គណបក្ស​ប្រឆាំង ធ្វើ​យុទ្ធនាការ​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​​ព្រហ្មទណ្ឌ​​អន្តរជាតិ លើ​​សំណុំ​​រឿង​​ឃាតកម្ម​មួយ​ចំនួន​នៅ​កម្ពុជា

0:00 / 0:00

គណបក្សប្រឆាំងនៅថ្ងៃ​សុក្រ​នេះ នឹង​ប្រកាស​ធ្វើ​យុទ្ធនាការ​ជា​ទ្រង់ទ្រាយ​ធំ ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​បញ្ចប់​អំពើ​និទណ្ឌភាព​នៅ​កម្ពុជា ដើម្បី​រក​យុត្តិធម៌​ជួន​អ្នក​ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​របប​គ្រប់គ្រង​ដោយ​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ​អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​អះអាង​ថា តុលាការ​កម្ពុជា​បាន​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​រួច​ហើយ ដូច​ជា ករណី​បណ្ឌិត កែម ឡី និង​ករណី​ជា​ច្រើន​ទៀត។​

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ អំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់រស់នៅ​ប្រទេស​ផ្សេងៗ ចូលរួមជាមួយគណបក្សសង្រ្គោះជាតិ ធ្វើយុទ្ធនាការបញ្ចប់អំពើ​និទណ្ឌភាព ដើម្បី​យុត្តិធម៌​នៅ​កម្ពុជា។

លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា គណបក្សសង្រ្គោះជាតិនឹង​ចាប់ផ្ដើមធ្វើយុទ្ធនាការនេះ ចាប់​ពី​ថ្ងៃ​ទី១០ កក្កដា​នេះ​ត​ទៅ គឺចំថ្ងៃដែលឃាតករបាញ់សម្លាប់ លោក បណ្ឌិត កែម ឡី។ លោកមានប្រសាសន៍ថា មានតែពលរដ្ឋខ្មែររួមគ្នាធ្វើយុទ្ធនាការនេះទេ ទើបអាចរកយុត្តិធម៌​សង្គម​បាន ឬ​យុត្តិធម៌​សំរាប់​ជនរងគ្រោះដែលឃាតករបាញ់សម្លាប់ មនុស្សជាបន្តបន្ទាប់ ដែលករណីខ្លះ បាន​អូសបន្លាយរាប់សិប​ឆ្នាំ​តែ​ឃាតក​នៅ​មាន​សេរីភាព​ដដែល៖ «

ជន​រងគ្រោះ​ដោយ​អំពើ​និទ្ទណ្ឌភាព​មាន​ដូចជា មេ​ដឹក​នាំ​សហជីព លោក ជា វិជ្ជា ត្រូវ​ឃាតករ​បាញ់​សម្លាប់​កាល​ពី​ឆ្នាំ​២០០៤។ យុវជន ម៉ៅ សុខចាន់ ត្រូវ​បាន​កង​កម្លាំង​បាញ់​សម្លាប់​ក្នុង​ពេល​កង​កម្លាំង​ទប់ស្កាត់​បាតុកម្ម មិន​ឲ្យ​ចូល​ក្រុង​ភ្នំពេញ​ក្រោយ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។ ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ឆ្នាំ​២០១២។ សាស្ត្រាចារ្យ​សាលា​វិចិត្រ​សិល្បៈ និង​ជា​តារា​សម្ដែង ពិសិដ្ឋ ពិលីកា ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​នៅ​ឆ្នាំ​១៩៩៩។ តារា​ចម្រៀង កញ្ញា ពៅ បញ្ញាពេជ្រ ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ឲ្យ​ពិការ​នៅ​ឆ្នាំ​២០០៧។ សាស្ត្រាចារ្យ​សាលា​វិចិត្រ​សិល្បៈ និង​ជា​តារា​សម្ដែង កញ្ញា ទូច ស៊ុននិច ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ឲ្យ​ពិការ​នៅ​ឆ្នាំ​២០០៣ អតីត​ចៅ​អធិការ​វត្ត​នន្ទមុនី ព្រះតេជព្រះគុណ សំ ប៊ុនធឿន ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់កាលពី​ឆ្នាំ​២០០៣ សកម្មជន​នយោបាយ និងអ្នកសារព័ត៌មានមួយចំនួនទៀត។

ក្រៅ​ពី​នោះ មាន​ករណី​ហិង្សា និង​បាញ់​សម្លាប់​ជាច្រើន​ទៀត​លើ​សកម្មជន​គណបក្ស​ប្រឆាំង ដូចជា​ ករណី​បាញ់​ប្រហារ​មក​លើ​ហ្វូង​បាតុករ ជាដើម។ ចំណែក​អ្នក​សារព័ត៌មាន​វិញ មាន​ចំនួន ១៣​នាក់ ត្រូវ​ឃាតក​បាន​បាញ់​សម្លាប់​គិត​តាំង​ពី​ឆ្នាំ​១៩៩៤ មក។ ទោះ​ជា​ក្នុង​ករណី​ខ្លះ ឃាតក​ត្រូវ​គេ​ស្គាល់ តែ​ពុំ​មាន​ការ​ស៊ើប​អង្កេត ចោទ​ប្រកាន់ ឬ​ដាក់​ទោស​ឡើយ។ ករណី​ចុង​ក្រោយ គឺ​ឃាតក​បាញ់​សម្លាប់​អ្នក​វិភាគ​ឥត​សំចៃ​មាត់​ដ៏​ល្បីឈ្មោះ គឺបណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ២០១៧ នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ជាដើម។

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ បង្ហើបថា យុទ្ធនាការបំបាត់អំពើ​និទណ្ឌភាព គឺ​ដើម្បី​ឲ្យតុលាការកម្ពុជាធ្វើការដោយឯករាជ្យ ដើម្បីធានាយុត្តិធម៌សង្គម។ លោក​បញ្ជាក់​ថា ក្នុង​ពេល​លោក ហ៊ុន សែន កំពុងដឹកនាំប្រទេសនេះ មិនអាចឲ្យតុលាការឯករាជ្យ និង​កាត់​ក្ដី​ដោយ​យុត្តិធម៌​បាន​ឡើយ។ លោកអះអាងថា ក្នុងស្ថានភាពបែបនេះ គណបក្សសង្រ្គោះជាតិ នឹង​ធ្វើ​យុទ្ធនាការ​ជា​ទ្រង់ទ្រាយ​ធំ ហើយ​ដាក់ពាក្យបណ្ដឹងបន្ថែមទៀត ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដើម្បី​ឲ្យ​រក​យុត្តិធម៌ជូនជន​រង​គ្រោះ ទាំងនេះ៖ «

ឆ្លើយតបនឹងយុទ្ធនាការគណបក្សប្រឆាំងនេះ អ្នកនាំពាក្យក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា សំណុំរឿងនេះទាំង​នេះ មានសំណុំរឿងខ្លះ​តុលាការ​បានបិទ​សំណុំរឿងហើយ ដូចជា ករណី​ឃាតក​បាញ់​សម្លាប់​លោកបណ្ឌិត កែម ឡីជាដើម។ លោក ជិន ម៉ាលីន មានប្រសាសន៍ថា គណបក្ស​ប្រឆាំង ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នោះ ជា​រឿង​អត់​ប្រយោជន៍​ទៅ​វិញ៖ «

លោក សម រង្ស៊ី អះអាងថា សំណុំរឿងដែលលោកបានដាក់ពាក្យប្ដឹងទៅតុលាការព្រហ្មទណ្ឌ​អន្តរជាតិ​កន្លង​មក​ដូចជា​សំណុំរឿង​បោក​គ្រាប់​បែក​នៅ​ថ្ងៃ​ទី៣០ មីនា ឆ្នាំ១៩៩៧ នោះ គឺ​តុលាការ​នេះ​បាន​រក​ឃើញ​អ្នក​នៅ​ពី​ក្រោយខ្នង ការបោកគ្រាប់បែកនេះហើយ៖ «

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិនេះ ​បង្កើត​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ និង​ទទួល​ថវិកា​ប្រចាំ​ឆ្នាំ​ពី​អង្គការ​សហប្រជាជាតិ។ តុលាការនេះ ​មាន​អំណាច​ចាត់ការ​តាម​ច្បាប់​ទៅ​លើ​បុគ្គល​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដូចជា​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម​ជាដើម។

ប្រព័ន្ធ​តុលាការ​កម្ពុជា​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ ថា មិនមែន​ជា​ស្ថាប័ន​ដែល​ផ្ដល់​យុត្តិធម៌​ដោយ​ស្មើភាព​នៅ​ចំពោះ​មុខ​ច្បាប់​ឡើយ​។ ប្រព័ន្ធ​ដោះស្រាយ​ទំនាស់​នៅ​ក្នុង​របប​សព្វថ្ងៃ មិន​សូវ​មាន​ប្រសិទ្ធភាព​រាប់ទាំង​មន្ត្រី​នគរបាល​យុត្តិធម៌ ពិសេស​តុលាការ​ដែល​គេ​រក​ឃើញ​ថា តុលាការ​មិន​ឯករាជ្យ​ ហើយ​បង្កើត​ឲ្យ​មាន​អំពើ​អយុត្តិធម៌​សង្គម ឬ​អំពើ​និទណ្ឌភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។