សហភាព​អឺរ៉ុប​ប្រកាស​ជា​ផ្លូវការ​ចាប់​ផ្តើម​គិត​ពន្ធ​លើ​ទំនិញ​កម្ពុជា​២០% តែ​នៅ​តែ​ជំរុញ​ឲ្យ​មាន​កំណែទម្រង់​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស

0:00 / 0:00

គណៈកម្មការ​អឺរ៉ុប​ប្រកាស​ជា​ផ្លូវការ​អំពី​ការចូល​ជា​ធរមាន​នៃ​ការចាប់ផ្តើម​គិត​ពន្ធ​គិត​ចាប់​ពី​ថ្ងៃទី១២ សីហា តទៅ ដោយសារ​តែ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា។ គណៈកម្មការ​អឺរ៉ុប បញ្ជាក់​ជំហរ​ថា ការដក​ជា​បណ្តោះអាសន្ន​នេះ គឺ​ដោយសារតែ​មាន​ការរំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​យ៉ាង​ជាក់ច្បាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ មន្ត្រី​រដ្ឋាភិបាល​ថា ជំហរ​ស្នូល​របស់​កម្ពុជា​ជុំវិញ​បញ្ហា​នេះ នៅ​តែ​ដដែល​គឺ​កម្ពុជា​មិន​យក​អធិបតេយ្យ​ទៅ​ដោះដូរ​ជាមួយ​ជំនួយ ឬ​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​ណាមួយ​នោះទេ។

គណៈកម្មការ​អឺរ៉ុប​បញ្ជាក់​ថា សហភាព​អឺរ៉ុប​អនុវត្ត​វិធានការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ជា​បណ្ដោះអាសន្ន​នេះ ក្នុង​ពេល​ដែល​ខ្លួន​នឹង​នៅតែ​បើក​ចំហ​ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​កម្ពុជា​ដើម្បី​ឲ្យ​មាន​កំណែទម្រង់​ចាំបាច់​នានា។ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ផ្សាយ​នៅ​ថ្ងៃទី១២ សីហា គណៈកម្មការ​អឺរ៉ុប​ថា សហភាព​អឺរ៉ុប​ដឹង​ច្បាស់​អំពី​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​សាកល​កូវីដ១៩​មក​លើ​សេដ្ឋកិច្ច និង​វិស័យ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ថា​ខ្លួន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​ប្រទេស​មួយ​នេះ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​កូវីដ១៩​នេះ និង​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ឡើងវិញ។ ក៏ប៉ុន្តែ គណៈកម្មការ​អឺរ៉ុប សង្កត់​ធ្ងន់​ថា បញ្ហា​នេះ​មិន​អាច​លើកលែង​កម្ពុជា​ឲ្យ​រួចផុត​ពី​តម្រូវការ​ជា​បន្ទាន់​ដែល​ប្រទេស​មួយ​នេះ ត្រូវ​ធានា​ថា មាន​ការគោរព​សិទ្ធិមនុស្ស និង​សិទ្ធការងារ។

has lost duty-free access to the market due to human rights concerns. The EU will enforce this measure while remaining open to engaging with Cambodia on the necessary reforms to restore fully free access.<br/> <br/>Full statement:

ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប លោក ហ្វីល ហូហ្គេន (Phil Hogan) ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​អំពី​ការចាប់ផ្តើម​ចូល​ជា​ធរមាន​នៃ​ការអនុវត្ត​ការដក EBA ២០% នេះ​ថា សហភាព​អឺរ៉ុប បាន​ផ្តល់​ឲ្យ​ប្រទេស​កម្ពុជា​នូវ​ឱកាស​ពាណិជ្ជកម្ម​ជាច្រើន ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​មួយ​នេះ អភិវឌ្ឍន៍​ឧស្សាហកម្ម​ផ្តោត​លើ​ការនាំចេញ និង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​រាប់​សែន​នាក់៖ « យើង​ឈរ​ជាមួយ​ពលរដ្ឋ​កម្ពុជា​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​លំបិន​​នា​ពេល​បច្ចុប្បន្ន​នេះ​ បណ្ដាល​មកពី​ជំងឺ​រាតត្បាត​សាកល​នេះ។ ក៏ប៉ុន្តែ ការបន្ត​កិច្ចគាំទ្រ​របស់​យើង មិន​អាច​ឲ្យ​យើង​មើល​រំលង​ពី​តម្រូវការ​ជាបន្ទាន់​ដែល​កម្ពុជា​ត្រូវតែ​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​នោះទេ។ ខ្ញុំ​ត្រៀម​ខ្លួន​រួច​ជាស្រេច​ហើយ​ក្នុង​ការបន្ត​កិច្ចពិគ្រោះ​យោបល់​របស់​យើង​ ដើម្បី​ផ្តល់​មកវិញ​នូវ​លទ្ធភាព​នាំចូល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ដោយ​មិន​ចាំបាច់​បង់ពន្ធ​ទាំងស្រុង​ឡើងវិញ ដល់​កម្ពុជា ប្រសិន​បើ​យើង​មើល​ឃើញ​ថា​មាន​ការកែ​លម្អ​ជា​ដុំ​កំភួន​ពាក់ព័ន្ធ​នឹង​បញ្ហានេះ »

មុខទំនិញ​នាំចេញ​របស់​កម្ពុជា ២០% ដែល​សហភាព​អឺរ៉ុប​តម្រូវ​ឲ្យ​កម្ពុជា​ត្រូវ​បង់ពន្ធ​នោះ មាន​តម្លៃ​សរុប​ប្រមាណ​ជាង ១ប៊ីលាន ឬ​ជាង​១ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​រួមមាន​ ផលិតផល​សំលៀកបំពាក់ និង​ស្បែកជើង​មួយ​ចំនួន ផលិតផល​ធ្វើដំណើរ​ទាំងអស់ និង​ផលិតផល​ស្ករស ជាដើម។ គណៈកម្មការ​អឺរ៉ុប​បញ្ជាក់​ថា​កម្ពុជា​នៅ​តែ​អាច​នាំចេញ​មុខទំនិញ​ទាំង​នោះ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​បាន​ដដែល ក៏​ប៉ុន្តែ​ត្រូវ​រង​ការគិតពន្ធ​តាម​អត្រា​ដូច​គ្នា​ទៅនឹង​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO ដែរ។ ក្រៅពីនេះ មុខ​ទំនិញ ៨០% ផ្សេងទៀត​របស់​កម្ពុជា មិន​រង​ការគិតពន្ធ​នោះ​ឡើយ។

រូបត្លុកនយោបាយ៖ ការដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​«​គ្រប់​មុខ​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» ​ឬ​ EBA ​របស់​សហភាព​អឺរ៉ុប ​ពី​កម្ពុជា
រូបត្លុកនយោបាយ៖ ការដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​«​គ្រប់​មុខ​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» ​ឬ​ EBA ​របស់​សហភាព​អឺរ៉ុប ​ពី​កម្ពុជា (RFA)

ប្រតិកម្ម​ទៅ​នឹង​ការប្រកាស​របស់​សហភាព​អឺរ៉ុប​អំពី​ការចាប់ផ្តើម​អនុវត្ត​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% តាមរយៈ​ការគិតពន្ធ​នេះ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ប្រាប់​អាស៊ីសេរី​ថា ជំហរ​របស់​កម្ពុជា​គឺ​នៅ​តែ​ដដែល និង​គ្មាន​អ្វី​ប្រែប្រួល​នោះទេ៖« យើង​អត់​មាន​អី​ថ្មី​ទេ ពីព្រោះ​ជំហរ​យើង​ដូច​ឆ្លើយតប​កន្លងមក យើង​បាន​លើកឡើង​រួចហើយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​​នានា​ដែល​យើង​បាន​ចេញ​កន្លងមក។ ដូច្នេះ​ហើយ​ មក​ដល់​ពេល​នេះ ជំហរ​របស់​យើង​គឺ​នៅ​រក្សា​ដដែល​ដូច​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដែល​យើង​និយាយ​កន្លង​មក​ហើយ។ … អ្វី​ដែល​សំខាន់​កន្លងមក​ យើង​មិន​អាច​យក​អធិបតេយ្យភាព​កម្ពុជា​ទៅ​ដោះដូរ​យក​ជំនួយ ឬ​ក៏​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​ណាមួយ​បាន​ទេ។ នេះ​ជា​ជំហរ​ស្នូល​របស់​រាជរដ្ឋាភិបាល​កម្ពុជា »

លោក កុយ គួង ហាក់​អល់អែក​ឆ្លើយតប​នឹង​សំណួរ​ថា​តើ​កន្លង​មក​កម្ពុជា​មាន​​ធ្លាប់​បាន​ស្នើសុំ​ឲ្យ​សហភាព​អឺរ៉ុប​ពន្យារ​ពេល​អនុវត្ត​ការដកEBA នេះ​ដោយសារតែ​វិបត្តិកូវីដ១៩ ដែរ​ឬ​អត់​នោះ។ លោក​ថា លោក​មិន​បាន​ដឹង​ពី​បញ្ហា​នេះ​ទេ តែ​លោក​ដឹង​ថា​ខាង​សមាគម​រោងចក្រ​កាត់ដេរ ធ្លាប់​បាន​លើក​ឡើង​ពី​បញ្ហា​នេះ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រូប​នេះ​គូសបញ្ជាក់​ថា កម្ពុជា​មាន​ការប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការកែ​លម្អ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ៖ « ជាការពិត ទោះបីជា​មាន​ការសម្រេច​បែប​នេះ​ក៏ដោយ ក៏​កម្ពុជា​នៅ​តែ​បន្ត​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការលើក​ស្ទួយ ក៏​ដូចជា​កែ​លម្អ​សិទ្ធិមនុស្ស​ លទ្ធិប្រជាធិបតេយ្យ ក៏ដូចជា​សិទ្ធិការងារ​ផ្សេងៗ​ពីព្រោះ​រឿង​នេះ​ជា​ភារកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ធ្វើ​ក្នុង​ក្របខ័ណ្ឌ​ជា​រដ្ឋ​អធិបតេយ្យ​ដែល​មាន​ឯករាជ្យ »

ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​កែលម្អ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​តាម​ស្តង់ដារ​កម្ពុជា​នេះ មិន​ត្រូវ​បាន​សហភាព​អឺរ៉ុប​ជឿ​ទុកចិត្ត​ឡើយ។ ជាក់ស្តែង គណៈកម្មការ​អឺរ៉ុប​បញ្ជាក់​ជាថ្មី​ថា គណៈកម្មការ​អឺរ៉ុប ជាមួយ​នឹង​នាយកដ្ឋាន​កិច្ចការ​បរទេស​របស់​អឺរ៉ុប នឹង​បន្ត​តាមដាន​ស្ថានភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ដោយ​ផ្តោត​លើ​ការរឹតត្បិត​នា​ពេល​បច្ចុប្បន្ន​នេះ​មក​លើ​សេរីភាព​នៃ​ការបញ្ចេញ​មតិ សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ ព្រមទាំង​ជម្លោះដីធ្លី និង​សិទ្ធិ​ការងារ ក្នុង​បរិបទ​ឲ្យ​មាន​កំណែទម្រង់​ជាបន្ត។

As of 12 August, Cambodia loses duty-free access to the EU market over serious and systematic human rights concerns.<br/> <br/>We stand ready to restore fully free access to the EU market provided we see substantial improvements in human and labour rights in the country.

គណៈកម្មការ​អឺរ៉ុប​ថា ចាប់តាំង​ពី​ខែកុម្ភៈ​មក​ម្ល៉េះ នៅពេល​ដែល​សហភាព​អឺរ៉ុប​ធ្វើ​សេចក្តីសម្រេច​ចិត្ត​ដកហូត​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ ដែល​រដ្ឋាភិបាល​កម្ពុជា គួរ​តែ​អាច​ចាត់​នូវ​វិធានការ​ចាំបាច់​នានា​ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ​នានា​ ដើម្បី​អនុញ្ញាត​ឲ្យ​សហភាព​អឺរ៉ុប​ផ្តល់​មកវិញ​នៅ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទាំងស្រុង។ ក៏ប៉ុន្តែ​ កម្ពុជា​មិនបាន​ធ្វើ​ដូច្នេះ​នោះទេ។

ការមិន​ព្រម​ងាក​មក​ស្តារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស​នេះ ត្រូវ​អ្នកវិភាគ​នយោបាយ លោក គឹម សុខ ពន្យល់​ថា គឺ​ដោយសារ​តែ​លោក ហ៊ុន សែន ខ្លាច​ប៉ះពាល់​ដល់​ការរក្សា​អំណាច​របស់​លោក និង​ផែនការ​យូរអង្វែង​នៃ​ការផ្ទេរ​អំណាច​ត​ពូជ​ពង្ស​វង្ស​ត្រកូល​របស់​លោក​ ហើយ​មិនមែន​ជា​ការរក្សា​អធិបតេយ្យ​ជាតិ​នោះទេ៖ « ទោះបីជា​ EBA នេះ ត្រូវ​អឺរ៉ុប​ដក ១០០ % ក៏គាត់​មិនងាក​ក្រោយ​ដែរ ពីព្រោះ​មិនមែន​គាត់​ធ្វើ​ដើម្បី​រក្សា​អធិបតេយ្យ​ជាតិ​កម្ពុជា​ទេ គាត់​ខ្លាច​ខូច​ផែន​ការ​អំណាច​របស់​គាត់ ហើយ​អ្វី​ដែល​ជា​លក្ខខណ្ឌ​របស់​អឺរ៉ុប មិនមែន​ធ្វើ​ខូច​អធិបតេយ្យ​ជាតិ​កម្ពុជា​ទេ អឺរ៉ុប​គ្រាន់តែ​ចង់​ឲ្យ​កម្ពុជា​គោរព​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ហ្នុង មិនមែន​បញ្ជា​ឲ្យ​កម្ពុជា​ធ្វើ​តាម​នៅ​អ្វី​ដែល​ជា​ប្រយោជន៍​របស់​អឺរ៉ុប។ យើង​មើល​ EBA ប្រយោជន៍​កម្ពុជា​សុទ្ធសាធ »

សម្រាប់​អ្នកជំនាញ​វិស័យ​ការងារ និង​ជា​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា មើល​ឃើញ​ថា​ ការប្រកាស​របស់​សហភាព​អឺរ៉ុប​ចាប់​ផ្តើម​អនុវត្ត​ការដក EBA ២០% នេះ បញ្ជាក់​ឲ្យ​ឃើញ​ពី​បរាជ័យ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការស្តារ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ឡើងវិញ៖ « ការចូល​ជាធរមាន​នេះ សរ​បញ្ជាក់​ថា ខាង​រដ្ឋាភិបាល​កម្ពុជា​ខកខាន​មិនបាន​កែតម្រូវ​ ឬ​ក៏​ធ្វើ​ឲ្យ​ប្រសើរឡើង​ទាល់តែសោះ​ពាក់ព័ន្ធនឹង​បញ្ហា​សិទ្ធិមនុស្ស បញ្ហា​ប្រជាធិបតេយ្យ សិទ្ធិការងារ ។ល។ ដូចជា​អ្វី​ដែល EU បាន​លើកឡើង​អញ្ចឹង។ អ៊ីចឹង​ហើយ​ បានជា​គ្មាន​ហេតុផល​ណាមួយ​ដែល​ធ្វើ​ឲ្យ EU ដក​សេចក្តីសម្រេចចិត្ត​របស់​ខ្លួន​កាល​ពី​ពេល​កន្លងមក​ទេ។ ទាំងអស់​គ្នា​ដឹង​ថា អ្នក​ដែល​កាន់​កូន​សោរ​ដោះ​បញ្ហា​ហ្នុង​គឺ​គណបក្ស​កាន់អំណាច​ហ្នុង​ឯង ឬ​ក៏​រដ្ឋាភិបាល​ហ្នុង​ឯង​ដែល​ជា​អ្នក​ដោះ ឬ​មិន​ដោះ​ មិនមែន​រឿង EU ទេ »

លោក​បន្ត​ថា សហភាព​អឺរ៉ុប​ហាក់​ដូច​ជា​មិន​មាន​ចេតនា​ចង់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះទេ បើ​ប្រៀបធៀប​ជាមួយ​នឹង​ទង្វើ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រព្រឹត្តិ​នា​រយៈកាល​កន្លង​មកនេះ៖ « ចំណុច​ដ៏​សំខាន់​ ខ្ញុំ​អាច​និយាយ​បាន​ថា មើល​ទៅ​សេចក្តីប្រកាស​លើកទី១ លើកទី២ លើកទី៣ របស់​សហគមន៍​អឺរ៉ុប​នេះ យើង​ឃើញ​ថា សហគមន៍​អឺរ៉ុប​ហាក់​ដូចជា​មិន​ចង់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ណាមួយ​ទេ។ ចង់​និយាយ​ថា ទោះបី​ភាគរយ​កម្រិត​ណា​ក៏ដោយ ក៏​ហាក់​ដូចជា​មិន​មាន​ចេតនា​ចង់​ដកទេ​ប្រសិន​បើ​យើង​ប្រៀបធៀប​នៅ​ទង្វើ​របស់​យើង​ជាមួយ​នឹង​ការសម្រេច​របស់​ EU ជា​ផ្លូវការ។ ទោះបីជា​ការសម្រេច​នេះ ចូល​ជា​ធរមាន​ថ្ងៃ​នេះ​ក៏ដោយ ក៏​គេ​នៅតែ​លើក​ទឹកចិត្ត​ឲ្យ​កម្ពុជា​ស្តារ​លទ្ធិប្រជាធិបតេយ្យ ស្តារ​សិទ្ធិមនុស្ស ស្តារ​សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិកម្មករ​ជាដើម។ អញ្ចឹង គេ​នៅ​តែ​បើក​ទ្វារ​ឲ្យ​កម្ពុជា​យើង បើសិនជា​យើង​ដូរ​ឥរិយាបថ ដូរ​ចរិក យើង​កែ​ចរិក​របស់​យើង គឺ​យើង​នៅ​តែ​មាន​ កាស​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ១០០ % ឡើងវិញ »

ទង់ជាតិ សហគមន៍អឹរ៉ុប។
ទង់ជាតិ សហគមន៍អឹរ៉ុប។ (Facebook)

កម្ពុជា​អាច​នឹង​ត្រូវ​ខាតបង់​ទឹកប្រាក់​រវាង​ពី ១២០ ទៅ ២០០​ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយសារតែ​ការ​តម្រូវ​ឱ្យ​បង់ពន្ធ​លើ​មុខទំនិញ​នាំចេញ ២០% ទៅកាន់​ទីផ្សារ​អឺរ៉ុប​នេះ​។ ទន្ទឹម​នឹង​ការប្រកាស​ចាប់ផ្តើម​អនុវត្ត​ការគិត​ពន្ធ​នេះ សហភាព​អឺរ៉ុប នៅ​តែ​គូស​បញ្ជាក់​ឡើងវិញ​ជា​ដដែល​អំពី​លក្ខខណ្ឌ​ចាំបាច់​នានា​ដែល​កម្ពុជា​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA នេះ ទាំងស្រុង​មកវិញ ១០០%។ គណៈកម្មការ​អឺរ៉ុប បញ្ជាក់​ថា អាជ្ញាធរ​កម្ពុជា គួរ​ចាត់​វិធានការ​ក្នុងការ​ស្តារសិទ្ធិ​នយោបាយ​នៅក្នុង​ប្រទេស បង្កើត​ឲ្យ​មាន​ឡើង​វិញ​នូវ​លក្ខខណ្ឌ​ចាំបាច់​នានា​ដើម្បី​ឲ្យ​មាន​នូវ​គណបក្ស​ជំទាស់ ដ៏គួរ​ឲ្យ​ទុកចិត្ត​បាន ប្រកបដោយ​ប្រជាធិបតេយ្យ និង​ផ្ដួចផ្ដើម​ឲ្យមាន​នូវ​ដំណើរការ​ផ្សះផ្សា​ជាតិ​តាមរយៈ​កិច្ចសន្ទនា​ពិតប្រាកដ​ពីសំណាក់​គ្រប់​ភាគី​ពាក់ព័ន្ធ។ គណៈកម្មការ​អឺរ៉ុប​ថា ខ្លួន​បាន​លើកឡើង​អំពី​លក្ខខណ្ឌ​ចាំបាច់​ទាំងនោះ នៅក្នុង​ឱកាស​ជាច្រើន​លើក​រួចមក ដែល​អាជ្ញាធរ​កម្ពុជា​គួរ​ធ្វើ ក្នុងនោះ រួមមាន​ដូចជា ការផ្តល់​នីតិសម្បទារ​សិទ្ធិ​នយោបាយ​ដល់​សមាជិក​គណបក្ស​ប្រឆាំង និង​ការលុបចោល ឬ​សើរើ​មើល​ឡើងវិញ​នូវ​ច្បាប់​មួយ​ចំនួន ពិសេស​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ និង​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ គណៈកម្មការ​អឺរ៉ុប​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការវិវត្តន៍​គួរឲ្យ​កត់សម្គាល់​នៃ​ការកែ​លម្អ​ទាំងនេះ ជាពិសេស​ពាក់ព័ន្ធនឹង​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ នោះ​ខ្លួន​អាច​នឹង​ពិចារណា​លើ​សេចក្តីសម្រេច​នេះ​ឡើងវិញ ដើម្បី​ប្រគល់​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ទាំងស្រុង​មក​ឲ្យ​កម្ពុជា​វិញ​ដូចដើម​វិញបាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។