គណៈកម្មការអឺរ៉ុបបានទទួលសេចក្ដីឆ្លើយបំភ្លឺចុងក្រោយពីសំណាក់ភាគីកម្ពុជា ជុំវិញបញ្ហា EBA កាលពីម្សិលមិញ។ នេះបើតាមប្រភពពីមន្ត្រីគណៈកម្មការអឺរ៉ុប បញ្ជាក់ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិក។ ប្រភពដដែលថា ជំហានបន្ទាប់គឺគណៈកម្មការអឺរ៉ុប នឹងសរសេរបញ្ចប់របាយការណ៍របស់ខ្លួន មុននឹងឈានទៅធ្វើសេចក្ដីសម្រេចចិត្តនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ថាតើត្រូវព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ឬយ៉ាងណា។ យ៉ាងណាក៏ដោយ មន្ត្រីគណៈកម្មការអឺរ៉ុប មិនឆ្លើយតបទៅនឹងសំណួររបស់អាស៊ីសេរី ថា តើពេលណាទើបគណៈកម្មការអឺរ៉ុប នឹងបញ្ចេញរបាយការណ៍នេះជាសាធារណៈ។
ទោះបីជាលោក ហ៊ុន សែន ថា លោកមិនខ្ចីឱនក្បាលដើម្បីទទួលបាន EBA និងចោទសហភាពអឺរ៉ុបថា កំពុងរំលោភអធិបតេយ្យកម្ពុជាក៏ដោយ ក៏ប៉ុន្តែ ក្រសួងការបរទេស កាលពីថ្ងៃទី១២ ធ្នូ នៅតែទទូចឱ្យគណៈកម្មការអឺរ៉ុប កុំព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ។
ផ្អែកតាមរបាយការណ៍វាយតម្លៃបឋមរបស់គណៈកម្មការអឺរ៉ុប ដាក់ជូនរដ្ឋាភិបាលកម្ពុជាឱ្យឆ្លើយតបកាលពី ១ខែមុននោះ គណៈកម្មការអឺរ៉ុប បានព្រមានពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធបណ្ដោះអាសន្ននេះ បើកម្ពុជានៅតែមិនព្រមកែលម្អស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះ។ គណៈកម្មការអឺរ៉ុបរកឃើញថា ការកែប្រែស្ថានភាពកន្លងមកនៅពុំទាន់គ្រប់គ្រាន់នៅឡើយទេ ហើយថា មានការរំលោភបំពានធ្ងន់ធ្ងរជាប្រព័ន្ធទៅលើសិទ្ធិសំខាន់ៗចំនួន៥ ក្នុងនោះរួមមាន សិទ្ធិនយោបាយ សិទ្ធិពលរដ្ឋ សិទ្ធិការងារ សិទ្ធិដីធ្លី សិទ្ធិសង្គម និងវប្បធម៌។
ការសម្រេចចិត្តព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ អាចធ្វើឡើងក្រោមរូបភាពជាការព្យួរទាំងស្រុងតែម្ដង ដែលមានន័យថា កម្ពុជា ត្រូវបង់ពន្ធរាល់មុខទំនិញនាំចេញទាំងអស់ទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ ជម្រើសមួយទៀត គឺគណៈកម្មការអឺរ៉ុបអាចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះដោយផ្នែក ដែលមានន័យថា កម្ពុជាត្រូវបង់ពន្ធលើមុខទំនិញមួយចំនួន ដែលនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប។
បច្ចុប្បន្ន គណៈកម្មការអឺរ៉ុប កំពុងវិភាគ និងពិចារណាទៅលើផលប៉ះពាល់ផ្នែកសង្គម សេដ្ឋកិច្ច និងធុរកិច្ច ក្នុងករណីដែលមានការព្យួរដោយផ្នែក ឬទាំងស្រុងនូវប្រព័ន្ធអនុគ្រោះពន្ធនេះពីកម្ពុជា។ យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់គណៈកម្មការអឺរ៉ុប កន្លងមកធ្លាប់បញ្ជាក់ថា ការព្យួរប្រព័ន្ធនេះ នឹងត្រូវធ្វើឡើងដោយសមាមាត្រទៅនឹងគុណតម្លៃរបស់សហភាពអឺរ៉ុប។ ក្នុងករណីដែលមានការសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន នោះសភា និងរដ្ឋសមាជិកអឺរ៉ុប មានពេល ២ខែ ដើម្បីជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប ហើយប្រសិនបើគ្មានការជំទាស់ណាមួយនោះទេ នោះការយកពន្ធផ្លូវការពីកម្ពុជា នឹងចាប់ផ្ដើមពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ខាងមុខ។ បើមានការយកពន្ធទាំងស្រុងមែន នោះកម្ពុជានឹងត្រូវខាតបង់ទឹកប្រាក់ជិត ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ឬជិត ២លានដុល្លារអាមេរិកក្នុងមួយថ្ងៃ ដែលនេះគេនៅមិនទាន់គិតពីផលប៉ះពាល់ផ្នែកសង្គម និងសេដ្ឋកិច្ច ដោយផ្ទាល់ និងដោយប្រយោលដទៃទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។