អ្នកវិភាគលើកឡើងថា ការប្រកាសជាចំហគាំទ្រគោលនយោបាយចិនតែមួយ ប៉ះពាល់ដល់សីលធម៌នយោបាយ ហើយកម្ពុជា គួរពង្រឹងការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ដើម្បីរក្សាតុល្យភាពនយោបាយការបរទេស។ ការលើកឡើងនេះ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសមិនឲ្យលើកទង់ជាតិតៃវ៉ាន់ និងទីបេ នៅប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សង្កត់ធ្ងន់ថា លោកមិនចង់ធ្វើអ្វីឲ្យប៉ះពាល់ដល់ទំនាក់ទំនងស្អិតល្មួតរវាងកម្ពុជា និងចិន ដោយការចាប់ដៃជាន់ជើងនោះទេ ខណៈចិន កំពុងដើរតួនាទីផ្នែកសេដ្ឋកិច្ចដ៏សំខាន់ និងនយោបាយមិនលូកដៃកិច្ចការផ្ទៃក្នុងនៅកម្ពុជា។
លោកនាយករដ្ឋមន្ត្រីកាន់អំណាចចំនួន ៣២ឆ្នាំតាំងពីឆ្នាំ១៩៨៥ ថ្លែងក្នុងជំនួបអាហារជាមួយសហគមន៍ចិន កាលពីថ្ងៃទី៤ កុម្ភៈ នៅរាជធានីភ្នំពេញថា តៃវ៉ាន់ និងទីបេ ដែលមិនព្រមស្ថិតក្រោមអំណាចគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង គឺជាខេត្តស្ថិតក្រោមអធិបតេយ្យភាពរបស់ចិន ការប៉ុនប៉ងលើកទង់ជាតិ ឬបើកការិយាល័យនយោបាយការទូតពីសំណាក់តៃវ៉ាន់ និងទីបេ នៅកម្ពុជា គឺត្រូវបានហាមឃាត់ ពីព្រោះលោកថា ការអនុញ្ញាតឲ្យវត្តមានទាំងនេះ ស្មើនឹងការរំលោភអធិបតេយ្យភាពរបស់ចិន វាដូចការបំបែកខេត្តពីប្រទេសចិន៖ « សូមយោគយល់ដល់ខ្ញុំ ។ ខ្ញុំមិនអាចអនុញ្ញាត ឲ្យបើក ការិយាល័យតៃវ៉ាន់ ប្រចាំ នៅភ្នំពេញ ឬកន្លែងផ្សេងទៀតបានទេ ។ រឿងនេះជារឿងច្បាស់លាស់ដែលបងប្អូនតាំងជាសំណួរថា ចុះម៉េចក៏ ទាក់ទងតែ ជាមួយប៉េកាំង មិនទាក់ទងជាមួយនឹងតៃវ៉ាន់ ផង ? រឿងនេះ មិនអាច ធ្វើបាន ទេ ហើយខ្ញុំមិន ខ្លាចនិយាយ បញ្ហានេះ មិន ថានៅ កន្លែងនេះ ឬនៅកន្លែង ណានោះទេ »។
ក៏ប៉ុន្តែអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត ចាន់ វិបុល ប្រាប់អាស៊ីសេរីថា ករណីអធិបតេយ្យភាពទឹកដីកម្ពុជា និងចិន មិនដូចគ្នានោះទេ។ តៃវ៉ាន់ និងទីបេ ជាដែនដីមានច្បាប់ និងទង់ជាតិផ្ទាល់ខ្លួន តែត្រូវទីក្រុងប៉េកាំង ចាប់បង្ខំដោយឲ្យស្ថិតក្រោមអំណាចត្រួតត្រារបស់ខ្លួន ចំណែកទឹកដីកម្ពុជា គឺមានឯកភាពជាតិ ស្ថិតក្រោមការគ្រប់គ្រងច្បាប់តែមួយ។ លោកពន្យល់ថា ការប្រកាសជាសាធារណៈបែបនេះ គឺខ្វះសីលធម៌នយោបាយ៖ « ជាតិសាសន៍ ណាក៏ដោយ មិនគួរធ្វើការរារាំងទៅលើការស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការពីប្រទេស តៃវ៉ាន់ ឬក៏ទីបេ ទេ។ តៃវ៉ាន់ និងទីបេ គឺគាត់មានដែនសមត្ថកិច្ច គាត់នៅ ក្នុង ក្របខ័ណ្ឌ ច្បាប់ មានមូលដ្ឋានរៀងៗខ្លួន។ តៃវ៉ាន់ និងទីបេ មិនមែន ជាប្រទេស ចិន ទេ គ្រាន់តែស្ថិត ក្រោមជាតូបនីយកម្មមួយ ដែលចិន បាន ចែង »។
ទោះបីជាយ៉ាងណា លោក ហ៊ុន សែន គាំទ្រការអនុវត្តគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ ដើម្បីបើកទ្វារឲ្យចិនតៃវ៉ាន់ និងចិនហុងកុង អាចមករកស៊ីវិនិយោគនៅកម្ពុជា បាន។
ចិន កំពុងជាប្រភពវិនិយោគិនបរទេស និងហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា។
ទំនាក់ទំនងទ្វេភាគីរវាងចិន និងកម្ពុជា កំពុងឈានដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស្របពេលរដ្ឋាភិបាលចិន កំពុងឈានមុខគេបន្តផ្តល់ជំនួយប្រាក់កម្ចីសម្រាប់ការអភិវឌ្ឍផ្លូវថ្នល់ អគាររដ្ឋបាល យោធា រហូតដល់ការរៀបចំការបោះឆ្នោតសម្រាប់កម្ពុជា។
នៅឆ្នាំ២០១៧ លោក ហ៊ុន សែន ចង់សម្រេចផែនការទំហំពាណិជ្ជកម្មជាមួយចិន ក្នុងតម្លៃ ៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ស្របពេលជាមួយគ្នានេះដែរ លោក ចាន់ វិបុល មើលឃើញថា លំហូរប្រាក់របស់ចិន ចូលមកកម្ពុជា ពិតជាបានធ្វើសេដ្ឋកិច្ច ពិសេសវិស័យអចលនទ្រព្យរីកចម្រើនលឿន ក៏ប៉ុន្តែលោកសង្កេតឃើញថា ចិន កំពុងធ្វើអបគមន៍សេដ្ឋកិច្ចនៅកម្ពុជា ដោយប្រាក់វិនិយោគរបស់ចិន កំពុងបំផ្លាញធនធានធម្មជាតិ ការកើនឡើងនូវការរំលោភសិទ្ធិមនុស្ស ការធ្លាក់ចុះយុត្តិធម៌សង្គម ហើយក៏បានពាំនាំជនជាតិចិន ពីស្រុកចិន មកជាមួយ៖ « ការប្រើប្រាស់លុយរបស់ចិន មិនមែនជាសម្ពាធផ្នែកសិទ្ធិមនុស្ស និងនយោបាយ ហើយ ដាក់សម្ពាធ ទៅរដ្ឋាភិបាលទេ។ លុយរបស់ចិន ទុក ឱកាសពេញ លេញឲ្យ រដ្ឋាភិបាលធ្វើ តាមចំណង់ចំណូល ចិត្តរបស់គាត់។ យើងឃើញថា លុយដែលបានមកពីចិន មានការ គាបសង្កត់ សិទ្ធិមនុស្ស មានការបំផ្លាញធនធាន ធម្មជាតិ »។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងប្រកាសពីគោលនយោបាយបរទេសអព្យាក្រឹតរបស់រដ្ឋាភិបាលលោក។ លោក ហ៊ុន សែន ជាអ្នកគាំទ្រចិន ខ្លាំងក្លាមួយនៅក្នុងតំបន់អាស៊ាន។
ផែនការខ្សែក្រវាត់មួយផ្លូវមួយ ផែនការផ្លូវសូត្រសមុទ្រ និងផែនការធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលទីក្រុងប៉េកាំង កំពុងអនុវត្តដើម្បីពង្រីកឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចរបស់ចិន លើភូមិសាស្ត្រនយោបាយពិភពលោក ត្រូវបានទទួលការស្វាគមន៍ពីលោក ហ៊ុន សែន។
លោក ហ៊ុន សែន ក៏ស្នើឲ្យរាជបណ្ឌិត្យសភាកម្ពុជា សហការខ្លាំងជាងមុនជាមួយវិទ្យាស្ថានខុងជឺ នៅកម្ពុជា។
ចំពោះទំនាក់ទំនងការបរទេសកម្ពុជា ជាមួយចិន នេះ លោក ចាន់ វិបុល កត់សម្គាល់ថា រដ្ឋាភិបាលកម្ពុជា កំពុងរំកិលទៅចិន កាន់តែខ្លាំង តែនៅមិនច្បាស់លាស់៖ « នៅពេល នេះ រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ( Donald Trump ) នឹងមានវិបត្តិជាមួយចិន។ ចឹងប្រសិន បើកម្ពុជា បង្ហាញជំហរដោយបើក ចំហពេកទៅ កាន់រដ្ឋាភិបាលចិន វាអាច ជាជម្លោះ ផ្នែកការទូត ដែររវាង កម្ពុជា ជាមួយ សហរដ្ឋអាមេរិក »។
លោកបន្តថា រដ្ឋាភិបាលកម្ពុជា គួរពង្រឹងការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងសីលធម៌នយោបាយ ដើម្បីរក្សាតុល្យភាពគោលនយោបាយការបរទេស។
ក្នុងដំណើរទស្សនកិច្ចដ៏អធិកអធមនៅកម្ពុជា កាលពីខែតុលា ឆ្នាំ២០១៦ ប្រធានាធិបតីចិន លោក ស៊ី ជីងពីង (Xi Jinping)បានប្រកាសលុបបំណុល ៩០លានដុល្លារ ហើយសន្យាឲ្យខ្ចីថែម ៦០លានដុល្លារទៀត រួមទាំងជំនួយយោធា ១៥លានដុល្លារផ្សេងទៀត។
បន្ទាប់ពីនេះ កម្ពុជា និងចិន បានបើកលំហាត់យោធាទ្រង់ទ្រាយធំមួយរយៈពេល ៩ថ្ងៃ ឈ្មោះ «លំហាត់នាគមាស» ដែលរដ្ឋមន្ត្រីការពារជាតិកម្ពុជា ហៅថាជា «ប្រវត្តិសាស្ត្រថ្មីមួយទៀត»។
ក៏ប៉ុន្តែសមយុទ្ធប្រចាំឆ្នាំឈ្មោះ «ឆ្មាំអង្គរ» រវាងកម្ពុជា និងសហរដ្ឋអាមេរិក ត្រូវបានពន្យារពេលដោយគ្មានថ្ងៃកំណត់ ក្រោមហេតុផលតម្រូវការកម្លាំងយោធារក្សាសន្តិសុខ សម្រាប់ការរៀបចំបោះឆ្នោតនៅឆ្នាំនេះ និងឆ្នាំបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។