លោក ជា ស៊ីម ទទួលមរណភាព​

ដោយ យាង សុជាមេត្តា
2015.06.08
ជា ស៊ីម ៦២០ លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា។
Photo: distributed with Mr. Say Chhum's authorization
រៀបចំ​បុណ្យ​សព​លោក ជា ស៊ីម ៦២០

ក្រុម​គ្រួសារ​រៀបចំ​ពិធី​បុណ្យ​សព​លោក ជា ស៊ីម។

រៀបចំ​បុណ្យ​សព​លោក ជា ស៊ីម ៦២០

ក្រុម​គ្រួសារ​រៀបចំ​ពិធី​បុណ្យ​សព​លោក ជា ស៊ីម។

ហ៊ុន សែន ចូលរួម​បុណ្យ​សព​លោក ជា ស៊ីម ៦២០

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ពិធី​បុណ្យ​សព​លោក ជា ស៊ីម។

សុខ អាន ចូលរួម​បុណ្យ​សព​លោក ជា ស៊ីម ៦២០

លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ចូលរួម​ពិធី​បុណ្យ​សព​លោក ជា ស៊ីម។

ម៉ែន សំអន ចូលរួម​បុណ្យ​សព​លោក ជា ស៊ីម ៦២០

លោក​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ចូលរួម​ពិធី​បុណ្យ​សព​លោក ជា ស៊ីម។

មន្ត្រី​ចូលរួម​បុណ្យ​សព​លោក ជា ស៊ីម ៦២០

មន្ត្រី​រដ្ឋាភិបាល​ចូលរួម​ពិធី​បុណ្យ​សព​លោក ជា ស៊ីម។

ហ៊ុន ម៉ាណា ចូលរួម​បុណ្យ​សព​លោក ជា ស៊ីម ៦២០

អគ្គនាយិកា​ទូរទស្សន៍​បាយ័ន​អ្នកស្រី ហ៊ុន ម៉ាណា ចូលរួម​ពិធី​បុណ្យ​សព​លោក ជា ស៊ីម។

ហ៊ុន ម៉ានី ចូលរួម​បុណ្យ​សព​លោក ជា ស៊ីម ៦២០

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ានី ចូលរួម​ពិធី​បុណ្យ​សព​លោក ជា ស៊ីម។

ប៊ិន ឈិន ស៊ិក ប៊ុនហុក ចូលរួម​បុណ្យ​សព​លោក ជា ស៊ីម ៦២០

លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន (ឆ្វេង) និង​ប្រធាន​គ.ជ.ប លោក ស៊ិក ប៊ុនហុក (ស្ដាំ) ចូលរួម​ពិធី​បុណ្យ​សព​លោក ជា ស៊ីម។

ម៉ុក ម៉ារ៉េត ចូលរួម​បុណ្យ​សព​លោក ជា ស៊ីម ៦២០

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ម៉ុក ម៉ារ៉េត ចូលរួម​ពិធី​បុណ្យ​សព​លោក ជា ស៊ីម។

បុណ្យ​សព​លោក ជា ស៊ីម ៦២០

ក្រុម​គ្រួសារ​រៀបចំ​ពិធី​បុណ្យ​សព​លោក ជា ស៊ីម។

បុណ្យ​សព​លោក ជា ស៊ីម ៦២០

ក្រុម​គ្រួសារ​រៀបចំ​ពិធី​បុណ្យ​សព​លោក ជា ស៊ីម។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម និង​ជា​ប្រធាន​ព្រឹទ្ធសភា បាន​ទទួល​មរណភាព​កាល​ពី​វេលា​ម៉ោង​ប្រមាណ ៣ និង ៤៥​នាទី​រសៀល ថ្ងៃ​ទី​៨ ខែ​មិថុនា។ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ការ​បាត់បង់​រូប លោក ជា ស៊ីម នៅ​ពេល​នេះ ថា​ជា​ការ​បាត់បង់​ឥស្សរជន​មួយ​រូប​ដ៏​សំខាន់​របស់​ប្រទេស​ជាតិ។ រីឯ​មន្ត្រី​បក្ស​ប្រឆាំង​វិញ សម្ដែង​ការ​សោកស្ដាយ និង​ចូលរួម​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​របស់ លោក ជា ស៊ីម។

លោក ជា ស៊ីម ដែល​បាត់​មុខ​ជា​សាធារណៈ​ពី​កម្មវិធី​ធំៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា អស់​រយៈពេល​ជា​យូរ​មក​ហើយ​ដោយ​ជំងឺ​នោះ ឥឡូវ​នេះ​លោក​បាន​ទទួល​មរណភាព។

ប្រធាន​កង​អង្គរក្ស​របស់​លោក គឺ​លោក យឹម លាង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ មិថុនា ថា លោក ជា ស៊ីម បាន​ទទួល​មរណភាព​ដោយ​ជរាពាធ​នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ខណ្ឌ​ចម្ការមន រាជធានី​ភ្នំពេញ។ លោក យឹម លាង មិន​ទាន់​អាច​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ជុំវិញ​មរណភាព​របស់ លោក ជា ស៊ីម បាន​ទេ​នៅ​ពេល​នេះ ព្រោះ​លោក​ជាប់​រវល់។

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ មាន​ប្រសាសន៍​ថា នៅ​ពេល​នេះ​សមាជិក​សមាជិកា និង​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទាំងអស់ កំពុង​ចូលរួម​កាន់​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព លោក ជា ស៊ីម។ បើ​ទោះ​ជា​អ្នក​នាំ​ពាក្យ​រូប​នេះ មិន​ទាន់​អាច​ផ្តល់​ព័ត៌មាន​ជុំវិញ​ការ​រៀបចំ​ពិធី​បុណ្យ​របស់ លោក ជា ស៊ីម ក្តី ប៉ុន្តែ​លោក​ថា លោក ជា ស៊ីម មិន​ត្រឹម​តែ​ជា​មេ​ដឹក​នាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ តែ​លោក​គឺ​ជា​ថ្នាក់​ដឹក​នាំ​រដ្ឋ​កំពូល​របស់​កម្ពុជា មួយ​រូប ដូច្នេះ​រដ្ឋ​ប្រាកដ​ជា​មាន​កម្មវិធី​សម្រាប់​លោក​ជាពិសេស៖ «ក្នុង​រយៈពេល​មួយ​ម៉ោង​ស្លន់ស្លោ​ម្នាក់ៗ ត្រូវ​ទទួល​ភាព​ស្លុត​ចិត្ត​ស្លុត​អារម្មណ៍ ចឹង​ហើយ​ព្រោះ​នេះ​ការ​កាន់​ទុក្ខ ហើយ​ត្រូវ​ការ​ជជែក​ទី​១ មួយ​ឯកជន​ក្រុម​គ្រួសារ ទី​២ កិច្ចការ​បក្ស និង​រដ្ឋ ត្រូវ​ជជែក​អំពី​ពិធី​ផ្លូវ​ការ ពីព្រោះ​សម្ដេច ជា ស៊ីម លោក​ទទួល​មរណភាព​ក្នុង​តួនាទី​លោក​ជា​ប្រធាន​ព្រឹទ្ធសភា»

លោក ឈឹម ផលវរុណ ក៏​បញ្ជាក់​ដែរ​ថា ក្នុង​ពេល​នេះ​គណបក្ស​មិន​ទាន់​បាន​គិតគូរ​ពី​រឿង​ការងារ​បន្ទាប់​ពី​ការ​បាត់បង់ លោក ជា ស៊ីម នៅ​ឡើយ​ទេ ព្រោះ​មន្ត្រី​គណបក្ស​ទាំងអស់​កំពុង​កាន់​ទុក្ខ​សព។

ទាក់ទង​នឹង​ការ​រៀបចំ​ពិធី​បុណ្យ​សព​ឲ្យ លោក ជា ស៊ីម អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា ដោយសារ លោក ជា ស៊ីម ជា​ឥស្សរជន​ជាន់​ខ្ពស់​របស់​ប្រទេស ដូច្នេះ​បុណ្យ​សព​របស់​លោក គឺ​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ​ជា​អ្នក​រៀបចំ។ លោក​ថា បើ​ទោះ​ជា​សាលា​រាជធានី​ភ្នំពេញ​មាន​តួនាទី​សហការ​រៀបចំ​ជាមួយ​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ​ក៏ដោយ ក៏ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ សាលា​រាជធានី​ភ្នំពេញ មិន​ទាន់​ដឹង​ពី​កម្មវិធី​បុណ្យ​នៅ​ឡើយ។ ប៉ុន្តែ​លោក​ថា បើ​តាម​ការ​ណែនាំ សាលា​រាជធានី​ភ្នំពេញ​ត្រូវ​រៀបចំ​ជា​មេរុ​នៅ​សួនច្បារ​មុខ​វត្ត​បទុមវតី៖ «រៀបចំ​ជា​មេរុ​នៅ​មុខ​វត្ត​បទុមវតី ហើយ​រៀបចំ​ជា​វេទិកា​នានា ដើម្បី​ពិធី​បូជា​សព ប៉ុន្តែ​យើង​ខ្ញុំ​អត់​ទាន់​ដឹង​នៅ​ថ្ងៃ​ណា​ទេ»

លោក ជា ស៊ីម ដែល​មាន​តួនាទី​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ផង ជា​ប្រធាន​ព្រឹទ្ធសភា និង​ប្រមុខ​រដ្ឋ​ស្តីទី​ផង បាន​បាត់​មុខ​ពី​សាធារណៈ​អស់​មួយ​រយៈពេល ដែល​គេ​ដឹង​ថា ការ​បាត់​មុខ​នេះ ដោយសារ​លោក​មាន​ជំងឺ។ លើស​ពី​នេះ លោក​ក៏​បាន​ប្រគល់​ការងារ​ជា​ប្រធាន​ព្រឹទ្ធសភា​របស់​លោក ទៅ​ឲ្យ​អនុប្រធាន​ទី​១ ព្រឹទ្ធសភា លោក សាយ ឈុំ មើល​ការ​ខុស​ត្រូវ​នៅ​ពេល​ដែល​លោក​កំពុង​មាន​ជំងឺ។

លោក ជា ស៊ីម ដែល​មាន​វ័យ ៨៣​ឆ្នាំ​ក្នុង​ពេល​មរណភាព គឺ​ជា​អតីត​មន្ត្រី​ខ្មែរ​ក្រហម ដែល​បាន​រត់​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​វៀតណាម។ លោក​បាន​ចូល​កម្ពុជា វិញ​នៅ​បន្ទាប់​ពី​កងទ័ព​រណសិរ្ស​រំដោះ​ជាតិ​កម្ពុជា គាំទ្រ​ដោយ​កងទ័ព​វៀតណាម បាន​ទទួល​ជ័យជម្នះ​លើ​កងទ័ព​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩។ លោក​បាន​ក្លាយ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​១៩៩១ មក។

នៅ​មុន​ពេល​លោក​ទទួល​មរណភាព លោក ជា ស៊ីម ក៏​ធ្លាប់​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​មួយ​រយៈពេល​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​វៀតណាម ផង​ដែរ។

ចំពោះ​ការ​បាត់បង់​ជីវិត​របស់ លោក ជា ស៊ីម នៅ​ពេល​នេះ ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ សម្ដែង​ការ​សោកស្ដាយ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​នៅ​ក្រោយ​មរណភាព​របស់ លោក ជា ស៊ីម ថា គណបក្ស​សង្គ្រោះ​ជាតិ សម្ដែង​ការ​ចូលរួម​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព លោក ជា ស៊ីម។ លោក​មាន​ប្រសាសន៍​ថា ការ​បាត់បង់ លោក ជា ស៊ីម គឺ​ជា​ការ​បាត់បង់​ឥស្សរជន​នយោបាយ​មួយ​រូប ដែល​បាន​បម្រើ​ប្រទេស​ជាតិ​អស់​ស្ទើរ​ពេញ​មួយ​ជីវិត​របស់​លោក៖ «ជា​រឿង​ធម្មតា​មនុស្ស​យើង​កើត​ចាស់​ឈឺ​ស្លាប់ យើង​មាន​ការ​សោកស្ដាយ​មនុស្ស​គ្រប់ៗ​រូប​គេច​មិន​ផុត​ទេ ដូច្នេះ​យើង​យល់​ឃើញ​ថា គាត់​បាន​លា​ចាក​លោក​ទៅ​ហើយ ហើយ​កិច្ចការ​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន​ហ្នឹង គឺ​ជា​កិច្ចការ​របស់​អ្នក​នៅ​ជំនាន់​ក្រោយ ដែល​ត្រូវ​តែ​បន្ត​វេន​ធ្វើ​ការងារ​ពី​ឥស្សរជន​នយោបាយ​ពី​គ្រប់​គណបក្ស​ទាំងអស់»

ចំណែក​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច វិញ​កត់​សម្គាល់​ថា មរណភាព​របស់ លោក ជា ស៊ីម នៅ​ពេល​នេះ គឺ​ជា​ការ​បាត់បង់​អ្នក​នយោបាយ​ម្នាក់​ដ៏​មាន​ភាព​ចាស់​ទុំ​បំផុត​នៅ​ក្នុង​ការ​ដោះស្រាយ​នៅ​ពេល​មាន​បញ្ហា​នយោបាយ​ឡើង​កម្ដៅ​ខ្លាំង៖ «គាត់​ជា​អ្នក​នយោបាយ​មួយ​ដែល​មិន​សូវ​បាន​បន្សល់​ស្នាដៃ​អាក្រក់​អ្វី​នៅ​ក្នុង​ដំណើរ​នៃ​នយោបាយ​របស់​លោក​ទេ អ្វី​ដែល​យើង​សោកស្ដាយ គឺ​យើង​បាត់បង់​នូវ​វីរជន​របស់​កម្ពុជា ដែល​លោក​បាន​ធ្វើ​ច្រើន​សម្រាប់​ប្រជាជន ប្រទេស​ជាតិ​របស់​យើង ក៏ដូចជា​សម្រាប់​មនុស្ស​ទៅ​ថ្ងៃ​អនាគត​រៀនសូត្រ​នូវ​គំរូ​វីរភាព​របស់​លោក»

លោក​ថា ក្នុង​នាម​ជា​ស្ថាបនិក​រណសិរ្ស​រំដោះ​ជាតិ​ម្នាក់ និង​ជា​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម គឺ​ជា​អ្នក​នយោបាយ​សម្រប​សម្រួល​នៅ​ក្នុង​គណបក្ស ហើយ​ក៏​ជា​អ្នក​មាន​ភាព​ចាស់​ទុំ​នៅ​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ផ្ទៃ​ក្នុង​ បក្ស និង​សម្រួល​ចរន្ត​ឲ្យ​មាន​ការ​ឯកភាព​ក្នុង​បក្ស​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។