយនោះឡើយ។
លោក សុខ ឥសាន បន្ថែមថា ការដកប្រព័ន្ធអនុគ្រោះពន្ធនេះនឹងប៉ះពាល់លិទ្ធិប្រជាធិបតេយ្យ និងជីភាពរស់នៅរបស់ពលរដ្ឋខ្មែរ។ ដូច្នេះរបបរបស់លោករំពឹងថា សហភាពអឺរ៉ុបនឹងពិចារណាឱ្យបានដិតដល់បន្ថែមទៀត មុននឹងសម្រេចចិត្តដកប្រព័ន្ធអនុគ្រោះពន្ធនេះ។
សហភាពអឺរ៉ុបបានជូនដំណឹងផ្លូវការទៅរបបលោក ហ៊ុន សែន រួចហើយ អំពីចំណាត់ការឈានទៅរកការលុបចោលប្រព័ន្ធអនុគ្រោះពន្ធ “ទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ ឬ EBA” នោះ។ សហភាពអឺរ៉ុបទុករយៈពេល ១២ខែ ឱ្យរបបលោក ហ៊ុន សែន ស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ហើយបើក្នុងរយៈពេលនេះ របបក្រុងភ្នំពេញ មិនអនុវត្តតាមលក្ខខណ្ឌនេះទេ នោះសហភាពអឺរ៉ុបនឹងលុបចោលប្រព័ន្ធអនុគ្រោះពន្ធនេះ។ សហភាពអឺរ៉ុបបញ្ជាក់ថា សម្រេចដាក់ចេញនូវវិធានការណ៍នេះ ពីព្រោះតែស្ថានភាពវិបត្តិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា ក្នុងរយៈកាលកន្លងទៅ មិនទាន់ត្រូវបានកែប្រែនៅឡើយ។ ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបនេះ ធ្វើឡើងដោយផ្អែកលើការស្រាវជ្រាវ និងចុះមកពិនិត្យជាក់ស្តែងដល់ប្រទេសកម្ពុជា មិនមែនដូចការចោទប្រកាន់របស់របបក្រុងភ្នំពេញដែលថា នេះជាការសម្រេចចិត្តដោយលម្អៀង និងតាមការចង្អុលបង្ហាញរបស់គណបក្សប្រឆាំងនោះឡើយ។
ប្រធានសហភាពសហជីពកម្ពុជា និងជាអតីតសមាជិក គ.ជ.ប លោក រ៉ុង ឈុន យល់ឃើញថា ការដកប្រព័ន្ធអនុគ្រោះពន្ធ មិនមែនជាកំហុសរបស់សហភាពអឺរ៉ុបនោះទេ ប៉ុន្តែរបបក្រុងភ្នំពេញជាអ្នកបង្កើតឡើងដោយខ្លួនឯង។ លោកថា សហភាពអឺរ៉ុបដាក់ចេញនូវវិធានការនេះ គឺដើម្បីឱ្យកម្ពុជាវិលមករកគន្លងប្រជាធិបតេយ្យឡើងវិញ ដោយអឺរ៉ុបមិនចង់ឃើញពលរដ្ឋខ្មែរត្រូវរងគ្រោះដោយការជិះជាន់ ការរំលោភសិទ្ធិការងារ និងការបំបិទសិទ្ធិសេរីភាពពីសំណាក់ក្រុមអ្នកកាន់អំណាចមួយក្តាប់តូចនោះទេ៖ «កម្ពុជាយើងក៏បានទទួលយកជាម្ចាស់ហត្ថលេខី ហើយប្រទេសនៅអឺរ៉ុបហ្នឹងក៏គេជាម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស អ៊ីចឹងគេតាមឃ្លាំមើលរាល់សកម្មភាពរបស់ថ្នាក់ដឹកនាំកម្ពុជាថា បើ ដើរខុស ស្មារតីនៃកិច្ច ព្រមព្រៀងនេះ គេនឹងចង្អុលបង្ហាញ គេនឹងណែនាំឱ្យយើងដើរតាមផ្លូវត្រូវ។ បើយើងនៅតែមិនអនុវត្តទៅតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសទេ គេនឹងមានសិទ្ធិដកប្រព័ន្ធអនុគ្រោះពីកម្ពុជា។ នេះហើយទើបជាបញ្ហា ហើយយើងមិនគិតខិតខំរកវិធីកែខ្លួន ឬសម្របសម្រួល បែរជាយើងទៅចោទប្រកាន់សហភាពអឺរ៉ុបថា កសាងកំហុសកាន់តែច្រើនទៅវិញ។ វាមិនមែនជារឿងកសាងកំហុសទេ តែជារឿងគេចង់ឃើញកម្ពុជាយើងមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»។
អ្នកការពារសិទ្ធិកម្មកររូបនេះ ជំរុញឱ្យថ្នាក់ដឹកនាំរបបក្រុងភ្នំពេញពិចារណាឡើងវិញ ចំពោះការអនុវត្តទៅតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ចៀសវាងការសម្រេចចិត្តណាមួយដែលអាចឈានដល់ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ។ លោកថា សេដ្ឋកិច្ចកម្ពុជាមិនទាន់រឹងមាំនៅឡើយទេ ដូច្នេះការដកប្រព័ន្ធអនុគ្រោះពន្ធនឹងប៉ះពាល់ខ្លាំងដល់ការអភិវឌ្ឍជាតិ និងធ្វើឱ្យកំណើនសេដ្ឋកិច្ចថយចុះ។ លោកសង្កត់ធ្ងន់ថាដំណោះស្រាយមិនមែនជារឿងពិបាកនោះឡើយគឺគ្រាន់តែរបបលោក ហ៊ុន សែន ស្តារស្ថានការណ៍នយោបាយ ឱ្យវិលទៅរកស្ថានភាពមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧ ឡើងវិញ នោះអ្វីៗ នឹងអាចប្រសើរឡើងវិញ៖ «យើងមើលប្រទេសកម្ពុជាយើងមិនទាន់មានលទ្ធភាពរស់ដោយខ្លួនឯងបានទេ ហើយយើងមិនមានលទ្ធភាពបង់ពន្ធ ហើយក៏គ្មានលទ្ធភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងៗដែរ។ នៅពេលដែលគេដកប្រព័ន្ធអនុគ្រោះពន្ធនេះ នឹងមានផលប៉ះពាល់ច្រើនមែនទែន។ ទោះបីជា ថាពន្ធក្នុងមួយឆ្នាំដែលយើងអាចចំណេញបានជិត ៧រយលានហ្នឹង នៅពេលដែលគេដកទៅ លុយ ៧រយលាន ហ្នឹង នឹងបាត់ ហើយវានឹងប៉ះពាល់ទៅដល់វិស័យផ្សេងៗ ទៀត ដូច្នេះហើយទើបយើងមានការព្រួយបារម្ភចំពោះបញ្ហាទាំងអស់នេះ។ ហើយនៅពេលគេដក មិនមែនយើងរកដំណោះស្រាយនយោបាយ ហើយគេផ្តល់ឱ្យយើងវិញភ្លាមៗ នោះទេ វាត្រូវស៊ីពេលយូរ រយៈពេល ៤ ទៅ ៥ឆ្នាំ ឬអាចដល់ ១០ឆ្នាំ ទើបយើងអាច ចរចារទទួល បានប្រព័ន្ធអនុគ្រោះពន្ធនោះមកវិញ»។
អ្នកវិភាគការទូតលើកឡើងថារបបលោក ហ៊ុន សែន នឹងពិបាកស្តារទំនាក់ទំនងជាមួយសហភាពអឺរ៉ុបឡើងវិញណាស់ ប្រសិនបើវិបត្តិនយោបាយកម្ពុជានៅបន្តដោយគ្មានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។