អ្នកជំនាញខាងគោលនយោបាយការបរទេស និងអ្នកវិភាគនយោបាយ លើកឡើងថា ការអនុញ្ញាតឲ្យមហាអំណាចចិន ដាក់មូលដ្ឋានយោធា ឬកងទ័ពជើងទឹកណាមួយនៅកម្ពុជា គឺជាការធ្វើអត្តឃាតនយោបាយទាំងក្នុង និង ក្រៅប្រទេស និងបណ្តាលឲ្យមានការបែកបាក់ ឬប្រេះឆារជាតិកាន់តែធ្ងន់ធ្ងរ។ ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក បានព្រមានចំៗទៅរបបក្រុងភ្នំពេញថា ប្រសិនបើមានមូលដ្ឋាននាវាយោធាចិននៅកម្ពុជាពិតមែន នោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក នឹងរងការប៉ះពាល់ធ្ងន់ធ្ងរ។
អ្នកសិក្សាស្រាវជ្រាវប្រចាំវិទ្យាស្ថានសិក្សាអំពីតំបន់អាស៊ីអាគ្នេយ៍របស់សិង្ហបុរី លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ លើកឡើងក្នុងនាទីវេទិកាអ្នកស្តាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី ២០ វិចិ្ឆកាថា មេដឹកនាំរបបក្រុងភ្នំពេញ នឹងមិនអនុញ្ញាតឲ្យមហាអំណាចចិន យកទឹកដី ឬប្រើប្រាស់ឈូងសមុទ្រកម្ពុជា ទៅធ្វើជាមូលដ្ឋានយោធារបស់ខ្លួននោះឡើយ។ លោកថា ប្រសិនបើរឿងនេះ កើតមានឡើងពិតមែននោះ ការណ៍នេះ គឺប្រៀបដូចទៅនឹងរបបក្រុងភ្នំពេញ កំពុងតែធ្វើអត្តឃាតនយោបាយខ្លួនឯងយ៉ាងដូច្នោះដែរ៖ «ចំពោះកម្ពុជាយើង ខ្ញុំគិតថា អត់មានថ្នាក់ដឹកនាំណា គិតខ្លីទៅឲ្យបរទេស ជាពិសេសចិនហ្នឹង ដាក់កងកម្លាំងប្រដាប់អាវុធ ឬទ័ពរបស់ខ្លួននៅក្នុងតំបន់នោះទេ ពីព្រោះនិយាយឲ្យចំទៅ ដូចជាធ្វើអត្តឃាតនយោបាយការបរទេស ក៏ដូចជាធ្វើអត្តឃាតនយោបាយក្នុងប្រទេសដែរ។ ដូច្នេះ ខ្ញុំគិតថា អត់មានអ្នកនយោបាយណា ទៅធ្វើអ៊ីចឹងទេ»។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ មើលឃើញពីសារៈសំខាន់នៃកត្តាភូមិសាស្ត្រនយោបាយក្នុងតំបន់ ដែលអាចធ្វើឲ្យកម្ពុជាក្លាយទៅជាគោលដៅដណ្តើមគ្នារវាងប្រទេសមហាអំណាច។ លោកព្រមានថា បើកម្ពុជា នៅតែចោទប្រកាន់គ្នាទៅវិញទៅមក និងបន្តបែកបាក់ជាតិមិនចេះចប់មិនចេះហើយនោះ នោះប្រទេសកម្ពុជា នឹងចៀសមិនផុតពីការធ្លាក់ចូលទៅក្នុងឥទ្ធិពលរបស់មហាអំណាចជាក់ច្បាស់ណាមួយ។ លោកបន្ថែមថា ប្រសិនបើកម្ពុជាដោះស្រាយបញ្ហានេះ មិនបានល្អនោះទេ នោះបញ្ហានេះ ក៏នឹងអាចបណ្តាលឲ្យប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម ដែលធ្លាប់ជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចរបស់របបក្រុងភ្នំពេញនោះ មានក្តីកង្វល់ និងមន្ទិលកាន់តែខ្លាំងឡើងៗ ដែលអាចឈានទៅរកការប្រេះឆារទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងវៀតណាម នាពេលអនាគត។
បន្ថែមពីលើការលើកឡើងនេះ អ្នកវិភាគនយោបាយលោក គឹម សុខ មើលឃើញថា ការផ្អៀងជ្រុលពេកទៅរកមហាអំណាចចិន ក្រោមនយោបាយដែលលោកហៅថា « ដើម្បីតែការពារអំណាច » របស់ក្រុម និងបក្ខពួកលោក ហ៊ុន សែន នោះការណ៍នេះនឹងបណ្តាលឲ្យកម្ពុជាត្រូវខ្ទេចខ្ទាំ ដោយសារតែហេតុការណ៍នេះ បណ្តាលឲ្យមានអសន្តិសុខក្នុងតំបន់។ លោក គឹម សុខ មើលឃើញថា របបក្រុងភ្នំពេញនូវមិនទាន់ស្រាយចម្ងល់អំពីចំណុចសង្ស័យជាច្រើន ដែលចិនកំពុងធ្វើមកលើកម្ពុជាសព្វថ្ងៃនោះទេ ដែលចំណុចទាំងនោះ រួមមាន ការណ៍ដែលចិនបានជួយផ្តល់ជាទឹកប្រាក់ស្ងាត់ៗ ទៅឲ្យក្រុមលោក ហ៊ុន សែន ដើម្បីពង្រឹងអំណាច និងទុកក្រុមនេះដើម្បីប្រើប្រាស់ ការវិនិយោគរបស់ចិននៅតំបន់ឆ្នេរសមុទ្រ មានរូបភាពដូចជាតំបន់កងទ័ពខណៈអ្នកដែលទទួលបានផលសុទ្ធតែជារបស់ក្រុមហ៊ុនចិន និងមេទ័ពធំៗ នៅកម្ពុជា និងការបញ្ជូននិស្សិតយោធាកម្ពុជាជាច្រើនរយនាក់ក្នុងមួយឆ្នាំៗទៅសិក្សាបច្ចេកវិជ្ជាយោធា រាប់ចាប់តាំងពីការរៀនប្រើប្រាស់អាវុធផលិតដោយចិនជាដើមនោះ៖ « ម្ល៉ោះហើយ រឿងទាំងអស់នេះ មិនមែនខ្ញុំម្នាក់ឯងដឹងទេ ច្បាស់ជាអ្នកស្រាវជ្រាវដែលមានឯកទេសជាអន្តរជាតិ និងបណ្តាប្រទេសធំៗ ជាពិសេសប្រទេសដែលកំពុងតែមានទំនាស់ជាមួយនឹងចិនទៅទៀត ជាពិសេសប្រទេសបួនក្នុងអាស៊ាន ដែលមានបច្ចេកវិជ្ជាលើសប្រទេសកម្ពុជា គេច្បាស់ជាដឹងអំពីតំរ៉ុយទាំងអស់ហ្នឹង។ ម្ល៉ោះហើយលាក់គេ មិនជិត ដូច្នេះកាលណាលាក់គេមិនជិត ហើយរឿងនេះ មិនមែនតែជារឿងត្រឹមតែវិនិយោគ តែមានស្នាមទាក់ទងទៅនឹងរឿងវិបត្តិអសន្តិសុខតំបន់ ដូច្នេះ ប្រសិនបើកើតមានជាក់ស្តែងវិញ ប្រទេសកម្ពុជា នឹងខ្ទេចខ្ទាំក្រោមនយោបាយការពារតែអំណាចរបស់ក្រុមលោក ហ៊ុន សែន ហ្នឹងឯង»។
លោក ហ៊ុន សែន កាលពីថ្ងៃចន្ទ ទី១៩ វិច្ឆិកា បានប្រញ៉ាប់ប្រញ៉ាល់ចេញមុខមកស្រាយបំភ្លឺផ្ទាល់មាត់ ក្នុងអំឡុងពេលបើកសម័យប្រជុំគណៈរដ្ឋមន្ត្រីនៃរបបរបស់លោក ជុំវិញកង្វល់នានារបស់ក្រុមប្រទេសលោកខាងលិច ពិសេសសហរដ្ឋអាមេរិក អំពីវត្តមាននៃមូលដ្ឋានយោធារបស់មហាអំណាចចិននៅក្នុងទឹកដីកម្ពុជា។ លោកបានគូសបញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេស ទាំងជើងទឹក ជើងគោក និងទាំងជើងអាកាសនោះទេ និងចោទថា ការលើកឡើងពីកង្វល់នេះ គឺជាយុទ្ធនាការរបស់ក្រុមប្រទេសលោកខាងលិច រកលេសដើម្បីមួលបង្កាច់ និងទម្លាក់កំហុសដាក់របបរបស់លោក។
ការចេញមកពន្យល់នេះ ធ្វើឡើងក្រោយពេលសារព័ត៌មាន Asia Times ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានចុះផ្សាយអត្ថបទមួយ សរសេរថា កម្ពុជាអាចក្លាយជាចំណុចស្នូល នៃសង្គ្រាមត្រជាក់ថ្មីមួយ ដោយសារតែកម្ពុជាងាកទៅរកចិនខ្លាំង និង ឥតងាករេ តាមរយៈការផ្តល់ដីសម្បទាន ទៅចិនជាង ៤ម៉ឺន ៥ពាន់ហិកតារ រយៈពេល ៩៩ឆ្នាំ នៅខេត្តកោះកុង ដើម្បីឲ្យចិនសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ ដែលអាចឲ្យកប៉ាល់ចម្បាំងចិនចូលចតបាន។ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence ក៏បានសរសេរលិខិតផ្លូវការមួយច្បាប់ប្រាប់ទៅលោក ហ៊ុន សែន អំពីកង្វល់ចម្បងបំផុតនៃមូលដ្ឋានយោធាចិននៅកម្ពុជានេះ និងព្រមានថាបើមានរឿងបែបនេះកើតឡើងមែននោះ ការណ៍នេះនឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ គឺកម្ពុជា និងសហរដ្ឋអាមេរិក។ បន្ថែមពីលើនេះ ក្នុងជំនួបលាគ្នារវាងលោក ហ៊ុន សែន ជាមួយឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក William A . Heidt កាលពីថ្ងៃទី២០ វិច្ឆិកា លោក ហ៊ុន សែន ក៏បានប្រាប់ទៅកាន់ភាគីអាមេរិក កុំឲ្យមានការព្រួយបារម្ភ ឬឆ្ងល់ចំពោះបញ្ហានេះ ព្រោះថារដ្ឋធម្មនុញ្ញកម្ពុជា ហាមដាច់ខាតចំពោះការដាក់មូលដ្ឋានយោធារបស់បរទេសនេះ។ របបក្រុងភ្នំពេញ បានហៅព័ត៌មានអំពីការរៀបចំមូលដ្ឋានកងទ័ពជើងទឹករបស់ចិននៅតំបន់ឆ្នេរសមុទ្រកម្ពុជានោះថាជា « ពាក្យចចាមអារាម » ដែលកើតចេញពីការកើនឡើងនៃទំហំវិនិយោគរបស់ចិននៅតំបន់នោះ។
រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា ៥៣ ចែងថា កម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ កម្ពុជាមិនចងសម្ព័ន្ធយោធា ឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនឡើយ។ មាត្រាដដែល ចែងបន្តថា កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ ផ្តល់ជាអនុសាសន៍ថា ដំណោះស្រាយល្អបំផុតដើម្បីបញ្ចៀសកង្វល់នេះ របបក្រុងភ្នំពេញ គួរតែអញ្ជើញអង្គទូតអន្តរជាតិ អ្នកកាសែតជាតិ និងអន្តរជាតិទៅចុះពិនិត្យមើលដោយផ្ទាល់ ក្នុងតំបន់ដែលចិនកំពុងតែអភិវឌ្ឍន៍នោះតែម្តង។ លោកមានប្រសាសន៍ថា ការណ៍ដែលគ្រាន់តែបញ្ចេញប្រតិកម្មផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរ នឹងមិនអាចលាងជម្រះក្តីមន្ទិលសង្ស័យពីសំណាក់ក្រុមប្រទេសលោកខាងលិច បាននោះទេ លុះត្រាតែភាគីម្ខាងទៀត ឃើញផ្ទាល់នឹងភ្នែក ទើបអាចជឿទុកចិត្តបាន។ ជាមួយគ្នានេះ លោកក៏ចង់ឃើញកម្ពុជាអនុវត្តនយោបាយការទូត ដែលមានលក្ខណៈទន់ភ្លន់ ពោលគឺមិនត្រូវប្រកាន់ជំហររឹងប៉ឹងណាមួយពេកនោះទេ ចំពោះការខ្វែងគំនិតគ្នានេះ។ លោកព្រមានថា បើអ្នកនយោបាយកម្ពុជានៅតែបន្តឈ្លោះទាស់ទែងគ្នានៅចំពោះមុខកាលៈទេសៈដណ្តើមឥទ្ធិពលគ្នា រវាងមហាអំណាចបែបនេះតទៅទៀត នោះកម្ពុជានឹងមិនអាចដើរតាមទាន់ប្រទេសដទៃទៀតក្នុងតំបន់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។