ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​​ថា ខ្លួន​​មិន​​បាន​​​បំបែក​​សំឡេង​​អ្នក​គាំទ្រ​​សង្គ្រោះ​ជាតិ​​នៅ​​កូរ៉េ

0:00 / 0:00

ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​បដិសេធ​ថា ខ្លួន​មិន​បាន​បំបែក​សំឡេង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េ​ឡើយ ហើយ​ការ​បង្កើត​ក្រុម​ថ្មី​នៅ​ពេល​នេះ គឺ​ដើម្បី​បំពេញ​ចំណុច​ខ្វះខាត​របស់​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េ​។ អ្នក​តាមដាន​ស្ថានការណ៍​យល់ថា ក្រុម​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េ គួរតែ​ចង​គ្នា​ជា​ធ្លុង​មួយ ទើប​មាន​ទឹក​មាត់ប្រៃ និង​មាន​ឥទ្ធិពល​លើ​អ្នក​នយោបាយ។

ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះជាតិ លោក ពេញ ពណ្ណរាយ អះអាង​ថា ក្រុម​ថ្មី​របស់​លោក មិនមែន​បង្កើត​ឡើង​ដើម្បី​បំបែក​សំឡេង​យុវជន និង​អ្នក​គាំទ្រ​​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េខាងត្បូង​នោះ​ឡើយ។ លោក​បញ្ជាក់​ថា ក្រុម​ថ្មី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​សកម្មភាព​បំពេញ​ចន្លោះ​ខ្វះខាត​របស់​​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ស្រាប់​នៅ​ប្រទេស​កូរ៉េខាងត្បូង​។ ម្យ៉ាងវិញទៀត លោក​ថា សមាសភាព​ដឹកនាំ​របស់​ក្រុម​ថ្មី​នេះ សុទ្ធ​សឹង​តែ​​ចេញ​មក​ពី​ក្រុម​ចលនា​​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារតែ​ពួកគេ​មិន​ពេញចិត្ត​របៀប​ដឹកនាំ​បែប​អត្តនោម័ត​របស់​លោក យឹម ស៊ីណន ដែល​ជា​ប្រធាន៖ «ពាក្យ​ថា បែកបាក់ មានន័យថា បែក​ពី​ក្រុម​មួយ ខ្ញុំ​ដឹកនាំ​ទៅកាន់​ក្រុម​មួយទៀត​។ ឧទាហរណ៍​ថា ខ្ញុំ​បែក​ពី​ក្រុម​នោះ ដឹក​នាំទៅ​គាំទ្រ​គណបក្ស​ផ្សេង​ក្រៅពី​សង្គ្រោះ​ជាតិ នោះ​ទើប​បែកបាក់ តែ​បើ​ខ្ញុំ​ដឹកនាំ​ទៅ​រក​គោលដៅ​នៃ​សង្គ្រោះ​ជាតិ​ដូចគ្នា គឺ​អត់​បែកបាក់​ទេ គ្រាន់តែ​យើង​បែង​ចែក​គ្នា​ធ្វើការ​។ យើង​មិន​ពេញចិត្ត​លើ​ការ​ចន្លោះប្រហោង​ណាមួយ​ដែល​យើង​រិះគន់​ទៅ គេ​អត់​ទទួល​ស្គាល់ អ៊ីចឹង​ហើយ​យើង​បែង​ចែក​គ្នា​ធ្វើការ ដើម្បី​ពង្រឹង​ឱ្យ​កម្លាំង​គាំទ្រ​កាន់តែ​ច្រើន។ អ៊ីចឹង​បើ​អ្នកណា​ដែល​ប្រើ​ពាក្យ​ថា​បែកបាក់​គ្នា គឺ​អ្នកនោះ​ហើយ​ដែល​ចង់​បែកបាក់»។

លោក​បញ្ចេញ​ប្រតិកម្ម​បែបនេះ ឆ្លើយតប​ទៅ​នឹង​ការចោទប្រកាន់​របស់​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម ស៊ីណន ដែល​ថា ពួក​លោក​បង្កើត​ក្រុម​ថ្មី​បំបែក​សំឡេង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េខាងត្បូង។

លោក យឹម ស៊ីណន បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ពេល​ថ្មីៗ​ នេះ​ថា រយៈពេល​ជាង​ ៨ឆ្នាំ កម្លាំង​យុវជន​នៅ​កូរ៉េ​ដែល​ធ្លាប់តែ​ជាទី​មោទន​នៃ​កម្លាំង​ប្រឆាំង ពេលនេះ​បាន​ក្លាយ​ជា​ក្រុម​យុវជន​ជេរប្រមាថ និង​វាយប្រហារ​គ្នាឯង​ទៅវិញ​។ លោក​បាន​ហៅ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះជាតិ​ថា ជា​ក្រុម​អបគមន៍ ហើយ​បាតុកម្ម​ដែល​ក្រុម​ថ្មី​នេះ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា​ខាង​មុខ គឺជា​ការ​ចង់​ប្រជែង​យកឈ្នះ​បាតុកម្ម​ដែល​ក្រុម​របស់​លោក​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី៣ វិច្ឆិកា​ប៉ុណ្ណោះ។

ទោះជា​យ៉ាងណា ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ លោក ពេញ ពណ្ណរាយ អះអាង​ថា បាតុកម្ម​ដែល​ពួកលោក​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​២០ តុលា​នោះ គឺ​ដើម្បី​ទាមទារ​ឱ្យ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ជួយ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កូរ៉េ​ចូលរួម​ជា​សាក្សី​ក្នុង​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ មិនមែន​ជា​ការ​ប្រជែង​ឈ្នះ​ចាញ់​ជាមួយ​ក្រុម​លោក យឹម ស៊ីណន នោះ​ឡើយ។ លោក​​បញ្ជាក់​ថា លោក​នឹង​អញ្ជើញ​ក្រុម​ចលនា​យុវជន​គណបក្ស​សង្គ្រោះជាតិ​ដឹកនាំ​ដោយ​លោក យឹម ស៊ីណន ចូលរូម​នៅ​ក្នុង​បាតុកម្ម​ថ្ងៃ​ទី​២០ តុលា ខាង​មុខ​។ លោក​បន្ថែម​ថា ប្រសិនបើ​ក្រុម​របស់​លោក យឹម ស៊ីណន រៀបចំ​ព្រឹត្តិការណ៍​ដើម្បី​បុព្វហេតុ​ជាតិ ឬ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​អញ្ជើញ​លោក លោក​នឹង​​ទៅ​​ចូលរួម​ដោយ​គ្មាន​ការ​រារែក​ឡើយ៖ «ខ្ញុំ​បើក​ចិត្ត​ទូលាយ​ណាស់ ខ្ញុំ​អញ្ជើញ​គាត់​មក​ចូលរួម​រាល់​កម្មវិធី​របស់ខ្ញុំ គឺ​ខ្ញុំ​អញ្ជើញ​គាត់​រហូត ដូចជា កាលពី​បុណ្យ​​គម្រប់​ខួប​លោក​បណ្ឌិត កែម លី ក៏​ខ្ញុំ​បាន​អញ្ជើញ​គាត់​ដែរ តែ​គាត់​អត់​មក​ចូលរួម​ហើយ វាយប្រហារ​ខ្ញុំ​ទៀត​។ ឥលូវ​មហា​បាតុកម្ម​នេះ ក៏​ខ្ញុំ​អញ្ជើញ​គាត់​មក​​ចូលរួម​​ដែរ តែ​រឿង​គាត់​ចូលរួម ឬ​មិន​ចូលរួម គឺជា​រឿង​របស់​គាត់»។

អនុប្រធាន​សមាគម​បណ្តាញ​យុវជន​កម្ពុជា (CYN) លោក ស ម៉ូរី ថ្លែង​ថា ការ​បែក​ចេញពី​ក្រុម​ចាស់​ទៅ​បង្កើត​ក្រុម​ថ្មី​មួយទៀត អាច​នឹង​ធ្វើ​ឱ្យ​សំឡេង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េ​ថយ​ចុះ​ឥទ្ធិពល។ ក៏ប៉ុន្តែ ប្រសិនបើ​ក្រុម​ទាំងពីរ​មាន​ចក្ខុវិស័យ​តែមួយ គឺ​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ និង​ចង់​ឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា លោក​ជឿជាក់​ថា ក្រុម​ទាំងពីរ​អាច​នឹង​មានឱកាស​សហការ​គ្នា​វិញ​បាន ហើយ​សំឡេង​របស់​ពួកគេ​នឹង​នៅតែ​មាន​ឥទ្ធិពល​លើ​អ្នក​នយោបាយ៖ «ទោះបី​គាត់​មិន​អាច​ធ្វើ​ការងារ​រួមគ្នា ប៉ុន្តែ​គាត់​អាច​ធ្វើ​យុទ្ធនាការ​រួមគ្នា ធ្វើ​សកម្មភាព​ក្នុង​ការ​បញ្ចុះបញ្ចូល​ប្រទេស ឬ​សហគមន៍​អន្តរជាតិ​ណាមួយ​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ អ៊ីចឹង​ឥទ្ធិពល និង​សំឡេង​ពួកគាត់​នៅតែ​ខ្លាំង ក៏ប៉ុន្តែ​បើ​ពួកគាត់​ធ្វើការ​ងារ​មិន​ត្រូវ​គ្នា​ទេ មាន​ទស្សនវិស័យ​ផ្ទុយគ្នា ខ្ញុំ​គិត​ថា ចលនា​របស់​ពួកគាត់​នឹង​ខ្សោយ​ទៅៗ»។

ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ​ត្រូវ​បាន​បង្កើត​ឡើងជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៩​។ ក្រុមការងារ​សកម្ម​បំផុត​នៃ​ចលនា​នេះ មាន​គ្នា​ចំនួន​ ៣៦នាក់ ដែល​ភាគច្រើន​សុទ្ធ​សឹង​ជា​ប្រធាន​សមាគម​ពលករ​នៅ​តាម​តំបន់​នីមួយៗ ​ក្នុង​ប្រទេស​​កូរ៉េ​ខាង​ត្បូង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។