សហភាពអឺរ៉ុប នៅថ្ងៃទី១១ ខែកុម្ភៈ បានប្រកាសចាប់ផ្តើមនីតិវិធី ព្យួរការអនុគ្រោះពន្ធបណ្តោះអាសន្ន ក្រោយព្រមានរបបលោក ហ៊ុន សែន តាំងពីដើមខែតុលា ឆ្នាំ២០១៨ អំពីការចាប់ផ្តើមនីតិវិធីនេះ បើរបបនេះមិនព្រមស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ។
សេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប នៅថ្ងៃទី១១ ខែកុម្ភៈ បញ្ជាក់ថា បើទោះបីនីតិវិធីព្យួរការអនុគ្រោះពន្ធអ្វីៗ ទាំងអស់លើកលែងតែសព្វាវុធ ឬ EBA ពីកម្ពុជានេះ មិនមែនបានន័យថា សហភាពអឺរ៉ុប នឹងដកការអនុគ្រោះពន្ធនេះភ្លាមៗ ក៏ដោយ ក៏នៅទីបំផុត សហភាពអឺរ៉ុបនឹងដកការអនុគ្រោះពន្ធនេះជាស្ថាបពរ ប្រសិនបើរបបលោក ហ៊ុន សែន នៅតែមិនព្រមស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ទៅតាមសំណូមពររបស់សហគមន៍អន្តរជាតិ។
អនុប្រធានស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបអ្នកស្រី ហ្វេដេរ៊ីកា ម៉ូហ្ការ៊ីនី (Federica Mogherini ) បញ្ជាក់ថា រយៈពេល ១៨ខែចុងក្រោយនេះ សហភាពអឺរ៉ុបមើលឃើញនូវស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ធ្លាក់ចុះដុនដាបខ្លាំង។ សហភាពអឺរ៉ុប តាមរយៈរដ្ឋមន្រ្តីការបរទេសបានបញ្ជាក់ច្បាស់ ពីជំហររបស់សហភាពអឺរ៉ុបនេះរួចទៅហើយថា បើស្ថានភាពបច្ចុប្បន្ននេះ នៅតែមិនប្រសើរឡើង នោះការបន្តផ្តល់ការអនុគ្រោះពន្ធ នឹងជួបបញ្ហា។ អ្នកស្រីបញ្ជាក់បន្ថែមថា ភាពជាដៃគូផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយកម្ពុជា ត្រូវឈរលើការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាមូលដ្ឋានស្នូល។
ចំណែកឯស្នងការពាណិជ្ជកម្មអឺរ៉ុបអ្នកស្រី សេស៊ីលីយ៉ា ម៉ាមស្រ្តុម (Cecilia Malmström ) បានថ្លែងបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននេះដែរថា ច្បាស់ណាស់ នីតិវិធីព្យួរការអនុគ្រោះពន្ធនៅថ្ងៃនេះ មិនទាន់ជាសេចក្តីសម្រេចចុងក្រោយ ដកការអនុគ្រោះពន្ធភ្លាមមែន ប៉ុន្តែនីតិវិធីនេះចាប់ផ្តើមចេញដំណើរហើយ។ អ្នកស្រីសង្កត់ធ្ងន់ថា អ្វីដែលសហភាពអឺរ៉ុប បញ្ជាក់ទៅភាគីកម្ពុជាឲ្យធ្វើតាមនោះ គឺមិនមែនជាការសន្យាខ្យល់ទេ។ អ្នកស្រីបញ្ជក់ទៀតថា បើកម្ពុជាចង់ទទួលបានការអនុគ្រោះពន្ធនេះតទៅទៀត កម្ពុជាត្រូវស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញដាច់ខាត។
សំណូមពរជាច្រើន ដែលសហភាពអឺរ៉ុបទាមទារឲ្យរបបលោក ហ៊ុន សែន ធ្វើតាម ដើម្បីជាថ្នូរនឹងការបន្តការផ្តល់ការអនុគ្រោះពន្ធពាណិជ្ជកម្មនេះ រួមមាន ដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិបើកដំណើរការឡើងវិញដូចដើម ផ្តល់មុខតំណែងដល់មន្រ្តីក្រុមប្រឹក្សាជាប់ឆ្នោតរបស់គណបក្ស សង្គ្រោះជាតិ ទាំងអស់ឡើងវិញ និងរៀបចំឲ្យមានការបោះឆ្នោតឡើងវិញ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយមានការចូលរួមពីគណបក្សប្រឆាំងពិតប្រាកដជាដើម។
សហភាពអឺរ៉ុប បានជូនដំណឹងទៅរបបលោក ហ៊ុន សែន កាលពីដើមខែតុលា ឆ្នាំ ២០១៨ ថា សហភាពអឺរ៉ុប នឹងចាប់ផ្តើមនីតិវិធីព្យួរការអនុគ្រោះពន្ធនៅខែកុម្ភៈ បើរបបនេះ នៅតែចចេសមិនព្រមធ្វើតាមចំណុចអស់ទាំងនេះ។
ក្រោយការព្រមាននេះ របបលោក ហ៊ុន សែន បានបន្ទន់ឥរិយាបទខ្លះ ដូចជា ដោះលែងអ្នកទោសនយោបាយ មន្រ្តីអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន និង់បន្ធូរបន្ថយការរឹតត្បិតសិទ្ធិសេរីភាពខ្លះ ចំពោះសហជីពកម្មករ។ ប៉ុន្តែប៉ុណ្ណឹង សហគមន៍អន្តរជាតិយល់ថា មិនទាន់គ្រប់គ្រាន់នៅឡើយទេ។
ចាប់ពីចេញសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបថ្ងៃនេះ សហភាពអឺរ៉ុប នឹងផ្តើមបើកការត្រួតពិនិត្យស៊ីជម្រៅមួយសម្រាប់រយៈពេល ៦ខែ។ បន្ទាប់មក បីខែតទៅមុខទៀត ស្ថាប័ននេះនឹងចេញរបាយការណ៍ អំពីការវិវត្តនៃស្ថានការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ ចុងក្រោយសហភាពអឺរ៉ុប នឹងសម្រេចជាស្ថាបពរ ក្នុងការដកការអនុគ្រោះពន្ធនេះ។
ភ្លាមៗ ក្រោយការប្រកាសដំណឹងនេះ របបលោក ហ៊ុន សែន តាមរយៈទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហោះសារតាមហ្វេស៊បុក ដោយភ្ជាប់មកនូវសេចក្តីថ្លែងការណ៍របស់របបនេះ និងបញ្ជាក់ថា ជាការរម្លឹកអំពីជំហររបស់ខ្លួន តបទៅនឹងសហភាពអឺរ៉ុប។ សេចក្តីថ្លែងការណ៍ចាស់នេះ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ រៀបរាប់អំពីការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុប និងចាត់ទុកការវាយតម្លៃរបស់ស្ថាប័នដែលមាន ២៨ប្រទេសនេះថា លម្អៀង។ របបលោក ហ៊ុន សែន ការពារចំណាត់ការរម្លាយគណបក្សសង្គ្រោះជាតិ ថាជាការត្រឹមត្រូវ និងប្រាប់ទៅសហភាពអឺរ៉ុបវិញថា បើនៅតែដកការអនុគ្រោះពន្ធពីកម្ពុជាមែននោះ កម្ពុជានឹងនៅតែបន្តប្តេជ្ញាតាំងចិត្តកាន់តែមុតមាំថែមទៀត ការពារ និងរក្សាចំណាត់ការ ដែលខ្លួនអះអាងថា ត្រឹមត្រូវ និងស្របច្បាប់ ស្របពេលដែលសហគមន៍អន្តរជាតិថ្កោលទោស និងដាក់ទណ្ឌកម្មជុំទិសនេះ។
អ្នកវិភាគ មន្រ្តីសិទ្ធិមនុស្ស និងប្រធានសហជីពកម្មករជាច្រើន បានព្រមានរបបលោក ហ៊ុន សែន ជាហូរហែមកហើយថា បើរបបនេះនៅតែចចេស មិនព្រមស្តារសិទ្ធិមនុស្សឡើងវិញ កម្ពុជាចៀសមិនផុតពីបាត់បង់ការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មនេះ។ មជ្ឈដ្ឋានទូទៅ រួមទាំងតំណាងថៅកែរោងចក្រ និងអ្នកជំនួញធំៗ ផង សុទ្ធតែមើលឃើញពីផលប៉ះពាល់ធ្ងន់ លើវិស័យសេដ្ឋកិច្ចកម្ពុជា ពេលអត់ការអនុគ្រោះពន្ធនេះ។ ពលរដ្ឋខ្មែររាប់លាននាក់ នឹងធ្លាក់ខ្លួនក្រីក្រ ដោយសារតែវិបត្តិនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។