អាជ្ញាធរកម្ពុជា និងថៃដែលជាប្រទេសមានព្រំដែនជាប់គ្នានោះ នៅអំឡុងមានវិបត្តិជំងឺកូវីដ១៩នេះ ប្រជាពលរដ្ឋប្រទេសទាំងពីរតែងតែនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរៀងៗខ្លួន។ កន្លងទៅ វិធានការទប់ស្កាត់ពលរដ្ឋចូលរួមសម្ដែងមតិរបស់អាជ្ញាធរកម្ពុជា និងថៃ មានភាពខុសគ្នាដាច់ស្រឡះ ដែលថៃបើកឱ្យពលរដ្ឋរបស់ខ្លួនអាចប្រមូលផ្ដុំគ្នាសម្ដែងមតិបានយ៉ាងទូលំទូលាយ ចំណែកអាជ្ញាធរខ្មែរវិញបានបង្ក្រាបដោយហិង្សា និងចាប់ពលរដ្ឋជាច្រើននាក់ដាក់ពន្ធនាគារទៀតផង។ តើចំណាត់ការរបស់អាជ្ញាធរនៃប្រទេសទាំងពីរទៅលើការចេញតវ៉ារបស់ពលរដ្ឋខុសគ្នាបែបណាខ្លះ?
ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ១៩មក ប្រជាធិបតេយ្យនៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់ប្រជាពលរដ្ឋមិនអាចចូលរួមសម្ដែងមតិបានឡើយ។ កន្លងទៅជារឿយៗ ក្រុមយុវជន និងប្រជាពលរដ្ឋតែងធ្វើសកម្ម ប្រមូលផ្ដុំគ្នាតវ៉ាស្វែងរកយុត្តិធម៌សង្គមយ៉ាងផុលផុស។ ប៉ុន្តែសកម្មភាពទាំងនោះត្រូវបានអាជ្ញាធររារាំងជាប្រចាំ។ សូម្បីតែការជិះកង់របស់ក្រុមយុវជនមួយក្រុមតូចដើម្បីផ្សព្វផ្សាយឱ្យមានវិធានការការពារកោះកុងក្រៅក៏ត្រូវអាជ្ញាធរហាមឃាត់ដែរ។ អាជ្ញាធរក៏បានរារាំងក្រុមយុវជន ប្រជាពលរដ្ឋ និងព្រះសង្ឃ មិនឱ្យចូលរួមសម្ដែងមតិ ទាមទារឱ្យមានយុត្តិធម៌សង្គមជាច្រើនលើកច្រើនសា ជាពិសេសក្រោយពេលដែលអាជ្ញាធរចាប់ ប្រធានសហព័ន្ធសហជីពកម្ពុជា លោក រ៉ុង ឈុន ដាក់ពន្ធនាគារព្រៃស កាលពីចុងខែកក្កដាមក គឺកងសន្តិសុខខណ្ឌ៧មករាតែងតែបង្ក្រាបដោយហិង្សាលើក្រុមយុវជនខ្មែរថាវរៈ និងប្រជាពលរដ្ឋ ដែលពួកគេបានចូលរួមតស៊ូមតិទាមទារឱ្យតុលាការដោះលែង លោក រ៉ុង ឈុន បណ្ដាលឱ្យប្រជាពលរដ្ឋជាច្រើននាក់រងរបួស ក្នុងនោះមានស្ត្រីចំនួន២នាក់ របួសធ្ងន់ជាងគេ ដោយសារកងសន្តិសុខចាប់អូសដាក់ឡាននិង ចាប់ក្រវាត់នៅលើថ្នល់។ អាជ្ញាធរបានចាត់ទុកការបង្ក្រាបនេះ ថា ជាការអនុវត្តច្បាប់ ដើម្បីរក្សាសណ្ដាប់សង្គម។
កាលពីថ្ងៃទី១៨ សីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ការចាប់លោក រ៉ុង ឈុន ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ហើយលោកក៏ព្រមានដល់ប្រជាពលរដ្ឋទាំងឡាយណាដែលហ៊ាននិយាយពាក់ព័ន្ធបញ្ហាព្រំដែននឹងត្រូវចាប់ខ្លួនដាក់ពន្ធនាគារទាំងអស់ដោយមិនលើកលែងនោះឡើយ៖ «ឥឡូវមានប៉ុន្មានចេញមកទៀត សុំផ្ញើសារ ចេញមកប៉ុន្មានចាប់ប៉ុណ្ណឹង រឿងទល់ដែន អត់មានឱ្យរញ៉េរញ៉ៃទេ។ កុំថារដ្ឋាភិបាលលោក ហ៊ុន សែន ផ្ដាច់ការ នេះមិនមែនជាការតស៊ូមតិទេ អ្នកខ្លះចេញមកថា នេះជាការតស៊ូមតិ អត់ជាការតស៊ូមតិទេ នេះជារឿងផ្លូវច្បាប់សុទ្ធសាធ ព្រោះនេះមិនមែនជារឿងដែលត្រូវធ្វើប្រជាមតិដែលត្រូវថានោះទេ»។
ការព្រមានរបស់លោកហ៊ុន សែន នេះ ធ្វើឱ្យប្រជាពលរដ្ឋភាគច្រើនភ័យខ្លាច និងមិនហ៊ានចូលរួមសម្ដែងមតិ ដែលជាសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋធានាដោយរដ្ឋធម្មនុញ្ញក៏ដោយ។
ចាប់តាំងលោក ហ៊ុន សែន បានប្រកាសរហូតមកដល់ថ្ងៃទី៤ តុលា មានសកម្មជននយោបាយ ព្រះសង្ឃ អ្នកចំរៀងរេប និងសកម្មជនសង្គមជិត២០នាក់ហើយ ត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួនដាក់ពន្ធនាគារព្រៃស។ តុលាការបានចោទប្រកាន់អ្នកទាំងនោះ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់បង្កឱ្យមានភាពវឹកវរនៅក្នុងសង្គម។
ផ្ទុយពីការចោទប្រកាន់នេះ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ជាច្រើនស្ថាប័ន បានថ្កោលទោសចំពោះការចាប់ខ្លួននេះថា ជារឿងនយោបាយ និងជាការរឹតត្បិតសិទ្ធិសេរីភាពធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋទាំងបំពានរដ្ឋធម្មនុញ្ញ។
ងាកមកមើលប្រទេសថៃវិញ ខុសគ្នាដាច់ស្រឡះពីកម្ពុជា។ គិតចាប់តាំងពីខែសីហា មក ប្រជាពលរដ្ឋថៃ សិស្សវិទ្យាល័យ និងនិស្សិតមហាវិទ្យាថៃរាប់ម៉ឺននាក់បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលថៃជាបន្តបន្ទាប់ ។ កាលពីចុងខែកញ្ញា ក្រុមនិស្សិត និងពលរដ្ឋថៃប្រមាណ២ម៉ឺននាក់បានធ្វើបាតុកម្មនៅកណ្ដាលទីក្រុងបាងកក ទាមទារឱ្យនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា Prayuth Chan o Cha) ចុះចេញពីតំណែង និងទាមទារឱ្យរដ្ឋាភិបាលថៃកែប្រែរដ្ឋធម្មនុញ្ញថ្មី ដែលត្រូវបានរដ្ឋាភិបាលរបរយោធាថៃរបស់ឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ធ្វើវិសោធន៍កម្មកាលពីឆ្នាំ២០១៧ ប្រាសចាកពីគន្លងប្រជាធិបតេយ្យ។
កន្លងទៅតុលាការថៃធ្លាប់បានកោះហៅមេដឹកនាំក្រុមបាតុករជាង ៣០នាក់ចូលបំភ្លឺតុលាការដូចនៅកម្ពុជាដែរ ក៏ប៉ុន្តែរហូតមកដល់ថ្ងៃទី៤ តុលា ពុំមានបាតុករថៃណាម្នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនដាក់ពន្ធនាគារនៅឡើយ។
ជាងនេះទៅទៀតកាលពីថ្ងៃ១៧ កញ្ញា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា Prayuth Chan o Cha) ថែមទាំងប្រកាសមិនឱ្យប៉ូលិសបង្ក្រាបក្រុមបាតុករនោះទេ ប្រសិនបើពួកគេចូលរួមសម្ដែងមតិដោយសន្តិវិធី ដែលស្របតាមច្បាប់របស់ប្រទេសថៃនោះ។ លោកបញ្ជាឱ្យប៉ូលិសការពារក្រុមបាតុករថៃ ធ្វើយ៉ាងណាដើម្បីសម្រួលឱ្យពួកគេបានចូលរួមសម្ដែងមតិឱ្យបានពេញលេញ៖ «សូមឱ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តលើក្រុមអ្នកធ្វើបាតុកម្មដោយក្ដីអនុគ្រោះ ព្រោះខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋដែលចូលរួមតវ៉ា នឹងចេះប្រុងប្រយ័ត្ន និងស្ថិតនៅក្នុងរង្វង់ច្បាប់។ តែខ្ញុំក៏ផ្ដាំផ្ញើទៅដល់ក្រុមអ្នកតវ៉ាសុំឱ្យគិតដល់ប្រជាពលរដ្ឋថៃដូចគ្នាឱ្យបានច្រើន ព្រោះពលរដ្ឋយើងរាប់លាននាក់ផ្សេងទៀត អាចនឹងរងផលប៉ះពាល់ឆ្លងជំងឺកូវីដ១៩ ដោយសារតែភាពប្រថុយប្រថានរបស់បងប្អូន ដែលអាចធ្វើឱ្យប្រទេសយើងអាចចេញបម្រាមគោចរជាថ្មីទៀត»។
រដ្ឋាភិបាលថៃបានបញ្ជូនមន្ត្រីប៉ូលិសដែលមានវិជ្ជាជីវៈរាប់ពាន់នាក់ ការពារដល់ក្រុមបាតុករ ដោយពុំមានការប្រើហិង្សាលើក្រុមអ្នកតវ៉ានោះទេ។ ត្រង់ចំណុចនេះគឺខុសគ្នាពីកម្ពុជាដែលបានប្រើកង សន្តិសុខ ដែលមិនបានអប់រំត្រឹមត្រូវ និងគ្មានវិជ្ជាជីវៈមកបង្ក្រាបក្រុមបាតុករម្ដងហើយម្ដងទៀត ជាពិសេសគឺប្រើហិង្សាលើក្រុមស្ត្រី ដែលជាប្រពន្ធរបស់សកម្មជនគណបក្សសង្គ្រោះជាតិ ដោយសារតែពួកគេតវ៉ាទាមទារឱ្យដោះលែងប្តីរបស់ពួកគេ ដែលពួកគេយល់ថា ត្រូវបានចាប់ខ្លួនដោយអយុត្តិធម៌នោះ។
ទាក់ទងនឹងបញ្ហានេះ អ្នកវិភាពនយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ ប្រាប់អាស៊ីសេរីថា និស្សិតថៃធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់គេបាន មិនមែនដោយសារពួកគេសកម្ម និងក្លាហានជាងនិស្សិតខ្មែរនោះទេ ប៉ុន្តែដោយសារថៃមានវប្បធម៌នយោបាយមួយដែលនៅមានលំហខ្លះសម្រាប់ឲ្យប្រជាពលរដ្ឋរបស់គេចូលរួមសកម្ម ក្នុងជីវភាពនយោបាយរបស់ប្រទេសគេបានតាមរយ:ការបញ្ចេញមតិជាសាធារណ:។
លោកបន្ថែមទៀតថា ថ្នាក់ដឹកនាំ និងពលរដ្ឋថៃ បានដើរតាមគន្លងធម៌ព្រះពុទ្ធច្រើន មានចិត្តធម៌ច្រើន អត់ឱននិងបើកទូលាយច្រើន ព្រមទាំងមានសមត្ថភាពនិងការទុកចិត្តលើខ្លួនឯង ជាពិសេសអាជ្ញាធរថៃស្រឡាញ់ប្រជាពលរដ្ឋរបស់គេ៖ «ការអប់រំរបស់គេហ្នឹងគឺ នៅសកលវិទ្យាល័យ ធម្មសាត (Thamasat) បាវចនានៅក្នុងសកលវិទ្យាល័យគេដាក់យើងរៀនស្រលាញ់ប្រជាពលរដ្ឋ គឺការអប់រំរបស់គេហ្នឹង គេឱ្យស្រលាញ់ប្រជាពលរដ្ឋ ដូចគ្នាទាំងអស់អីចឹង។ ដូច្នេះរឿងហ្នឹងវាមានឥទ្ធិពលលើវប្បធម៌នយោបាយរបស់គេ ហើយក៏គេបើកចំហបើកទូលាយ ហើយមានការអត់ឱនឱ្យគ្នាច្រើន។ ដូច្នេះមានលំហសម្រាប់ឱ្យយុវជន និស្សិត ឬប្រជាពលរដ្ឋថៃហ្នឹងបានចូលរួមសកម្មនៅក្នុងជីវភាពនយោបាយរបស់ប្រទេស»។
ចំណែកនៅកម្ពុជាវិញលោក បណ្ឌិត ឡៅម៉ុង កត់សំគាល់ថា បច្ចុប្បន្នវប្បធម៌នយោបាយខ្មែរ ឈានដល់កម្រិតមិនឲ្យប្រើប្រាស់សេរីភាពខាងការបញ្ចេញមតិ សូម្បីតែនៅទីលានប្រជាធិបតេយ្យដែលច្បាប់បានកំណត់ថា ជាទីកន្លែងសាធារណ:សម្រាប់ឲ្យប្រជាពលរដ្ឋជួបជុំគ្នាបញ្ចេញមតិក៏ដោយ។ លោកហៅសកម្មភាពរបស់អាជ្ញាធរខ្មែរនេះ ថា ជាការក្ដិចត្រួយមិនឱ្យលូតលាស់ទៅមុខ ពោលគឺអាជ្ញាធរមិនចង់ឱ្យយុវជនខ្មែរមានចំណេះដឹងផ្នែកប្រជាធិបតេយ្យរីកចំរើនទៅមុខ ដើម្បីពួកគេងាយស្រួលរក្សាអំណាចគ្រប់គ្រងប្រទេសបានយូរអង្វែង។ ទោះជាយ៉ាងណា លោកមិនគាំទ្រចំពោះការគ្រប់គ្រងបែបនេះនោះឡើយ ពីព្រោះលោកថា ជារបរគ្រប់គ្រងបែបផ្ដាច់ការ ដែលធ្វើឱ្យប្រជាពលរដ្ឋជួបតែការឈឺចាប់ ហើយប្រទេសនឹងមិនអាចអភិវឌ្ឍន៍ជឿនលឿនបានឡើយ៖ «គឺបានបង្កើតទុក្ខវេទនារបស់ប្រជាពលរដ្ឋតែប៉ុណ្ណឹង យើងឃើញស្រាប់ហើយនៅក្នុងប្រវត្តិសាស្ត្ររបស់យើង ឬមួយឈានទៅដល់ការខ្ទេចខ្ទាំប្រទេសថែមទៅទៀត។ វាមានសង្គ្រាមជាពិសេសសង្គ្រាមនៅក្នុងស្រុកហ្នឹង រួចដល់មានសង្គ្រាមក្នុងដណ្ដើមអំណាចដណ្ដើមអីគ្នា ហើយអំណាចទៅគាបសង្កត់គេ ដល់អីចឹងទៅមានការតវ៉ាតអីទៅ គឺតវ៉ាដោយអហិង្សានិងតវ៉ាដោយហិង្សា យើងជួបប្រទះហើយតើ»។
លោកបន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះ លោកស្នើដោយទទូចដល់អាជ្ញាធរខ្មែរទាំងអស់ គួរតែដឹកនាំប្រទេសដោយដើរគន្លងព្រះពុទ្ធនាសនាឱ្យបានខ្ជាប់ខ្ជួន និងត្រូវបណ្ដុះកូនរបស់ពួកគេឱ្យយល់ដឹងពីពុទ្ធសាសនា តាំងពីតូចមុនពេលដែលពួកគេចូលកាន់តំណែងការងាររដ្ឋ ជាពិសេសគួរតែប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤យ៉ាងរបស់ព្រះពុទ្ធ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា ដែលមានន័យថា សេចក្ដីស្រឡាញ់ សេចក្ដីអាណិត មានការត្រេកអរនៅពេលដែលដទៃបានសេចក្ដីសុខ និងការតម្កល់ចិត្តឱ្យនៅកណ្ដាលដោយមិនលំអៀងជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។