"ឧត្ដមក្រុមប្រឹក្សា​​គួរ​ស្នើ​សុំ​លោក ហ៊ុន សែន ឲ្យ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ដើម្បី​បន្ត​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ"

0:00 / 0:00

អ្នកវិភាគ និង​សហជីព​ឯករាជ្យ​យល់​ថា មេដឹកនាំ​គណបក្ស​ដែល​ធ្វើការ​ក្នុង​ឧត្តមក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ គួរតែ​ជជែក និង​ស្នើសុំ​ទៅ​លោក ហ៊ុន សែន អោយ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើងវិញ ដើម្បី​ជៀស​ផុត​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពី​សហភាព​អឺរ៉ុប។

ការ​លើកឡើង​នេះ បន្ទាប់ពី​គណបក្ស​ទាំងនោះ បាន​ចេញ​សេចក្ដីថ្លែងការណ៍​សម្ដែង​ការ​ខកចិត្ត​និង​វាយ​ប្រហារ ចំពោះ​សហភាព​អឺរ៉ុប​ថា មើល​បរិបទ​នយោបាយ​កម្ពុជា​មួយ​ជ្រុង និង​មាន​ភាព​លម្អៀង។

អ្នកវិភាគ និង​សហជីព​ឯករាជ្យ ចាត់​ទុក​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​មួយ​ចំនួន​ដែល ជា​សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ កំពុង​រក​ដំណោះស្រាយ​ខុស​ផ្លូវ និង​មាន​ចេតនា​ជួយ​ការពារ​របប​លោក ហ៊ុន សែន អោយ​គេច​ពី​ការ​ទទួល​ខុស​ត្រូវ ប្រសិនបើ​មានការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មែន​នោះ។

សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ប៊ុង ដែត លើកឡើង​ថា ប្រសិនបើ​គណបក្ស​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ចង់​ឲ្យ​​សហភាព​អឺរ៉ុប​បន្ត​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ សម្រាប់​កម្ពុជា គួរតែ​ជជែក ​ឬ​ស្នើសុំ​ដោយ​ផ្ទាល់​ទៅ​លោក ហ៊ុន សែន ដើម្បី​គោរព​តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ដែល​សហភាព​អឺរ៉ុប តម្រូវ​ឲ្យ​របប​លោក ហ៊ុន សែន អនុវត្ត​ឲ្យ​បាន​នូវ​ការ​ការ​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​ការងារ​របស់​កម្មករ​ជាដើម។ លោក​បន្ត​ថា ករណី​គណបក្ស​​ទាំងនោះ ចេញ​សេចក្ដីថ្លែងការណ៍​ស្តី​បន្ទោស​សហភាព​អឺរ៉ុប​នោះ គឺ​ជា​ការ​ស្វែងរក​ដំណោះស្រាយ​ខុសផ្លូវ និង​ជា​ការ​ជួយ​របប​លោក​ហ៊ុន សែន គេច​ពី​ការ​ទទួលខុសត្រូវ ចំពោះ​កម្មករ ដែល​ប្រឈម​នឹង​ការ​បាត់​ការងារ​តែប៉ុណ្ណោះ។ «»

កាលពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​នៃ​គណបក្ស​ខ្មែរ​តែមួយ និង​គណបក្ស​ខ្មែរ​ក្រោក បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​សម្ដែង​ការ​ខកចិត្ត និង​ការ​វាយប្រហារ​សហភាព​អឺរ៉ុប​ថា មាន​ភាព​លម្អៀង និង​មាន​ទង្វើ​អមនុស្សធម៌ ចំពោះ​​ផែនការ គ្រោង​នឹង​ដក​ប្រព័ន្ធ​អនុគ្រោះ​ព័ន្ធ​ពី​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​កម្មករ​​កម្មការិនី​រាប់​សែន​នាក់។ សេចក្ដីថ្លែងការណ៍​គណបក្ស​ទាំងពីរ​ថា សហភាព​អឺរ៉ុប​មើល កម្ពុជា​តែមួយ​ជ្រុង និង​ចោទ​ថា កម្ពុជា​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​​ដើរ​ថយក្រោយ ប៉ុន្តែ​សហភាព​អឺរ៉ុប បែរជា​កំពុង​បង្ហាញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​វៀតណាម ខណៈ​វៀតណាម មិនមែន​ជា​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ និង​មាន​ការ​រំលោភ​សិទ្ធិមនុស្ស ធ្ងន់ធ្ងរ​មួយ​នៅ​ក្នុង​សមាគម​​អាស៊ាន។

អនុប្រធាន​គណបក្ស​ខ្មែរ​តែមួយ លោក គុជ លី លើកឡើង​ថា ប្រសិនបើ​សហភាព​អឺរ៉ុប ដក​ប្រព័ន្ធ អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​មែន​នោះ គឺ​រឹតតែ​ល្អ ដើម្បី​អោយ​កម្ពុជា​ក្លាយ​ជា​ប្រទេស​រឹងមាំ និង​អាច​រស់នៅ ដោយ​ខ្លួនឯង មិនបាច់​ពឹង​លើ​ជំនួយ​បរទេស។ ទោះ​យ៉ាង​ណា​ក្តី លោក​ឲ្យ​ដឹង​ដែរ​ថា គណបក្ស លោក​គ្រោង​លើក​បញ្ហា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំខែ របស់​ឧត្ដមក្រុមប្រឹក្សា ពិគ្រោះ និង​ផ្ដល់​យោបល់ ដើម្បី​ស្នើសុំ​ឲ្យ​លោក ហ៊ុន សែន ពិចារណា​ដោះស្រាយ។ «»

សហភាព​អឺរ៉ុប​កាល​ពី​ដើម​ខែ​តុលា បាន​ជូនដំណឹង​ជា​ផ្លូវការ​ក្នុង​លិខិត​មួយ​ដល់​របប​ក្រុងភ្នំពេញ​ថា ការ​អនុវត្ត​នីតិវិធី​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ត្រូវ​ប្រើ​រយៈពេល ពី ៦​ខែ ទៅ ១​ឆ្នាំ គឺ​ចាប់ពី​ខែ​តុលា នេះ​តទៅ មុន​នឹង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ជា​ផ្លូវការ​ពី​កម្ពុជា។

ក្នុង​រយៈពេល​៦​ខែ​ដំបូង​នេះ សហភាព​អឺរ៉ុប​នឹង​ទុក​ពេល​ឲ្យ​របប​លោក ហ៊ុន សែន គោរព​កិច្ចសន្យា​របស់​ខ្លួន​ឡើងវិញ ទាក់ទង​នឹង​ការ​គោរព​លក្ខខណ្ឌ​ការងារ គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ពោល​គឺ​ត្រូវ​ផ្ដល់​នីតិសម្បទា​ដល់​មន្ត្រី​បក្ស​ប្រឆាំង​ទាំង ១១៨​រួប​មាន​សិទ្ធិ​ធ្វើ​នយោបាយ ផ្ដល់​អាសនៈ ក្រុម​ប្រឹក្សាឃុំ សង្កាត់​ជូន​គណបក្សប្រឆាំង​ឡើងវិញ​ជាដើម។ ប៉ុន្តែ​ប្រសិនបើ​លក្ខខណ្ឌ​ទាំងនេះ​មិន​ត្រូវ​បាន​អនុវត្ត​នោះ​ទេ សហភាព​អឺរ៉ុប​នឹង​ត្រួតពិនិត្យ​លើ​ការ​កែប្រែ​ឥរិយាបថ​របស់​របប​លោក ហ៊ុន សែន ថា​តើ​គេ​នឹង​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ឬ​គេ​បន្ត​ឲ្យ​ទៀត​ឬ​យ៉ាងណា?

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន លើកឡើង​ថា លោក​មិន​ចាប់​អារម្មណ៍​នឹង​សមាជិក នៃ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នោះ​ទេ។ លោក​ពន្យល់​ថា សហភាព​អឺរ៉ុប មិន​លម្អៀង​នោះ​ទេ ហើយ​បាន​ធ្វើ​កិច្ចការ​នេះ ដោយ​ប្រុងប្រយ័ត្ន​បំផុត ព្រោះ​សហភាព​អឺរ៉ុប បាន​បញ្ជូន​ប្រតិភូ​មក​សិក្សា ស្រាវជ្រាវ​ពី​កម្ពុជា និង​ទុក​ពេលវេលា​អោយ​របប​លោក ហ៊ុន សែន កែប្រែ​បញ្ហា​រំលោភ​ស​ទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ «»

មេដឹកនាំ​របប​ក្រុងភ្នំពេញ ហ៊ុន សែន និង​មន្ត្រី​ក្រោមឱវាទ ប្រកាស​ក្តែងៗ​ថា មិន​ខ្វល់​នឹង​រឿង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពិតមែន ក៏ប៉ុន្តែ​ខាង​អ្នកវិភាគ​សេដ្ឋកិច្ច ខាង​សហជីព​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​កម្មករ​រោងចក្រ​ផង បាន​សម្ដែង​ការ​​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​ចំពោះ​រឿង​នេះ និង​បាន​ស្នើសុំ​យ៉ាង​ទទូច​ឱ្យ​របប​លោក ហ៊ុន សែន និង​សហភាព​អឺរ៉ុប ចរចា​​រក​​ដំណោះ​ស្រាយ​​ជា​​វិជ្ជមាន។ ពួកគេ​អះអាង​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ បាន​បង្កើត​ការងារ​រាប់​ម៉ឺន​កន្លែង និង​ផ្តល់​ចំណូល​រាប់ពាន់​លាន​​ដុល្លារ​​ដល់​​កម្មករ​​រាប់​​សែន​​នាក់ ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​របស់​កម្មករ​នៅ​តាម​ទី​ជនបទ រស់នៅ​រួច​ចាក​ផុត​ពី​ភាព​ក្រីក្រ ហើយ​ប្រព័ន្ធ​នេះ​ក៏បាន​ជួយ​ឱ្យ​លក្ខខណ្ឌ​ការងារ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ និង​បាន​រួម​ចំណែក ដល់​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​ការ​​អភិវឌ្ឍ​​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។