អាជ្ញាធររាជធានីភ្នំពេញបានដោះលែង សកម្មជនបក្សសង្គ្រោះជាតិ ២នាក់វិញហើយ ក្រោយពីបានចាប់សកម្មជនគណបក្សសង្គ្រោះជាតិ ៤នាក់ បញ្ជូនទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៤ សីហា។ ប៉ុន្តែសកម្មជន ២នាក់ទៀតកំពុងស្ថិត ស្នងការដ្ឋានរាជធានីភ្នំពេញនៅឡើយ។ ការចាប់ខ្លួននេះ ក្នុងពេលដែលពួកគេ ចុះឃ្លាំមើលអាជ្ញាធរឃាត់ព្រះកាយព្រះសង្ឃ ៨អង្គនៅវត្តថាន់ ខណ្ឌចំការមន។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកការចាប់ខ្លួននេះ ថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយមកលើមន្ត្រីបក្សប្រឆាំង។
សកម្មជនគណបក្សសង្គ្រោះជាតិទាំង ២នាក់ដែលអាជ្ញាធរដោះលែងនោះរួមមាន លោកស្រី ឈិន សុវណ្ណា និងលោក អ៊ុក សំអូន ជាចៅសង្កាត់ដង្កោ ជាប់ឆ្នោតគណបក្សប្រឆាំង ត្រូវបានអាជ្ញាធរដោះលែងកាលពីយប់ថ្ងៃទី៦ សីហា ម្សិលមិញ។ កូនប្រុសរបស់សកម្មជនគណបក្សសង្គ្រោះជាតិ លោកស្រី ឈិន សុវណ្ណា គឺលោក ជុំ ពុទ្ធោ ឲ្យអាស៊ីសេរីដឹងថា ម្ដាយរបស់លោក បានមកដល់ផ្ទះវិញហើយ។ លោកចាត់ទុកការបន្តឃុំខ្លួនឪពុកលោកនេះថាថា រឿងអយុត្តិធម៌មិនអាចទទួលយកបាន ពីព្រោះឪពុករបស់លោកមិនបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ៖ « ខ្ញុំនិយាយជាមួយប៉ាវខ្ញុំបានតែមួយភ្លែតទេដោយសារប៉ូលិសគេឈប់ឱ្យនិយាយ។ ខ្ញុំសំណូមពរឱ្យដោះលែងប៉ាវខ្ញុំវិញទៅប៉ាវខ្ញុំគាត់អត់មានខុសអីទេ » ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ឲ្យដឹងថា សកម្មជន ២នាក់ផ្សេងទៀត កំពុងឋិតនៅក្នុងស្នងការក្រុងភ្នំពេញនៅឡើយ។
កាលពីយប់ថ្ងៃទី៤ សីហា សកម្មជនគណបក្សសង្គ្រោះជាតិទាំង ៤នាក់ បានចុះឃ្លាំងមើលករណីអាជ្ញាធរឃាត់ព្រះកាយព្រះសង្ឃខ្មែរថាវរៈ ចំនួន ៨អង្គ ក្នុងវត្តនួនមនីយរាម ហៅវត្តថាន់ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ហើយប៉ូលិសបានឃាត់ខ្លួនពួកគេសាកសួរ និងបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សកម្មជនគណបក្សប្រឆាំងទាំង ៤នាក់នេះ តែងតែចូលរួមតវ៉ាជាមួយក្រុមយុវជនខ្មែរថាវរៈនៅមុខសាលាដំបូងរាជធានីភ្នំពេញ ទាមទារឱ្យតុលាការដោះលែង ប្រធានសហព័ន្ធសហជីពកម្ពុជា លោក រ៉ុង ឈុន។
អាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន ដើម្បីសុំអត្ថាធិប្បាយជុំវិញការឃុំខ្លួនសកម្មជនបក្សប្រឆាំងទាំង ២នាក់បានទេនៅថ្ងៃទី៦ សីហា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ចំណែកប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា ករណីចាប់ខ្លួននេះ គឺជាការរឹតត្បិតសិទ្ធិសេរីភាព ការជួបប្រជុំនិងសម្ដែងមតិរបស់ប្រជាពលរដ្ឋ។ លោកចាត់ទុកវិធានការនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដើម្បីរាំងខ្ទប់កុំឱ្យពួកគាត់ចូលរួមតវ៉ាប្រឆាំងនឹងទង្វើរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាល៖ «នេះជាការរារាំងមួយដែលធ្វើឱ្យប្រជាពលរដ្ឋមិនអាចប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនបាន។ យើងគិតហើយថា ស្ថានភាពបច្ចុប្បន្ននេះទាំងសហគមន៍អឺរ៉ុបអីគេកំពុងស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាសិទ្ធិមនុស្សបញ្ហាប្រជាធិបតេយ្យអីហ្នឹង យើងឃើញថា មិនមានការរីកចម្រើនទេវាបែរជាកាន់តែធ្ងន់ធ្ងរទៅ។ តាមការមើលរបស់ខ្ញុំប៉ុន្មានសប្ដាហ៍ចុងក្រោយនេះគឺ លំបាកកាន់តែខ្លាំងឡើងអំពីការប្រើប្រាស់សិទ្ធិរបស់ប្រជាពលរដ្ឋហ្នឹង»។
ចាប់ពីខែមករា ឆ្នាំ២០២០ មកអាជ្ញាធរចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ២១នាក់ហើយ ក្នុងនោះចំនួន ១៧នាក់ ឃុំខ្លួននៅពន្ធនាគារព្រៃស។ ពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់ ញុះញង់កុំឲ្យយោធាស្ដាប់បង្គាប់ និង ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងខ្លះទៀតត្រូវបានចោទប្រកាន់ ពីបទជេរប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។