ប៉ូលិស​ខេត្ត​បាត់ដំបង​កោះ​ហៅ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៅ​សាកសួរ​ជា​លើក​ទី២ រឿង​បង្ហោះ​សារ​បរិហារ​កេរ្តិ៍​អាជ្ញាធរ

0:00 / 0:00

អធិការ​នគរបាល​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង កោះហៅ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៅ​សាកសួរ រឿង​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​បរិហារ​កេរ្តិ៍​អាជ្ញាធរ។ មន្ត្រី​សិទ្ធិមនុស្ស​ចាត់​ទុក​លិខិត​កោះហៅ​របស់​ប៉ូលិស​នេះ​ថា ជា​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ។

ជំទប់​ទី១ ឃុំ​ព្រែកជីក​ស្រុក​រុក្ខគិរី ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក សំ បូរី ថ្លែង​នៅ​រសៀល​ថ្ងៃទី២២ កក្កដា លោក​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ក្រោយ​ទទួល​បាន​លិខិត​កោះហៅ​ពី​មន្ត្រី​ប៉ូល​ិ​ស ប៉ុន្តែ​លោក​ថា នឹង​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​នេះ។លោក​បញ្ជាក់​ថា លោក​នៅតែ​ប្រកាន់​ជំហរ​មិន​សុំទោស​អាជ្ញាធរ​ដើម្បី​បញ្ចប់​រឿង​តាម​ការ​បង្ខិតបង្ខំ​នោះ​ទេ ព្រោះ​លោក​មិនបាន​ប្រព្រឹត្តិ​ខុសច្បាប់​អ្វី​ឡើយ៖ « ខ្ញុំ​នៅតែ​ភ័យ ព្រួយ​ព្រោះ​មិន​ដឹង​ថា គេ​កែច្នៃ​រឿង​នេះ​ទៅជា​អ្វី​ទៀត​ទេ។ ខ្ញុំ​និយាយ​នោះ​ក្នុង​ន័យ​ចង់​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ អត់មាន​ទៅ​លាប​ពណ៌​ ឬ​បរិហារ​កេរ្តិ៍​ឬក៏​អី​ទេ។ សុំ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ជួយ​ឃ្លាំមើល​ខ្ញុំ​ផង បើសិនជា​ខ្ញុំ​ត្រូវ​ឡើង​តុលាការ បើ​គេ​ប្ដឹង​ទៅ​តុលាការ​អី សុំ​ឱ្យ​សង្គម​ជួយ​ការ​ពារ​ក្ដី​ និង​ជួយ​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​ក្រីក្រ​អត់មាន​លុយ​ជួល​មេធាវី​ទេ »

កាលពី​ថ្ងៃ​ទី២០ កក្កដា មេឃុំ​ព្រែក​ជីក​បាន​ហៅ​លោក សំ បូរី ទៅ​សាកសួរ​នៅ​សាលាឃុំ​ម្ដង​រួច​មក​ហើយ ដោយ​ចោទប្រកាន់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ថា បាន​បង្ហោះ​សារ​មួលបង្កាច់​អាជ្ញាធរ​ខុស​ពី​ការ​ពិត។ ការ​ចោទ​ប្រកាន់​បែប​នេះ បន្ទាប់​ពី​លោក សំ បូរី បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ​នៅ​ឃុំ​ព្រែក​ជីក មាន​ជីវភាព​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច ប៉ុន្តែ​អាជ្ញាធរ​​មិន​បាន​ដាក់​ឈ្មោះ​ពលរដ្ឋ​រូប​នេះ​ក្នុង​បញ្ជី​ជន​ក្រីក្រ ដើម្បី​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​នោះ​ឡើយ។ មេឃុំ​ព្រែកជីក​លោក ប៊ុត បឿន ចាត់​ទុក​រឿង​នេះ ថា ជា​ការ​បរិហារ​កេរ្តិ៍​អាជ្ញាធរ​ធ្វើ​ឱ្យ​ស្អុយឈ្មោះ ហើយ​ទាមទារ​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បង្ហោះ​សារ​សុំទោស ដើម្បី​បញ្ចប់​រឿង ប៉ុន្តែ​ត្រូវ​បាន​លោក សំ បូរី បដិសេធ។

អធិការរង​នគរបាល​ស្រុក​រុក្ខគិរី លោក ទូច វិន បាន​កោះហៅ លោក សំ បូរី ចូល​ទៅ​សាកសួរ​រឿង​នេះ​បន្ថែម​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី២៣ កក្កដា។ នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី២២ កក្កដា​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​រុក្ខគិរី​លោក សំ បូរី រង​ការចោទប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍ ហើយ​នគរបាល​ស្រុក​តម្រូវ​ឱ្យ​លោក​ចូល​បំភ្លឺ​ឱ្យ​ទាន់​ពេល​កំណត់។

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង​លោក យិន ម៉េ​ងលី ដែល​បាន​ចុះ​ស្រាវជ្រាវ​រឿង​នេះ មានប្រសាសន៍​ថា ជំទប់​ទី១បក្ស​ប្រឆាំង​រូប​នេះ​មិនបាន​ប្រព្រឹត្ត​ខុសច្បាប់​ឡើយ ហើយ​សារ​ដែល​គាត់​បង្ហោះ​នោះ គឺជា​សិទ្ធិ​សេរីភាព​សម្ដែង​មតិ របស់​ប្រជាពលរដ្ឋ​ដោយ​ស្រប​ច្បាប់។ លោក​បន្ថែម​ថា អាជ្ញាធរ​អាច​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ដើម្បី​បញ្ចប់​រឿង​បាន ដោយ​មិនបាច់​កោះហៅ​ជំទប់​ទី១ ជាប់​ឆ្នោត​រូប​នេះ​ទៅ​សុំទោស​នោះ​ទេ។ លោក ចាត់ទុក​ការ​កោះ​ហៅ​របស់​ប៉ូលិស​នេះ​ថា ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ៖ « ក្នុងនាម​ខ្ញុំ​ជា​សង្គម​ស៊ីវិល ខ្ញុំ​អត់​ចង់​ឃើញ​ស្ថានភាព​របៀប​ហ្នឹង​ទេ រវាង​អាជ្ញាធរ​នឹង​ប្រជាពលរដ្ឋ​ឯង​ទេ។ ខ្ញុំ​សូម​ឱ្យ​អាជ្ញាធរ​ក្ដី​សមត្ថកិច្ច​ក្ដី​បញ្ចប់​បញ្ហា​នេះ​ទៅ កុំ​រឿង​តូច​បន្ត​ឱ្យ​ទៅ​ជា​រឿង​ធំ​ឡើងៗ នោះ។ ខ្ញុំ​បាន​បញ្ជាក់​ហើយ​ថា ឥឡូវ​យក​ព័ត៌មាន​ពី​អ្វី​ដែល​គាត់​បង្ហោះ​ហ្នឹង​យក​ទៅ​ប្រើ​ប្រាស់​ទូទៅ​ថា តើ​ឥឡូវ​ហ្នឹង​អ៊ំ ហ្នឹង​គាត់​ក្រីក្រ​មែន ឬ​អត់ ហើយ​ឥឡូវហ្នឹង​វា​អត់​ទាន់​មាន​ចម្លើយ »

ចាប់ពី​ដើមខែ​កក្កដា​មក មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​បាត់ដំបង​ចំនួន ២ដាក់​ហើយ ដោយ​ម្នាក់​ជាស​មា​ជិក​ក្រុម​ប្រឹក្សា​ស្រុក​បវេល​ជាប់ឆ្នោត​គណបក្ស​ប្រឆាំង​គឺ​លោក លាស់ ឆេង​ឡាយ និង​មេឃុំ​ឃ្លាំង​មាស​លោក អ៊ុក ឆុំ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ព្រៃស ដោយ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល។ ការ​ចោទ​ប្រកាន់​នេះ ដោយសារ​តែ​ពួក​គាត់​បង្ហោះ​សារ​រិះគន់​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ថា រំលោភ​សិទ្ធិ​មនុស្ស និង​ការបំផ្លាញ​ធនធាន​ធម្មជាតិ​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។