សាក្សីក្នុងសវនាការក្របខ័ណ្ឌសភាអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ដែលប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក សុទ្ធតែស្នើឱ្យសហរដ្ឋអាមេរិកដាក់សម្ពាធបន្ថែម ដើម្បីឱ្យកម្ពុជាស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។ អ្នកទាំងនោះសង្ឃឹមថា ការបង្ហាញភស្តុតាងនៅក្នុងសវនាការនេះ នឹងបានជាប្រយោជន៍ដល់សមាជិកសភា និង រដ្ឋាភិបាលអាមេរិក យកទៅពិចារណា ដើម្បីចាត់វិធានការណ៍ទាំងនេះ។
សាក្សីប្រាំមួយរូបពីអង្គការសង្គមស៊ីវិល និង វិស័យឯកជនផង បានលើកឡើងពីបញ្ហាជាក់ស្ដែងដែលកំពុងកើតមាន នៅប្រទេសកម្ពុជា ជាពិសេសការរឹតត្បិតសិទ្ធិសេរីភាពការងារ និង សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ រួមនឹងឥទ្ធិពលចិនលើរដ្ឋាភិបាលកម្ពុជាផង។
នាយកប្រតិបត្តិអង្គការសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ឬហៅកាត់ថា សង់ត្រាល់ Central) លោក មឿន តុលា ដែលជាសាក្សីមួយរូបដែរនោះ ថា ស្ថានភាពជីវភាពកម្មករកម្មការិនី នៅក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ នៅមិនទាន់ប្រសើរឡើងនៅឡើយទេ។ បន្ថែមលើប្រាក់ខែមិនទាន់សមរម្យនេះ លោកថា ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីធ្វើទុក្ខបុកម្នេញមន្ត្រីសហជីព ក៏នៅតែជាក្តីកង្វល់ខ្លាំងនៅឡើយ។ ជាងនេះទៅទៀត អ្វីដែលជាក្តីបារម្ភខ្លាំងក្នុងវិស័យការងារនេះ គឺការរឹតត្បិតសិទ្ធិសេរីភាពលើសហជីពកម្មករ ដោយសារតែច្បាប់ថ្មីនោះឯង៖ «ប៉ុន្តែអ្វីជាចំណុចបន្ថែម នៅលើចំណុចបីដែលខ្ញុំបានផ្ដល់សក្ខីកម្មឆ្នាំ ២០០៩ហ្នឹង គឺរឿងច្បាប់សហជីពនេះឯង។ ច្បាប់នេះវាធ្វើឱ្យ បំពានទៅលើធម្មនុញ្ញផង ធ្វើឱ្យបំពានទៅលើអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិ ដែលកម្ពុជាយើងផ្ដល់សច្ចាប័នផង»។
សក្ខីកម្មជុំវិញការរឹតត្បិតសិទ្ធិសេរីភាព ក្នុងវិស័យការងារនេះ ត្រូវបានសាក្សីមួយរូបទៀត ដែលជានាយិការងរបស់សមាគមសិទ្ធិកម្មករ ដែលឃ្លាំមើលការរំលោភសិទ្ធិកម្មករនៅទូទាំងពិភពលោក អ្នកស្រី ចេស៊ីកា ឆែមផេន (Jessica Champagne) ថាការបាត់បង់សេរីភាពផ្នែកសហជីពនេះ ធ្វើឱ្យប៉ះពាល់ខ្លាំងដល់ផលប្រយោជន៍កម្មករ ដោយសារអ្នកទាំងនោះ ខ្វះអ្នកតំណាង។ អ្នកស្រីបន្ថែមថា ជាញឹកញាប់អ្នកហ៊ានតវ៉ាដើម្បីប្រយោជន៍កម្មករនេះ រងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្ត។
ស្របពេលដែលសាក្សីខាងវិស័យការងារព្រួយបារម្ភពីបញ្ហារំលោភសិទ្ធិកម្មករ សាក្សីខាងប្រព័ន្ធផ្សព្វផ្សាយឯណោះ គឺនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយ (CCIM) លោក ប៉ា ងួនទៀង លើកឡើងអំពីការបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អង្គការសង្គមស៊ីវិល និងការរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋ ជាពិសេសសំឡេងប្រឆាំង។ លោក ប៉ា ងួនទៀង បង្ហាញតួលេខអំពីករណីរំលោភបំពានធំៗ រួមមានទាំងការចាប់ខ្លួនប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ការរម្លាយគណបក្សសង្គ្រោះជាតិ និង ការបន្តធ្វើទុក្ខបុកម្នេញមន្ត្រី និងសកម្មជនបក្សប្រឆាំងឥតឈប់ឈរពីសំណាក់អាជ្ញាធរនៃរបបក្រុងភ្នំពេញ។
សាក្សីពីខាងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) គឺលោក លោក ចន ស៊ិហ្វថុន (John Sifton) ដែលជានាយកតស៊ូមតិប្រចាំអាស៊ី ថា ការរំលោភសិទ្ធិមនុស្សនៅកម្ពុជា មិនមែនជារឿងអ្វីថ្មីនោះទេ។ លោកបន្ថែមថា សក្ខីកម្មរបស់លោក បញ្ជាក់បន្ថែមអំពីអំណាចផ្ដាច់ការ ក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន ដែលក្រាញអំណាច និង ធ្វើឱ្យសិទ្ធិសេរីភាពសព្វបែបយ៉ាងរងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដែលសហគមន៍អន្តរជាតិ ត្រូវចាត់វិធានការឱ្យបានខ្លាំងក្លា និងជាបន្ទាន់។
អ្នកស្រី អូលីវៀ អ៊ីណូស (Olivia Enos) ដែលជាអ្នកវិភាគជាន់ខ្ពស់ផ្នែកគោលនយោបាយ នៃមជ្ឈមណ្ឌលសិក្សាអាស៊ី របស់អង្គការ the Heritage Foundation ឯណោះ ថា ការរៀបចំការបោះឆ្នោត ដែលផាត់ចោលគណបក្សប្រឆាំងធំជាងគេនៅកម្ពុជាបែបនេះ គឺធ្វើឱ្យរដ្ឋាភិបាលកម្ពុជាក្លាយរបបឯកបក្ស និង ត្រូវងាកខ្លាំងទៅរកចិន។ ការគ្រប់គ្រងបែបនេះ ធ្វើឱ្យលោក ហ៊ុន សែន បំផ្លាញក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ ដែលចង់បានឱ្យកម្ពុជាមានសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ។
សាក្សីខាងវិស័យឯកជន គឺលោក ដានីញ៉ែល មិចឈែល (Daniel K. Mitchell) ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន GreenWolf International លើកឡើងអំពីភាពអយុត្តិធម៌ក្នុងវិស័យធុរកិច្ច ដែលក្រុមគ្រួសារត្រកូលអភិជន សុទ្ធតែមានបុព្វសិទ្ធិ និងរួចផុតពីការទទួលទោស បើទោះបីជាអ្នកទាំងនោះប្រព្រឹត្តបទល្មើស។
ក្រោយពីបង្ហាញភស្តុតាងអំពីការរំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារ សាក្សីទាំងនោះ ក៏បានផ្តល់ជាអនុសាសន៍មួយចំនួន ដើម្បីជាដំណោះស្រាយ។ តំណាងអង្គការសង្គមស៊ីវិលពីប្រទេសកម្ពុជា ស្នើឱ្យរដ្ឋាភិបាលកម្ពុជា ពិនិត្យឡើងវិញលើច្បាប់ស្ដីពីសហជីព ដែលរឹតត្បិតសិទ្ធិកម្មករនោះ។ លោក មឿន តុលា សង្ឃឹមថា សក្ខីកម្មនេះ នឹងជួយឱ្យសភា និងរដ្ឋាភិបាលអាមេរិក មានមូលដ្ឋាន ក្នុងការជួយរកដំណោះស្រាយក្នុងរឿងនេះ៖ «ខ្ញុំជឿថា អ្វីដែលយើងបានលើកឡើងថ្ងៃនេះ ខាងគណៈកម្មាធិការ ថម ឡែនថុស នឹងអាចមានជាដំណោះស្រាយណាមួយ សម្រាប់ទៅដល់រដ្ឋបាលលោកត្រាំ ដើម្បីធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា»។
ចំណែកឯ លោក ប៉ា ងួនទៀង ថា សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក មានកិច្ចសហប្រតិបត្តិការគ្នាជាមួយរដ្ឋាភិបាលកម្ពុជា ដែលជាការល្អមួយ។ ក៏ប៉ុន្តែ លោកស្នើឱ្យប្រទេសទាំងនេះ ពិចារណាឡើងវិញ ធ្វើយ៉ាងណាកុំឱ្យការសហការផ្នែកពាណិជ្ជកម្មទាំងនេះ វាជាការជួយឱ្យមេដឹកនាំក្រាញអំណាច កាន់តែមានឱកាសក្រាញអំណាច និង បន្តរំលោភសិទ្ធិមនុស្សតទៀត៖ «ដោយសាររដ្ឋាភិបាលពុករលួយ រដ្ឋាភិបាលផ្ដាច់ការ ដូច្នេះផលប្រយោជន៍ទាំងអស់នោះ វាប្រមូលផ្តុំមកលើតែរដ្ឋាភិបាល។ វាហាក់ដូចជាជួយទៅជាកម្លាំងពួកអ្នកកាន់អំណាច កាន់តែមានកម្លាំងក្នុងការបង្ក្រាបប្រជាពលរដ្ឋ និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទៅវិញ»។
អ្នកស្រី អូលីវៀ អ៊ីណូស (Olivia Enos) ស្នើពីរចំណុច ទីមួយគឺឱ្យសហរដ្ឋអាមេរិកបង្កើនទណ្ឌកម្មលើមន្ត្រីនៃរបបលោក ហ៊ុន សែន និងទីពីរស្នើឱ្យប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជួបប្រជុំគ្នា ដើម្បីជួយរកដំណោះស្រាយរឿងខ្មែរ ព្រោះប្រទេសទាំងនេះ នៅមិនទាន់ចប់ករណីយកិច្ចរបស់ខ្លួននៅឡើយ៖ «ជាការល្អ គេគួរតែអញ្ជើញមន្ត្រីជាន់ខ្ពស់នៃប្រទេសហត្ថលេខី កម្រិតរដ្ឋមន្ត្រីការបរទេស ដើម្បីជួបគ្នាផ្ដល់យោបល់ និង អនុសាសន៍ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាទទួលខុសត្រូវ ចំពោះការដើរចាកចេញឆ្ងាយពីគន្លងប្រជាធិបតេយ្យ និង សិទ្ធិមនុស្សបែបនេះ។ ក្រុមប្រទេសទាំងនេះ ត្រូវតែជួបប្រជុំគ្នា ដើម្បីផ្ដោតខ្លាំងលើសេរីភាពរបស់ពលរដ្ឋកម្ពុជា ដែលរងការរឹតត្បិត ព្រោះអនាគតភ្លឺស្វាងរបស់កម្ពុជា គឺអាស្រ័យលើពលរដ្ឋខ្មែរជាអ្នកសម្រេច គឺសម្រេចក្នុងស្ថានភាពដែលពួកគាត់មានសេរីភាពគ្រប់គ្រាន់»។
លោក ចន ស៊ិហ្វថុន (John Stifton) ស្នើឱ្យសហរដ្ឋអាមេរិក ដាក់ឈ្មោះមន្ត្រីរបបលោក ហ៊ុន សែន បន្ថែមទៀតទៅក្នុងបញ្ជីខ្មៅ នៃអ្នកដែលត្រូវទទួលទណ្ឌកម្ម ដោយរួមទាំងមន្ត្រីក្នុងជួរកងកម្លាំងប្រដាប់អាវុធផង ដែលរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ។
ជុំវិញសវនាការនេះ មន្ត្រីនាំពាក្យរបបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន មិនចាប់អារម្មណ៍នោះទេ ព្រោះលោកថា សវនាការនេះជាការឥតប្រយោជន៍ និងខ្វះភាពយុត្តិធម៌សម្រាប់រដ្ឋាភិបាលកម្ពុជា ដោយសារគ្មានវត្តមានតំណាងពីខាងរដ្ឋាភិបាល ទៅឆ្លើយបំភ្លឺដែរ៖ «ខ្ញុំមិនអាចទទួលយកបាន។ ជាសវនាការមួយឆាកល្ខោន ដែលគ្មានអ្នកដែលត្រូវជាប់ចោទ គ្មានសិទ្ធិសេរីភាពក្នុងការពន្យល់ប្រាប់។ ដូចជាខាង EU យើងជជែកគ្នា យើងតតាំងគ្នា ស្វែងរកការយល់ពិតប្រាកដ។ បើធ្វើមួយចំហៀង វាបានតែមួយចំហៀងហ្នឹង វាគ្មានតម្លៃអ្វី ក្រៅតែពីឆាកល្ខោនតែប៉ុណ្ណោះ»។
ប៉ុន្តែ មន្ត្រីបក្សប្រឆាំង ដែលបានទៅចូលរួមស្ដាប់សវនាការនោះដែរ យល់ថា សវនាការនេះមានសារសំខាន់។ អនុប្រធានគណបក្សសង្គ្រោះជាតិអ្នកស្រី មូរ សុខហួរ លើកឡើងថា សវនាការនេះ បង្ហាញឱ្យឃើញកាន់តែច្បាស់ថា ពិភពលោកខ្វល់ខ្វាយអំពីរឿងខ្មែរ និងចង់ឱ្យកម្ពុជាមានប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៖ «នៅទីកន្លែងនេះ គឺជាគណៈកម្មាធិការសិទ្ធិមនុស្សនៃសភាសហរដ្ឋអាមេរិក។ ដូច្នេះខ្ញុំនិងបងប្អូនខ្មែរទាំងអស់ដែលបានមកចូលរួមនេះ រំភើបណាស់។ អរគុណដល់អ្នកដែលបង្ហាញភស្តុតាងពីមូលដ្ឋានផង និងជនអន្តរជាតិផង។ អស្ចារ្យមែនទែន ! គឺមានអ្នកវិនិយោគទុនមួយរូប ដែលមកហ៊ាននិយាយ ពីព្រោះការវិនិយោគរបស់គាត់ មិនអាចចំណេញបានទេ បើសិនអត់មានការពារសិទ្ធិមនុស្ស និង នីតិរដ្ឋ»។
សវនាការ ដែលរៀបចំឡើងដោយក្រុមសមាជិកសភាអាមេរិក ដែលជាអ្នកគាំទ្រកម្ពុជាក្នុងរដ្ឋសភា (the Congressional Cambodia Caucus) និងគណៈកម្មការសិទ្ធិមនុស្ស ថម ឡែនថុស (Tom Lantos Human Rights Commission) បានបញ្ចប់ទៅហើយ នៅឡើយតែដំណោះស្រាយជុំវិញវិបត្តិនយោបាយ ដែលកំពុងជាប់គាំង៕