គណបក្ស​ប្រឆាំង​ថា​ជំនួប​រឿង​លក្ខន្តិកៈ​គណបក្ស​ជាមួយ​ក្រសួង​មហាផ្ទៃ​ត្រូវ​បរាជ័យ

ដោយ ម៉ម មុនីរតន៍
2017-03-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ផ្ដល់​បទសម្ភាសន៍​ក្រោយ​កិច្ច​ប្រជុំ​នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៧។
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ផ្ដល់​បទសម្ភាសន៍​ក្រោយ​កិច្ច​ប្រជុំ​នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Sorn Chanratha

ជំនួប​ទ្វេ​ភាគី​រវាង​គណបក្ស​ប្រឆាំង និង​ក្រសួង​មហាផ្ទៃ បាន​បិទ​បញ្ចប់​ទៅ​វិញ​ហើយ​ក្រោយ​ចំណាយ​ពេល​ជាង ១​ម៉ោង កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​មីនា។ អនុប្រធាន​គណបក្ស​ប្រឆាំង​អះអាង​ថា ជំនួប​ទ្វេ​ភាគី​ដែល​ផ្ដោត​ការ​ពិភាក្សា​លើ​រឿង​ពាក្យ​ស្លោក "ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ" និង​លក្ខន្តិកៈ​ស្ដីពី​គណបក្ស​នយោបាយ ពុំ​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ។

ស្រប​ពេល​គណបក្ស​ប្រឆាំង​ទាត់​ចោល​កិច្ច​ប្រជុំ ដើម្បី​បញ្ចប់​ភាព​ប្រេះស្រាំ​ផ្នែក​នយោបាយ​នេះ មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ថា នឹង​បន្ត​តាមដាន​ទៀត​ពី​ជំហរ​របស់​គណបក្ស​ប្រឆាំង ថា​តើ​នឹង​ប្ដូរ​ឥរិយាបថ​រឿង​សមាជ​វិសាមញ្ញ​ដែល​ធ្វើ​ខុស​លក្ខន្តិកៈ​នេះ​ដែរ​ទេ ហើយ​ចុង​ក្រោយ​អាច​នឹង​ត្រូវ​ប្រើប្រាស់​នីតិវិធី​ដែល​ក្រសួង​មហាផ្ទៃ មាន​អំពី​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​គណបក្ស​នយោបាយ ហើយ​បើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មិន​ព្រម​កែ​ទៅ​តាម​លក្ខន្តិកៈ​ដូច​ដែល​បាន​ចុះ​រួច​ហើយ​នៅ​ក្រសួង​មហាផ្ទៃ ទេ​នោះ ជាពិសេស​រឿង​ការ​រុះរើ​ក្បាល​ម៉ាស៊ីន​គណបក្ស អាច​ប្រឈម​នឹង​ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ហើយ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ លោក ប្រាក់ សំអឿន ផ្ដល់​បទសម្ភាសន៍​ក្រោយ​កិច្ច​ប្រជុំ​នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៧។
អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ លោក ប្រាក់ សំអឿន ផ្ដល់​បទសម្ភាសន៍​ក្រោយ​កិច្ច​ប្រជុំ​នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Sorn Chanratha

ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​បិទ​ទ្វារ ដែល​ប្រើ​ពេល​ជាង ១​ម៉ោង​កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​មីនា នៅ​ក្រសួង​មហាផ្ទៃ លោក ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា នៅ​ពេល​នេះ ខាង​ក្រសួង​មិន​ទាន់​មាន​វិធានការ​អី​តឹងរ៉ឹង​នៅ​ឡើយ​ទេ ហើយ​នៅ​បន្ត​ឃ្លាំ​មើល​ទៀត​អំពី​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​យល់​ឃើញ​ថា សមាជ​វិសាមញ្ញ និង​ពាក្យ​ស្លោក​ជា​រឿង​ត្រឹមត្រូវ​ទៀត ខាង​ក្រសួង​អាច​ត្រូវ​បង្ខំ​ចិត្ត​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ហើយ។ លោក​បន្ត​ថា «តាម​ពិត​ជា​ជំហាន​ក្នុង​ការ​អនុវត្ត​ទៅ​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​លក្ខន្តិកៈ​តម្កល់ អា​ហ្នឹង​គេ​មាន​ជំហាន​របស់​គេ​នៅ​ក្នុង​ការ​អនុវត្ត។ យើង​ជូន​ដំណឹង​ឲ្យ​គាត់​កែប្រែ បើ​គាត់​មិន​កែប្រែ អា​ហ្នឹង​វា​មាន​អី​បន្តបន្ទាប់​ទៀត»

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ អនុប្រធាន​គណបក្ស​ប្រឆាំង លោក អេង ឆៃអ៊ាង យល់​ឃើញ​ថា តាម​ពិត​អ្វី​ដែល​គណបក្ស​ប្រឆាំង​អនុវត្ត​រឿង​រើ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​បក្ស នោះ​វា​ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ស្ថាប័ន​នីមួយៗ​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក​បន្ត​ថា ការ​សើរើ​របស់​ក្រសួង​មហាផ្ទៃ នៅ​ពេល​នេះ វា​មិន​ខុស​អី​ពី​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ស្ថាប័ន​ដទៃ​ឡើយ។ លោក​បន្ត​ថា «កិច្ចការ​ផ្ទៃ​ក្នុង​គណបក្ស​ដូច​សមាគម អា​ហ្នឹង​ជា​រឿង​ឯកជន​របស់​គណបក្ស​ទេ វា​អត់​មាន​រឿង​អី​ទេ។ ប៉ុន្តែ​ឥឡូវ​ហ្នឹង​ក្រសួង​មហាផ្ទៃ គេ​បាន​ចូល​មក​ជ្រៅ​ដែរ​ហ្នឹង។ អា​ហ្នឹង​ចាំ​យើង​ពិនិត្យ​ទៅ​តាម​ហ្នឹង»

ក្រៅ​ពី​នេះ លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ជំនួប​ដែល​ធ្វើ​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​មីនា ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​ដែល​នៅ​សេសសល់​នេះ ជា​ការ​ជួប​គ្នា​ដែល​គ្មាន​លទ្ធផល​អ្វី​ឡើយ។ ក្រោយ​កិច្ច​ប្រជុំ​បាន​បិទ​បញ្ចប់ ទាំង​តំណាង​ក្រសួង​មហាផ្ទៃ និង​ភាគី​ខាង​គណបក្ស​ប្រឆាំង សុទ្ធតែ​បាន​អះអាង​ថា ក្រៅ​ពី​ជំនួប​មិន​មាន​ផល​ចំណេញ និង​បាន​ត្រឹម​ស្គាល់​គ្នា​ហើយ ដោយឡែក​សម្រាប់​ជំនួប​លើក​ក្រោយ​ទៀត នឹង​មិន​មាន​ទៀត​នោះ​ដែរ។

ទាក់ទិន​រឿង​នេះ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ក្រសួង​មហាផ្ទៃ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ឲ្យ​បក្ស​ប្រឆាំង ដោយ​ចាត់​ទុក​ថា សមាជ​វិសាមញ្ញ​ដើម្បី​រើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​បក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា គឺ​បាន​អនុវត្ត​ផ្ទុយ​ពី​ប្រការ​៤៧ ត្រេ​ទី​២ នៃ​លក្ខន្តិកៈ​គណបក្ស​នយោបាយ។

ប្រាប់​ក្រុម​អ្នក​កាសែត​ក្រៅ​កិច្ច​ប្រជុំ លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ជំនួប​កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ មីនា គឺ​ខាង​ក្រសួង​មហាផ្ទៃ ពុំ​មាន​ដំណោះស្រាយ​អ្វី​ថ្មី​ក្រៅ​ពី​ជំរុញ​ឲ្យ​បក្ស​ប្រឆាំង ត្រូវ​អនុវត្ត​តាម​ខ្លឹមសារ​ដូច​ដែល​លិខិត​ក្រសួង​មហាផ្ទៃ បាន​ជូន​ដំណឹង​រួច​ហើយ​នោះ​ឡើយ។

បើ​ទោះ​ជា​បែប​ណា គណបក្ស​ប្រឆាំង​បញ្ជាក់​ជំហរ​ថា នឹង​នៅ​តែ​បន្ត​អនុវត្ត​ដូច​សេចក្ដី​សម្រេច​ដែល​មាន​ស្រាប់​ដដែល។ ម្យ៉ាង​ទៀត លក្ខន្តិកៈ​ចាស់ និង​ថ្មី លោក កឹម សុខា នៅ​តែ​ជា​ប្រធាន​គណបក្ស​មិន​មាន​ការ​ប្រែប្រួល​នោះ​ទេ។

ភ្លាមៗ​ក្រោយ​សមាជ​វិសាមញ្ញ​បាន​ជ្រើសរើស​លោក កឹម សុខា ធ្វើ​ជា​ប្រធាន​ជំនួស​លោក សម រង្ស៊ី ដែល​បាន​លាលែង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ លោក ហ៊ុន សែន ក៏​បាន​ចេញ​លិខិត​សាទរ​ចំពោះ​មុខ​តំណែង​នេះ​ភ្លាម​ដែរ។ បញ្ហា​នេះ អ្នក​វិភាគ​មើល​ឃើញ​ថា នេះ​អាច​ជា​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ ចំពោះ​ការ​រុះរើ​ក្បាល​ម៉ាស៊ីន​នេះ​រួច​ជា​ស្រេច​ទៅ​ហើយ។

ផ្ទុយ​ពី​នេះ លោក ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ យល់​ឃើញ​ថា រឿង​លោក​នាយក​រដ្ឋមន្ត្រី​ចេញ​សារ​គាំទ្រ​បេក្ខភាព​លោក កឹម សុខា វា​គឺ​ជា​រឿង​មួយ​ផ្សេង ប៉ុន្តែ​ចំពោះ​ក្រសួង​មហាផ្ទៃ វិញ គឺ​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់។ លោក​បន្ត​ថា ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​របស់​គណបក្ស​ប្រឆាំង ត្រូវ​តែ​ដោះស្រាយ។ លោក​បន្ត​ថា «សម្ដេច​នាយក​រដ្ឋមន្ត្រី​លោក​ជា​ប្រធាន​បក្ស​មួយ​ដោយឡែក ហើយ​លោក​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​មួយ​ដោយឡែក។ រឿង​ហ្នឹង​គឺ​ដាច់​ពី​គ្នា អត់​មាន​ជាប់​គ្នា អត់​មាន​ជាប់​ពាក់ព័ន្ធ​គ្នា​ទេ។ ប៉ុន្តែ​មួយ​ក្នុង​នាម​រដ្ឋាភិបាល ខ្ញុំ​ជា​អ្នក​អនុវត្ត​ច្បាប់ ត្រូវ​តែ​អនុវត្ត​ច្បាប់​តែ​ប៉ុណ្ណឹង»

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ យល់​ឃើញ​ថា ប្រសិន​បើ​វិបត្តិ​នយោបាយ​នេះ​នៅ​តែ​មិន​អាច​បញ្ចប់​ភាព​ជាប់​គាំង​បាន​ទេ មាន​ន័យ​ថា គណបក្ស​ប្រឆាំង​ត្រូវ​ត្រឡប់​ទៅ​អនុវត្ត​កម្មវិធី​នយោបាយ​ដូច​មុន​ថ្ងៃ​សមាជ​វិសាមញ្ញ​គណបក្ស​ឡើង​វិញ ទើប​អាច​បញ្ចប់​វិបត្តិ​នៅ​ពេល​នេះ។

តំណាង​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ប្រសិន​បើ​គណបក្ស​ប្រឆាំង​ព្រម​កែ​តម្រូវ​ដូច​លិខិត​របស់​ក្រសួង​មហាផ្ទៃ ដាក់​ចេញ​នោះ អ្វីៗ​នឹង​ត្រូវ​បញ្ចប់​ហើយ។

បើ​ទោះ​ជា​បែប​ណា អ្នក​វិភាគ​ចាត់​ទុក​ថា នេះ​ជា​សេចក្ដី​សម្រេច​សម្រាប់​បទបញ្ជា​ផ្ទៃ​ក្នុង​បក្ស​របស់​ស្ថាប័ន​នីមួយៗ​ប៉ុណ្ណោះ ដែល​វា​ពុំ​មែន​ជា​ច្បាប់​កំណត់​តម្រូវ​ឡើយ។ ប៉ុន្តែ​រឿង​នេះ អាច​ចាត់​ទុក​ថា​អាច​ជា​ការ​ចាប់​បង្ខំ ឬ​ជា​ការ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​បក្ស​នយោបាយ​ដទៃ​របស់​ក្រសួង​មហាផ្ទៃ ដែល​វា​ពុំ​ចាំបាច់​ឡើយ៕

គណបក្ស​ប្រឆាំង​អះអាង​ថា ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​ដំណើរការ​សមាជ​វិសាមញ្ញ​បក្ស​ប្រឆាំង

 

គណបក្ស​ប្រឆាំង ឲ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ បាន​ទទួល​ស្គាល់​សមាជ​វិសាមញ្ញ និង​វិសោធនកម្ម​ប្រការ​មួយ​ចំនួន​នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​ឡើង​កាល​ពី​ពេល​កន្លង​ទៅ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ផ្សព្វផ្សាយ​មុន​នេះ​បន្តិច​ថា ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​ដំណើរការ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ប្រឆាំង។ បន្ថែម​ពី​លើ​នេះ មិន​ជំទាស់​ការ​ធ្វើ​វិសោធនកម្ម​ប្រការ​៤៥ និង​ប្រការ​៤៧ នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថែម​ទៀត​ផង។ ក្រៅ​ពី​នេះ អ្វី​ដែល​នៅ​ខ្វែង​គំនិត​គ្នា​នោះ គណបក្ស​ប្រឆាំង​នឹង​រក​ដំណោះស្រាយ​សមស្រប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

tmil Hun Sen fear himself in reelection coming 2018

Every world leaders or any political parties around the world if their president,pm,king or any political party leader died,the people those countries will elect vice-president,or vice-pm or vice-political party member to take over or their political party will elect someone as their leader to lead the country or lead the party.But, except the one tmil HunSen's commie puppet govn't that violating the rule of law,national constitution law and international rule of law"HunSen's criminal conspiracy".This horrible govm't pundits will face a justice by people of power ahead,there is no any countries around the world so violated unlike Hun Sen commie radical group with mean to commit to destroy its opponent party"this is a criminal".

Mar 30, 2017 02:47 PM

ចាន់ណា

ពី កំពង់ស្ពឺ

ខ្ញុំគិតថា ជំហានបន្តដែលគណបក្សសង្រ្គោះជាតិត្រូវធ្វើគឺ៖
១. ជួបពិភាក្សាផ្ទាល់ជាមួយ គ.ជ.ប ថាតើនិងមានផលវិបាក​អ្វីកើតឡើង (តាមផ្លូវច្បាប់) បើលោក កឹម សុខាក្នុងនាម​ប្រធានថ្មី បានចុះហត្ថ​លេខាលើឯកសារនានាបញ្ជូនទៅគ.ជ.ប ជាពិសេសបញ្ជូន​ឈ្មោះបេក្ខជនឃុំសង្កាត់ទៅគ.ជ.បហើយ តែបើត្រូវធ្វើការជ្រើសរើសថ្មីវិញតាមការតំរូវរបស់ក្រសួងមហាផ្ទៃ ត្រូវមាននិតិវិធីសម្រួលបែបណាដើម្បីឱ្យស្របតាមច្បាប់បោះឆ្នោត។
២. ជំរុញឱ្យក្រសួងមហាផ្ទៃចេញជាការបញ្ជាក់ផ្លូវការថាតើ សមាជដែលកែប្រែលក្ខនិ្តកៈ និងការផ្លាស់ប្តូរលើចំនុច​ផ្សេងៗ​ទៀត (លើកលែងតែការជ្រើសរើសប្រធាន អនុប្រធាន) តើត្រឹម​ត្រូវតាមផ្លូវច្បាប់ដែរឬទេ។ តើបន្ទាប់ពីការទទួលស្គាល់យូរប៉ុណ្ណា​ទើប​អាចជ្រើសរើសប្រធានបក្សថ្មីបាន (ព្រោះច្បាប់​គណបក្ស​ថ្មីកំណត់ថា ៩០ថ្ងៃយ៉ាងយូរត្រូវរើសមេបក្សថ្មី)? បន្ទាប់មកធ្វើការ​ជ្រើសរើសប្រធាន អនុប្រធានតាមអ្វីដែល​បាន​កែប្រែក្នុងលក្ខន្តិកៈ (ដោយគណៈកម្មការនាយក​ ករណីអាណ្ណតិប្រធាននៅសល់​តិច​ជាង១៨ខែ)។
៣. ជួបជាមូយនាយករដ្ឋមន្រ្តី ឬតំណាងមុនចូលឆ្នាំឱ្យជួយ​សម្រួល (ថោកអីនឹងដៃ ថ្លៃអីនឹងមាត់។ ទាក់ទងគេទៅ សំខាន់ឆ្ពោះទៅរកការបោះឆ្នោត។ បើគេមិនព្រម អាណឹងវានឹងកាន់តែល្អមើល ដោយសាធារណៈជនវាយតម្លៃបានកាន់តែច្បាស់ថាវាយ៉ាងម៉េច)។
៤. ជួបជាមូយអង្គទូតនានាជំរុញឱ្យមានការគាំទ្រដល់ដំណើរ​ការទទួលស្គាល់ (ដោយកម្ពុជា) នូវប្រធាន អនុប្រធាន និងការ​ចូលរួមរបស់បក្សសង្រ្គោះជាតិក្នុងការបោះឆ្នោតឃុំសង្កាត់តាមផ្លូវច្បាប់។ល។

Mar 29, 2017 10:50 PM

គេហទំព័រ​ទាំងមូល