សហគមន៍ខ្មែរនៅអូស្ត្រាលីរួមមាន៖ តំណាងរាស្ត្រ អ្នកច្បាប់ ប្រធានសមាគម សកម្មជនគណបក្សសង្គ្រោះជាតិ និងបុគ្គលសំខាន់ៗក្នុងប្រទេសនេះរួមគ្នាលើកសំណើរទៅរដ្ឋាភិបាលរបស់ពួកគេធ្វើច្បាប់ដាក់ទណ្ឌកម្មលើក្រុមដឹកនាំរបបក្រុងភ្នំពេញ ដែលរំលោភសិទ្ធិមនុស្ស។ ចំពោះសំណើនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា ការទាមទារបើនេះ មិនមែនជារឿងថ្មីទេ ហើយមិនដែលឃើញរដ្ឋាភិបាលអូស្ត្រាលីធ្វើច្បាប់ណាមួយដាក់ទណ្ឌលើមន្ត្រីកម្ពុជានៅឡើយទេ។
សហគមន៍ខ្មែរនៅអូស្ត្រាលីថា អូស្ត្រាលី មិនអាចនៅស្ងៀមទុកក្រុមដឹកនាំរបបក្រុងភ្នំពេញធ្វើបាបពលរដ្ឋនិងរំលោភសិទ្ធិមនុស្សតាមទំនើងចិត្តនោះទេ។ ពួកគេរំពឹងថា រដ្ឋាភិបាលនិងរដ្ឋសភា ប្រទេសអូស្ត្រាលីនឹងយកគំរូតាមសម្ព័ន្ធមិត្តរបស់ខ្លួនសហរដ្ឋអាមេរិកដែលបានធ្វើច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីបាតដៃប្រឡាក់ឈាមទាំងនោះ។
អតីតចៅហ្វាយក្រុងដែនឌឺណុង (Dandenong) នៃប្រទេសអូស្ត្រាលី លោក ជា យូហ៊ន ឱ្យដឹងថា មន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញមួយចំនួនបាននាំគ្នាចេញចូលប្រទេសអូស្ត្រាលីនិងបានយកលុយពុករលួយឬលុយកខ្វក់របស់ពួកគេទិញដីទិញផ្ទះនៅប្រទេសអូស្ត្រាលី។ លោកបន្តថា ក្នុងសំណើរបស់សហគមន៍ខ្មែរនៅអូស្ត្រាលីក្នុងការទាមទារធ្វើច្បាប់ដាក់ទណ្ឌកម្មមានពីរចំណុចធំៗគឺបង្កកទ្រព្យសម្បត្តិនិងហាមឃាត់មិនឱ្យមន្ត្រីទាំងនោះចូលមកប្រទេសអូស្ត្រាលី៖ «គំនិតខ្ញុំ ខ្ញុំថា ធ្វើយ៉ាងម៉េចដើម្បីសិទ្ធិសេរីភាពដល់ប្រទេសកម្ពុជា យើងត្រូវតែធ្វើច្បាប់ហ្នឹងដើម្បីឱ្យមន្ត្រីខ្មែរយើងដទៃទៀតឃើញ របៀបរបបថា បើកាលណាអញធ្វើរបៀបហ្នឹងដែរគឺចូលអូស្ត្រាលីលែងបានហើយ»។
សកម្មជនគណបក្សសង្គ្រោះជាតិនៅប្រទេស អូស្ត្រាលី លោក អ៊ិន ហេមរា (អ៊ិន ហេមរ៉ា) ប្រាប់ថា ពេលនេះរដ្ឋាភិបាលកំពុងពិនិត្យលើសំណើរបស់សហគមន៍ខ្មែរនៅអូស្ត្រាលី។ លោកបន្តថា កាលពីចុងខែមីនាអនុគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋាភិបាលអូស្ត្រាលីបានកោះហៅតំណាងពលរដ្ឋខ្មែរបង្ហាញពីការចង់បាននៃការទាមទារធ្វើច្បាប់ដាក់ទណ្ឌកម្មលើក្រុមដឹក នាំរបបក្រុងភ្នំពេញដែលរំលោភសិទ្ធិមនុស្ស។ លោក អ៊ិន ហេមរា ដែលត្រូវបានទទួលបានការអញ្ជើញរបស់អនុគណៈកម្មការផ្នែកសិទ្ធិមនុស្សនៃរដ្ឋាភិបាលអូស្ត្រាលីក្នុងការផ្តល់សក្ខីកម្មនៃការទាមទារធ្វើច្បាប់ដាក់ទណ្ឌកម្មនេះឱ្យដឹងថា សេចក្ដីព្រាងនៃច្បាប់នេះគឺមិនមែនផ្តោតលើការដាក់ទណ្ឌតែលើក្រុមមន្ត្រីនៃរបបក្រុងភ្នំពេញនោះទេ គឺដាក់ទណ្ឌជនជាតិផ្សេងទៀតដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៖ «ច្បាប់នេះទំលំទូលាយមិនមែនសម្រាប់តែខ្មែរទេ គឺសម្រាប់ការពារ ឬក៏ជួយទប់ស្កាត់នូវការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដោយបុគ្គលណាមួយដោយដាក់ទណ្ឌកម្មលើបុគ្គលនោះផ្ទាល់តែម្ដង»។
ការលើកឡើងរបស់ពលរដ្ឋបែបនេះ ដោយសារតែកាលពីពេលថ្មីៗនេះ សហព័ន្ធអន្តរជាតិការពារសិទ្ធិមនុស្សហៅកាត់ថា FIDH(International Federation For Human Rights) ជំរុញទៅអូស្ត្រាលីឱ្យអនុម័តច្បាប់ដាក់ទណ្ឌកម្មបុគ្គលដែលពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
ការជំរុញនេះគឺតាមរយៈសំណើរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស(PARIS) ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍របស់សភាអូស្ត្រាលីស្តីពីកិច្ចការបរទេស ការពារជាតិនិងពាណិជ្ជកម្ម កាលពីថ្ងៃទី៣០ ខែមេសា។
អគ្គលេខាធិការរបស់ FIDH លោក Adilur Rahman Khan លើកឡើងថា មន្ត្រីជាន់ខ្ពស់ជាច្រើននាក់នៃគណបក្សកាន់អំណាចនៅកម្ពុជាគឺជាអ្នកជាប់ពាក់ព័ន្ធជាយូរមកហើយ ដែលត្រូវទទួលខុសត្រូវចំពោះអំពើពុករលួយនិងការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេស ហើយអ្នកទាំងនោះក៏ត្រូវគេដឹងថា បានវិនិយោគទ្រព្យសម្បត្តិរបស់ខ្លួនដែលបានមកពីទង្វើខុសច្បាប់នោះនៅក្នុងប្រទេសអូស្ត្រាលី។
អតីតតំណាងរាស្ត្ររដ្ឋវិកតូរីយ៉ា (Victoria) ដើមកំណើតខ្មែរ លោក ហុង លីម ដែលបានចូលរួមក្នុងការស្នើទៅរដ្ឋាភិបាលអូស្ត្រាលីក្នុងការធ្វើច្បាប់ដាក់ទណ្ឌកម្មឱ្យដឹងថា ក្រុមលោកមានឯកសារ និងភស្តុតាងជាច្រើនដែលក្រុមមន្ត្រីនៃរបបក្រុងភ្នំពេញបានរំលោភសិទ្ធិមនុស្សនៅកម្ពុជា ។ លោករំពឹងថា រដ្ឋាភិបាលប្រទេសនេះនឹងធ្វើច្បាប់តាមតាមសំណើរបស់សហគមន៍ខ្មែរនៅអូស្ត្រាលី។ លោកបន្តថា នៅពេលសហរដ្ឋអាមេរិកចាប់ផ្តើមធ្វើច្បាប់ដាក់ទណ្ឌកម្មបុគ្គលដែល ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សនៅកម្ពុជា មានប្រទេសជាសម្ពន្ធមិត្តរបស់ប្រទេសមហាអំណាចមួយនេះបានស្វះស្វែងធ្វើច្បាប់ដាក់ទណ្ឌនេះដែរ៖ «យើងខ្ញុំនៅនេះសង្ឃឹមថា ប្រទេសអូស្ត្រាលីនឹងយកចិត្តទុកហើយនឹងរៀបចំធ្វើបានសម្ពន្ធមិត្តគេទាំងប្រទេសដែលនិយាយភាសាអង់គ្លេសគឺនឹងធ្វើច្បាប់គឺជាច្បាប់អន្តរជាតិដើម្បីនឹងធ្វើការគាប់សង្កត់ចំពោះរបបផ្ដាច់ការ រំលោភសិទ្ធិមនុស្ស របបពុករលួយហួសហេតុពេកនឹងបាទ»។
ទោះបីយ៉ាងណាបក្សគណបក្សកាន់អំណាចហាក់មិនចាប់អារម្មណ៍នឹងសំណើដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលភ្នំពេញនោះទេ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា ការសម្រេចចិត្តដាក់ទណ្ឌនរណាម្នាក់គឺជាសិទ្ធិរបស់រដ្ឋាភិបាលអូស្ត្រាលី។ ប៉ុន្តែលោកយល់ថា ការទាមទាររបស់សហគមន៍ខ្មែរនៅអូស្ត្រាលីនឹងមិនទទួលបានលទ្ធផលទេ ដោយលោកកត់សម្គាល់ថា កន្លងមកខ្មែរនៅអូស្ត្រាលីតែងធ្វើការទាមទារបែបនេះ ប៉ុន្តែមិនឃើញរដ្ឋាភិបាលអូស្ត្រាលីធ្វើតាមសំណើរបស់ពួកគេនោះទេ៖ «ការស្នើរបស់គាត់មិនមែនទើបតែរឿងថ្មីទេ គឺរឿងយូរហើយតាំងពីជំនាន់តា ហុង លីម ធ្វើជាតំណាងរាស្ត្រម្ល៉េះ អ៊ីចឹងទេ ខ្ញុំយល់ថា ជាកាកសំណល់តាំងពីតា ហុង លីម មក ប៉ុន្តែទោះជាស្នើយ៉ាងម៉េចក៏ដោយសភាការពិតនៅកម្ពុជាមិនដូចគាត់និយាយនិយាយទេ»។
សហរដ្ឋអាមេរិកបានឈានមុខគេក្នុងការអនុម័តច្បាប់ គ្លូបល មែគនីតស្គី (Global Magnitsky Human Rights Accountability Act) ដាក់ទណ្ឌកម្មមន្ត្រីជំនិតរបស់លោក ហ៊ុន សែន រួមមានមេកងអង្គរក្សរបស់លោក ហ៊ុន សែន នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយឧត្ដមសេនីយ៍ គន់ គីម ដែលជាទេសរដ្ឋមន្ត្រី និងលោក ទ្រី ភាព ជាឈ្មួញឈើនៅកម្ពុជាកាលពីខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើពុករលួយនិងការរំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។