ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និយាយថា អ្នកការពាររដ្ឋធម្មនុញ្ញចុងក្រោយ គឺពលរដ្ឋ ប្រសិនបើស្ថាប័នរបស់រដ្ឋមិនអាចការពារច្បាប់កំពូលមួយនេះបាន។ លោក កឹម សុខា ថ្លែងបែបនេះក្នុងខួប ២៣ឆ្នាំនៃទិវាប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នាទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែលើ ក្រុងភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា។
ថ្លែងនៅមុខអ្នកគាំទ្រប្រមាណ ៤០០នាក់ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អានផ្នែកខ្លះនៃរដ្ឋធម្មនុញ្ញ ហើយមានពេលខ្លះលោកថ្លែងបែបឌឺដងរឿងសិទ្ធិប្រើប្រាស់អាវុធ។ លោកថា ប្រសិនបើអ្នកនយោបាយនៅពេលចូលកាន់តំណែង ប៉ុន្តែគោរពរដ្ឋធម្មនុញ្ញមិនបានពេញលេញ ប្រជាពលរដ្ឋគឺជាតុលាការវិនិច្ឆ័យ៖ « កាន់កាំភ្លើងការពារខាងក្រៅណា មិនមែនកាន់កាំភ្លើងមកលេងគ្នាឯងទេ»។
លោក កឹម សុខា លើកឡើងថា អំណាចរដ្ឋទាំងអស់កើតចេញពីពលរដ្ឋ ដូច្នេះប្រសិនបើរដ្ឋធម្មនុញ្ញត្រូវបានស្ថាប័ននានារំលោភបំពាន មានតែពលរដ្ឋជាអ្នកការពាររដ្ឋធម្មនុញ្ញ៖ « បើសិនស្ថាប័ននានាការពាររដ្ឋធម្មនុញ្ញមិនបានត្រឹមត្រូវទេ តើអ្នកណាជាអ្នកមានអំណាចធំការពាររដ្ឋធម្មនុញ្ញ ? មានតែអំណាចប្រជាពលរដ្ឋទេដែលចុងក្រោយគេបង្អស់ នៅពេលមានគេរំលោភរដ្ឋធម្មនុញ្ញ»។
ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបទឈប់បាញ់ក្នុងរដូវបុណ្យទានរួចមក ទាំងលោក ហ៊ុន សែន ផ្ទាល់ ឬគណបក្សប្រឆាំងមិនបង្ហាញសារនយោបាយវាយប្រហារគ្នា ឬចោទប្រកាន់គ្នាដូចមួយរយៈពេលមុននោះទេ។ ជាក់ស្តែង ការប្រារព្ធពិធីរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៤ ខែកញ្ញា គ្មានសមត្ថកិច្ចណាបិទផ្លូវរារាំងពលរដ្ឋ ឬធ្វើសមយុទ្ធនៅម្តុំទីស្នាក់ការគណបក្សសង្គ្រោះជាតិ នោះដែរ។ ចំណែកក្រុមសមាជិកសភាបក្សប្រឆាំង ក៏មិនថ្លែងវាយប្រហារទៅរដ្ឋាភិបាលដែរ។
ពលរដ្ឋម្នាក់ លោកស្រី លីននាង ឃុននី យល់ថា ដើម្បីការពាររដ្ឋធម្មនុញ្ញ លោកស្រីត្រូវចុះឈ្មោះដើម្បីបោះឆ្នោតជ្រើសរើសមេដឹកនាំណាដែលគោរពរដ្ឋធម្មនុញ្ញ។ ពលរដ្ឋរូបនេះបន្តទៀតថា ប្រសិនបើបោះឆ្នោតរួចហើយ អ្នកដឹកនាំប្រទេសមិនគោរពរដ្ឋធម្មនុញ្ញ ពលរដ្ឋមានតែប្រមូលផ្តុំគ្នាធ្វើបាតុកម្មដើម្បីការពាររដ្ឋធម្មនុញ្ញ៖ « យើងចូលរួមចុះឈ្មោះ នៅពេលឆ្នាំ២០១៧ ឆ្នាំ២០១៨ យើងនឹងបោះឆ្នោតជ្រើសរើសមេដឹកនាំល្អការពារច្បាប់ ការពាររដ្ឋធម្មនុញ្ញ»។
រដ្ឋធម្មនុញ្ញ ត្រូវបានប្រកាសឲ្យប្រើកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ មកដល់ពេលនេះ រដ្ឋធម្មនុញ្ញមានអាយុ ២៣ឆ្នាំហើយ។
អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ លោក ម៉ោញ សុផាន មានប្រសាសន៍ថា ច្បាប់កំពូលដែលមាន ១៥៨មាត្រានេះ ត្រូវបានជ្រើសចេញពីរដ្ឋធម្មនុញ្ញចាស់ពីឆ្នាំ១៩៤៧ ដល់ឆ្នាំ១៩៧០ រដ្ឋធម្មនុញ្ញសម័យ លន់ ណុល ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ និងរដ្ឋធម្មនុញ្ញសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩០។ លើកលែងតែរដ្ឋធម្មនុញ្ញក្នុងរបប ប៉ុល ពត ទេមិនយកមកប្រើ។ ក្រៅពីនេះ ក៏មានឯកសារពាក់ព័ន្ធនានាដូចជា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងឯកសាររបស់បណ្ដាប្រទេសនានាជាសមាជិកនៃអង្គការសហប្រជាជាតិ មករួមបញ្ចូលផងដែរ។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាន នី និយាយថា រដ្ឋធម្មនុញ្ញបង្កើតមកដើម្បីការពារសិទ្ធិរបស់ពលរដ្ឋ ដូច្នេះប្រសិនបើរដ្ឋាភិបាលយករដ្ឋធម្មនុញ្ញទៅត្រួតត្រាពលរដ្ឋ ពលរដ្ឋនឹងទាមទារមកវិញតាមរយៈការបោះឆ្នោត។ ជាងនេះទៅទៀត លោកថាក្នុងករណីអ្នកដឹកនាំប្រទេសមួយចំនួនដែលរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ ពលរដ្ឋអាចក្រោកឡើងធ្វើបដិវត្តន៍ពណ៌ដើម្បីទម្លាក់រដ្ឋាភិបាលនោះតែម្តង៖ « ពលរដ្ឋអាចផ្ដួលរំលំតែម្តងដោយបដិវត្តន៍ពណ៌ បើសិនពលរដ្ឋមិនចិត្តខ្លាំង ហើយរដ្ឋាភិបាលនៅតែចចេស ពលរដ្ឋនឹងរំលំចោលដូចនៅប្រទេសមួយចំនួនអ៊ីចឹង»។
នៅរយៈពេលចុងក្រោយនេះ បន្ទាប់ពីតុលាការចាប់ចងសមាជិកសភាបក្សប្រឆាំងទាំងមានអភ័យឯកសិទ្ធិ និងការចោទប្រកាន់មួយចំនួនលើថ្នាកដឹកនាំគណបក្សនេះ គណបក្សសង្គ្រោះជាតិ ចោទប្រកាន់ថា រដ្ឋាភិបាល រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា រំលោភរដ្ឋធម្មនុញ្ញ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ច្រានចោលការចោទប្រកាន់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។