គណបក្សប្រឆាំងនិងសង្គមស៊ីវិលមិនគាំទ្ររដ្ឋាភិបាលបំបែកក្រសួងបន្ថែមទៀត
2016.03.17

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា នៅដើមខែមេសា ខាងមុខនេះ រដ្ឋមន្ត្រីចំនួន ៨ក្រសួង នឹងត្រូវផ្លាស់ប្ដូរតាមរយៈការបោះឆ្នោតនៅសភា។ គណបក្សប្រឆាំង និងសង្គមស៊ីវិល ស្វាគមន៍ការប្រកាសរុះរើគណៈរដ្ឋមន្ត្រីរបស់ លោក ហ៊ុន សែន នៅពេលនេះ ប៉ុន្តែគេមិនគាំទ្រការបំបែកក្រសួងបន្ថែមឡើយ ព្រោះជាការខ្ជះខ្ជាយថវិកាជាតិ។
ទន្ទឹមនឹងការប្រកាសផ្លាស់ប្ដូររដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រាប់ទៅរដ្ឋមន្ត្រីទាំងនោះឲ្យរក្សាភាពស្ងប់ស្ងៀម បើទោះបីជាបានដឹងថា ខ្លួនត្រូវចាកចេញពីក្រសួង ឬត្រូវប្ដូរការងារក្តី។
លោក ហ៊ុន សែន ថាការផ្លាស់ប្ដូរសមាសភាពរដ្ឋាភិបាល គឺដើម្បីប្រសិទ្ធភាពការងារកាន់តែល្អ ព្រោះមានរដ្ឋមន្ត្រីខ្លះធ្វើការងារស្ទក់។ លោកបន្តថា នេះជាសិទ្ធិរបស់លោកក្នុងការសម្រេច ក្នុងឋានៈជានាយករដ្ឋមន្ត្រី៖ «នៅទីនេះមិនមានរដ្ឋមន្ត្រីអាក្រក់ទេ គ្រាន់តែមានរដ្ឋមន្ត្រីខ្លះដែលតែងតាំងហើយ គឺកាន់មុខតំណែងស្ទក់បន្តិច មិនមែនរដ្ឋមន្ត្រីទាំងនោះដែលកម្ចាត់ចោលទេ ប៉ុន្តែទាមទារឲ្យមានការរៀបចំដើម្បីបំពេញការងារឲ្យមានប្រសិទ្ធភាព»។
លោក ហ៊ុន សែន ថ្លែងដូចនេះក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យន័រតុន នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ព្រឹកថ្ងៃទី១៧ ខែមីនា។
ក្រោយ លោក ហ៊ុន សែន ថ្លែងចប់ជាពេលពិធីត្រូវរំសាយ អ្នករាយការណ៍វិទ្យុអាស៊ីសេរី បានសុំការយល់ឃើញពីរដ្ឋមន្ត្រីមួយចំនួន ប៉ុន្តែគ្មានលោករដ្ឋមន្ត្រីណាហ៊ានបញ្ចេញការយល់ឃើញឡើយ។ យ៉ាងណានេះក្ដី មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយរូបថ្លែងយ៉ាងប្រុងប្រយ័ត្នយ៉ាងខ្លីថា លោកធ្វើការជាមួយមេកំពូល ត្រូវគាំទ្រមេកំពូល។
ចំណែកអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថានេះជាសញ្ញាល្អមួយ ប៉ុន្តែលោកមិនទាន់ទុកចិត្តប្រសិទ្ធភាពការងាររដ្ឋាភិបាលរបស់ លោក ហ៊ុន សែន ដោយរង់ចាំមើលសិន៖ «ខ្ញុំថា ចាំមើលសិនទៅ យ៉ាងហោចណាស់ក៏បានមួយជំហានដែរ ប្រសើរជាងអត់មានការផ្លាស់ប្ដូរ។ យើងរង់ចាំមើលសិន ព្រោះបើមានការផ្លាស់ប្ដូរមានន័យថា ការអនុវត្តការងារមិនទាន់ស្របតាមសេចក្ដីត្រូវការរបស់ពលរដ្ឋ»។
ក្រៅពីប្រកាសផ្លាស់ប្ដូររដ្ឋមន្ត្រី ៨ក្រសួង លោក ហ៊ុន សែន ឲ្យដឹងដែរថា អភិបាលខេត្តចំនួន៤ នឹងត្រូវដាក់ឲ្យចូលនិវត្តន៍ គឺខេត្តកំពង់ស្ពឺ កំពត បន្ទាយមានជ័យ និងខេត្តស្វាយរៀង។ ក្នុងចំណោមរដ្ឋមន្ត្រីដែលត្រូវផ្លាស់ប្ដូរ លោក ហ៊ុន សែន ទម្លាយឲ្យដឹងចំនួន ៣ក្រសួង គឺរដ្ឋមន្ត្រីក្រសួងការបរទេស ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម។
ទន្ទឹមគ្នានោះដែរ មានសារព័ត៌មានក្នុងស្រុកមួយដែលស្និទ្ធជាមួយរដ្ឋាភិបាល ទម្លាយឲ្យដឹងថា ប្ដូររដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវផ្លាស់ប្ដូរ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវផ្លាស់ទៅក្រសួងកសិកម្ម។ ចំណែកក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវចែកក្រសួងចេញជាពីរ។
ទាក់ទងរឿងនេះ ប្រធានអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ ថាប្រសិនបើការផ្លាស់ប្ដូរជាការបំបែកក្រសួង មិនមែនជាកំណែទម្រង់ល្អទេ ព្រោះជាការខ្ជះខ្ជាយថវិកា ខណៈក្រសួងសព្វថ្ងៃកំពុងតែមានចំនួនច្រើនស្រាប់៖ «បំបែក ក្រសួងខ្ញុំមើលទៅគឺនៅតែគ្មានប្រសិទ្ធភាព ដែលធ្វើឲ្យរដ្ឋាភិបាលក្បាលធំ នេះជាទម្លាប់អាក្រក់ ដែលហៅថា កាត់ក្បាលតម្រូវមួក មិនមែនកាត់មួកតម្រូវក្បាលទេ បើនៅតែបន្តធ្វើអ៊ីចឹងទៀត គឺបំផ្លាញថវិកាជាតិ និងបង្កភាពសាំញ៉ាំ»។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលមួយរូប សរសេរនៅលើហ្វេសប៊ុក (Facebook) របស់ខ្លួនថា លោកបោះឆ្នោតគាំទ្រឲ្យកូនប្រុស លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ធ្វើជារដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា។
ទាក់ទងរឿងដែរនេះ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យដឹងថា បន្ទាប់ពីទទួលបានសំណើរបស់រដ្ឋាភិបាលនៅថ្ងៃទី១៧ ខែមីនា នេះ លោកបានបញ្ជូនសំណើនេះទៅប្រធានរដ្ឋសភាពិនិត្យដើម្បីកំណត់ថ្ងៃកោះប្រជុំគណៈអចិន្ត្រៃយ៍នៃរដ្ឋសភា។ លោកមិនទាន់ឲ្យដឹងថា សំណើរបស់រដ្ឋាភិបាលនោះ ត្រូវផ្លាស់ប្ដូររដ្ឋមន្ត្រីណាខ្លះទេ ដោយបញ្ជាក់ថា នៅពេលកោះប្រជុំគណៈអចិន្ត្រៃយ៍នៃរដ្ឋសភា សភានឹងជូនដំណឹងពីរបៀបវារៈទាំងនោះ៕