របបលោក ហ៊ុន សែន ចេញសេចក្តីថ្លែងការណ៍ឲ្យស្ថាប័នសារព័ត៌មានឯករាជ្យ បើកការិយាល័យរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាឡើងវិញ។ រីឯអ្នកជំនាញផ្នែកសារព័ត៌មានយល់ថា ក្រៅពីចេញសេចក្តីថ្លែងការណ៍នេះ របបក្រុងភ្នំពេញ គួរតែទម្លាក់ចោលបទប្រកាន់ផ្សេងៗ លើអ្នកសារព័ត៌មានផង។
របបក្រុងភ្នំពេញបង្ហាញជំហរទន់ភ្លន់ ឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង ផ្នែកសេរីភាពសារព័ត៌មាននៅកម្ពុជា ស្របពេលដែលរបបនេះ កំពុងរងការគាបសង្កត់ផ្នែកសេដ្ឋកិច្ច និងនយោបាយពីសហគមន៍អន្តរជាតិ។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣ ខែធ្នូ ក្រសួងការបរទេសកម្ពុជា ប្រកាសថា វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ដែលបានបិទ ការិយាល័យតំណាងរបស់ខ្លួននៅកម្ពុជាអស់រយៈពេលជាងមួយឆ្នាំមកហើយនេះ អាចមានសេរីភាពបើកការិយាល័យខ្លួន នៅកម្ពុជាឡើងវិញបាន។ បន្ថែមលើស្ថាប័នវិទ្យុទាំងពីរនេះ របបលោក ហ៊ុន សែន អះអាងថា នឹងអនុញ្ញាតឲ្យសារព័ត៌មានជាភាសាអង់គ្លេស និង ខ្មែរ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) អាចចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនឡើងវិញបានដែរ ប៉ុន្តែ ក្នុងលក្ខខណ្ឌ ដែលដោះស្រាយបំណុលពន្ធដារ រួចរាល់សិនប៉ុណ្ណោះ។
កាសែត ឌឹ ខេមបូឌា ដេលី ត្រូវបង្ខំចិត្តបិទការិយាល័យរបស់ខ្លួន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០១៧ ដោយរងសម្ពាធរបស់របបលោក ហ៊ុន សែន ដែលយកលេស ថាកាសែតនេះ ជំពាក់ពន្ធរដ្ឋរយៈពេល ១០ឆ្នាំ ដែលគិតជាទឹកប្រាក់ជាង ៦លាន ៣សែន ដុល្លារ ដែលក្នុងនោះជិត ៣លានដុល្លារ គឺជាថ្លៃការប្រាក់ ដែលអាជ្ញាធរពន្ធកម្ពុជា ថាកាសែតនេះជំពាក់រដ្ឋ ក្នុងរយៈពេល ១០ឆ្នាំនោះ មកដាក់បន្ទុកដ៏ធ្ងន់ ឲ្យម្ចាស់កាសែតនេះ សងក្នុងរយៈពេលដ៏ខ្លី។ ម្ចាស់កាសែត ឌឹ ខេមបូឌា ដេលី អ្នកស្រី ដេប្រា គ្រីស័រ ស្ទាល (Deborah Krisher Steele) កាលណោះបញ្ចាក់ថា កាសែតអ្នកស្រី មិនបានជំពាក់ពន្ធរដ្ឋ ដ៏ច្រើនសន្ធឹកបែបនោះទេ ហើយថា ការយកលេសរឿងពន្ធដារនេះ គឺរបបលោក ហ៊ុន សែន មានចេតនានយោបាយ ចង់បិទសារព័ត៌សេរី ដ៏កម្រនៅកម្ពុជាតែប៉ុណ្ណោះ។
អាស៊ីសេរី មិនទាន់អាចសុំប្រតិកម្មពីអ្នកស្រី ដេប្រា គ្រីស័រ ស្ទាល (Deborah Krisher Steele) បាននៅឡើយទេ នៅពេលនេះ។
សម្ពាធអន្តរជាតិ បានកើនឡើងកាន់តែសន្ធាប់លើរបបលោក ហ៊ុន សែន ក្រោយការចាប់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដាក់ពន្ធនាគារ រម្លាយគណបក្សសង្គ្រោះជាតិ បណ្តេញអង្គការសង្គមស៊ីវិល បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា រឹតត្បិតសិទ្ធិសេរីភាពក្នុងការតវ៉ាផ្សេងៗ និងការរៀបចំការបោះឆ្នោត ដែលរងការរិះគន់ជុំទិសថា ជាការបោះឆ្នោតក្លែងក្លាយ។
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មជាបណ្តើរៗ និងព្រមានដាក់ទណ្ឌកម្មបន្ថែម បើរបបលោក ហ៊ុន សែន មិនស្តារស្ថានការណ៍រំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។ ចំណែកឯសហភាពអឺរ៉ុប ក៏បានដាក់ទណ្ឌកម្ម តាមរយៈការផ្តាច់ជំនួយ ដែលធ្លាប់ជួយដល់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ឬ គ.ជ.ប និងមិនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត ហើយកាលពីដើមខែតុលា ឆ្នាំ ២០១៨ បានជូនដំណឹងទៅរបបលោក ហ៊ុន សែន អំពីនីតិវិធីដកការអនុគ្រោះពន្ធ លើទំនិញគ្រប់មុខលើកលែងតែអាវុធ ឬ EBA ដែលសហភាពអឺរ៉ុប ទុកពេលឲ្យរបបលោក ហ៊ុន សែន ត្រឹមយ៉ាងយូរបំផុត ១២ខែ ដើម្បីស្តារស្ថានការណ៍អាក្រក់បច្ចុប្បន្ននេះ។ នៅក្នុងការព្រមានដាក់ទណ្ឌកម្មបន្ថែម របស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប មានបញ្ចូលទាំងការទាមទារឲ្យរបបលោក ហ៊ុន សែន ផ្តល់សិទ្ធិសេរីភាពដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ឲ្យបើកដំណើរការដោយគ្មានរងការធ្វើទុក្ខបុកម្នេញ ផងដែរ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតប ពីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន បានទេ ដោយលោកអះអាងថា មិនបានឃើញសេចក្តីថ្លែងការណ៍នេះ និងបង្វែរឲ្យសួរនាំក្រសួងការបរទេស និងក្រសួងសាម៉ីវិញ។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសលោក កេត សាផាន់ និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត មិនអាចទាក់ទងបានទេ។ រីឯអ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង និងរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ មិនទទួលទូរស័ព្ទ។ ប៉ុន្តែ លោក ខៀវ កាញារីទ្ធ អះអាងប្រាប់សារព័ត៌មានក្នុងស្រុក កាលពីដើមខែវិច្ឆិកាថា ការណ៍ដែលចង់ឲ្យមានការិយាល័យវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA នៅកម្ពុជាវិញនេះ គឺដើម្បីងាយស្រួលប្រាស្រ័យទាក់ទងការងារអ្វីជាមួយគ្នា។
ទោះជាយ៉ាងនេះក្តី របបលោក ហ៊ុន សែន មិនបានផ្តល់ការធានាណាមួយ អំពីការឈប់ធ្វើទុក្ខបុកម្នេញ ទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទេ។ របបនេះ ក៏មិនបានបញ្ជាក់អំពីការទម្លាក់ចោលរាល់ការចោទប្រកាន់ ដែលមានលក្ខណៈជាការប្រឌិត និងចរិតនយោបាយ មកលើអតីតបុគ្គលិកអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ដែលកំពុងស្ថិតក្រោមការដាក់ឲ្យត្រួតពិនិត្យតាមផ្លូវតុលាការនោះដែរ។
នាយកមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)លោក ណុប វី មានប្រសាសន៍ថា ការចេញសេចក្តីថ្លែងការណ៍នេះ គឺគ្រាន់តែជាជំហានចាប់ផ្តើមមួយប៉ុណ្ណោះ ព្រោះប្រសិនបើកាសែត ឌឹ ខេម បូឌា ដេលី គ្មានលទ្ធភាពបង់ពន្ធ គឺនៅតែមិនអាចដំណើរការបាន។ ចំណែកករណីអាស៊ីសេរី និង វីអូអេ ទោះបីជាអាចមានលទ្ធភាពបើកដំណើរការស្ថាប័នរបស់ខ្លួនឡើងវិញក្តី ប្រសិនបើស្ថានីយវិទ្យុ FM ជាង ៣០ ទៀត នៅតែរបបក្រុងភ្នំពេញ បិទមិនឲ្យផ្សាយបន្តនូវកម្មវិធីព័ត៌មាននៃវិទ្យុឯករាជ្យនោះ គឺនៅតែជាច្រកមួយ មិនអាចទៅរួចដដែល៖ «ត្រូវប្រគល់អាជ្ញាប័ណ្ណមកឲ្យម្ចាស់ស្ថានីយ៍វិទ្យុទាំងអស់នោះឡើងវិញ ហើយអនុញ្ញាតឲ្យម្ចាស់វិទ្យុទាំងអស់ហ្នឹង មានសេរីភាពគ្រប់គ្រាន់ ក្នុងការទទួលយកកម្មវិធីយកមកផ្សព្វផ្សាយតាមវិទ្យុរបស់គាត់។ រដ្ឋាភិបាលគួរតែបង្ហាញឆន្ទៈពិតប្រាកដមួយ ដែលរដ្ឋាភិបាលពិតជាព្យាយាមធ្វើឲ្យប្រសើរឡើងក្នុងផ្នែកសារព័ត៌មាន » ។
អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី លោក យាង សុធារិន ហៅ យាង សុជាមេត្តា ដែលទើបត្រូវបាននៅក្រៅឃុំជាបណ្តោះអាសន្នលើកឡើងថា ការបើកឱកាសឲ្យស្ថាប័នសារព័ត៌មានឯករាជ្យ បើកដំណើរការនៅកម្ពុជាឡើងវិញនេះ គឺជាចំណុចវិជ្ជមានមួយ ប៉ុន្តែទន្ទឹមគ្នានេះ លោកស្នើសុំឲ្យទម្លាក់ចោលការចោទប្រកាន់នានា លើអ្នកសារព័ត៌មានទាំងអស់ ដើម្បីកាន់តែបង្ហាញឲ្យអន្តរជាតិមើលឃើញថា កម្ពុជាពិតជាចាប់ផ្តើមបើកមានសេរីភាពសារព័ត៌មានឡើងវិញពិតប្រាកដ៖ « យកល្អស្តែងឲ្យចេញជាសកម្មភាព ដូចជា ខាងតុលាការពន្លឿននីតិវិធីរបស់ពួកខ្ញុំទាំងពីរ និងទម្លាក់ចោលរាល់ការចោទប្រកាន់មកលើពួកខ្ញុំទាំងពីរ » ។
កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៧ វិទ្យុអាស៊ីសេរី បានបង្ខំចិត្តបិទការិយាល័យរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ។ ការបង្ខំចិត្តបិទនេះ គឺដោយសារតែមិនអាចស៊ូទ្រាំនឹងការធ្វើទុក្ខបុកម្នេញ ពីរបបលោក ហ៊ុន សែន ដែលបង្ក្រាបមកលើសំឡេងឯករាជ្យឥតស្រាកស្រាន្ត ធ្វើឲ្យវិទ្យុអាស៊ីសេរី មិនអាចបន្តបើកដំណើរការការិយាល័យព័ត៌មានរបស់ខ្លួន ដោយធានាអំពីសុចរិតភាព នៃបេសកកម្មសារព័ត៌មានរបស់ខ្លួននៅកម្ពុជាបានជាបន្តទៅទៀត។
ការធ្វើទុក្ខបុកម្នេញទាំងនោះ រួមមានការចោទប្រកាន់វិទ្យុអាស៊ីសេរី ក្រោមលេសថា បានរំលោភច្បាប់ស្ដីពីសារពើពន្ធ និងបែបបទរដ្ឋបាល ក្នុងការចុះបញ្ជីកាស្ថាប័នព័ត៌មាន និងពិន័យឲ្យបង់ពន្ធជាច្រើនឆ្នាំ ដែលកន្លងផុតទៅព្រមទាំងបង្កើនវោហារសាស្ត្របំភិតបំភ័យ និងគំរាមកំហែងកាន់តែខ្លាំងឡើងៗ។ មិនតែប៉ុណ្ណោះ អាជ្ញាធររបបលោក ហ៊ុន សែន បានបិទស្ថានីយ៍វិទ្យុឯករាជ្យ ដែលផ្សាយបន្តកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរី។ របបលោក ហ៊ុន សែន បិទប៉ុស្តិ៍វិទ្យុ FM ចំនួន ៣២ ប៉ុស្តិ៍ នៅ ២០ ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។
នៅមុនដំណាច់ឆ្នាំ ២០១៨ នេះ របបលោក ហ៊ុន សែន បានដោះលែងអ្នកទោសនយោបាយ សកម្មជនដីធ្លី និងពន្លឿននីតិវិធីតុលាការ ដើម្បីបិទបញ្ចប់រឿងក្តីមេដឹកនាំសហជីពកម្មករ និងបន្ទន់ឥរិយាបទចំពោះប្រព័ន្ធផ្សព្វផ្សាយ និងអង្គការស៊ីវិលជាដើម។ ប៉ុន្តែ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចាត់ទុកថា ចំណាត់ការទាំងនេះ គឺជាការបង្ហាញភាពទាល់ច្រករបស់របបលោក ហ៊ុន សែន ដែលកំពុងរងសម្ពាធអន្តរជាតិខ្លាំង។ អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង បន្ថែមថា របបលោក ហ៊ុន សែន កំពុងប្រឹងទិញពេលវេលា ដើម្បីកេងចំណេញ និងលួងចិត្តសហគមន៍អន្តរជាតិ កុំឲ្យប្រញាប់ដាក់ទណ្ឌកម្មលើរបបនេះប៉ុណ្ណោះ។ លោក អេង ឆៃអ៊ាង បន្តថា គួរកុំទាន់អាលជឿរបបលោក ហ៊ុន សែន ព្រោះរបបនេះពូកែបំពានច្បាប់ស្រេចតែអំពើចិត្តងាយណាស់៖ «យើងមើលឃើញមួយភ្លែត ថាគាត់ចិត្តល្អ ប្រកាសឲ្យអាស៊ីសេរី វីអូអេ ចូលទៅវិញ មិនទាន់គ្រាន់ទេ។ អ្វីដែលលោក ហ៊ុន សែន បំផ្លាញអស់ហើយ ហើយគ្រាន់តែផ្តល់មកវិញបន្តិចបន្តួចនោះ គឺវាមិនគ្រប់គ្រាន់ទេ » ។
មន្រ្តីបក្សប្រឆាំងរូបនេះ អះអាងថា ដើម្បីឲ្យគ្រប់គ្រាន់ គឺទាល់តែស្តារស្ថានភាពសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យដែលអាក្រក់បច្ចុប្បន្ន ឲ្យវិលទៅរកសភាពល្អប្រសើរវិញទាំងស្រុង ដូចកាលមុនបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។