អ្នកវិភាគ​ថា លោក ហ៊ុន សែន ប្រៀបធៀប​សម័យ​នេះ​ខុស​ពី​របប​ខ្មែរក្រហម គឺ​ត្រឹមត្រូវ ព្រោះ​របៀប​សម្លាប់​មនុស្ស​នៅ​សម័យ​នេះ ខុស​ពី​របប​ខ្មែរក្រហម

0:00 / 0:00

អ្នកវិភាគចាត់ទុកការបៀបធៀបរបស់លោក ហ៊ុន សែន ថារបបដឹកនាំរបស់លោក ខុសពីសម័យ​ខ្មែរ​ក្រហម​ពិត​ជា​ត្រឹមត្រូវ ព្រោះ​ថា របៀប​សម្លាប់​មនុស្ស​នៅ​សម័យ​នេះ​ខុស​ពី​របប​ខ្មែរក្រហម ហើយ​លោក​ក៏​ជា​អតីត​មេ​កម្មាភិបាល​ក្រហម​ដែរ លោក​​ប្រាកដ​​ជា​ដឹង​​ច្បាស់​​អំពី​​ប្រព័ន្ធ​ដឹក​នាំ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ការលើកឡើងរបស់អ្នកវិភាគនេះ នៅ​ក្រោយ​ពេល​លោក ហ៊ុន សែន បាន​អះអាង​នៅ​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ លើក​ទី៧០ ថា របប​របស់​លោក​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព សន្តិភាព និង​អភិវឌ្ឍ មិន​ដូច​សម័យ​ខ្មែរក្រហម ដែល​គ្មាន​ការ​គោរព​សិទ្ធមនុស្ស​ឡើយ។

អ្នកវិភាគថា អះអាងថា មិន​អាច​យក​របប​បច្ចុប្បន្ន​ទៅ​ប្រៀបធៀប​ទៅ​នឹង​របប​ខ្មែរក្រហម​បាន​ឡើយ ពី​ព្រោះ​ថា របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​មាន​ការ​ប្រើ​អំពើ​ហិង្សា សម្លាប់​មនុស្ស​រង្គាល​ដោយ​បើក​ចំហ និង​ពលរដ្ឋ​ទាំង​អស់​ត្រូវ​រស់​ដោយ​ស្មើភាព​គ្នា គ្មាន​អ្នក​មាន គ្មាន​អ្នក​ក្រ។ តែ​សម័យ​របប​បច្ចុប្បន្ន​នេះ​វិញ មាន​ប្រព័ន្ធ​គ្រប់គ្រង​ខុស​ពី​សម័យ​ខ្មែរក្រហម គឺ​មាន​គម្លាត​អ្នក​មាន អ្នក​ក្រ មនុស្ស​ដណ្ដើម​គ្នា​រស់ និង​មាន​ការ​សម្លាប់​មនុស្ស​ដោយ​អាថ៌​កំបាំង។

អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា លោក ហ៊ុន សែន បាន​អះអាង​ពី​សម័យ​ដឹក​នាំ​របស់​លោក ខុស​ពី​សម័យ​ខ្មែរ​ក្រហម គឺ​ជា​រឿង​ត្រឹម​ត្រូវ ពីព្រោះ​លោក បាន​ដឹង​រឿង​ច្បាស់​អំពី​ប្រព័ន្ធ​ដឹក​នាំ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ដឹក​នាំ​ដោយ ប៉ុល ពត នោះ គឺ​មិន​ខុស​ពី​អតីត​មេ​ដឹក​នំា​ខ្មែរ​ក្រហម​ដទៃ​ទៀត​ឡើយ។ លោក​បញ្ជាក់​ថា ពលរដ្ឋ​នៅ​សម័យ​គ្រប់គ្រង​ដោយ​របប​លោក ហ៊ុន សែន មាន​សិទ្ធិ​សេរីភាព​ជាង​របប​ខ្មែរ​ក្រហម ដែល​របប​មួយ​ធ្លាក់​ដល់​ចំណុច​សូន្យ​តែ​លោក គឹម សុខ បញ្ជាក់​ថា លោក ហ៊ុន សែន មិន​ហ៊ាន​ប្រៀបធៀប​កម្ពុជា​ទៅ​ប្រទេស​ផ្សេងៗ ទៀត នៅ​ក្នុង​តំបន់​ឡើយ ពី​ប្រទេស​ទាំង​នោះ គឺ​មាន​ការ​រីក​ចម្រើន​ជាង​កម្ពុជា ពលរដ្ឋ​មិន​ដណ្ដើម​គ្នា​រស់ ហើយ​ថែម​ទាំង​ផ្ដល់​ការងារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៀត ដូច​ជា នៅ​ថៃ និង​ម៉ាឡេស៊ី​ជាដើម៖ «ជា​អ្នក​ដឹក​នាំ​ជាតិ​ម្នាក់ គេ​ត្រូវ​ប្រៀបធៀប​ការ​រីក​ចំរើន​ក្រោម​ការ​ដឹក​នាំ​របស់​ខ្លួន​ទៅ​នឹង​ការ​រីក​ចម្រើន​ជា​មួយ​ប្រទេស​ផ្សេង​ទៀត ឧទាហរណ៍​ដូចជា ប្រទេស​ថៃ និង​ម៉ាឡេស៊ី ឬ​មិន​ហ៊ាន​ប្រៀបធៀប​ទេ ? ដោយសារ​តែ​អសមត្ថភាព​ក្នុង​ការ​ដឹក​នាំ​ជាង ៣០ឆ្នាំ​របស់​ខ្លួន»

លោក ហ៊ុន សែន បាន​ចូលរួម​អបអរ​សាទរ​ខួប​លើក​ទី៧០ នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ១០ ធ្នូ ឆ្នាំ២០១៨ នេះ​ថា គឺ​ជា​ទិវា​សាកល ដែល​អង្គការ​សហប្រជាជាតិ (UN) បាន​ប្រកាស​ឲ្យ​ប្រើ​តាំង​ពី​ថ្ងៃ​ទី១០ ខែ​ធ្នូ ឆ្នាំ១៩៤៨ ដើម្បី​លើក​ស្ទួយ​សិទ្ធិ​សេរីភាព​របស់​មនុស្ស​ជាតិ​គ្រប់​រូប​នៅ​លើ​ពិភព​លោក កើត​មក​មាន​សិទ្ឋិ​សេរីភាព និង​ស្មើភាព​គ្នា​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ។ នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ឆ្នាំ១៩៧៥ - ១៩៧៩ គឺ​ប្រជា​ពលរដ្ឋ​មិន​មាន​សិទ្ធិ​សេរីភាព​អ្វី​ទាំង​អស់ សូម្បី​សិទ្ឋិ​រស់រាន​មាន​ជីវិត សិទ្ធិ​ទទួល​ទាន​ចំណី​អាហារ សិទ្ធិ​ពិនិត្យ​ព្យាបាល​ជំងឺ សិទ្ធិ​ជំនឿ​សាសនា សិទ្ឋិ​សិក្សា​អប់រំ សិទ្ឋិ​ជ្រើសរើស​តំណាង និង​សិទ្ឋិ​បញ្ចេញ​មតិ សិទ្ឋិ​រៀប​អាពាហ៍ពិពាហ៍ និង​សិទ្ឋិ​ប្រកប​ការងារ​ជា​ដើម។

លោក ហ៊ុន សែន សរសរ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​បន្ត​ថា ក្រោយ​ពី​ប្រទេស​ជាតិ​ត្រូវ​បាន​រំដោះ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត គឺ​សិទ្ឋិ​សេរីភាព​របស់​ពលរដ្ឋ​ទទួល​បាន​ពេញលេញ​ឡើង​វិញ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ សិទ្ធិ​សេរីភាព គឺ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ និង​ប្រកប​ការងារ​តូច​ធំ ជ្រើសរើស​ជំនឿ​សាសនា និង​បោះ​ឆ្នោត​ជ្រើស​តាំង​មេ​ដឹក​នាំ ដែល​ខ្លួន​ពេញ​ចិត្ត​ដោយ​សេរី ហើយ​សិទ្ឋិ​សេរីភាព​ក៏​បាន​ធ្វើ​ឲ្យ​កម្ពុជា​កាន់​តែ​រីក​ចម្រើន​ជឿនលឿន​ទៅ​មុខ។

ទោះបីជាលោក ហ៊ុន សែន អះអាង​ថា នៅ​ក្នុង​របប​របស់​លោក មាន​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​បែប​នេះ​ក្ដី ក៏​ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្ដែង​នៅ​ក្នុង​របប​គ្រប់គ្រង​របស់​លោក ត្រូវ​បាន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ពលរដ្ឋ​មិន​មាន​សេរីភាព​ពេញលេញ​ឡើយ។ ជាក់​ស្ដែង​កាល​ពី​ព្រឹក​ថ្ងៃ​ទី១០ ធ្នូ នា​ឱកាស​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នោះ អាជ្ញាធរ និង​កង​កម្លាំង​ប្រដាប់​ដោយ​អាវុធ បាន​រឹត​បន្តឹង​មិន​អនុញ្ញាត​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព កម្មករ អ្នក​រង​គ្រោះ​ដីធ្លី ដើរ​ដង្ហែរ​ក្បួន​ឡើយ។ កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​ត្រូវ​បាន​ដាក់​ពង្រាយ និង​ត្រៀម​បង្រ្កាប។ ពលរដ្ឋ​នៅ​ចំនួន ១៣ខែត្រ​ក្រុង ដែល​មាន​ប្រមាណ ៧.០០០នាក់ បាន​ខកខាន​មិន​បាន​ដើរ​ដង្ហែរ​ក្បួន។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ។ ការ​ហាម​ឃាត់​រឹតត្បិត​សិទ្ធិ​សេរីភាព​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​សប្ដាហ៍ ក្រោយ​ពី​របប​របស់​លោក ហ៊ុន សែន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ សម្ដែង​ពី​ការ​ប្ដេជ្ញា​ចិត្ត​លើ​ការ​លើក​ស្ទួយ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស នីតិរដ្ឋ និង​បង្រួបបង្រួម​ជាតិ ដែល​អ្នក​វិភាគ បាន​ហៅ​ថា ជា​ការ​ប្ដេជ្ញា​ចិត្ត​ក្លែង​ក្លាយ​នោះ។

ជាទូទៅ លោក ហ៊ុន សែន ម្ដង​ថ្លែង​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស ហើយ​ថា តុលាការ​នៅ​កម្ពុជា ជា​ស្ថាប័ន​ឯករាជ្យ ហើយ​ចៅក្រម ព្រះរាជា្ញ​មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការ​សម្រេច​រឿង​ក្ដី ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​ស្ថាប័ន​នីតិ​ប្រតិបត្តិ​ឡើយ។ ក៏​ប៉ុន្តែ​ពេល​ខ្លះ លោក​សម្ដែង​ការ​សោក​ស្ដាយ​មិន​បាន​បង្រ្កាប ឬ​បាន​សម្លាប់​ក្រុម​បាតុករ កាល​ពី​ឆ្នាំ២០១៣ និង ២០១៤ ទៅ​វិញ ដែល​អ្នក​ច្បាប់​ជាតិ អន្តរជាតិ ចាត់​ទុក​ការ​ថ្លែង​បែប​ហិង្សា​របស់​លោក ហ៊ុន សែន នេះ គឺ​ជា​ការ​ខុស​ច្បាប់ ហើយ​ឃាតកម្ម​ទៅ​លើ​មនុស្ស​ល្បីៗ ខ្លះ ធ្វើ​ឡើង​ដោយ​អាថ៌កំបាំង ហើយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដឹក​នាំ​របស់​លោក​នោះ ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ តុលាការ​មិន​មាន​ចំណាត់​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​ទេ។

លោក ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី២៨ វិច្ឆិកា​ថា លោក​មិន​ឲ្យ​មាន​បាតុកម្ម​នៅ​តាម​ចិញ្ចើម​ផ្លូវ​ដូច​កាល​ពី​ឆ្នាំ២០១៣ និង​ឆ្នាំ២០១៤ ទៀត​ឡើយ។ លើស​ពី​នេះ លោក​សម្ដែង​ការ​សោក​ស្ដាយ​ដែល​មិន​បាន​សម្លាប់​មេ​ដឹក​នាំ​បាតុកម្ម។ ទោះ​ជា​លោក ហ៊ុន សែន ថ្លែង​មិន​ចំ​ឈ្មោះ​ក្ដី ប៉ុន្តែ​លោក​ហាក់​ចង់​សំដៅ​ទៅ​លើ​លោក សម រង្ស៊ី ថា បើ​មិន​គេច​ខ្លួន​ទាន់​ទេ គឺ​ប្រហែល​ជា​ត្រូវ​ធ្វើ​បុណ្យ​ខ្មោច​ជា​ដើម៖ «ហ្អែង​ចង់​ដឹង​ពេល​ហ្នឹង​ហា បើ​ហ្អែង​មិន​គេច​ទាន់​ទេ ពេល​នេះ គឺ​ធ្វើ​បុណ្យ​ខ្មោច​ហ្អែង​បាត់​ទៅ​ហើយ តែ​ឯង​ពូកែ​រត់ ពូកែ​ស្រែក ហើយ​រត់​ក៏​លឿន តែ​គ្រាន់​តែ​គេ​មិន​ដេញ​តាម​តែ​ប៉ុណ្ណឹង​ទេ ឲ្យ​ឯង​រត់​សិន អញ​ក៏​មិន​ទាន់​ចង់​សម្លាប់​ហ្អែង​ដែរ ព្រោះ​រដ្ឋាភិបាល​មួយ​មិន​ឲ្យ​មាន​ការ​ចង់​ផ្ដួល​រំលំ​តាម​ចិញ្ចើម​ផ្លូវ​នោះ​ទេ»

អ្នក​ច្បាប់​អន្តរជាតិ​ មិនភ្ញាក់​ផ្អើល​នឹង​ភាសា​ហិង្សា របស់​លោក ហ៊ុន សែន​ នេះ​ទេ។ មេធាវី​ជនជាតិ​អង់គ្លេស​ ដែល​បាន​ដាក់​ប្តឹង​លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ជំនួស​ឲ្យ​ជន​រង​គ្រោះ​ខ្មែរ លោក រីឆាត រ៉យជើស៍ (Richard Rogers) ចាត់​ទុក​សម្តី​របស់​លោក ហ៊ុន សែន បែប​នេះ គឺ​បញ្ជាក់​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា ​ការ​សម្លាប់​បាញ់​បាតុករ​កាល​ពី​ដើម​ឆ្នាំ ២០១៤​នោះ គឺ​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​របស់​លោក ជាពិសេស​ការ​សម្លាប់​មនុស្ស​ ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​កង​កម្លាំង​ឆ័ត្រ​យោង ៩១១ ដែល​ដឹក​នាំ​ដោយ​លោក ចាប ភក្ដី។

លោក រីឆាត រ៉យជើស៍ បន្ថែម​ថា នេះ​ជា​សម្តី​មេ​ដឹក​នាំ​ផ្តាច់ការ ដែល​ជ្រើស​យក​វិធី​ចាប់​ដាក់​គុក ដាក់​ច្រវ៉ាក់ និង​សម្លាប់​អ្នក​តវ៉ា ដើម្បី​បំបិទ​មាត់។ លោក​បញ្ជាក់​ថា លោក ហ៊ុន សែន នឹង​គេច​មិន​ផុត ពី​នាំ​គ្នា​មក​កាត់​ទោស នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​មិន​ខាន ដោយសារ​តែ​ចេតនា​ឧក្រិដ្ឋ។ លោក​បន្ថែម​ថា ការ​គំរាម ឬ​ចេតនា​សម្លាប់​មនុស្ស ដោយ​គ្មាន​ហេតុផល​ផ្លូវ​ច្បាប់​បែប​នេះ គឺ​ជា​ធាតុ​ផ្សំ​នៃ​បទ​ល្មើស​មួយ​រួច​ស្រេច​ទៅ​ហើយ៖ « ការណ៍​ដែល​លោក ហ៊ុន សែន ថ្លែង​ជា​សារធារណៈ​អំពី​ការ​ចង់​សម្លាប់​មនុស្ស​បែប​នេះ គឺ​រឹត​តែ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ចេតនា​ឧក្រិដ្ឋ ដែល​ជា​បទ​ឧក្រិដ្ឋ​មួយ។ នេះ​គឺ​ជា​ភាព​អាម៉ាស់​មួយ ដែល​លោក ហ៊ុន សែន ក្នុង​នាម​ជា​មេ​ដឹក​នាំ មិន​ស្តាប់​មតិ​ពលរដ្ឋ​ខ្លួន​ឯង តែ​បែរ​ជា​ជ្រើសរើស​យក​វិធី​គំរាម​សម្លាប់​មនុស្ស​ ដែល​ប្រឆាំង​ខ្លួន​បែប​នេះ​ទៅ​វិញ។ នេះ​ក៏​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា កម្ពុជា​សព្វ​ថ្ងៃ គ្មាន​ទេ​ប្រជាធិបតេយ្យ​នោះ​ទេ»

ទំាង​លោក សម រង្ស៊ី ទាំង​លោក​មេធាវី រីឆាត រ៉យជើស៍ អះអាង​ថា លោក ហ៊ុន សែន ជា​ឃាតក​តាំង​ពី​សម័យ​ខ្មែរក្រហម ដល់​សម័យ​បច្ចុប្បន្ន។ លោក សម រង្ស៊ី ចោទ លោក ហ៊ុន សែន ថា ជា​មេ​ដឹក​នាំ​ប្រើប្រាស់​អំពើ​ហិង្សា ដើម្បី​បាន​ឡើង​កាន់​អំណាច និង​ បន្ត​ក្រាញ​អំណាច​របស់​ខ្លួន​ដល់​បច្ចុប្បន្ន​ទៀត។ លោក សម រង្ស៊ី អះអាង​ថា ដោយសារ​តែ​លោក ហ៊ុន សែន ជា​មេ​ដឹក​នាំ​បែប​ហិង្សា និង​ផ្ដាច់ការ​នេះ ទើប​លោក​មិន​ញញើត​និយាយ​អំពី​ការ​សម្លាប់​មនុស្ស​ម្ដង​ហើយ​ម្ដង​ទៀត​នោះ៖ «កុំ​ភ្លេច​ថា លោក ហ៊ុន សែន ជា​មេ​ដឹក​នាំ​ខ្មែរក្រហម មេ​កង​ពល​ខ្មែរក្រហម ដូច្នេះ​គាត់​សម្លាប់​មនុស្ស​មិន​ញញើត​ដៃ​ទេ ហើយ​គាត់​និយាយ​ពី​ការ​សោក​ស្ដាយ​មិន​បាន​សម្លាប់​នេះ ដូច្នេះ​បើ​គាត់​សម្លាប់​បាន​គាត់​សម្លាប់​ហើយ»

របាយការណ៍របស់អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watchរក​ឃើញ​ថា ​លោក​ ហ៊ុន សែន បាន​ប្រព្រឹត្តិបទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​ចាប់​តាំង​ពី​លោក​បាន​កាន់​តួនាទី​ជា​មេ​បញ្ជាការ​ទ័ព​ខ្មែរ​ក្រហម ក្នុង​អំឡុង​ទសវត្ស​៧០ ចំពោះ​ការ​ប្រព្រឹត្ត​ប្រឆាំង​ជនជាតិ​ចាម។ លុះ​ក្នុង​ទសវត្ស​៩០ លោក​បាន​ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ក្រៅ​ច្បាប់​ក្នុង​រដ្ឋ​ប្រហារ ការ​គប់​គ្រាប់​បែក​លើ​ហ្វូង​បាតុករ។ ចាប់​ពី​ទសវត្ស ៩១ មក លោក​បាន​ប្រើ​តួនាទី​នាយករដ្ឋមន្រ្តី ដឹក​នាំ​ប្រទេស​ពោពេញ​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ រួម​មាន​អំពើ​កាប់​សម្លាប់​ក្រៅ​ច្បាប់ ទារុណកម្ម ការ​ចាប់​ឃុំ​ខ្លួន ត្រួតត្រា រារាំង​សេរីភាព​សមាគម ការ​ជួប​ប្រជុំ និង​ការ​បង្កើត​បណ្ដាញ​ស៊ើបការ រាយការណ៍​នៅ​ពេញ​ប្រទេស​ ក្នុង​គោលបំណង​បំភិតបំភ័យ បំភ័ន្ត​សាធារណៈ​មតិ។ យុទ្ធសាស្ត្រ​ចម្បង​ជាង​គេ​របស់​លោក ហ៊ុន សែន គឺ​ការ​គំរាម​កំហែង និង​ប្រើ​ប្រាស់​កម្លាំង ដើម្បី​កម្ចាត់​អ្នក​រិះគន់ ឬ​អ្នក​ប្រឆាំង។

លើសពីនេះទៀត នៅក្នុងរបប​គ្រប់គ្រង​របស់​លោក ហ៊ុន សែន មាន​ច្បាប់​ជា​ច្រើន​បាន​បង្កើត​ឡើង ក្នុង​ទិសដៅ​ធ្វើ​ឲ្យ​មាន​សន្តិសុខ សុវត្ថិភាព និង​យុត្តិធម៌​សង្គម ក៏​ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​ជាក់​ស្ដែង ត្រូវ​បាន​សហគមន៍​ជាតិ អន្តរជាតិ​រិះគន់​ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ស្ថិត​នៅ​ក្រោម​សម្ពាធ​របស់​គណបក្ស​កាន់​អំណាច។ គិត​ចាប់​តាំង​ពី​ឆ្នាំ១៩៩១ មក អំពើ​ឃាតកម្ម​ជា​ច្រើន​បាន​កើត​មាន​យ៉ាង​អាថ៌កំបាំង ករណី​ខ្លះ ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ ដូចជា ករណី​បាញ់​សម្លាប់​បុគ្គល​សំខាន់ៗ មួយ​ចំនួន ដូចជា ​ការ​ស្លាប់​របស់​ឧត្ដម​សេនីយ៍​មួយ​ចំនួន មាន ចៅ សម្បត្តិ ក្រួច យឿម បន្ទាប់​ពី​ត្រូវ​ចាប់​បាន​នៅ​ថ្ងៃ​ទី​៨ កក្កដា ដោយ​កង​កម្លាំង​អង្គភាព​ឆត្រយោង ៩១១ ក្រោម​បញ្ជាការ​របស់​លោក ចាប ភក្តី។ លោក ហូ សុខ ដែល​ជា​មន្ត្រី​ហ៊្វុនស៊ិនប៉ិច ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ធ្លាប់​ចេញ​មុខ​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ក្នុង​ករណី​រៀបចំ​បណ្ដឹង​ប្រឆាំង​លោក ម៉ុង ឫទ្ធី ជា​អ្នក​ជំនួញ​ដែល​ស្និទ​នឹង​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន។ លោក ហ៊ុន សែន ធ្លាប់​គំរាម​ឲ្យ​អ្នក​ហ៊ាន​លូកលាន់​រឿង​នេះ​ឲ្យ​ពាក់​មួក​ដែក​ទៀត។

នៅមានករណីជាច្រើន​ទៀត ដូចជា លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក កែម ឡី និង​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត ទោះ​បី​ជា​មាន​ការ​ថ្កោលទោស និង​ចាត់​ទុក​ថា ជា​អំពើ​និទណ្ឌភាព​យ៉ាង​ណា​ក្ដី ក៏​មិន​ត្រូវ​បាន​តុលាការ​ចាប់​បាន​ឃាតក​អ្នក​ទទួល​ខុស​ត្រូវ​យក​មក​ផ្ដន្ទាទោស​នោះ​ឡើយ។

ទាក់ទងនិងបញ្ហានេះ លោក គឹម សុខ អះអាង​ថា នៅ​ក្នុង​របប​ខ្មែរក្រហម គឺ​មាន​ប្រព័ន្ធ​សម្លាប់​មនុស្ស​ធ្វើ​ឡើង​ដោយ​ផ្ទាល់ គឺ​មិន​ធ្វើ​ដោយ​ប្រយោល​ដូច​របប​បច្ចុប្បន្ន​ឡើយ ហើយ​ប្រព័ន្ធ​តុលាការ​នៅ​សម័យ​នេះ ក៏​មិនមែន​ជា​ទី​ពឹង​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​នោះ​ដែរ៖ «គាត់​អាច​បិទ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ទ្រង់ទ្រាយ​មួយ អាច​បន្លំ​បាន​យូរ​ជាង​ខ្មែរក្រហម ដោយសារ​គាត់​បើក​ខ្លះ គាត់​គំរាម​ខ្លះ គាត់​បំផ្លាញ​ខ្លះ គាត់​សម្លាប់​ខ្លះ គាត់​ធ្វើ​ដោយ​ប្រយោល តែ​ខ្មែរក្រហម​ធ្វើ​ដោយ​ផ្ទាល់​ដែល​អាច​ឆាប់​ដួល​រលំ»

រដ្ឋធម្មនុញ្ញរបប​កម្ពុជា​ប្រជាធិបតេយ្យក្នុង​អំឡុង​ឆ្នាំ១៩៧៦ ក៏​សំអាង​ទៅ​លើ​សាលា​ជំនុំជម្រះ​ក្ដី និង​តុលាការ​ដែរ ក្នុង​ការ​ស្វែងរក​យុត្តិធម៌ ក៏​ប៉ុន្តែ​ប្រព័ន្ធ​តុលាការ​​នេះ ខ្មែរក្រហម​មិន​ដែល​បាន​បង្កើត​ឡើង​ឡើយ ហើយ​ច្បាប់​ជា​លាយ​ល័ក្ខ​អក្សរ​ក៏​គ្មាន តុលាការ​ក៏​គ្មាន​ដែរ។ នៅ​ក្នុង​របប​នេះ ខ្មែរក្រហម​នឹង​ចាប់​ខ្លួន ហើយ​យក​ទៅ​សម្លាប់​ចោល​ចំពោះ​អ្នក​ណា​ដែល​គេ​ចោទ​ថា បាន​ក្បត់​អង្គការ និង​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​គេ​លាប​ពណ៌​ថា ជា​ខ្មាំង​ជា​ដើម។ វប្បធម៌​លាប​ពណ៌​នេះ បាន​បន្សល់​ទុក​ដល់​របប​បច្ចុប្បន្ន​ដែរ មនុស្ស​មួយ​ចំនួន​ដែល​ប្រឆាំង​របប​នេះ ត្រូវ​បាន​ចាប់​ខ្លួន និង​សម្លាប់។ ទោះ​ជា​រដ្ឋធម្មនុញ្ញ​នៅ​សម័យ​បច្ចុប្បន្ន​នេះ យ៉ាង​ហោច​ណាស់​ក៏​មាន​ចែង​ចំនួន ១៩មាត្រា​ បាន​កំណត់​អំពី​សិទ្ធិ និង​កាតព្វកិច្ច និង​ប្រជា​ពលរដ្ឋ​គ្រប់​រូប មាន​សិទ្ធិ​រស់រាន​មាន​ជីវិត មាន​សេរីភាព សន្ដិសុខ​ផ្ទាល់​ខ្លួន ហើយ​គ្មាន​ទោស​ប្រហារ​ជីវិត​យ៉ាង​ណា​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។