មន្ត្រីគណបក្សសង្គ្រោះជាតិ ថ្លែងថា ការធ្វើពហិការរបស់តំណាងរាស្ត្របក្សប្រឆាំងមិនចូលរួមកិច្ចប្រជុំរដ្ឋសភា នៅថ្ងៃទី១២ មេសា ព្រោះតែមិនចង់រំលោភច្បាប់។ ពហិការនេះ គឺទាក់ទងនឹងការចាប់ឃុំខ្លួនតំណាងរាស្ត្រ អ៊ុំ សំអាន ដែលគណបក្សសង្គ្រោះជាតិ នៅតែចាត់ទុកថាជាការរំលោភរដ្ឋធម្មនុញ្ញ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បញ្ជាក់ថា ជំហររបស់គណបក្សសង្គ្រោះជាតិ នៅតែថ្កោលទោស និងចាត់ទុកការចាប់ខ្លួន លោក អ៊ុំ សំអាន ថាខុសច្បាប់ ព្រោះសកម្មភាពរបស់ លោក អ៊ុំ សំអាន ជាការបញ្ចេញមតិស្របច្បាប់ក្នុងនាមជាអ្នកតំណាងរាស្ត្រ៖ « ឃើញថា ធ្វើស្របរដ្ឋធម្មនុញ្ញទៅទៀត សកម្មភាពរបស់គាត់ដែលសរសេរច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ គឺនិយាយអំពីការសម្ដែងយោបល់បញ្ចេញមតិ ក្នុងការបំពេញមុខងាររបស់គាត់។ ការបញ្ចេញមិត ការបញ្ចេញយោបល់ ធម្មតាវាមានករណីគ្រប់បែបយ៉ាងទាំងអស់ ករណីពាក់ព័ន្ធអំពើពុករលួយ ករណីពាក់ព័ន្ធទៅនឹងសិទ្ធិរបស់ពលរដ្ឋ ការរំលោភដីធ្លីពលរដ្ឋ ហើយពាក់ព័ន្ធបញ្ហាជាតិធំៗដែរ ដូចជាបញ្ហាឯករាជ្យជាតិ បញ្ហាបូរណភាពទឹកដីអីជាដើម »។
លោក សុន ឆ័យ ថ្លែងក្នុងសន្និសីទកាសែតនាទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១២ មេសា ថា ជំហររបស់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ធ្វើពហិការមិនចូលប្រជុំគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភា និងកិច្ចប្រជុំពេញអង្គសភា នៅរសៀលថ្ងៃដដែល គឺមិនចង់ចូលរួមធ្វើអំពើខុសច្បាប់៖ «យើងមិនអាចបណ្ដែតបណ្ដោយឲ្យស្ថាប័នជាតិ ស្ថាប័នរដ្ឋសភា ដែលចែងច្បាស់លាស់ថា ជាស្ថាប័នឯករាជ្យ ដែលជាស្ថាប័នតំណាងឲ្យប្រជាជាតិខ្មែរទាំងមូល ទៅធ្វើការងារមួយដែលមិនច្បាស់លាស់ មិនត្រឹមត្រូវតាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ គឺយើងមិនចូលរួមធ្វើខុស គឺចង់ជំរុញឲ្យធ្វើការធានាអំពីឯករាជភាពរបស់ស្ថាប័នរដ្ឋសភានេះ។ គណបក្សសង្គ្រោះជាតិ មានការបារម្ភណាស់ស្ថាប័នជាតិហ្នឹង ចង់ស្ថាប័នជាតិហ្នឹងពង្រឹងទៅឲ្យរឹងមាំទៅ បំពេញការងារឲ្យមានការទទួលខុសត្រូវទៅ ផ្ដល់សេវាឲ្យល្អជូនពលរដ្ឋទៅ ដើម្បីឲ្យនាំមកនូវយុត្តិធម៌សង្គម សុខុមាលភាព សុភមង្គលសង្គម ម៉្លោះហើយចេះតែខំជជែកខំបំពេញតួនាទីទាំងប្រឈមការលំបាកសព្វបែបយ៉ាង គឺដើម្បីឲ្យស្ថាប័នរឹងមាំ »។
ហេតុផលទីពីរដែលបក្សប្រឆាំងមិនទៅចូលរួមប្រជុំសភាពេញអង្គនោះ ព្រោះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដឹងមុនថា កិច្ចប្រជុំនោះនឹងមិននិយាយអ្វីក្រៅពីការសម្រេចលើកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ ឬត្រូវបញ្ឈប់ការចាប់ចងនោះទេ។ លោក សុន ឆ័យ បញ្ជាក់ថា ការលើកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រតាមមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ ត្រូវតែមានការសម្រេចពីសំឡេងសមាជិកសភាចំនួន ៨៣នាក់ឡើងទៅ។ រីឯការបញ្ឈប់ការចាប់ចងអ្នកតំណាងរាស្ត្រ គឺត្រូវការសំឡេងគាំទ្រចំនួន ៩២នាក់ឡើងទៅ។
ទាក់ទងនឹងចំណុចនេះ លោក សុន ឆ័យ ថ្លែងថា ការដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ ត្រូវតែមានសំឡេងសមាជិកសភា ២ភាគ៣ ចំណែកឯលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកហេតុផលថា ការបញ្ឈប់ដំណើរការក្ដីនេះ ក៏ត្រូវមានសំឡេង ៣ភាគ៤ ដែរ។ ដូច្នេះ តម្រូវការទាំងពីរនេះ មិនអាចបានទេ នៅពេលដែលអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនចូលរួមប្រជុំនោះ។
បញ្ហាឃាត់ខ្លួន លោក អ៊ុំ សំអាន នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ធ្វើឡើងតាមបទល្មើសជាក់ស្ដែងដែល លោក អ៊ុំ សំអាន នៅតែបន្តបង្ហោះលើហ្វេសប៊ុក (Facebook) អំពីបញ្ហាព្រំដែន និងផែនទីក្លែងក្លាយ៖ «ខ្ញុំមិននិយាយអំពីរឿងនយោបាយទេ។ ខ្ញុំនិយាយពីអង្គហេតុរបស់វាៗ។ សុំអ្នកសង្គមស៊ីវិល និងពួកអ្នកនិយាយមើលឲ្យច្បាស់។ រឿងចាប់ក្នុងបទល្មើសជាក់ស្ដែង។ អ្នកឯងកំពុងធ្វើបទល្មើសជាក់ស្ដែង។ ពេលដែលគេចាប់ខ្លួន ផេក (page) ហ្វេសប៊ុក (Facebook) របស់អ្នកឯង នៅកំពុងផ្សាយ។ ខ្ញុំបានឲ្យឱកាសគ្រប់គ្រាន់ហើយ ដោយនាំយកផែនទីពីអង្គការសហប្រជាជាតិ មកផ្ទៀងផ្ទាត់ជាមួយផែនទីរដ្ឋាភិបាល មិនមែនយកផែនទីរដ្ឋាភិបាលទៅផ្ទៀងផ្ទាត់ជាមួយផែនទីអង្គការសហប្រជាជាតិ ទេ។ ទីពីរ ខ្ញុំបានសុំប្រធានាធិបតីបារាំង ដើម្បីនាំមកនូវផែនទីយកមកផ្ទៀងផ្ទាត់ជាមួយផែនទីរបស់រាជរដ្ឋាភិបាល ដែលបាន និងកំពុងប្រើ គឺអត់មានអីខុសគ្នាទាំងអស់ »។
លោកនាយករដ្ឋមន្ត្រី ក៏ចេញបញ្ជាឲ្យចាប់ខ្លួនបន្តទៀត ចំពោះជនណាដែលនិយាយអំពីបញ្ហាផែនទីក្លែងក្លាយ។ លោកសំអាងហេតុផលពីរយ៉ាងលើការបញ្ជានេះ គឺទីមួយ ដោយសារមាត្រា២ នៃរដ្ឋធម្មនុញ្ញ ឲ្យប្រើផែនទីខ្នាត ១/១០០.០០០ បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន ក្នុងចន្លោះឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៥៣៖ «ទីពីរ ដរាបណាសុពលភាពនៃសច្ចាប័នលើកិច្ចព្រមព្រៀងបន្ថែមរវាងកម្ពុជា និងវៀតណាម ដែលសភាឲ្យសច្ចាប័ន និងព្រះមហាក្សត្រឡាយព្រះហស្តលេខា គឺនៅជាធរមាន។ អ្នកឯងនិយាយផែនទីក្លែងក្លាយ ខ្ញុំចាប់អ្នកឯងភ្លាម មិនថាអ្នកឯងសមាជិកសភា ឬក៏សមាជិកព្រឹទ្ធសភា នោះទេ។ អាហ្នឹងជាបទល្មើសជាក់ស្ដែង ព្រោះនេះជាការញុះញង់ធំណាស់ ដែលបង្កមហន្តរាយដល់ប្រទេសជាតិ។ អ៊ីចឹងអ្នកច្បាប់ទាំងឡាយនិយាយពីច្បាប់ អ្នកឯងនិយាយពីច្បាប់ ខ្ញុំក៏និយាយពីច្បាប់។ អ្នកឯងកុំអាងមានអភ័យឯកសិទ្ធិ ហើយអ្នកមកធ្វើបទល្មើសជាក់ស្ដែង។ នេះជាបទល្មើសជាក់ស្ដែង !»។
ប្រធានបច្ចេកទេសផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត កត់សម្គាល់ថា ការនិយាយអំពីបញ្ហាព្រំដែន គឺជាការងាររបស់អ្នកតំណាងរាស្ត្រ អំពីកង្វល់របស់ជាតិ៖ « ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិបញ្ចេញមតិ និងពីកង្វល់របស់ពួកគាត់គ្រប់គ្នា ហើយជាពិសេសគឺតំណាងរាស្ត្រដែលជាតំណាងពលរដ្ឋហ្នឹង ការងាររបស់គាត់ធ្វើអ៊ីចឹងហើយ។ អ្វីដែលជាការព្រួយបារម្ភរបស់ពលរដ្ឋ គាត់អាចពិនិត្យ គាត់អាចបញ្ចេញមតិ គាត់អីអ៊ីចឹងទាំងអស់។ អាហ្នឹងវាជាការងាររបស់តំណាងរាស្ត្រ ហើយសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ។ តែចំណែកឯការបោះបង្គោលព្រំដែន ការចរចាជាមួយប្រទេសជិតខាង ដើម្បីបោះបង្គោលព្រំដែន វាជាកាតព្វកិច្ចរបស់រដ្ឋាភិបាល »។
លោក សុន ឆ័យ អំពាវនាវឲ្យរដ្ឋាភិបាលដោះលែង លោក អ៊ុំ សំអាន ជាបន្ទាន់ ហើយកុំធ្វើបែបនេះតទៅទៀត ព្រោះពេលនេះជាពេលដែលរដ្ឋាភិបាលកំពុងពង្រឹងនីតិរដ្ឋ។ លោកថា គណបក្សសង្គ្រោះជាតិ នៅតែបន្តអនុវត្តគោលនយោបាយអហិង្សា និងបន្តពង្រឹងវប្បធម៌សន្ទនា។ លោកថា គណបក្សសង្គ្រោះជាតិ នឹងនៅតែរក្សាជំហរជជែកជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីដោះស្រាយបញ្ហានេះ។ លោក សុន ឆ័យ បញ្ជាក់ថា ការចាប់ខ្លួននេះ មិនអាចបិទមាត់គណបក្សសង្គ្រោះជាតិ ក្នុងការរិះគន់ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។