សកម្មជនបក្សប្រឆាំងខេត្តបាត់ដំបងថា សមត្ថកិច្ចតាមដានពួកគាត់កាន់តែខ្លាំងក្នុងរដូវកាន់បិណ្ឌ
2019.09.20

សកម្មជនគណបក្សប្រឆាំងមួយចំនួននៅខេត្តបាត់ដំបងអះអាងថា នៅរដូវបុណ្យកាន់បិណ្ឌប្រពៃណីជាតិឆ្នាំនេះ អាជ្ញាធរខេត្តបានរឹតត្បិតសិទ្ធិសេរីភាពមកលើពួកគាត់កាន់តែខ្លាំង។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីអាជ្ញាធរបានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធកាន់តែច្រើននៅតាមទីវត្តអារាម ជាពិសេស ទីតាំងដែលមានសកម្មជនបក្សប្រឆាំងចូលរួមធ្វើបុណ្យ ហើយធ្វើឱ្យពួកគាត់ភ័យខ្លាចមិនហ៊ានទៅធ្វើបុណ្យទានឡើយ។ មន្ត្រីអង្គការសង្គមស៊ីវិល ចាត់ទុកការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធកាន់តែច្រើនថា ជាការគំរាមកំហែងបិទសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋដោយខុសច្បាប់។
សកម្មជនបក្សប្រឆាំងនៅខេត្តបាត់ដំបង លើកឡើងថា សកម្មជនបក្សប្រឆាំងមួយចំនួនបានលុបចោលគម្រោងទៅចូលរួមធ្វើបុណ្យកាន់បិណ្ឌ និងមួយចំនួនទៀត ទៅដល់វត្តភ្លាមប្រញាប់ទៅផ្ទះយ៉ាងតក់ក្រហល់ ដោយសារព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន។
មន្ត្រីគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង លោក ឡី សុខុន ឱ្យដឹងនៅថ្ងៃទី១៩ កញ្ញា ថា ចាប់តាំងពីបុណ្យកាន់បិណ្ឌវេនទីមួយមក គឺអាជ្ញាធរខេត្តបានដាក់ពង្រាយមន្ត្រីប៉ូលិសនៅតាមទីវត្តអារាមគ្រប់វត្ត ជាពិសេស វត្តណាដែលមានសកម្មជនបក្សប្រឆាំងធ្វើបុណ្យ គឺមានការដាក់កងកម្លាំងចន្លោះទៅ២០ ទៅ ៣០នាក់ ក៏មានដែរ។ សកម្មជនបក្សប្រឆាំងរូបនេះបន្ថែមថា ដោយសារតែបញ្ហានេះ ទើបធ្វើឱ្យលោកលុបចោលគម្រោងចូលរួមបុណ្យកាន់បិណ្ឌជាមួយសកម្មជនបក្សរបស់លោកចំនួន៤កន្លែង ដោយសារមន្ត្រីប៉ូលិសខេត្តបាត់ដំបងប្រមាណ ២០នាក់ បានតាមដានលោកនៅស្រុកសំឡូត បន្ទាប់ពីជួបប្រជុំគ្នាធ្វើបុណ្យកាន់បិណ្ឌកាលពីថ្ងៃទី១៥ កញ្ញាកន្លងទៅ៖ «មែនទែនទៅជាផែនការរបស់សមត្ថកិច្ចគេចង់ធ្វើអីចឹងបាទ។ យើងមិនបានធ្វើអ្វីខុសច្បាប់ទេគឺគ្រាន់តែចង់ទៅចូលរួមការកាន់បិណ្ឌក្នុងនាមយើងជាពុទ្ធសាសនិក ហើយចង់ធ្វើបុណ្យជូនដល់ជីដូនជីតាដែលបានចែកឋានប៉ុន្តែធ្វើឱ្យយើងប៉ះពាល់នឹងអារម្មណ៍ក្នុងការធ្វើបុណ្យមែនទែន»។
ចំណែកសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបងជាប់ឆ្នោតគណបក្សសង្គ្រោះជាតិឯណោះវិញ លោក ឌឹម សារឿន ថ្លែងថា សកម្មជនបក្សប្រឆាំងនៅគ្រប់ស្រុកមិនអាចទៅធ្វើបុណ្យកាន់បិណ្ឌនៅទីវត្តអារាមបានដូចឆ្នាំមុនៗឡើយ ពីព្រោះអាជ្ញាធរបានដាក់ពង្រាយកម្លាំងប៉ូលិសតាមដានពួកគាត់គ្រប់ទីកន្លែង ដែលខុសពីឆ្នាំមុនៗ ពុំមានសមត្ថកិច្ចជាច្រើននាក់ដាក់ពង្រាយតាមវត្តបែបនេះឡើយ។លោកបន្តថា ការធ្វើបែបនេះបានប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិសេរីភាពរបស់ពួកគាត់ ធ្វើឱ្យភ័យខ្លាចមិនហ៊ានទៅធ្វើបុណ្យប្រពៃណីជាតិ៖ «បាទ!សមត្ថកិច្ចតាមដានខ្លាំងគ្រប់ទីកន្លែងដូចជាជួបគ្នាក្នុងហាងលក់គុយទាវ និងហាងកាហ្វេក៏គេតាមថតរូបដែរ ហើយករណីខ្លះមានសកម្មភាពចំឡែកៗច្រើន ដូចជាជិះឡានឬម៉ូតូកាត់មុខផ្ទះចុះឡើង បើនិយាយទៅគឺអត់មានសេរីភាពទេ។ សកម្មជនបែបនេះធ្វើសកម្មជនបក្សសង្គ្រោះជាតិមិនហ៊ានទៅធ្វើបុណ្យកាន់បិណ្ឌ»។
អាស៊ីសេរីមិនអាចទាក់ទងស្នងការរងនគរបាលខេត្តបាត់ដំបង ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ លោក ជេត វណ្ណី ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៩ កញ្ញា ដោយលោកទទួលទូរស័ព្ទហើយបានផ្ដាច់ទៅវិញ។
ប៉ុន្តែអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន បានផ្ដល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១៧ កញ្ញា ថា ការដាក់កម្លាំងប៉ូលិសតាមវត្ត ដើម្បីការពារសន្តិសុខសណ្ដាប់ និងទប់ស្កាត់ខ្លាចក្រុមបក្សប្រឆាំងប្រមូលផ្ដុំគ្នាដោយខុសច្បាប់ ដើម្បីផ្ដួលរំលំរបបក្រុងភ្នំពេញ៖ «ដែលបច្ចុប្បន្ននេះប្រទេសយើងកំពុងតែក្រាលគ្របដោយសន្តិភាព និងស្ថិរភាពសន្តិសុខសណ្ដាប់ធ្នាប់ ក៏ប៉ុន្តែសភាពការណ៍ថ្មី នាពេលថ្មីៗនេះមានចលនាឧទ្ទាមមានចេតនាប៉ុនប៉ងធ្វើផែនការណ៍ប៉ុនប៉ងបង្កអសន្តិសុខផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតពីប្រជាពលរដ្ឋ»។
លោក សម រង្ស៊ី បានប្រកាសម្ដងហើយម្ដងទៀតថា លោកនឹងថ្នាក់ដឹកនាំគណបក្សប្រឆាំងដែលភៀសខ្លួនទៅក្រៅប្រទេស គ្រោងនឹងធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ ។ ទោះជាយ៉ាងណាក្ដី របបក្រុងភ្នំពេញបានបញ្ជាក់ជាបន្តបន្ទាប់ដែរ អំពីវិធានការលើលោក សម រង្ស៊ី និងអ្នកហែហម ប្រសិនបើហ៊ានវិលចូលកម្ពុជាតាមកាលកំណត់មែននោះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក សឹង សែនករុណា លើកឡើងថា ករណីមន្ត្រីប៉ូលិសដ៏ច្រើនបែបនេះ គឺជាការគំរាមកំហែងសិទ្ធិសេរីក្នុងការជួបប្រជុំគ្នាធ្វើបុណ្យទានរបស់ពលរដ្ឋដោយខុសច្បាប់ ដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ។ លោកបន្តថា កន្លងមករដូវបុណ្យកាន់បិណ្ឌម្ដងៗ ពុំមានការដាក់ប៉ូលិសតាមវត្តអារាមដ៏ច្រើនបែបនេះឡើយ គឺលើកលែងតែវត្តណា ដែលមានថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាលទៅធ្វើបុណ្យនៅទីនោះប៉ុណ្ណោះ៖ «អីចឹងបើសិនជាសមត្ថកិច្ចណាធ្វើអំពើផ្ទុយពីច្បាប់បែបនេះ គួរតែមានអាជ្ញាធរថ្នាក់ជាតិត្រួតពិនិត្យមើលសកម្មភាពក្រុមមន្ត្រីទាំងនោះគួរតែមានវិធានការដើម្បីដាក់វិន័យរដ្ឋបាលទៅលើជនទាំងអស់នោះមិនគួរបណ្ដោយឱ្យបញ្ហាបែបនេះកើតឡើងធ្វើឱ្យពលរដ្ឋភ័យខ្លាចនោះទេ»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា ការដាក់ពង្រាយសមត្ថកិច្ចតាមវត្តដ៏ច្រើននេះ ដោយសារអាជ្ញាធរភ័យព្រួយខ្លាចសកម្មជនបក្សប្រឆាំង ជួបជុំគ្នាធ្វើសកម្មភាពនយោបាយពង្រឹងសាមគ្គីភាពចាំទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខ។ ទោះជាយ៉ាងណាលោក សឹង សែនករុណា បញ្ជាក់ថា ការរឹតត្បិតបែបនេះ មិនមែនជាដំណោះស្រាយនយោបាយទេ ផ្ទុយទៅវិញ គឺកាន់តែធ្វើឱ្យប្រជាពលរដ្ឋដែលអ្នកគាំទ្រគណបក្សប្រឆាំង ជិតកន្លះនគរកាន់តែក្ដៅក្រហាយ ហើយអាចនឹងនាំគ្នាងើបតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនៅថ្ងៃខាងមុខជាមិនខាន។ មន្ត្រីសង្គមស៊ីវិលរូបនេះ ទទូចដល់មេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំងឱ្យគិតគូរពីប្រយោជន៍ជាតិជាធំ ហើយងាកមករកតុចរចាគ្នាបញ្ចប់វិបត្តិនយោបាយនៅកម្ពុជាឱ្យបានឆាប់ ប្រសើរជាងការឈ្លោះគ្នានាំឱ្យខាតបង់ដល់សេដ្ឋកិច្ចជាតិ។
ទោះជាយ៉ាងណា សកម្មជនបក្សប្រឆាំងទាំងនេះអះអាងថា បើទោះបីជាសមត្ថកិច្ចតាមធ្វើទុក្ខបុកម្នេញមកលើសកម្មជនយ៉ាងនេះក្ដី ក៏សកម្មជនបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋដែលស្រឡាញ់ប្រជាធិបតេយ្យរាប់ម៉ឺននាក់នៅខេត្តបាត់ដំបង បានត្រៀមខ្លួនរួចជាស្រេចនឹងទៅចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខដដែល ព្រោះពួកគាត់សង្ឃឹមថា លោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ នឹងអាចជួយស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់ឡើងវិញបាន៕