ក្រុមគ្រួសារមន្ត្រីគណបក្សសង្គ្រោះជាតិ និងសកម្មជនគណបក្សនេះ នៅថ្ងៃសុក្រ ទី២៦ មិថុនា គ្រោងទៅទាមទារឱ្យតុលាការរបបក្រុងភ្នំពេញ ដោះលែងសាច់ញាតិនិងគ្រួសាររបស់ពួកគេសាជាថ្មីម្តងទៀត។ ក្រុមគ្រួសារសាច់ញាតិអ្នកជាប់ឃុំយល់ថា ការចាប់ខ្លួនមន្ត្រីបក្សប្រឆាំងជារឿងនយោបាយ។
គ្រួសារមន្ត្រី និងសកម្មជនគណបក្សប្រឆាំង ជាង១០គ្រួសារគ្រោងជួបជុំគ្នាលើកបដានៅមុខតុលាការរាជធានីភ្នំពេញ ទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់គ្រួសារសាច់ញាតិរបស់ពួកគេ។
កូនប្រុសសកម្មជនបក្សប្រឆាំងលោក ស៊ន់ ធន់ គឺលោក ធន់ ធានី ថ្លែងប្រាប់អាស៊ីសេរីនៅយប់ថ្ងៃទី២៤ មិថុនា ថា ពួកគាត់នឹងជួបជុំគ្នានៅថ្ងៃសុក្រ ទី២៦ មិថុនា នៅសាលាដំបូងរាជធានីភ្នំពេញ ទាមទារឱ្យតុលាការនេះពិចារណាឡើងវិញ ក្នុងសំណុំរឿងនីមួយៗដែលកំពុងរងភាពអយុត្តិធម៌។ លោកថា លរដ្ឋមានក្ដីព្រួយបារម្ភពីការរារាំងនានា ប៉ុន្តែពួកគាត់និងគ្រួសារសកម្មជនដទៃទៀតប្ដេជ្ញាថា នឹងនៅតែប្រើសិទ្ធិជួបជុំសម្ដែងមតិពីទុក្ខកង្វល់នេះ៖ «ជាពិសេសសូមឱ្យតុលាការឯករាជ្យ ឱ្យតុលាការផ្ដល់យុត្តិធម៌ឱ្យក្រុមគ្រួសារដែលជាប់ទាំងអស់ហ្នឹង និងពន្លឿនសវនាការ ព្រោះដោយសារការចាប់ឃុំនេះ គឺអយុត្តិធម៌ តុលាការមិនឯករាជ្យធ្វើតាមបញ្ជារដ្ឋាភិបាល។ មួយទៀតអ្នកជាប់ទោស ដូចប៉ាខ្ញុំគាត់ចាស់ហើយមិនអាចនៅក្នុងពន្ធនាគារយូរគាត់មានបញ្ហាសុខភាពផង»។
ចាប់ពីដើមឆ្នាំ២០២០មក របបក្រុងភ្នំពេញ បានចាប់ខ្លួនមន្ត្រីបក្សប្រឆាំងសរុបចំនួន ១៦នាក់ ក្នុងនោះ មាន៤នាក់ ជាសមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ តែអាជ្ញាធរ បានដោះលែងសមាជិកបក្សប្រឆាំងម្នាក់វិញ គឺ លោក ហិន ឆាន នៅខេត្តស្វាយរៀង ដោយសារលោកមានជំងឺធ្ងន់ធ្ងរ ក្នុងពេលចាប់ខ្លួនទាំងបង្ខំ។
ជុំវិញគម្រោងគ្រួសារមន្ត្រីនិងសកម្មជនគណបក្សប្រឆាំងជួបជុំគ្នានេះ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងថា គឺជាសិទ្ធិសេរីភាពនៃក្រុមគ្រួសាររបស់សកម្មជន និងមន្ត្រីបក្សប្រឆាំងទាំងនោះ ដោយគ្មានការបង្គាប់បញ្ជាពីថ្នាក់ដឹកនាំគណបក្សនោះទេ ព្រោះតែការឈឺចាប់ដោយអំពើអយុត្តិធម៌៖ «អ្នកណាក៏ដោយចាប់ចងដោយអត់មានហេតុផលអត់មានដីកាដោយភាពសាហាវ យើងដឹងហើយពេលនគរបាលប៉ូលិសមកព័ទ្ធផ្ទះយើងម្ដងៗតើយើងភ័យទេ នៅមុខកុមារមុខគ្រួសាររបស់យើង តើយើងតក់ស្លុតយ៉ាងណាយើងឈឺចាប់យ៉ាងណា ការចាប់ចងអ្នកណាក៏ដោយក្នុងភាពអយុត្តិធម៌របៀបនេះគឺឈឺចាប់។ ដូច្នេះការចេញទៅបង្ហាញនៅការចេញទៅបញ្ចេញមតិឱ្យមានការដោះលែងគឺជាឆន្ទៈរបស់បុគ្គលម្នាក់ៗ»។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ថ្លែងថា សមាគមនឹងបន្តឃ្លាំមើលប្រជាពលរដ្ឋចំពោះគម្រោងជួបជុំគ្នានេះ។ មន្ត្រីសិទ្ធិមនុស្សដដែលបានចាត់ទុករឿងចាប់ខ្លួនមន្ត្រីបក្សប្រឆាំង ដាក់ពន្ធនាគារជាបន្តបន្ទាប់នេះ ថា ជារឿងនយោបាយ មិនមែនអនុវត្តច្បាប់ឡើយ។
ប៉ុន្តែ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ធ្លាប់ប្រាប់អាស៊ីសេរីថា រឿងក្ដីក្ដាំនេះជានីតិវិធីរបស់តុលាការដោយពុំមានក្រុម ឬស្ថាប័នណាអាចបង្គាប់បញ្ជា ឬដាក់សម្ពាធទៅលើតុលាការបានឡើយ។
ចំណែកអ្នកវិភាគនយោបាយវិញថា មន្ត្រីបក្សប្រឆាំងដែលត្រូវបានរងការគំរាមកំហែង តាមឃ្លាំមើល និងចាប់ខ្លួននេះ គឺច្រើនតែជាមុខសញ្ញា ដែលកើតលើអ្នកសកម្មៗនៅតាមមូលដ្ឋាន។
កាលពីថ្ងៃទី១៩ មិថុនា ប្រពន្ធនិងកូនសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសប្រមាណ ២០នាក់ បានប្រមូលផ្តុំគ្នា តវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញម្ដងហើយ ទាមទារឱ្យតុលាការដោះលែងអ្នកទោសនយោបាយជាង ១០នាក់ឱ្យមានសេរីភាពឡើងវិញនិងដោយឥតលក្ខខណ្ឌ។ ប៉ុន្តែ ពុំមានមន្ត្រីតុលាការណាម្នាក់ចេញទៅជួបក្រុមអ្នកតវ៉ានោះទេ។
រីឯការតវ៉ាដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៦ មិថុនា ពួកគាត់អះអាងថា ក្រៅពីឈរស្រែកទាមទារឱ្យតុលាការដោះលែង ពួកគេក៏នឹងលើកបដាសរសេរពាក្យថា Bring my father back homeឬមានន័យថា ឱ្យឪពុកខ្ញុំបានទៅផ្ទះវិញ ហើយពួកគាត់ក៏នឹងនាំគ្នាបន្តដំណើរទៅដាក់ញត្តិនៅស្ថានទូតអាមេរិក ដើម្បីសុំឱ្យជួយអន្តរាគមន៍ជុំវិញរឿងនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។