អ្នកវិភាគនយោបាយលើកឡើងថា លោក ហ៊ុន សែន កំពុងតែភ័យខ្លាចសម្ពាធពីអន្តរជាតិជាពិសេសសហរដ្ឋអាមេរិក ដែលធ្វើឲ្យរង្គោះរង្គើដល់របបដឹកនាំរបស់ខ្លួនមិនមានស្ថិរភាព ទើបបានជាប្រញាប់បំភ្លឺទៅអាមេរិកករណីការដាក់មូលដ្ឋានយោធារបស់ចិននៅកម្ពុជានោះ។ អ្នកវិភាគបន្ថែមទៀតថា នេះទំនងជារឿងពិតហើយ បានជាសហរដ្ឋអាមេរិកប្រតិកម្មមកលើរបបលោក ហ៊ុន សែន។
លោក ហ៊ុន សែន អះអាងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ វិច្ឆិកាថា កម្ពុជាគ្មានមូលដ្ឋានទាហានបរទេសបោះទីតាំងណាមួយនោះឡើយ។
អ្នកវិភាគនយោបាយលោក គឹម សុខ ចាត់ទុកការលើកឡើងរបស់លោក ហ៊ុន សែន នេះថា គ្រាន់ជាលេសបិទបាំងការពិត ដើម្បីកុំឲ្យមានសម្ពាធពីសហរដ្ឋអាមេរិក និងប្រទេសអាស៊ានតែប៉ុណ្ណោះ ប៉ុន្តែអន្តរជាតិមិនជឿលោក ហ៊ុន សែន អះអាងនោះទេ ព្រោះអន្តរជាតិមានតម្រុយច្បាស់លាស់ហើយបានអាមេរិកនិងប្រទេសអាស៊ានខ្វល់ខ្វាយលើមូលដ្ឋានយោធារបស់ចិននេះ៖« គាត់ខ្លាចប្រតិកម្មនឹងវាមិនមែនត្រឹមតែជាសារនយោបាយ ឬជាសេចក្ដីថ្លែងការដោយមាត់ តែវាអាចជាការចាត់វិធានការលឿន ពីព្រោះរឿងនេះជារឿងវិបត្តិដែលអាចកើតមាន ចំពោះអសន្តិសុខក្នុងតំបន់ ដែលពិភពលោកកំពុងតែផ្ដោតខ្លាំង។ ម្ល៉ោះហើយអ្វីដែលលោក ហ៊ុន សែន ខ្លាចត្រង់ថា វាមិនមែនត្រឹមតែប្រតិកម្មពាក្យសំដីនឹងការព្រមាន ហើយកាលរឿងអសន្តិសុខនៅក្នុងតំបន់ដូច្នេះគេចាត់វិធានការលឿន » ។
ចំណែកអ្នកវិភាគវ័យក្មេងកញ្ញា លី ស្រី ស្រស់ លើកឡើងថា ជារឿយៗរបបលោក ហ៊ុន សែន តែងធ្វើការបដិសេធរាល់ការចោទប្រកាន់របស់ពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដោយមិនមានការស្រាវជ្រាវ ដើម្បីរកការពិតនោះទេ ដូចជារបាយការណ៍រកឃើញភាពមិនប្រក្រតីនៃការនាំចូលមាសរាប់តោនមកកម្ពុជាជាដើម។ អ្នកវិភាគរូបនេះ បន្ថែមទៀតថា ព័ត៌មាននេះសាធារណជនកំពុងចាប់អារម្មណ៍ ហើយក៏ជាការដាក់សម្ពាធទៅលើរបបលោក ហ៊ុន សែន ទៀតផង ព្រោះជាព័ត៌មានអាចជឿទុកចិត្តបាន៖ « ខ្ញុំមានការបារម្ភមួយចំពោះរឿងនេះមួយទៀតត្រង់ថា ពេលដែលចិនមកកម្ពុជា ប្រាកដជាមានសុំសិទ្ធិអីដើម្បីសាងសង់អី ខ្ញុំខ្លាចវាមានអាថ៌កំបាំង ឬការសំងាត់ណាមួយ ដែលអ្នកបច្ចេកទេសដែលគេមកសហប្រតិបត្តិការជាមួយកម្ពុជា គេលាក់បាំងលោក ហ៊ុន សែន។ ដូច្នេះ បើរបបលោក ហ៊ុន សែន ជឿតែរបាយការណ៍ពេកជារឿងមិនល្អទេ » ។
កញ្ញាបន្ថែមទៀតថា ការដាក់ទីតាំងយោធាបរទេសនេះ ប្រសិនបើមានមែននឹងធ្វើប៉ះពាល់ដល់ទំនាក់ទំនងការទូតរបស់កម្ពុជានឹងប្រទេសសេរី។
លោក ហ៊ុន សែន បានបដិសេធចំពោះព័ត៌មានដែលចុះផ្សាយកាលពីថ្មីៗ នេះថា កម្ពុជាកំពុងសម្រួលឲ្យមានទីតាំងមូលដ្ឋានកងទ័ពរបស់ចិននៅខេត្តកោះកុងនោះ គឺជារឿងមិនពិតឡើយ។ បុរសមានអំណាចលេខ១ នៅកម្ពុជារូបនេះ អះអាងទៀតថា ទាហានបរទេស ដែលចូលមកកម្ពុជាសព្វថ្ងៃមានតែការធ្វើសមយុទ្ធរួមគ្នា និងជាទាហានមានជំនាញមកបង្រៀន និងរៀនបច្ចេកទេសពីកម្ពុជាទេ ដោយមិនមានទីតាំងកងទ័ពរបស់ប្រទេសណាមួយនោះឡើយ។ លោក ហ៊ុន សែន បន្ថែមទៀតថា កងទ័ពកម្ពុជាដាច់ខាត មិនចូលរួមក្នុងកិច្ចប្រតិបត្តិការយោធាជាមួយប្រទេសណាទាំងអស់ លើកលែងតែចូលរួមក្នុងកិច្ចការរបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ៖ « ហើយខ្ញុំនឹងធ្វើលិខិតជូនទៅអនុប្រធានាធិបតីអាមេរិក ដើម្បីឲ្យគាត់ច្បាស់អំពីបញ្ហានេះ ហើយស្អែកខ្ញុំនឹងជួបទូតអាមេរិកដែលគាត់ចប់អាណត្តិលាទៅអាមេរិកវិញ ប៉ុន្តែខ្ញុំមិនគួរយករឿងមិនល្អទៅប្រាប់គាត់មុននឹងបែកគ្នានោះទេ ដូច្នេះខ្ញុំសង្ឃឹមថាលោកទូតអាចនឹងមើលសេចក្ដីថ្លែងការណ៍របស់ខ្ញុំនៅពេលនេះ » ។
ប្រតិកម្មរបស់លោកហ៊ុន សែននេះ ដោយសារកាលពីថ្មីៗ នេះ សារព័ត៌មាន ដឹ អេស៊ា ថែម (The Asia Times) បានចុះផ្សាយអំពីក្តីកង្វល់របស់សហរដ្ឋអាមេរិក និងពិភពលោក ដែលកម្ពុជាអាចក្លាយជាចំណុចស្នូល នៃសង្គ្រាមត្រជាក់ថ្មីមួយ ដោយសារតែកម្ពុជាងាកទៅរកចិនខ្លាំង និងដោយឥតងាករេ តាមរយៈការផ្តល់ដីសម្បទានទៅចិនជាង ៤៥.០០០ហិកតារ រយៈពេល ៩៩ឆ្នាំ នៅខេត្តកោះកុង ដើម្បីចិនសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ ដែលអាចឲ្យកប៉ាល់ចម្បាំងចិន ចូលចតបាន។
សហរដ្ឋអាមេរិក តាមរយៈអនុរដ្ឋមន្រ្តីការបរទេសលោក John Sullivan បានជួបលោក ប្រាក់ សុខុន ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ នៅប្រទេសសិង្ហបុរី ដើម្បីជជែកពីបញ្ហានេះផងដែរ។ លោក John Sullivan ព្រមានថា ទំនាក់ទំនងការទូតខ្មែរ និងអាមេរិកនឹងមិនប្រសើរឡើយ ប្រសិនបើចិនបានដាក់មូលដ្ឋាននាវានៅកម្ពុជាមែននោះ។
ប៉ុន្តែ លោក ប្រាក់ សុខុន អះអាងថា កម្ពុជាមិនរំលោភរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសលើទឹកដីខ្លួននោះទេ។
អ្នកវិភាគនយោបាយលោក គឹម សុខ លើកឡើងថា អាមេរិក និងសហគមន៍អាស៊ានព្រួយបារម្ភខ្លាំងពីទំនាក់ទំនងចិននឹងកម្ពុជា ជាពិសេសព័ត៌មានសង់កំពង់ផែដ៏ធំដាក់មូលដ្ឋានយោធារបស់ចិននៅខេត្តកោះកុង។ លោកថា មូលដ្ឋានយោធានេះជាការគំរាមកំហែងដល់ប្រទេសនៅក្នុងតំបន់ ជាពិសេសប្រទេស ដែលមានជម្លោះជាមួយចិនមិនមានស្ថិភាពនយោបាយ ហើយធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតជាមួយប្រទេសប្រជាធិបតេយ្យ ដូចជាសហរដ្ឋអាមេរិកជាដើម ព្រោះប្រទេសទាំងនោះមានទំនាក់ទំនងល្អជាមួយអាមេរិក។លោក គឹម សុខ ថា លោក ហ៊ុន សែន ខ្លាចបញ្ហានេះនាំឲ្យកាន់តែរីកធំ រហូតដល់ពលរដ្ឋងើបបះបោរប្រឆាំងនឹងរបបដឹកនាំរបស់ខ្លួន ដែលកំពុងតែមានការរិះគន់ពីអន្តរជាតិស្រាប់ដោយសារការបោះឆ្នោតដោយមិនមានគណបក្សប្រឆាំងដ៏ធំជាងគេចូលរួមប្រកួតប្រជែងនោះ បានជាលោកហ៊ុន សែនប្រញាប់ផ្ញើសារទៅអាមេរិក ដើម្បីរក្សាអំណាចរបស់ខ្លួនឲ្យបានយូរអង្វែងទៅមុខទៀ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។