អង្គការសមាគម សហគមន៍ដីធ្លី កសិករ យុវជន និងកម្មករកម្មការិនីប្រមាណ២ពាន់នាក់ បានជួបជុំគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧១ នៅឯទីលានប្រជាធិបតេយ្យថ្មី នៅខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។ ពួកគេបានទាមទារឱ្យរបបក្រុងភ្នំពេញ ធ្វើឱ្យប្រសើរឡើងនូវសិទ្ធិជាមូលដ្ឋាន និងលទ្ធិប្រជាធិបតេយ្យ ដោះស្រាយបញ្ហាដីធ្លី បញ្ហាសិទ្ធិការងារ និងផ្ដល់សេរីភាពពេញដល់អ្នកទោសមនសិការ ដើម្បីរក្សា ប្រព័ន្ធអនុគ្រោះពន្ធEBA។ រីឯរបបក្រុងភ្នំពេញ ក៏បានប្រារព្ធធ្វើកម្មវិធីសិទ្ធិមនុស្សនេះដែរ ដោយបានសរសើររបបខ្លួនថា មានការគោរពសិទ្ធិមនុស្សល្អប្រសើរ ក្រោយរំដោះចេញពីរបបខ្មែរក្រហម។
មន្ត្រីអង្គការសង្គមស៊ីវិល នៅតែលើកឡើងថា សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែមានវិបត្តិនយោបាយ។
អគ្គលេខាធិការសមាគមសិទ្ធិមនុស្សអាដហុក លោក មាស សាវ៉ាត មានប្រសាសន៍ថា ក្រុមសង្គមស៊ីវិល នៅតែទទូចឱ្យរដ្ឋាភិបាល កែលម្អឡើងវិញនូវស្ថានភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីទប់ស្កាត់កុំឱ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ដែលផ្ដល់ប្រយោជន៍ធំធេងដល់ប្រជាពលរដ្ឋកម្ពុជា។ លោក បន្តថា ការស្តារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ មិនធ្វើឱ្យកម្ពុជា បាត់បង់អធិបតេយ្យភាពជាតិនោះទេ ប៉ុន្តែធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍ និងមានសន្តិភាពពិតប្រាកដ៖ «ត្រូវតែបើកដំណើរការលទ្ធិប្រជាធិបតេយ្យឡើងវិញ វិលទៅ រកតុចរចាជាមួយគណបក្សប្រឆាំងដើម្បីពិភាក្សានិងរកដំណោះស្រាយមួយ។ វិធានការនៃការដោះស្រាយនេះ សហគមន៍អន្តរជាតិជាពិសេសសហភាពអឺរ៉ុប បានលើកឡើងថា ត្រូវតែបើកចំហ លទ្ធិប្រជាធិបតេយ្យឡើងវិញ»។
ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូឆ្នាំនេះ មានទ្រង់ទ្រាយធំជាងឆ្នាំមុនៗដោយសារឆ្នាំនេះ ជាឆ្នាំចុងក្រោយដែលរបបក្រុងភ្នំពេញ អនុញ្ញាតឱ្យឈប់សម្រាកពីការងារ។ ការប្រារព្ធទិវាសិទ្ធិមនុស្សឆ្នាំនេះ ក៏មានការឃ្លាំមើលពីអាជ្ញាធរ និងមានការហាមឃាត់មិនឱ្យក្រុមសង្គមស៊ីវិលដង្ហែក្បួនទៅដាក់ញត្តិនៅស្ថាប័នពាក់ព័ន្ធនោះទេ។
ក្នុងការប្រារព្ធទិវានោះ សកម្មជនសិទ្ធិមនុស្សដទៃទៀត ប្រជាសហគមន៍រងគ្រោះដីធ្លី ប្រជាកសិករ កម្មករ និងយុវជន បានឡើងសម្ដែងមតិជាហូរហែទាមទារដូចៗគ្នា ឱ្យរបបក្រុងភ្នំពេញលើកស្ទួយសិទ្ធិជាមូលដ្ឋាន និងលទ្ធិប្រជាធិបតេយ្យ។ ជាងនេះទៅទៀត ពួកគេ ស្នើសុំឱ្យរបបក្រុងភ្នំពេញ កែទម្រង់ប្រព័ន្ធយុត្តិធម៌ ដោះស្រាយបញ្ចប់ទំនាស់ដីធ្លី បង្កើតការងារជូនយុវជន និងកំណត់ប្រាក់ឈ្នួលសមរម្យដល់កម្មករគ្រប់វិស័យ។ ពួកគេ ក៏ទាមទារឱ្យដោះលែង និងទម្លាក់ចោលបទចោលលើសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី និងអ្នកសារព័ត៌មានជាដើម។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ក្នុងឱកាសប្រារព្ធទិវាសិទ្ធិ មនុស្សនេះ ក្រុមសហជីព បានដាក់សំណើទៅរដ្ឋាភិបាលចំនួន ១៩ចំណុច ដើម្បីជួយធានាការពារ និងលើកកម្ពស់សិទ្ធិការងារ លក្ខខណ្ឌការងារ និងសិទ្ធិសេរីភាពរបស់សហជីពបន្ថែមទៀត។ លោក រំពឹងថា រដ្ឋាភិបាល នឹងឆ្លើយតបដោះស្រាយជាវិជ្ជមានតាមសំណើរបស់ក្រុមអង្គការសង្គមស៊ីវិល និងសហជីពដើម្បីរក្សាEBA។ លោកព្រួយបារម្ភថា ប្រសិនបើរដ្ឋាភិបាល បណ្ដោយឱ្យបាត់បង់EBA នោះនឹងប៉ះពាល់ធំធេងដល់ប្រជាពលរដ្ឋកម្ពុជាជាពិសេសកម្មករក្នុងវិស័យកាត់ដេរ៖ «ចុងក្រោយនេះ យើងឃើញសហភាពអឺរ៉ុប ឱ្យរដ្ឋាភិបាលដោះស្រាយ ហើយមកដល់ពេលនេះ យើងមិនដឹងថា គេសម្រេចយ៉ាងម៉េចទេ ដោយសារតែរដ្ឋាភិបាល នៅមានពេលឆ្លើយតបទៅគេរយៈពេលប៉ុន្មានទៀត ហើយយើងមិនដឹងច្បាស់ថា គេដកឬមិនដក ប៉ុន្តែបើគេដកមែន គឺបារម្ភខ្លាចបាត់បង់ការការងារ បាត់បង់ប្រាក់ចំណូលនិងការកើតមានឡើង ការរំលោភសិទ្ធិការងារនិងសិទ្ធិមនុស្សផ្សេងៗទៀត»។
ជាមួយគ្នានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ស្នើសុំឱ្យរដ្ឋាភិបាល គោរពសិទ្ធិមនុស្ស និងការពារអ្នកការពារសិទ្ធិមនុស្ស។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សោកស្ដាយដែលរដ្ឋាភិបាល បន្តរឹតត្បិតការប្រារព្ធទិវាសិទ្ធិមនុស្ស។អង្គការមួយនេះ កត់សម្គាល់ថា ចាប់ឆ្នាំ២០១៧មក រដ្ឋាភិបាល ពុំមានការយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្ស និងសិទ្ធិជាមូលដ្ឋាន ឡើយ ដោយមានយុទ្ធនាការបង្ក្រាបសកម្មជនបក្សគណបក្សសង្គ្រោះជាតិជាហូរហែ ព្រមទាំង គំរាមកំហែងនិងមានចំណាត់ការតុលាការលើអ្នកសារព័ត៌មានឯករាជ្យ ដូចជាករណីអតីតអ្នករាយ ការណ៍ព័ត៌មានអាស៊ីសេរីពីររូបគឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ជាដើម។ អង្គការមួយនេះ ក៏បានលើកឡើងអំពីករណី លោក កឹម សុខា ដែលពុំទទួលបានសិទ្ធិជំនុំជម្រះ ដោយយុត្តិធម៌ ផងដែរ បន្ទាប់ពីត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារនិងក្នុងផ្ទះជាង២ឆ្នាំ ដោយមិនត្រឹមត្រូវតាមច្បាប់។ ក្រៅពីនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បង្ហាញក្តីព្រួយបារម្ភអំពី ការរីករាលដាលនៃជម្លោះដីធ្លី និងកង្វះវិធានការក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។
ក្នុងឱកាសប្រារព្ធទិវាសិទ្ធិមនុស្សនេះដែរ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បាន បង្ហោះសារថា «ការពារសិទ្ធិមនុស្ស គឺថែរក្សាសន្តិភាព»។ លោកបន្តថា ការរំលោភសិទ្ធិមនុស្ស នាំមកនូវភាពអយុត្តិធម៌ បង្កការឈឺចាប់ បណ្ដាលឱ្យមានការរើបម្រះ ហើយអាចនាំមកនូវ អស្ថិរភាពសង្គម ដែលជាកត្តានាំឱ្យប៉ះពាល់ដល់សន្តិភាព។ ប្រធានគណបក្សប្រឆាំងរូបនេះ លើកឡើងទៀតថា សង្គមមួយមានអស្ថិរភាពទៅបាន លុះត្រាតែមនុស្សគ្រប់រូប ក្នុងសង្គមនោះ ទទួលបាននូវយុត្តិធម៌ ពោលគឺមានសិទ្ធិសេរីភាព និងមិនត្រូវបានគេរំលោភបំពាន។ លោកបញ្ជាក់ថា សិទ្ធិមនុស្ស គឺជាមរតករបស់មនុស្សជាតិ វាមិនមែនជារបស់ជាតិសាសន៍ណាមួយផ្ដាច់មុខឡើយ។ លោក ចាត់ទុកថា ការចូលរួមលើកកម្ពស់និងការពារសិទ្ធិមនុស្ស មិនមែនជាការ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនោះទេ។
ដោយឡែក មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ក៏បានបង្ហោះសារលើហ្វេសប៊ុកអបអរទិវា សិទ្ធិមនុស្សអន្តរជាតិ១០ធ្នូនេះដែរ ហើយលោក បានយកស្ថានភាពសិទ្ធិមនុស្សបច្ចុប្បន្ននេះទៅ ប្រៀបធៀបជាមួយសម័យ ប៉ុល ពត។ លោកថា សម័យ ប៉ុល ពត គ្មានសិទ្ធិអ្វីទាំងអស់ ប៉ុន្តែសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋកម្ពុជា ត្រូវបានរំដោះមកវិញ ក្រោយពេលផ្ដួលរំលំពីរបប ប៉ុល ពត។ មេដឹកនាំដែលល្បីខាងរំលោភសិទ្ធិមនុស្សរូបនេះ អះអាងថា បច្ចុប្បន្ន សិទ្ធិសេរីភាព គឺបានធ្វើឱ្យ ប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងសិទ្ធិបោះឆ្នោតជ្រើសតាំង មេដឹកនាំដែលខ្លួនពេញចិត្តដោយសេរី ហើយសិទ្ធិសេរីភាពនេះ ក៏បានធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើន ជឿនលឿនទៅមុខដែរ។
ផ្ទុយពីការលើកឡើងនេះ ក្រុមអង្គការសង្គមស៊ីវិលឯករាជ្យ លើកឡើងថា រដ្ឋាភិបាលមិនអាចយក សម័យបច្ចុប្បន្នទៅប្រៀបធៀបជាមួយសម័យប៉ុល ពតនោះទេ ប៉ុន្តែរដ្ឋាភិបាល គួរតែពិនិត្យមើល អ្វីដែលមានចែង ក្នុងច្បាប់ និងអ្វីដែលខ្លួនបានសន្យា ជាមួយសហគមន៍អន្តរជាតិក្នុងការគោរព សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។ ពួកគេលើកឡើងថា ប្រសិនបើរបបក្រុងភ្នំពេញ នៅតែមិនទទួលស្គាល់កំហុស ហើយនៅតែទុកស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឱ្យលិចអណ្តែត ឬប្រែប្រួលទៅតាមស្ថានភាពនយោបាយនេះ គឺរបបនេះនឹងកាន់តែទទួលរងការរិះគន់ និងទណ្ឌកម្មជុំទិសជាពិសេស គឺអាចធ្វើឱ្យកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ហើយ ការអភិវឌ្ឍរបស់កម្ពុជាក៏មិនអាចមានស្ថិរភាព បាននោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។