ប្រទេសជាសមាជិកអាស៊ាននៅតែព្រួយបារម្ភចំពោះបញ្ហាការវិវត្តន៍ចុងក្រោយនៅតំបន់សមុទ្រចិន ខាងត្បូង ដែលកំពុងមានភាពតានតឹង។
កម្ពុជា បានបញ្ជាក់ជំហរក្នុងនាមជារដ្ឋមួយដែលមិនពាក់ព័ន្ធនឹងជម្លោះនេះថា ខ្លួនមិនកាន់ជើងភាគីជម្លោះណាមួយឡើយ និងចាត់ទុករឿងនេះជាជម្លោះទ្វេភាគីរវាងហ្វីលីពីន និងចិន។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយកាលពីថ្ងៃ២៧ កក្កដា ឲ្យដឹងថា ប្រទេសជាសមាជិកអាស៊ាន និងភាគីពាក់ព័ន្ធទាំងអស់ត្រូវមានការចាំបាច់ថែរក្សានូវសមិទ្ធផលដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រវាងអាស៊ាន និងចិន ព្រមទាំងចូលរួមលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធផ្ទាល់ ដោះស្រាយជម្លោះរបស់ខ្លួនដោយសន្តិវិធី តាមរយៈការពិគ្រោះ ការចរចាស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ រាប់ទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ផងដែរ។ ក៏ប៉ុន្តែប្រទេសជាសមាជិកអាស៊ាន មួយចំនួនថ្មីៗនេះ បានរិះគន់កម្ពុជា ថា បានកាន់ជើងចិន ដោយបំភ្លេចបញ្ហាសុខទុក្ខប្រទេសជិតខាងក្នុងតំបន់ជាមួយគ្នា។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៤៩ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃ២៣ ដល់ថ្ងៃ២៦ កក្កដា បានបិទបញ្ចប់ហើយកាលពីថ្ងៃទី២៧ កក្កដា។
កិច្ចប្រជុំលើកទី៤៩នេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កាលើបញ្ហានយោបាយ សន្តិសុខ និងសហប្រតិបត្តិការអភិវឌ្ឍន៍សំខាន់ៗ រវាងប្រទេសសមាជិកអាស៊ាន និងអាស៊ាន ព្រមទាំងប្រទេសជាដៃគូនានា។ កិច្ចប្រជុំដដែលនេះបានបង្ហាញនូវការប្ដេជ្ញាចិត្តជាថ្មីម្ដងទៀតក្នុងការជំរុញកិច្ចប្រឹងប្រែងរបស់សហគមន៍អាស៊ាន តាមរយៈការអនុវត្តឲ្យមានប្រសិទ្ធភាពនូវចក្ខុវិស័យសហគមន៍អាស៊ាន២០២៥ ដើម្បីរួមចំណែកក្នុងការថែរក្សា និងលើកស្ទួយសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។