ស្ត្រីសកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តត្បូងឃ្មុំម្នាក់ បន្តតស៊ូបីកូនតូចអាយុជិត ៣ខែរត់គេចខ្លួនរកទីកន្លែងមានសុវត្ថិភាព បន្ទាប់ពីតុលាការខេត្តត្បូងឃ្មុំ ផ្ដន្ទាទោសលោកស្រី ឲ្យជាប់ពន្ធនាគារ ឡើងវិញរយៈពេល ៧ឆ្នាំ ក្រោមបទចោទប្រកាន់សំណុំរឿងរួមគំនិតក្បត់។ មន្ត្រីសិទ្ធិមនុស្ស យល់ថា ប្រសិនបើ គ្មានដោះស្រាយវិបត្តិនយោបាយទេ គឺពលរដ្ឋនឹងបន្តរងគ្រោះជាបន្តបន្ទាប់។
ក្រុមប្រឹក្សាជាប់ឆ្នោតគណបក្សសង្គ្រោះជាតិឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ លោកស្រី មាន ឡា ប្រាប់អាស៊ីសេរី នៅថ្ងៃទី៣ ខែតុលា ថា លោកស្រី និងកូនស្រីតូចអាយុ ២ខែកន្លះ កំពុងលាក់ខ្លួននៅក្នុងព្រៃ ហើយកំពុងព្យាយាមរកផ្លូវទៅក្រៅប្រទេស ដើម្បីគេចចេញពីការតាមប្រមាញ់របស់អាជ្ញាធររបបក្រុងភ្នំពេញ។ លោកស្រី មាន ឡា បញ្ជាក់ថា លោកស្រី ផ្ដើមនាំកូនស្រី រត់គេចខ្លួនចូលព្រៃរយៈពេលជាង ១០ថ្ងៃមកហើយ ចាប់ពីថ្ងៃទី២២ ខែកញ្ញាមក ក្រោយពេលតុលាការខេត្តត្បូងឃ្មុំ ប្រកាសក្រមផ្ដន្ទាទោសឲ្យជាប់គុក៧ឆ្នាំ និងមានដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួនឡើងវិញ។ លោកស្រី មាន ឡា ឲ្យដឹងថា មកទល់ពេលនេះ លោកស្រី មិនទាន់ធ្វើដំណើរដល់ទីកន្លែងមានសុវត្ថិភាពនៅឡើយ៖ «អ្វីដែលឈឺចាប់បំផុត ខ្ញុំអាណិតកូនតូចដែលគ្នាមកលំបាកជាមួយខ្ញុំ ប៉ុន្តែគិតទៅវាមិនមានអីចម្លែកទេសម្រាប់របបមួយនេះ ។ ដើមឡើយខ្ញុំគិតថា គេមិនចាប់អារម្មណ៍ត្រឹមសកម្មជនមូលដ្ឋានដូចរូបខ្ញុំ គិតថា គេមិនធ្វើអីទេ ហើយគិតថា គេគ្រាន់តែចាប់ដាក់គុកមួយរយៈអីចឹងទៅ តែក្រោយមកគេនឹងមិនធ្វើឲ្យមានកេរ្តិ៍ឈ្មោះអាស្រូវសម្រាប់រដ្ឋាភិបាល ក្រុងភ្នំពេញសព្វថ្ងៃនេះទេ ប៉ុន្តែវាផ្ទុយស្រឡះពីការគិតរបស់ខ្ញុំ ព្រោះសូម្បីតែខ្ញុំជាកូនចាបមួយ ក៏គេតាមប្រមាញ់មិនលើកលែងដែរ។ អ្វីដែលខ្ញុំខ្លោចចិត្តនោះគឺអាណិតកូនដែលគ្នានៅតូច ត្រូវបីគ្នា រត់គេចពីការតាមចាប់»។
លោកស្រី មាន ឡា រៀបរាប់ថា ប្រសិនបើលោកស្រី មិនរត់គេចខ្លួនទេ គឺនឹងត្រូវអាជ្ញាធររបបក្រុងភ្នំពេញ ចាប់ឃុំខ្លួនជាលើកទី២ ទាំងអយុត្តិធម៌ ដោយសារតែការបញ្ចេញមតិតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook ) គាំទ្រដំណើរមាតុភូមិនិវត្តន៍លើកទី១ របស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្សី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩៖ «តុលាការនៃរបបក្រុងភ្នំពេញ ចោទខ្ញុំថា ក្បត់ជាតិនេះ វាជាចរិតនយោបាយសុទ្ធសាធ ព្រោះខ្ញុំឯណាទៅកាប់ព្រៃឈើលក់ ទៅបូកខ្សាច់លក់ ទៅលក់ដីឲ្យបរទេស ហើយមានទៅនាំចូលគ្រឿងញៀនអីឯណា គ្រាន់តែបញ្ចេញមតិតាមហ្វេសប៊ុកសោះ ហើយការបញ្ចេញមតិនោះទៀតសោត មានទៅរិះគន់រដ្ឋាភិបាលអាក្រក់អីណា ដូច្នេះអត់សមថា មកចោទខ្ញុំថា ក្បត់ជាតិនោះទេ»។
តុលាការខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២២ ខែកញ្ញា បានប្រកាសសាលក្រមផ្ដន្ទាទោសសកម្មជនបក្សប្រឆាំង ៧នាក់ឲ្យជាប់ពន្ធនាគារពី ៥ឆ្នាំទៅ ៧ឆ្នាំ ពីបទរួមគំនិតក្បត់ ដែលជាសំណុំរឿងចាស់ កាលពីឆ្នាំ២០១៩។ ក្នុងចំណោម ៧នាក់នោះ គឺមាន ៥នាក់ ត្រូវបានសាលាដំបូងខេត្តត្បូងឃ្មុំសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៧ឆ្នាំ និងចេញដីកាតាមចាប់ខ្លួនឡើងវិញ ចំណែកពីរនាក់ទៀត ផ្ដន្ទាទោសឲ្យជាប់៥ឆ្នាំ តែព្យួរទោសសាកល្បង ហើយម្នាក់ក្នុងចំណោមពីរនាក់នេះ បានសារភាពចូលរួមជាមួយគណបក្សប្រជាជនកម្ពុជារួចហើយ។ រីឯសកម្មជនទាំង៥នាក់ ដែលត្រូវបានផ្ដន្ទាទោស ៧ឆ្នាំនោះ គឺមានម្នាក់កំពុងជាប់ឃុំនៅ ពន្ធនាគារព្រៃស ហើយ២នាក់កំពុងរស់នៅភៀសខ្លួននៅក្រៅប្រទេស និង២នាក់ទៀត រួមមានលោកស្រី មាន ឡា កំពុងគេចខ្លួននៅក្នុងប្រទេសនៅឡើយ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាដំបូងខេត្តត្បូងឃ្មុំ លោក ថេង ជាង និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ រីឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន សុំមិនធ្វើអត្ថាធិប្បាយលើរឿងនេះទេ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ប្រសិនបើស្ថានភាពនយោបាយនៅតានតឹងរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង គឺប្រជាពលរដ្ឋនឹងបន្តរងគ្រោះ ព្រោះករណីបែបនេះ ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ មិនមែនជាការអនុវត្តច្បាប់នោះទេ៖ «ខ្ញុំចង់ឲ្យអ្នកនយោបាយទាំងអស់នេះ គិតគូរអំពីឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ជាធំ ជាជាងផលប្រយោជន៍នយោបាយនិងបក្ស។ ទាក់ទងនឹងបញ្ហាទាំងអស់នេះ យើងឃើញថា សហគមន៍អន្តរជាតិ ទាំងសហគមន៍អឺរ៉ុប ទាំងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ គេចាត់ទុកថា វាជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់»។
របបក្រុងភ្នំពេញ បានចាប់ផ្តើមបង្ក្រាប និងចាប់ខ្លួនសកម្មជនបក្សប្រឆាំង សកម្មជនសង្គម និងយុវជនជាបន្តបន្ទាប់ បន្ទាប់ពីចាប់ខ្លួនមេដឹកនាំសហជីពដ៏មានឥទ្ធិពលមួយរូប គឺលោក រ៉ុង ឈុន និងក្រោយពេលមេបក្សប្រឆាំង លោក សម រង្ស៊ី ប្រកាសអំពីគម្រោងវិលចូលស្រុកជាលើកទី២។
ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ កាលពីថ្ងៃទី១ ខែតុលា ក្រុមប្រទេសប្រជាធិបតេយ្យសេរីធំៗ រួមមានសហភាពអឺរ៉ុប បារាំង បែលហ្សិក អូស្ត្រាលី ស្វីស ចក្រភពអង់គ្លេស នូវែលហ្សេឡង់ អៀរឡង់ ជប៉ុន និង កូរ៉េខាងត្បូងជាដើម សុទ្ធតែបញ្ជាក់ជំហរស្របគ្នា និងទាមទារឲ្យរបបក្រុងភ្នំពេញ ស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ដោយបញ្ឈប់ការបង្ក្រាបសំឡេងប្រឆាំង និងធ្វើទុក្ខបុកម្នេញអ្នកហ៊ានតវ៉ាប្រឆាំងរដ្ឋាភិបាល និងបញ្ហាសង្គមដោយសន្តិវិធីតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។