គណបក្សប្រជាធិបតេយ្យមូលដ្ឋានចេញសេចក្ដីថ្លែងការណ៍ ឱ្យរបបក្រុងភ្នំពេញបន្ថយស្ថានភាពតានតឹងនយោបាយ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប (EBA)។ មន្ត្រីនាំពាក្យរដ្ឋាភិបាល អះអាងថា របបក្រុងភ្នំពេញ រក្សាជំហរដដែល គឺមិនប្ដូរអធិបតេយ្យរបស់ខ្លួនឡើយ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានយល់ថា ការដោះស្រាយស្ថានភាពតានតឹងនយោបាយផ្ទៃក្នុងជាកត្តាសំខាន់ ជាជាងការរត់រកការបង្កើននយោបាយការទូត តាមបណ្ដាប្រទេសនីមួយៗ ជាសមាជិកអឺរ៉ុបមិនឱ្យបាត់បង់ EBA។ ក្នុងសេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី១៩ តុលា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សង្កេតឃើញថា ថ្មីៗ នេះ រដ្ឋាភិបាលកម្ពុជា បានបង្កើនការជួបជាមួយមន្ត្រីនៃរដ្ឋាភិបាល ប្រទេសសមាជិកសហភាពអឺរ៉ុបច្រើន អាល្លឺម៉ង់រួមទាំងអង់គ្លេស និងដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលទៅកាន់អតីតប្រទេសសម្ព័ន្ធមិត្តរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជា ចំនួន៣ គឺ ឆែក ហុងគ្រី និងប៊ុលហ្គារី ក្នុងគោលបំណងរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA។
គណបក្សនេះ យល់ថា ដើម្បីរក្សាEBA រដ្ឋាភិបាលគួរផ្ដល់សេរីភាព ឱ្យប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងអ្នកនយោបាយផ្សេងទៀត ធានាឱ្យគណបក្សនយោបាយទាំងអស់ អង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ មានសេរីភាពពេញលេញក្នុងការបំពេញការងារ និងធានាការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ ប្រកបដោយសេរី និងយុត្តិធម៌ ទើបជារឿងប្រសើរសម្រាប់ទំនាក់ទំនងកម្ពុជា ជាមួយសហភាពអឺរ៉ុប និងបន្តប្រព័ន្ធអនុគ្រោះពន្ធ EBA។
បើទោះមេដឹកនាំរបបលោក ហ៊ុន សែន ប្រកាសដដែលៗ ថា របបលោក មិនខ្វល់នឹងការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ ឬសម្ពាធរបស់អន្តរជាតិ តែទាំងលោក ហ៊ុន សែន និងមេដឹកនាំកំពូលៗ ក្នុងរបបនេះ បានខិតខំបញ្ចុះបញ្ចូលសហភាពអឺរ៉ុប ទាំងលើតុ និងក្រោមតុ។ មួយរយៈចុងក្រោយនេះ របបក្រុងភ្នំពេញបានបង្កើនការទូត ដោយទៅជួបរដ្ឋាភិបាលម្ដងមួយៗ តាមបណ្ដាប្រទេសអឺរ៉ុប ដើម្បីបញ្ចុះបញ្ចូលឱ្យរដ្ឋាភិបាលទាំងនោះ ជួយបញ្ចុះបញ្ចូលសហភាពអឺរ៉ុប កុំឱ្យផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានទៅជួបរដ្ឋាភិបាលអាល្លឺម៉ង់ កាលពីខែកញ្ញា។ ចំណែកលោក ហ៊ុន សែន ធ្វើដំណើរបណ្ដាអតីតប្រទេសកុម្មុយនិស្ត ចំនួន៣ នៅអឺរ៉ុបខាងកើត ដើម្បីឱ្យជួយរក្សា EBA។
ជាមួយគ្នានេះ របបក្រុងភ្នំពេញ ក៏បានជួលក្រុមហ៊ុនចំនួន២ នៅសហរដ្ឋអាមេរិក ដើម្បីបញ្ចុះបញ្ចូលសភា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក កុំឱ្យផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ GSP និងកុំឱ្យដាក់សម្ពាធរបបក្រុងភ្នំពេញ។ ទោះជាយ៉ាងណា អ្នកឃ្លាំមើលថា បំណងបញ្ចុះបញ្ចូលរបស់របបក្រុងភ្នំពេញ នឹងមិនទទួលបានជោគជ័យទេ។
ឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីថា រដ្ឋាភិបាល នៅរក្សាជំហរដដែល គឺមិនយកអធិបតេយ្យ ទៅប្ដូរឡើយ បើទោះក្នុងតម្លៃណាមួយក៏ដោយ៖ «ជំហររបស់យើង គឺនៅដដែល អ្វីដែលជាការប្ដេជ្ញារក្សាសណ្ដាប់ធ្នាប់សាធារណៈ អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា យើងនៅតែបន្ត ហើយនឹងពង្រឹងវិធានការ»។
បច្ចុប្បន្ន គណៈកម្មការសហភាពអឺរ៉ុប កំពុងសរសេររបាយការណ៍អំពីការរកឃើញ និងការវាយតម្លៃរបស់ខ្លួន ទៅលើស្ថានភាពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសិទ្ធិការងារនៅកម្ពុជា ដែលខ្លួនត្រៀមនឹងចេញផ្សាយនៅខែវិច្ឆិកាខាងមុខនេះ គឺមុននឹងឈានទៅសម្រេចថា ត្រូវដក ឬមិនដក ឬដកហូតទាំងស្រុង ឬដោយផ្នែកណាមួយ នៃប្រព័ន្ធអនុគ្រោះពន្ធ។ យ៉ាងយូរបំផុតពាក់កណ្ដាលខែកុម្ភៈឆ្នាំ២០២០ សហភាពអឺរ៉ុប នឹងចេញសេចក្ដីសម្រេច។ ប្រសិនបើសហភាពសម្រេចថា ត្រូវដកហូតប្រព័ន្ធអនុគ្រោះពន្ធ ការយកពន្ធពីសហភាពអឺរ៉ុប លើទំនិញកម្ពុជានឹងត្រូវធ្វើឡើងជាផ្លូវការ ចាប់ពីខែសីហា ឆ្នាំ២០២០ តទៅ។
ក្រុមហ៊ុនអ្នកបញ្ជាទិញបង្ហាញថា ទំហំនាំចេញទំនិញពីកម្ពុជា តាមរយៈការអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក នៅឆ្នាំ ២០១៨ មានទឹកប្រាក់ ៩,៥ពាន់លានដុល្លារ ឬស្មើនឹងជាង ៤៣% នៃផលទុនក្នុងស្រុកសរុប (GDP)។ នេះមានន័យថា ដង្ហើមសេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកជាង ១/៣ ឬស្ទើរតែពាក់កណ្ដាល លើការអនុគ្រោះពន្ធទាំងនេះ។
ប្រសិនបើបាត់ការអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបកម្ពុជា មិនមែនខាតបង់ ត្រឹមតែប្រាក់ប្រហែល ៧០០លានដុល្លារ ដែលចំណេញពីការរួចពន្ធនោះទេ ប៉ុន្តែ កម្ពុជានឹងបាត់បង់កម្លាំងប្រកួតប្រជែង ផ្នែកពាណិជ្ជកម្មយ៉ាងសម្បើមថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។