មន្ត្រីគណបក្សសង្គ្រោះជាតិ ក្រុងបាត់ដំបង ត្រៀមរៀបចំពាក្យបណ្ដឹងដាក់ទៅសមត្ថកិច្ចមូលដ្ឋាន តាមរកមុខសញ្ញាជនដៃដល់ដែលលួចកាត់បំផ្លាញស្លាកគណបក្សនេះមួយផ្ទាំងធំ យកទៅបោះចោលក្នុងប្រឡាយទឹក ដើម្បីឲ្យទទួលខុសត្រូវចំពោះមុខច្បាប់។ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឪម៉ាល់ បញ្ជាក់ថា ករណីនេះជនអនាមិកបង្កសកម្មភាពនៅពេលយប់ ហើយអាចមានគ្នាជាក្រុមចាប់ពី ២នាក់ឡើងទៅ។
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង បានប្រតិកម្មភ្លាមៗទៅនឹងជនមិនស្គាល់មុខដែលលួចកាត់បំផ្លាញស្លាកគណបក្សខ្លួន ថាជាចេតនាមួយគំរាមកំហែងផ្នែកនយោបាយលើគណបក្សប្រឆាំងថ្នាក់មូលដ្ឋាន។ ស្លាកសញ្ញាគណបក្សដែលជនមិនស្គាល់មុខបំផ្លាញនោះ មានបណ្ដោយជាង ២ម៉ែត្រនិងទទឹងជិតមួយម៉ែត្រកន្លះ ដោយដាក់សសរដែកអាលុយមីញ៉ូមកម្ពស់ ៣ម៉ែត្រពីដី។
អនុប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ក្រុងបាត់ដំបង លោក យួម ដូង ប្រាប់វិទ្យុអាស៊ីសេរី ពីទីកន្លែងបំផ្លាញស្លាកគណបក្សនៅព្រឹកថ្ងៃទី២៣ មិថុនា ថា ស្លាកគណបក្សមួយនេះ ក្រុមការងាររបស់លោកបានយកទៅដាក់បញ្ឈរកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ហើយត្រូវជនមិនស្គាល់មុខ លួចកាត់ផ្ដាច់សសរអាលុយមីញ៉ូម រួចលើកយកទៅបោះចោលក្នុងប្រឡាយទឹកក្បែររង្វង់មូលនាងរំសាយសក់ ភូមិសាលាបាឡាត់ សង្កាត់ឪម៉ាល់ ក្រុងបាត់ដំបង នៅយប់ថ្ងៃទី២២ មិថុនា៖ « នេះគឺជាការគំរាមកំហែងផ្នែកនយោបាយមួយដ៏ធ្ងន់ធ្ងរ ដោយយោងទៅលើសភាពការណ៍នយោបាយថ្នាក់ជាតិកំពុងតែឡើងកម្ដៅនោះ ហើយបានគំរាមកំហែងមកដល់ថ្នាក់មូលដ្ឋានទៀត »។
ទាក់ទងនឹងបញ្ហានេះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឪម៉ាល់ លោក អែម ទីណា មានប្រសាសន៍ថា បន្ទាប់ពីលោកទទួលដំណឹងពីសកម្មជនគណបក្សសង្គ្រោះជាតិ ភ្លាម លោកបានចុះទៅពិនិត្យដល់ទីកន្លែង ហើយសន្និដ្ឋានថា ករណីនេះជនដៃដល់ធ្វើសកម្មភាពនៅពេលយប់ ហើយអាចមានគ្នាជាក្រុមចាប់ពី ២នាក់ឡើងទៅ៖ « ខ្ញុំមិនទាន់ទទួលបានពាក្យបណ្ដឹងពីសកម្មជនបក្សសង្គ្រោះជាតិ នៅឡើយ តែមន្ត្រីគណបក្សសង្គ្រោះជាតិ បានទូរស័ព្ទប្រាប់ខ្ញុំ ហើយខ្ញុំក៏បានចុះទៅមើលដល់ទីកន្លែងនោះ។ ប៉ុន្តែយើងមិនទាន់កំណត់មុខសញ្ញាជនដៃដល់បាននៅឡើយ »។
ទោះបីជាយ៉ាងនេះក្ដី មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (LICADHO) ខេត្តបាត់ដំបង លោក ហេង សាយហុង មានប្រសាសន៍ថា ករណីនេះ គឺជាការគំរាមកំហែងផ្នែកនយោបាយដោយប្រយោលពីសំណាក់ជនអនាមិក ទៅលើមន្ត្រីគណបក្សប្រឆាំង។ លោកបញ្ជាក់ថា សមត្ថកិច្ចពាក់ព័ន្ធគប្បីតាមរកមុខសញ្ញា និងចាប់ជនដៃដល់មកផ្ដន្ទាទោសឲ្យបាន៖ « អ៊ីចឹងសូមបើកការស៊ើបអង្កេតឲ្យបានច្បាស់លាស់ ព្រោះយើងមើលឃើញថា សកម្មភាពនេះជនមិនស្គាល់រកលេសបង្កបញ្ហាទៅលើគណបក្សប្រឆាំងថ្នាក់មូលដ្ឋាន »។
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង ប្រមាណ ១០នាក់ បានបោះបង្គោលលើកស្លាកគណបក្សនេះឡើងវិញ នៅព្រឹកថ្ងៃទី២៣ មិថុនា។ អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ក្រុងបាត់ដំបង បញ្ជាក់ថា នឹងដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឪម៉ាល់ នៅថ្ងៃទី២៤ មិថុនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។