លោក កឹម សុខា ថា​អ្នក​ការពារ​រដ្ឋធម្មនុញ្ញ​ចុង​ក្រោយ​គឺ​ជា​ពលរដ្ឋ

0:00 / 0:00

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និយាយ​ថា អ្នក​ការពារ​រដ្ឋធម្មនុញ្ញ​ចុង​ក្រោយ គឺ​ពលរដ្ឋ ប្រសិន​បើ​ស្ថាប័ន​របស់​រដ្ឋ​មិន​អាច​ការពារ​ច្បាប់​កំពូល​មួយ​នេះ​បាន។ លោក កឹម សុខា ថ្លែង​បែប​នេះ​ក្នុង​ខួប ២៣​ឆ្នាំ​នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ សង្កាត់​ចាក់អង្រែលើ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២៤ ខែ​កញ្ញា។

ថ្លែង​នៅ​មុខ​អ្នក​គាំទ្រ​ប្រមាណ ៤០០​នាក់ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អាន​ផ្នែក​ខ្លះ​នៃ​រដ្ឋធម្មនុញ្ញ ហើយ​មាន​ពេល​ខ្លះ​លោក​ថ្លែង​បែប​ឌឺដង​រឿង​សិទ្ធិ​ប្រើប្រាស់​អាវុធ។ លោក​ថា ប្រសិន​បើ​អ្នក​នយោបាយ​នៅ​ពេល​ចូល​កាន់​តំណែង ប៉ុន្តែ​គោរព​រដ្ឋធម្មនុញ្ញ​មិន​បាន​ពេញលេញ ប្រជាពលរដ្ឋ​គឺ​ជា​តុលាការ​វិនិច្ឆ័យ « កាន់​កាំភ្លើង​ការពារ​ខាង​ក្រៅ​ណា មិន​មែន​កាន់​កាំភ្លើង​មក​លេង​គ្នា​ឯង​ទេ»

លោក កឹម សុខា លើក​ឡើង​ថា អំណាច​រដ្ឋ​ទាំងអស់​កើត​ចេញ​ពី​ពលរដ្ឋ ដូច្នេះ​ប្រសិន​បើ​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ស្ថាប័ន​នានា​រំលោភ​បំពាន មាន​តែ​ពលរដ្ឋ​ជា​អ្នក​ការពារ​រដ្ឋធម្មនុញ្ញ៖ « បើ​សិន​ស្ថាប័ន​នានា​ការពារ​រដ្ឋធម្មនុញ្ញ​មិន​បាន​ត្រឹមត្រូវ​ទេ តើ​អ្នក​ណា​ជា​អ្នក​មាន​អំណាច​ធំ​ការពារ​រដ្ឋធម្មនុញ្ញ ? មាន​តែ​អំណាច​ប្រជាពលរដ្ឋ​ទេ​ដែល​ចុង​ក្រោយ​គេ​បង្អស់ នៅ​ពេល​មាន​គេ​រំលោភ​រដ្ឋធម្មនុញ្ញ»

ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បទ​ឈប់​បាញ់​ក្នុង​រដូវ​បុណ្យ​ទាន​រួច​មក ទាំង​លោក ហ៊ុន សែន ផ្ទាល់ ឬ​គណបក្ស​ប្រឆាំង​មិន​បង្ហាញ​សារ​នយោបាយ​វាយ​ប្រហារ​គ្នា ឬ​ចោទ​ប្រកាន់​គ្នា​ដូច​មួយ​រយៈពេល​មុន​នោះ​ទេ។ ជាក់ស្តែង ការ​ប្រារព្ធ​ពិធី​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា គ្មាន​សមត្ថកិច្ច​ណា​បិទ​ផ្លូវ​រារាំង​ពលរដ្ឋ ឬ​ធ្វើ​សមយុទ្ធ​នៅ​ម្តុំ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ដែរ។ ចំណែក​ក្រុម​សមាជិក​សភា​បក្ស​ប្រឆាំង ក៏​មិន​ថ្លែង​វាយ​ប្រហារ​ទៅ​រដ្ឋាភិបាល​ដែរ។

ពលរដ្ឋ​ម្នាក់ លោកស្រី លីននាង ឃុននី យល់​ថា ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ លោកស្រី​ត្រូវ​ចុះ​ឈ្មោះ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​មេ​ដឹកនាំ​ណា​ដែល​គោរព​រដ្ឋធម្មនុញ្ញ។ ពលរដ្ឋ​រូប​នេះ​បន្ត​ទៀត​ថា ប្រសិន​បើ​បោះឆ្នោត​រួច​ហើយ អ្នក​ដឹកនាំ​ប្រទេស​មិន​គោរព​រដ្ឋធម្មនុញ្ញ ពលរដ្ឋ​មាន​តែ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ « យើង​ចូលរួម​ចុះ​ឈ្មោះ នៅ​ពេល​ឆ្នាំ​២០១៧ ឆ្នាំ​២០១៨ យើង​នឹង​បោះឆ្នោត​ជ្រើសរើស​មេ​ដឹកនាំ​ល្អ​ការពារ​ច្បាប់ ការពារ​រដ្ឋធម្មនុញ្ញ»

រដ្ឋធម្មនុញ្ញ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣។ មក​ដល់​ពេល​នេះ រដ្ឋធម្មនុញ្ញ​មាន​អាយុ ២៣​ឆ្នាំ​ហើយ។

អតីត​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ លោក ម៉ោញ សុផាន មាន​ប្រសាសន៍​ថា ច្បាប់​កំពូល​ដែល​មាន ១៥៨​មាត្រា​នេះ ត្រូវ​បាន​ជ្រើស​ចេញ​ពី​រដ្ឋធម្មនុញ្ញ​ចាស់​ពី​ឆ្នាំ​១៩៤៧ ដល់​ឆ្នាំ​១៩៧០ រដ្ឋធម្មនុញ្ញ​សម័យ លន់ ណុល ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ និង​រដ្ឋធម្មនុញ្ញ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩០។ លើកលែង​តែ​រដ្ឋធម្មនុញ្ញ​ក្នុង​របប ប៉ុល ពត ទេ​មិន​យក​មក​ប្រើ។ ក្រៅ​ពី​នេះ ក៏​មាន​ឯកសារ​ពាក់ព័ន្ធ​នានា​ដូចជា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ឯកសារ​របស់​បណ្ដា​ប្រទេស​នានា​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ មក​រួម​បញ្ចូល​ផង​ដែរ។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាន នី និយាយ​ថា រដ្ឋធម្មនុញ្ញ​បង្កើត​មក​ដើម្បី​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ ដូច្នេះ​ប្រសិន​បើ​រដ្ឋាភិបាល​យក​រដ្ឋធម្មនុញ្ញ​ទៅ​ត្រួតត្រា​ពលរដ្ឋ ពលរដ្ឋ​នឹង​ទាមទារ​មក​វិញ​តាម​រយៈ​ការ​បោះឆ្នោត។ ជាង​នេះ​ទៅ​ទៀត លោក​ថា​ក្នុង​ករណី​អ្នក​ដឹកនាំ​ប្រទេស​មួយ​ចំនួន​ដែល​រំលោភ​រដ្ឋធម្មនុញ្ញ​ធ្ងន់ធ្ងរ ពលរដ្ឋ​អាច​ក្រោក​ឡើង​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​នោះ​តែ​ម្តង៖ « ពលរដ្ឋ​អាច​ផ្ដួល​រំលំ​តែ​ម្តង​ដោយ​បដិវត្តន៍​ពណ៌ បើ​សិន​ពលរដ្ឋ​មិន​ចិត្ត​ខ្លាំង ហើយ​រដ្ឋាភិបាល​នៅ​តែ​ចចេស ពលរដ្ឋ​នឹង​រំលំ​ចោល​ដូច​នៅ​ប្រទេស​មួយ​ចំនួន​អ៊ីចឹង»

នៅ​រយៈពេល​ចុង​ក្រោយ​នេះ បន្ទាប់​ពី​តុលាការ​ចាប់​ចង​សមាជិក​សភា​បក្ស​ប្រឆាំង​ទាំង​មាន​អភ័យ​ឯកសិទ្ធិ និង​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​លើ​ថ្នាក​ដឹកនាំ​គណបក្ស​នេះ គណបក្ស​សង្គ្រោះ​ជាតិ ចោទ​ប្រកាន់​ថា រដ្ឋាភិបាល រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា រំលោភ​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។