រដ្ឋាភិបាល​បង្កើត​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​ដាច់​ដោយឡែក​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល

ដោយ ម៉ម មុនីរតន៍
2017-08-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧។
អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Hang Savyouth

មន្ត្រី​សង្គម​ស៊ីវិល​ដាក់​ការ​សង្ស័យ​ចំពោះ​ចំណាត់ការ​ថ្មី​មួយ​របស់​រដ្ឋាភិបាល ដោយ​បង្កើត​ឲ្យ​មាន​ក្រុមប្រឹក្សាភិបាល​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល ដែល​មាន​សមាជិក​សុទ្ធតែ​មន្ត្រី​រដ្ឋាភិបាល និង​អ្នក​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល។ សង្គម​យល់​ឃើញ​ថា រឿង​នេះ​វា​ហាក់​ដូចជា​ចម្លែក​បន្តិច​ចំពោះ​ការ​បង្កើត​ក្បាល​ម៉ាស៊ីន​ដឹកនាំ​នៃ​អង្គការ​ចាត់​តាំង ដែល​ធ្វើ​ឡើង​ដាច់​ដោយឡែក​ពី​អង្គការ​សមាគម​មិន​មែន​រដ្ឋាភិបាល ដែល​បាន​ចុះ​បញ្ជី​រួច​ហើយ​នៅ​ក្រសួង​មហាផ្ទៃ។

រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​កាល​ពី​ថ្ងៃ​ទី​៣ សីហា ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣០ សីហា ស្ដីពី​ការ​តែងតាំង​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល។

មន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​លើក​ឡើង​ថា អនុក្រឹត្យ​ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​៣ សីហា គ្រាន់​តែ​ជា​ការ​ផ្ដួចផ្ដើម​ក្នុង​ជំហាន​ដំបូង​នៅ​ឡើយ​ទេ ពោល​នៅ​មាន​អនុក្រឹត្យ​បន្ត​ទៀត​ដែល​នឹង​ត្រូវ​តែងតាំង​ក្រុម​សម្រាប់​ប្រតិបត្តិ​នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​នេះ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ សីហា ថា ការ​បង្កើត​ឲ្យ​មាន​វេទិកា​សម្ព័ន្ធ​ស៊ីវិល​នេះ​ឡើង គឺ​ដើម្បី​ប្រមូល​ផ្ដុំ​អ្នក​ចេះ​ដឹង និង​ប្រភព​អង្គការ​សមាគម​ដទៃ​ទៀត​ក្នុង​ការ​រៀបចំ និង​តាក់តែង​កម្មវិធី​នយោបាយ​តាម​បែប​វិទ្យាសាស្ត្រ ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​នយោបាយ សម្រាប់​អនុវត្ត​ឲ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង។ លោក​បន្ត​ថា ពេល​នេះ​រដ្ឋាភិបាល​សម្រេច​បង្កើត​ក្បាល​ម៉ាស៊ីន​ជា​ដំណាក់កាល​ដំបូង​សិន ដើម្បី​បើក​ផ្លូវ​ឲ្យ​ក្រុមប្រឹក្សាភិបាល​សម្រេច​ជ្រើសរើស​ក្រុម​អនុវត្ត​កម្មវិធី​នៅ​ឆ្នាំ​បន្ទាប់​ទៀត។ លោក​បន្ត​ថា «នៅ​ក្នុង​នោះ​ជា​ទិសដៅ និង​គោល​បំណង គឺ​សំដៅ​នៃ​មាត្រា​២ ការ​បង្កើត​ក្រុមប្រឹក្សា​គឺ​ការ​ប្រមែ​ប្រមូល​ជា​ទស្សនៈ​ទូលំទូលាយ​សម្រាប់​កិច្ច​ពិភាក្សា​លើ​គោល​នយោបាយ​ថ្មីៗ។ ចងក្រង និង​រៀបចំ​គំនិត​ផ្សេងៗ ហើយ​ប្រែ​ក្លាយ​គំនិត​ទាំងនោះ​ឲ្យ​ទៅ​ជា​សំណើ​គោល​នយោបាយ​មួយ​ដែល​អាច​អនុវត្ត​បាន»

អនុក្រឹត្យ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ដើម​ខែ​សីហា នេះ បាន​តែងតាំង​សមាជិក​ចម្រុះ​ដែល​មាន​សមាសភាព​ងារ​ជា​ឯកឧត្ដម តំណាង​សហជីព​គាំទ្រ​រដ្ឋាភិបាល និង​តំណាង​ពី​អ្នក​សារព័ត៌មាន​ជាដើម។ លោក ផៃ ស៊ីផាន ឲ្យ​ដឹង​ថា ក្រុមប្រឹក្សាភិបាល​ដែល​បាន​តែងតាំង​រួច​ហើយ​នេះ គឺ​មាន​តួនាទី​បន្ត​ក្នុង​ការ​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​នៅ​ខាង​ក្រោម​បន្ទាប់​ទៀត​សម្រាប់​ប្រតិបត្តិ​ការងារ។

អ្នក​ដែល​អាច​ទៅ​ជា​សមាជិក​នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​នេះ ត្រូវ​បាន​លោក ផៃ ស៊ីផាន លើក​ឡើង​ថា អាច​ជា​និស្សិត សាស្ត្រាចារ្យ រាជបណ្ឌិត្យសភា និង​អង្គការ​សមាគម ជាដើម។

ទាក់ទិន​រឿង​នេះ លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​អង្គការ​លីកាដូ (LICADHO) យល់​ឃើញ​ថា ការ​បង្កើត​ឲ្យ​មាន​ស្ថាប័ន​មួយ​តង់​ទៀត​ដោយ​រដ្ឋាភិបាល​ដែល​មាន​ឈ្មោះ​ថា សង្គម​ស៊ីវិល​ដែរ​នេះ វា​ហាក់​ដូចជា​ចម្លែក​បន្តិច។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​តែង​តស៊ូ​មតិ​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ ហាក់​នៅ​មាន​មន្ទិល​សង្ស័យ​ថា តើ​ស្ថាប័ន​ដែល​បង្កើត​ឡើង​នេះ​សម្រាប់​ប្រើប្រាស់​ក្នុង​ទិសដៅ​អ្វី? ព្រោះ​សព្វថ្ងៃ​មាន​អង្គការ​សមាគម​មិន​មែន​រដ្ឋាភិបាល កំពុង​ដើរ​តួនាទី​រួច​ទៅ​ហើយ​ក្នុង​ការ​ឃ្លាំ​មើល​ពី​ភាព​ចន្លោះ​ប្រហោង ដាក់​ជា​របាយការណ៍ និង​ផ្ដល់​ជា​អនុសាសន៍​នៃ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ដាក់​ជូន​ទៅ​រដ្ឋាភិបាល។ លោក​បន្ត​ថា «នេះ​ហើយ​ដែល​ខ្ញុំ​ឆ្ងល់ ហើយ​ខ្ញុំ​នៅ​តែ​មាន​ការ​ភ្ញាក់ផ្អើល។ យើង​គិត​ថា​ឈ្មោះ​ថា​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​ន័យ​ថា​ជា​អង្គការ​មិន​មែន​កើត​ឡើង​ដោយ​រដ្ឋាភិបាល​ទេ។ ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​ជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល»

សព្វថ្ងៃ​នេះ​មាន​អង្គការ​សមាគម​មិន​មែន​រដ្ឋាភិបាល​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ប្រហែល ៤​ពាន់​ស្ថាប័ន។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ឲ្យ​ដឹង​ថា តាម​ពិត​អនុក្រឹត្យ​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​នេះ ត្រូវ​បាន​លោក ហ៊ុន សែន ចុះ​ហត្ថលេខា​តាំង​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៦ មក​ម្ល៉េះ ប៉ុន្តែ​សម្ព័ន្ធ​សង្គម​ស៊ីវិល​នេះ​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​នេះ ទើប​តែ​ចេញ​ជា​រូបរាង​ឡើង​នៅ​ពេល​នេះ។

ច្បាប់​ស្ដីពី​អង្គការ​សមាគម​មិន​មែន​រដ្ឋាភិបាល មាត្រា​២៤ ចែង​ថា អង្គការ​សមាគម​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក និង​បរទេស ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​ចំពោះ​គ្រប់​គណបក្ស​នយោបាយ​នៅ​កម្ពុជា។

ស្រប​ពេល​មាន​ការ​បារម្ភ​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល ថា​ការ​បង្កើត​ស្ថាប័ន​អង្គការ​ដែល​មាន​រូបភាព​ដើរ​តួ​ជា​សង្គម​ស៊ីវិល​នេះ អាច​ជា​ការ​ដាក់​ជំនួស​ស្ថាប័ន​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​សកម្ម​ពី​បញ្ហា​សិទ្ធិ​មនុស្ស ដីធ្លី និង​នយោបាយ ត្រូវ​បាន​លោក ផៃ ស៊ីផាន ឆ្លើយតប​ថា ការ​បង្កើត​អង្គការ​ចាត់​តាំង​ដែល​មាន​សមាជិក​ជា​មន្ត្រី​រដ្ឋាភិបាល​នេះ មិន​មាន​ចេតនា​អាក្រក់ ដែល​អាច​រហូត​ទៅ​ដល់​ឈាន​បិទ​ទ្វារ​អង្គការ រួច​យក​ស្ថាប័ន​ថ្មី​នេះ​ដាក់​ជំនួស​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

នេះជាការពិត, ដែលលោកហ៊ុនសែនដឹងអំពីបញ្ហាការបោះឆ្នោតលើកក្រោយពីគណបក្សប្រជាជនកម្ពុជា។ ឥឡូវនេះ, លោកនាយករដ្ឋមន្រ្តីហ៊ុនសែនធ្វើបាបអ្នកទាំងអស់គ្នាដើម្បីឈ្នះ។ ប្រជាជនកម្ពុជានិង CNRP ចាំបាច់ត្រូវចាំថា, ហ៊ុនសែននឹងប្រើអំណាចផ្តាច់ការរបស់ខ្លួនដើម្បីឈ្នះនៅពេលគាត់ចាញ់។ ប្រសិនបើទាហានភាគច្រើនចូលចិត្តប្រទេសរបស់អ្នក, អ្នកមិនត្រូវអោយអ្នកផ្តាច់ការធ្វើបាបគ្រួសាររបស់អ្នក, ហើយគាត់ធ្វើអ្វី ៗ សំរាប់ខ្លួនឯងនិងគ្រួសាររបស់គាត់។

Sep 01, 2017 01:44 AM

អ្នក​អាន​អនាមិក

ប្រជាជនកម្ពុជាអាចមើលឃើញថា ហ៊ុនសែនកំពុងប្រើអំណាចរបស់គាត់ ដើម្បីធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឈ្នះ គាត់មិនខ្វល់អំពីអនាគត របស់កម្ពុជាដរាបណាគាត់នៅកាន់អំណាច។

Sep 01, 2017 01:20 AM

គេហទំព័រ​ទាំងមូល