មន្ត្រី​សហភាព​អឺរ៉ុប​ប្រាប់​គណបក្ស​សង្គ្រោះជាតិ​ថា ខ្លួន​រក្សា​ជំហរ​ដដែល​ចំពោះ​បញ្ហា​នៅ​កម្ពុជា

ដោយ សុ ជីវី
2019.05.31
មូរ សុខហួរ ម៉ាស្ត្រុម ៦២២ (ឆ្វេង) អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប អ្នកស្រី សេស៊ីលីយ៉ា ម៉ាស្ត្រុម (Cecilia Malmstrom)
RFA

មន្ត្រី​សហភាព​អឺរ៉ុប​ឆ្លើយតប​ទៅ​គណបក្ស​សង្គ្រោះជាតិ​ថា គេ​នៅតែ​រក្សា​ជំហរ​ដដែល​គឺ​ជំរុញ​ឱ្យ​របប​ក្រុងភ្នំពេញ ប្រើប្រាស់​គ្រប់​មធ្យោបាយ​ចាំបាច់​នានា ដើម្បី​បង្កើត​ឱ្យ​បាន​នូវ​បរិយាកាស​នយោបាយ ដែល​អាច​ឱ្យ​គ្រប់​ភាគី​ទាំងអស់ មាន​ទាំង​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​បំពេញ​តួនាទី ការងារ ដោយ​សេរី។

អគ្គនាយក​ស្តីទី ផ្នែក​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប លោក ភីធឺ ប៊ើហ្ស (Peter Berz) បាន​បញ្ជាក់​បែបនេះ​នៅ​ក្នុង​លិខិត​របស់​លោក​ដែល​ជំនួស​ឱ្យ​អ្នកស្រី សេស៊ីលីយ៉ា ម៉ាល់ស្ត្រម (Cecilia Malmstrom) ស្នងការ​នៃ​គណៈកម្មការ​អឺរ៉ុប​ទទួលបន្ទុក​ផ្នែក​ពាណិជ្ជកម្ម ឆ្លើយតប​ទៅ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​អាស៊ីសេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី​៣១ ខែ ឧសភា។

លោក ភីធឺ ប៊ើហ្ស បញ្ជាក់​ថា សហភាព​អឺរ៉ុប​បន្ត​តាមដាន​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ជាប់​ជានិច្ច។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ឱ្យ​អាស៊ីសេរី​ដឹង​ថា ចម្លើយ​នេះ​បញ្ជាក់​ថា សហគមន៍​អន្តរជាតិ​នៅតែ​យកចិត្តទុកដាក់​ដល់​ស្ថានភាព​នៅ​កម្ពុជា។ អ្នកស្រី​ថា គណបក្ស​អ្នកស្រី នឹង​នៅតែ​បន្ត​ផ្ដល់​ព័ត៌មាន​នានា ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន ព្រមទាំង​មន្ត្រី​បក្ស​ប្រឆាំង រហូត​ទាល់​តែ​មាន​ដំណោះស្រាយ​បញ្ចប់​បញ្ហា​ទាំងនេះ​ពី​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន៖ «យើង​មែនទែន​យើង​ចង់​ឱ្យ​ចៀស​មិន​ឱ្យ​គេ​ដក​EBA ទេ​ព្រោះ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​រាប់លាន​នាក់​ដល់​សេដ្ឋកិច្ច​នៃ​ប្រទេសជាតិ​យើង ដូច្នេះ​ទង្វើ​ទាំងឡាយ​ដែល នៅតែ​ប្រឆាំង​នឹង​ការព្រមាន​ពី​សហគមន៍​អឺរ៉ុប​ពី​សំណាក់ របប​លោក ហ៊ុន សែន ជា​ទង្វើ​ដែល​ផ្ទុយ​នឹង​ផលប្រយោជន៍​ជាតិ​។ តែ​ចំពោះ​យើង​វិញ​គណបក្ស​សង្គ្រោះ​ជាតិ​យើង​នៅតែ​ទទូច ហើយ​យើង​នៅតែ​បង្ហាញ​ដូច​នៅ​ក្នុង​លិខិត​ទាំង​២​របស់ខ្ញុំ គឺ​យើង​ទាមទារ​ឱ្យ​មាន​ការ​រក​ដំណោះស្រាយ​ក្នុង​ការ​ជជែក​ជា​ការ​សន្ទនា​រវាង​ខ្មែរ និង​ខ្មែរ។ តែ​ជាមួយ​គ្នា​នេះ​ដែរ​ក៏​របប​លោក ហ៊ុន សែន ត្រូវតែ​ពិភាក្សា ជជែក​សន្ទនា​ជាមួយ​សហគមន៍​អឺរ៉ុប​បន្ត​ទៅ​ទៀត​ដែរ»

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​អ្នកស្រី មូរ សុខហួរ បាន​ផ្ញើ​លិខិត​២​ច្បាប់​ទៅ​អ្នកស្រី សេស៊ីលីយ៉ា ម៉ាល់ស្ត្រម គឺ​កាលពី​ថ្ងៃ​ទី​៧ និង​ទី​២០​ខែ មីនា ឆ្នាំ​២០១៩ ដោយ​បញ្ជាក់​ពី​ការ​ធ្វើទុក្ខបុកម្នេញ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​នៅ​កម្ពុជា ការ​ឃុំខ្លួន លោក កឹម សុខា ប្រធាន​គណបក្សប្រឆាំង​នៅ​ក្នុង​ផ្ទះ​ដោយ​ល្មើស​នឹង​នីតិវិធី​នៃ​ការ​ឃុំខ្លួន ការ​ចេញ​ដីកា​តាម​ចាប់ខ្លួន​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ៨​រូប​រួម​ទាំង​ប្រធាន​ស្ដីទី​គណបក្ស​នេះ គឺ លោក សម រង្ស៊ី រួម​នឹង​ការ​ចាប់​ខ្លួន និង​តាម​ចាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​មូលដ្ឋាន នៅ​ពេល​ដែល​លោក សម រង្ស៊ី ប្រកាស​ពី​គម្រោង​វិល​ទៅ​កម្ពុជា​វិញ។ ក្នុង​លិខិត​នោះ​អ្នកស្រី មូរ សុខហួរ បាន​ចាត់​ទុក​ដំណើរការ​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ឬ​EBA ជា​មធ្យោបាយ​ដែល​មាន​ឥទ្ធិពល​ទៅលើ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ និង​ថា​វិធានការ​នោះ​គួរតែ​ធ្វើ​ទៅលើ​ក្រុម​អ្នក ដែល​រុញច្រាន​ស្ថានការណ៍​នៅ​កម្ពុជា​ឱ្យ​កាន់តែ​អាក្រក់ និង​កាត់បន្ថយ​ផល​ប៉ះពាល់​រយៈពេល​វែង​ទៅលើ​ពលរដ្ឋ​ស្លូតត្រង់ ដែល​រងគ្រោះ​ពី​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​លើកឡើង​ពី​ការ​បើកចំហ​ទ្វារ​ទៅ​រក​ការចរចា​នយោបាយ ផ្អែកលើ​ការ​ផ្ដល់​នីតិសម្បទា​ទៅ​គណបក្ស និង​អ្នកនយោបាយ​ប្រឆាំង ដោះលែង​អ្នកទោស​មនសិការ និង​បង្កើត​នូវ​ការបោះឆ្នោត​ដែល​សេរី យុត្តិធម៌ និង​តម្លាភាព។ គណបក្ស​នេះ​ក៏​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការពិភាក្សា​រក​ដំណោះស្រាយ​ជាមួយ​មន្ត្រី​នៃ​សហភាព​អឺរ៉ុប និង​តំណាង​រដ្ឋាភិបាល​សមាជិក​សហភាព​អឺរ៉ុប និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។