អ្នកវិភាគ​ថា ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​រវាង​កម្ពុជា និង​ចិន​គឺ​ដើម្បី​ពង្រឹង​អំណាច​ត្រកូល​ហ៊ុន

0:00 / 0:00

សមយុទ្ធ​នាគ​មាស​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ចិន​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃ​ទី​៣១ មីនា។ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា អះអាង​ថា សមយុទ្ធ​យោធា​លើក​នេះ​នឹង​បង្កើន​សមត្ថភាព​កងទ័ព​កម្ពុជា​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត​។ ប៉ុន្តែ​អ្នកវិភាគ​នយោបាយ​ថា គ្រាន់តែ​ជា​ការ​ពង្រឹង​អំណាច​ត្រកូល​ហ៊ុន​តែប៉ុណ្ណោះ។

លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថ្លែង​ពេល​បិទ​សមយុទ្ធ​យោធា​ថា លំ​ហាត់​សមយុទ្ធ​នាគ​មាស​២០២០ មាន​រយៈ​ជិត​កន្លះ​ខែ​នេះ គឺជា​លំហាត់​មួយ បាន​បន្សល់ ទុក​នូវ​និមិត្តសញ្ញា​មួយ​ដ៏​រឹងមាំ​កត់ត្រា​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​យោធា​នៃ​ប្រទេស​ទាំងពីរ និង​កិច្ច​សហប្រតិបត្តិការ មិត្តភាព រវាង​ប្រទេស​ទាំងពីរ និង​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងពីរ​ផង​ដែរ។

លោក ទៀ បាញ់ ប្រាប់​អាស៊ីសេរី​ថា បទពិសោធន៍​ដែល​កម្ពុជា​ទទួល​បាន​ពី​សមយុទ្ធ​យោធា​លើក​នេះ​នឹង​ធ្វើ​ឱ្យ​កងទ័ព​កម្ពុជា​មាន​ភាព​រឹងមាំ​ដើម្បី​ការពារ​ជាតិ​របស់​ខ្លួន៖ «ច្បាស់​ណាស់​បទពិសោធន៍​នេះ​យើង​មិន​អាច​ប៉ាន់​តម្លៃ​ថា វា​មាន​ទំហំ​ធំធេង​ប៉ុណ្ណា ឬក៏​លទ្ធផល​យ៉ាងណា​យ៉ាង​ណី ក៏ប៉ុន្តែ​ភាព​ជាក់ស្ដែង​របស់​យើង​ធ្វើ​ឱ្យ​យើង​មាន​ភាព​ប៉ិនប្រសព្វ​ឡើង ចេញ​ដឹង​កាន់តែ​ខ្ពស់​ខ្ពស់​ឡើង​នៃ​ការ​ប្រើប្រាស់​គ្រឿង​សព្វាវុធ​ក្តី​។​ការរៀបចំ​ផែនការ​ដើម្បី​ទប់ស្កាត់ ឬក៏​បង្ការ បង្ក្រាប​ទៅលើ​អ្វី​ដែល​ជា​មុខសញ្ញា​អ្វី ជា​គោលដៅ​ដែល​យើង​ត្រូវ​ធ្វើ​ហ្នឹង​គឺ​វា​បាន ហៅថា​វា​បាន​ល្អ​ប្រពៃ​ឡើងជា​បន្តបន្ទាប់​ជាក់​ជា​មិនខាន»។

សមយុទ្ធ​នាគ​មាស​ប្រចាំ​ឆ្នាំ​លើក​ទី​បួន​រវាង​កង​ទ័ព​ប្រជាជន​ចិន និង​កងទ័ព​កម្ពុជា​លើក​នេះ​បាន​កើត​​មាន​ឡើង​ស្រប​ពេល​ដែល​បណ្ដា​ប្រទេស​ទាំងអស់ នៅ​លើ​សាកលលោក​កំពុង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ ការ​រីក​រាលដាល ដ៏​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ផ្លូវ​ដង្ហើម Covid-19។

អ្នក​ហ៊ាន​និយាយ​រិះគន់​ឥត សំចែ​លោក គឹម សុខ ដែល​កំពុង​និទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស មាន​ប្រសាសន៍​ថា សមយុទ្ធ​យោធា​លើក​នេះ​ពុំ​មែន​ជា​ការ​ពង្រឹង​សមត្ថភាព​សម្រាប់​កងទ័ព​ខ្មែរ​នោះ​ទេ ហើយ​មើល​ទៅ​គឺ​គ្រាន់តែ​ជា​គោលដៅ​នៃ​ការ​ពង្រឹង​អំណាច​ត្រកូល​ហ៊ុន​តែប៉ុណ្ណោះ។

លោក​និយាយ​ថា ពីព្រោះ​ក្នុង​ស្ថានភាព​ដែល​ពិភពលោក​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ប្រទេស​ទាំងពីរ​គួរតែ​ប្រែក្លាយ​សមយុទ្ធ​នេះ​ទៅជា​យុទ្ធនាការ​ជួយសង្គ្រោះ​ជីវិត​មនុស្ស​រវាង​កង​ទ័ព​កម្ពុជា​និង​កងទ័ព​ចិន​ក្នុង​វិស័យ​ពេទ្យ​ដើម្បី​ឆ្លើយតប​នឹង​គ្រោះអាសន្ន​ជាក់ស្ដែង។

លោក​អះអាង​ថា ប្រទេស​ទាំងពីរ​បែរ​ជា​យក​អាវុធ​មក​បបួលគ្នា​បាញ់​ចោល​ដើម្បី​បន្លាច​ពលរដ្ឋ​ខ្មែរ នៅ​ពេល​ដែល​ពលរដ្ឋ​កំពុង​តែ​ភ័យខ្លាច​នឹង​កូវីដ​១៩​ផង ហើយ​ការ​ចូល​របស់​កងទ័ព​ចិន​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បារម្ភ​ពី​លទ្ធភាព​នៃ​ការឆ្លង​នៃ​ជំងឺ​នេះ​ដល់​ទាហាន​ខ្មែរ​ថែម​ទៀត​ផង៖ «ក្នុង​គោលការណ៍​ចិន​ជា​នយោបាយ​ចិន​គាំទ្រ ព្រះមហាក្សត្រ​មុន ហ៊ុន សែន ដូច្នេះ​ក្នុង​រឿង​យោធា​ក៏​មាន​ដំណើរ​ស្របគ្នា​បែបនេះ​ដែរ។ ចិន​ដឹង​ថា លោក​ហ៊ុន សែន គ្រាន់តែ​ចង់​បោក​ចិន​យក​ឥទ្ធិពល​ចិន​អាវុធ និង​លុយ​ចិន​ទៅ​ការពារ​អំណាច​គ្រួសារ​របស់​គាត់​តែ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ​ចិន​ក៏​ដឹង​ដែរ​មិន​ល្ងង់​ទេ ហើយក៏​អាច​កំដរ​លោក ហ៊ុន សែន តាម​ដំណើរ​អ៊ីចឹង​ទៅ»។

ប្រទេស​កម្ពុជា​បាន​លុបចោល​សម​យុទ្ធ​យោធា «ឆ្នាំ​អង្គរ» ជាមួយ​សហរដ្ឋអាមេរិក និង​សមយុទ្ធ​យោធា ដន​គោព្រៃ (Dawn Kouprey) ជាមួយ​ប្រទេស​អូស្ត្រាលី​កាលពី​ចុង​ឆ្នាំ២០១៧ ហើយ​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា​មិនដែល​និយាយ​ដល់​ការរៀបចំ​សមយុទ្ធ​យោធា​ជាមួយ​ប្រទេស​លោក​សេរី​ទាំងពីរ​នេះ​វិញ​ឡើយ។

ទោះជា​យ៉ាងណា​អ្នកវិភាគ​លោក គឹម សុខ ធ្លាប់​លើកឡើង​ថា ការ​ពង្រឹង​ទំនាក់ទំនង​យោធា​ជាមួយ​ប្រទេស​ចិន និង​ការ​បដិសេធ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ប្រទេស​លោក​ខាង​លិច​ក្នុង​ពេល​កន្លង​ទៅ បាន​ធ្វើ​ឱ្យ​កម្ពុជា​ដើរ​ឃ្លាតឆ្ងាយ​បន្តិច​ម្តងៗ ពី​ក្រុម​មហាអំណាច​លោក​សេរី​នៅ​លើ​វិស័យ​ការពារ​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។